ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានណែនាំអភិបាលរាជធានី-ខេត្ត ឲ្យជំរុញការពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងត្រួតពិនិត្យសំណង់ ក្រោយពិនិត្យឃើញសំណង់មួយចំនួនកំពុងសាងសង់ដោយគ្មានលិខិតឬច្បាប់អនុញ្ញាត និងមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ។
នៅក្នុងលិខិតផ្ញើទៅអភិបាលរាជធានីខេត្ត ដែលចុះហត្ថលេខាដោយលោក ស ខេង កាលពីថ្ងៃទី ១៥ ខែ កក្កដា បានសរសេរថា មានសំណង់មួយចំនួន ត្រូវបានដំណើរការសាងសង់ជួសជុល និងកែប្រែទ្រង់ទ្រាយដោយគ្មានលិខិតអនុញ្ញាតឬខុសពីលិខិតអនុញ្ញាត និងពុំមានការត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវដែលអាចប៉ះពាល់ដល់សោភណភាព ស្ថាបត្យកម្ម គុណភាព សុវត្ថិភាពសំណង់ និងសណ្តាប់ធ្នាប់សាធារណៈ រហូតបង្កឲ្យមានគ្រោះមហន្តរាយ និងហានិភ័យផ្សេងៗ។
ក្នុងលិខិតនោះ លោក ស ខេង បានណែនាំឲ្យអនុវត្តវិធានការសំខាន់ៗមួយចំនួន រួមមាន ត្រូវណែនាំដល់មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុងស្រុក ខណ្ឌ ឃុំ សង្កាត់ ឲ្យទទួលខុសត្រូវពង្រឹងការងារគ្រប់គ្រង និងត្រួតពិនិត្យសំណង់ ព្រមទាំងធានាថាមិនមានការសាងសង់សំណង់ដោយគ្មានលិខិតអនុញ្ញាតឬខុសពីលិខិតអនុញ្ញាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ទន្ទឹមនឹងនេះ លោក ស ខេង ក៏បានជំរុញឲ្យពន្លឿននីតិវិធីក្នុងការផ្តល់លិខិតអនុញ្ញាតសាងសង់ជូនម្ចាស់សំណង់ឲ្យបានឆាប់ស្របតាមគោលការណ៍ផងដែរ ដោយឈរលើមូល ដ្ឋានច្រកចេញចូលតែមួយ។ ត្រូវអប់រំ ផ្សព្វផ្សាយដល់ម្ចាស់សំណង់ឲ្យយល់ដឹង និងគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យសំណង់ សុវត្ថិភាពក្នុងការសាងសង់សំណង់ និងផលវិបាកនៃការសាងសង់ដែលមិនគោរពតាមច្បាប់ និងបទដ្ឋានបច្ចេកទេស។
នៅក្នុងកិច្ចប្រជុំជាមួយអភិបាលខណ្ឌទាំង ១៤ និងមន្ដ្រីមន្ទីរជំនាញពាក់ព័ន្ធកាលពីថ្ងៃ ១៥ កក្កដា លោក ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញបានណែនាំមន្ត្រីឲ្យបន្ដចុះពិនិត្យសំណង់ឲ្យបានហ្មត់ចត់មុននឹងអនុញ្ញាតច្បាប់ឲ្យសាងសង់លើការដ្ឋានសំណង់ ការចាក់ដីបំពេញ ការបូមខ្សាច់។
លោកថា៖ «ការរំឭករឿងទាំងអស់នេះដោយសារកន្លងមកមានការធ្វេសប្រហែសច្រើនចំពោះអាជ្ញាធរខណ្ឌហើយខ្ញុំចង់បញ្ជាក់ក្នុងថ្ងៃនេះថា អ្វីៗទាំងឡាយដែលកើតមានឡើងក្នុងដែនសមត្ថកិច្ច អាជ្ញាធរដែនដីជាអ្នកទទួលខុសត្រូវ មិនមែនមន្ទីរដែនដីនោះទេ។ ដូចជា ករណីជាក់ស្តែង ដែលបានកើតឡើងថ្មីៗនេះនៅខេត្តព្រះសីហនុ»។
កាលពីម្សិលមិញ លោក ឃួង ស្រេង ក៏បានរំឭកបន្ថែមឲ្យមន្រ្ដីជំនាញក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិនិត្យបញ្ហាសំណង់ធ្វើយ៉ាងណាធានាឲ្យបាននូវគុណភាព និងមិនឲ្យរាំងស្ទះដល់ការសាងសង់របស់អ្នកវិនិយោគ។
លោកថា៖ «ក្នុងនាមអាជ្ញាធរដែនដី គឺមានសេនាធិការ គឺអ្នកជំនាញដូចខាងខណ្ឌមានសេនាធិការផ្នែកបច្ចេកទេសនេះ គឺភូមិបាលខណ្ឌ នៅក្នុងរាជធានីមានមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ជាសេនាធិការ។ ក្នុងករណីសំណង់អត់ច្បាប់គឺត្រូវណែនាំឲ្យទៅសុំច្បាប់ និងត្រូវទៅពិនិត្យបញ្ហាបច្ចេកទេសឲ្យធានាបានថាប្រកបដោយចីរភាពទៅអនាគត»។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ បានឲ្យដឹងថា ការណែនាំរបស់ក្រសួងមហាផ្ទៃនេះ គឺជាការក្រើនរំឭកបន្ថែមឲ្យត្រួតពិនិត្យលើបច្ចេកទេស និងសុវត្ថិភាពសំណង់ ស្របពេលខេត្ដព្រះសីហនុកំពុងអនុវត្ដក្រោយមានបទពិសោធរលំអគារស្លាប់ និងរបួសមនុស្ស។
លោកថា៖ «ការងារនេះរដ្ឋបាលខេត្ដយើងបាន និងកំពុងតែធ្វើហើយ។ ដូចដឹងស្រាប់ហើយថា ដោយសារយើងមានប្រតិកម្មចំពោះការបាក់រលំអគារ ជាបទពិសោធនេះហើយ ដែលធ្វើឲ្យយើងពង្រឹងការងារត្រួតពិនិត្យសំណង់នេះ»។
លោក សុខ សុទ្ធី អ្នកនាំពាក្យខេត្ដកោះកុងបានថ្លែងថា រដ្ឋបាលខេត្ដកោះកុង បានរៀបចំសេចក្ដីព្រាងស្ដីពីការគ្រប់គ្រងវិស័យសំណង់នេះ តាំងពីមុនមានឧបទ្ទវហេតុនៅខេត្ដព្រះសីហនុទៀតដោយបានជូនដំណឹងទៅអ្នកវិនិយោគ និងពលរដ្ឋក្នុងខេត្ដត្រូវសុំច្បាប់អនុញ្ញាតមុននឹងចាប់ផ្ដើមសាងសង់សំណង់ផ្សេងៗ។
លោកថា៖ «ព្រឹកមិញ (ថ្ងៃអង្គារ) រដ្ឋបាលខេត្ដយើងមានលោកជំទាវអភិបាលខេត្ដ បានប្រជុំផ្សព្វផ្សាយណែនាំដល់អាជ្ញាធរទាំងអស់ឲ្យក្រើនរំឭកដល់ប្រជាពលរដ្ឋ វិនិយោគិន និងអ្នកពាក់ព័ន្ធផ្សេងៗចំពោះការសាងសង់សំណង់ផ្សេងៗ ដោយតម្រូវឲ្យពួកគាត់ មុននឹងសាងសង់ត្រូវសុំច្បាប់»។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនអាចទាក់ទងសុំការបកស្រាយពីបញ្ហាសំណង់នេះបានទេ កាលពីម្សិលមិញ ដោយទូរស័ព្ទលោកមិនមានអ្នកទទួល។ ចំណែក លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងនេះបានបដិសេធធ្វើអត្ថាធិប្បាយដោយថ្លែងថា ជាប់ប្រជុំ៕