ភ្នំពេញៈ​ លោក​ ស​ ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រ​ឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​អះ​អាង​កាល​ពី​ម្សិលមិញ​ថា​ កម្លាំង​នគរបាល​ត្រូវ​តែ​ស្វែងរក​មេ​ខ្លោង​ជួញ​​ដូរ​មនុស្ស​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ឲ្យ​បាន​មក​កាត់​ទោស​តាម​ច្បាប់​រាល់​សកម្មភាព​ជួញ​ដូរ​មនុស្ស​ ដោយ​គ្មាន​ការ​លើក​លែង​ជា​ដាច់​ខាត។​

លោក ​ស ​ខេង ​បញ្ជាក់​ថា​៖​ «​ខ្ញុំ​គិត​ថា ​បញ្ហា​គន្លឹះ ​គឺ​ការ​រក​ឱ្យ​ឃើញ​មេខ្លោង​ក្នុង​ការ​ជួញ​ដូរ​មនុស្ស។​ បញ្ហា​នេះ ​ខ្ញុំ​គិត​ថា​ ពិត​ជា​មាន​ការ​ឃុប​ឃិតពី​មេ​ខ្លោង​​នៅ​ក្នុង​ប្រទេស​ និង​មេ​ខ្លោង​​នៅ​បរទេស​ ជា​ជនជាតិ​បរ​ទេស​។ ​ប៉ុន្ដែ​ទោះ​បី​យ៉ាង​ណា​ក៏​​ដោយ ការ​ទទួល​បាន​ព័ត៌មាន​ពិត​ អំពី​​មុខ​សញ្ញា​ជួញ​ដូរ​នេះ​ វា​ជា​រឿង​សំខាន់​ណាស់ ​ដើម្បី​ឈាន​​ទៅ​បង្រ្កាប​មាន​ប្រសិទ្ធភាព ហើយ​ដើ​ម្បី​ឈា​ន​ទៅ​លើក​វិធាន​ការ​សហ​ប្រតិ​បត្ដិ​ការ​ជា​មួយ​ដៃ​គូ​ពាក់​ព័ន្ធ​មាន​ប្រសិទ្ធភាព»។​

​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​របាយការណ៍​ជាតិ​ស្តី​ពី​សកម្ម​ភាព ​និង​លទ្ធ​ផលនៃ​​ការងារ​ប្រ​យុទ្ធ​ប្រឆាំង​​អំពើ​ជួញដូរ​មនុស្ស​កាល​ពី​​ម្សិលមិញ​នៅ​ទីស្ដី​ការ​ក្រសួង​មហា​ផ្ទៃ ​លោក​ ស​ ខេង​ បាន​ឲ្យ​ដឹង​ថា​នៅ​ឆ្នាំ ២០១៨ ​ជន​ល្មើស​នៅ​តែ​បន្ដ​ធ្វើ​សកម្ម​ភាព​យ៉ាង​ខ្លាំង​ក្លា​ តាម​គ្រប់​រូបភាព​ក្នុង​ការ​កេង​ប្រវ័ញ្ច ការ​ជួញ​ដូរ​មនុស្ស ​ប៉ុន្ដែ​តាម​ការ​វាយ​តម្លៃ​សកម្ម​ភាព ​និ​ង​លទ្ធ​ផល​ការងារ​ បង្ការ ទប់​ស្កាត់ ​និង​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ​របស់​រាជ​ធានី ​និង​បណ្ដា​ខេត្ដ​ទាំង​អស់ ​បាន​រក​ឃើញ ​និង​បំផ្លាញ​ជា​បន្ដ​បន្ទាប់ ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ។

​លោក​ ស​ ខេង​ បានថ្លែង​ថា​៖ «​បន្ដ​ការ​បើក​សវនា​ការ​កាត់​ទោស​ ផ្ដន្ទាទោស​ដល់​ជន​ល្មើស​បន្ថែម​ទៀត។​ ទោះ​បី​យើង​បាន​​ធ្វើ​ប៉ុណ្ណឹង​ ​ប៉ុន្ដែ​នៅ​សេស​សល់​ទៀត។​​ យើង​ធ្វើ​នេះ ដើម្បី​បង្ហាញ​ឲ្យមតិ​ជាតិ​ និង​អន្តរ​ជាតិ​ឃើញ​ថា​ កម្ពុជា​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​។ ​ទោះ​បី​នៅ​មាន​អំពើ​ជួញ​ដូរ​មនុស្ស​​ខ្លះ​មែន​ ប៉ុន្ដែ​រាជ​រដ្ឋាភិ​បាល​មាន​ឆន្ទៈ​ពិតប្រាកដ។​ ​បើ​សិន​មិន​បាន​យក​ចិត្ត​ទុកដាក់​គ្រាន់​តែ​បង្ក្រាប​ គ្រាន់​តែ​ឃុំខ្លួន​ ហើយ​មិន​បើក​សវនា​ការ​​ផ្ដន្ទា​ទោស​ ហា​ក់​​បី​ដូ​ច​ជាមិន​មាន​ឆន្ទៈពិត​ប្រាកដ​ទេ»។

​លោក​ ស ​ខេង​ បាន​ថ្លែង​ថា​៖​ «​ខ្ញុំ​សូម​​ដាស់​តឿន​ដល់​បណ្ដា​ខេត្ដ​ដែល​មិន​ទាន់​មាន​ចំណាត់​ការ​ល្អ​ឱ្យ​បន្ត​​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​​ទៀត​ ដោយ​ត្រូវ​យក​ចិត្ដ​ទុក​ដាក់​ ​បង្កើត​ស្នា​ដៃ​លេច​ធ្លោ​តាម​វិស័យ​នីមួយៗ​ឱ្យ​បាន​កាន់​តែ​ច្រើន»។ ​

​លោក​បាន​លើក​ឡើង​ថា​ ឆ្នាំ​ ២០១៩ ​នេះ​ រាជ​រដ្ឋាភិ​បាល​កម្ពុជា​នៅ​តែ​មាន​ជំហរ​ដាច់​ខាត​ ក្នុង​ការ​ពង្រឹង​ភាព​ម្ចាស់​​ការ​ក្នុង​ការ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ​ដោយ​បង្កើន​ការ​ទប់​ស្កាត់ ​និង​បង្ក្រាប​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត​ មិន​​អនុ​​ញ្ញាតឱ្យ​ជន​ល្មើសមាន​ឱ​កាស​ពង្រីក​សកម្ម​ភាព​ បង្ក​ការ​រង​គ្រោះ​ដល់​ប្រជា​ពល​រដ្ឋ ​ដោយ​មិន​បាន​ឆ្លើយ​តប​​នោះ​ឡើយ​ ទោះ​បី​ជា​ជន​ល្មើស​មាន​ល្បិច​កល​កាន់​តែ​ខ្ពស់។

​លោក​ ស​ ​ខេង​ ថ្លែង​ថា​៖ «​តែ​កម្លាំង​សមត្ថ​កិច្ច​របស់​យើង ​នៅ​តែ​ត្រូវ​ស្រាវជ្រាវ​រកបទ​ល្មើស និង​​បង្ក្រាប​ត​ទៅ​ទៀត​ ព្រមទាំង​ស៊ើប​អង្កេតរក​បទ​ល្មើស​ថ្មីៗ​ បន្ថែម​ទៀត​ជា​បន្ដ​បន្ទាប់​ទាំង​ក្នុង​ប្រទេស​ ក៏​ដូច​ជា​ក្រៅ​ប្រទេស​ ដោយ​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​សមត្ថកិច្ច​ដែល​មាន​ការ​ពាក់ព័ន្ធ»។​

​លោក​ ​ស​ ​ខេង​ បាន​អះ​អាង​ផង​ដែរ​ថា​ រាជ​រដ្ឋាភិ​បាល​កម្ពុជា​ តាម​រយៈ​ គ​ជ​ប​ជ​ បាន​ប្ដេជ្ញា​ចិត្ដ​ ពង្រឹង​ការ​ផ្សព្វ​ផ្សាយ​ និង​អនុ​វត្ដ​អនុស្ស​រណៈ​ កិច្ច​ព្រម​ព្រៀង​ទ្វេ​ភា​គី​ ពហុ​ភាគី​ ក៏​ដូច​ជា​អនុ​សញ្ញា​អា​ស៊ាន​ និង​កតិ​កា​ស​ញ្ញា​ពិភព​លោក​ ដែល​កម្ពុជា​បាន​ចុះ​ហត្ថ​លេខា ​និង​​ចូល​រួម​អនុ​ម័ត​ដើម្បី​រួម​ចំណែក​ការពារ​សុវត្ថិ​​ភាព​ និង​ភាព​ស្រប​ច្បាប់នៃ​ជន​ទេសន្តរប្រវេសន៍​និង​ការពារ​ពួក​គេ​ពី​អំពើ​ជួញដូរ​មនុស្ស​ និង​ការ​កេង​ប្រវ័ញ្ច​គ្រប់​រូបភាព​ ដូច្នេះ​​ត្រូវ​​យក​ចិត្ដ​ទុក​ដាក់​នៅ​តាម​បណ្ដា​ច្រក ​ព្រំដែន​កម្ពុជា​ថៃ ក្នុង​នោះ​ខេត្ដ​បន្ទាយ​មាន​ជ័យ និង​បាត់ដំបង​ជា​ខេត្ដ​គោល​ដៅ​សំខាន់​ជាង​គេ។​ ​

លោ​ក​ស្រី​ ជូ​ ប៊ុ​ន​អេ​ង​ ​រដ្ឋ​លេខា​ធិ​ការ​ក្រសួង​មហា​ផ្ទៃនិង​ជា​អនុ​​ប្រធាន​អចិ​ន្រ្ដៃយ៍គណៈ​​កម្មាធិ​ការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង ​អំពើ​ជួញ​ដូរ​មនុស្ស ​(​គ​ជ​ប​ជ​)​ បាន​បង្ហាញ​ របាយ​ការណ៍​ ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ថា​ កា​រងារ​បង្ក្រាប​ និង​សង្គ្រោះ​ជន​រង​គ្រោះ ​នៅ​ឆ្នាំ​​២០១៨​ក្រុម​ការងារ​អនុ​វត្ត​ច្បាប់​ បាន​បង្ក្រាប​បទ​ល្មើស​អំពើ​ជួញ​ដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អា​ជីវកម្ម​ផ្លូវ​ភេទ​សរុ​ប​បាន ​១៣៤​​​ ករណី ​បើប្រៀប​ធៀប ​១៥៩ ​ករណី​នៅ​ឆ្នាំ​ ២០១៧​ មាន​ការ​ថយ​ចុះ​ចំនួ​ន​ ២៥ ​ករណី ​ស្មើនឹង ១៥,​៧២​%។​ ​

ឃាត់​ខ្លួន​ជន​សង្ស័យ​បញ្ជូន​ទៅ​តុលាការ​​ចំនួន​ ២២៤ ​នាក់​ក្នុង​ឆ្នាំ​ ២០១៨​ ក្នុង​នោះ​មាន​ទាំង​ស្ត្រី​និង​អនី​តិជន​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៧​ មាន​តែ ២០៣ ​នាក់​ ​រួមទាំង​បរទេស​សរុប​ ៥១​ នាក់​មាន​ច្រើន​ជាតិ​សាសន៍។ ក្នុង​ប្រតិ​បត្តិ​ការ​បង្ក្រាប​ ២ ​ឆ្នាំ​នេះ​សមត្ថ​កិច្ច​បាន​សង្គ្រោះ​ជនរង គ្រោះ​សរុ​ប​ចំនួន​ ៥៧៥​ នា​ក់​ក្នុង​នោះ​មាន​អាយុ​ក្រោម​ ១៥ ​ឆ្នាំ​និង​ ១៧ ​ឆ្នាំ​ឡើង។​

​លោក​ស្រី​ ជូ ​ប៊ុ​ន​អេ​ង​ ​បាន​ឱ្យ​ដឹង​ថា៖ «ឆ្នាំ​ ២០១៨​ បទ​ល្មើស​ជួញ​ដូរ​មនុស្ស​ ត្រូវ​បាន​បង្ការ​ ទប់​ស្កាត់ ​បង្គ្រាប​ និង​ផ្ដន្ទា​​ទោស​​ជា​បន្ត​បន្ទាប់ ​លទ្ធ​ផល​នៃ​ការ​អនុវត្ដ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ ដែល​សម្រេច​​​រួម​មាន​ ការ​ពង្រឹង​ច្បាប់​ គោល​នយោ​បាយ ​និង​កិច្ច​សហ​ប្រតិ​បត្ដិ​ការ បន្ដ​ការ​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​គោល​នយោ​បាយ​ដែល​មាន​ស្រាប់​ ការ​លើក​កម្ពស់​ការ​យល់​ដឹ​ង​ដោយ​មាន​ប្រជា​ពលរដ្ឋ​ចូលរួម​ជាង​ ៥ លាន​នាក់»។​

លោក ​ស៊ឹង ​សែន​ករុណា ​អ្នក​នាំពាក្យ​សមា​គម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ថ្លែង​ដោយ​នៅតែ​មាន​ការ​ព្រួយ​បារម្ភ​ ចំពោះ​​អ្នក​អនុវត្ដ​ច្បាប់​មិន​បាន​អនុវត្ដ​ឱ្យ​អស់​ពី​សមត្ថ​ភាព​ដែល​នាំ​ឱ្យ​មេ​ខ្លោង​មាន​ឱកាស​រួច​ខ្លួន​បាន។

​លោក ​ ស៊ឹង​ សែន​ករុណា ​ថ្លែង​ថា​៖​ «​យើង​ឃើញ​សមត្ថ​កិច្ចមាន​ការចាប់​ខ្លួន ​មាន​ការ​អនុវត្ដ​ច្បាប់​កន្លង​មក​នេះ​បាន​ច្រើន​ហើយ​ ក៏​ប៉ុន្ដែ​វិធី​សាស្រ្ដ​ដែល​ត្រូវ​ទៅ​រក​ចាប់​ខ្លួន​មេ​ខ្លោង​ទាំង​អស់​នោះ​ ខ្ញុំ​គិត​ថា ​ដូច​ជា​មិន​ពិបាក​ទេ។​ អ្នក​ពាក់​ព័ន្ធ​ដែល​បាន​ចាប់​នោះ ​យើង​គួរ​តែ​រក​ប្រភព​ព័ត៌​មាន​ពី​អ្នក​ទាំង​អស់​នោះ​។ ​ហេតុ​អ្វី​បាន​យើង​រក​មេ​ខ្លោង​ដែល​ពាក់ព័ន្ធ​រឿង​នេះ​មិន​បាន»៕