ភ្នំពេញៈ លោ​ក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជំរុញ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំង​អស់​ដើម្បី​យក​ទឹកនោម​អ្នក​បើកបរ​រថយន្ត​ធំ​មក​ធ្វើតេស្ត​រក​សារធាតុ​ញៀន ក្រោយ​ពី​មាន​ការ​សង្ស័យ​ថា អ្នក​បើកបរ​បាន​ប្រើប្រាស់​គ្រឿង​ញៀន បណ្ដាល​ឲ្យ​ករណី​ស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។

ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ ២០១៩ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ លោក​ ស ខេង បាន​ថ្លែង​ថា៖ «អ្នក​បើក​ឡាន​ធំៗ​ហ្នឹង យ៉ាង​តិច ១០% ដែល​ប្រើប្រាស់​គ្រឿង​ញៀន​សាក​មើលៗ​ឥឡូវ​ហ្នឹង ព្រោះ​កន្លង​មក​យើង​ធ្លាប់​ធ្វើ​តេស្ដ​ដែរ​តើ ឥឡូវ​គួរតែ​សហការ​ជាមួយ​ក្រុមហ៊ុន​មាន​ឡាន​ដឹក​ជញ្ជូន​ធំៗ យក​ទឹកនោម​មក​ធ្វើ​តេស្ដ ហើយ​បើ​ថា ចេញ​គ្រឿង​ញៀន​ហើយសុំ​ឱ្យ​ដក​ឃ្លា​ចេញ។​ ​យើង​មិន​ដឹង​ធ្វើ​ម៉េច​ ​ពី​ព្រោះ​បើ​ឱ្យ​គាត់​បើក គាត់​ទៅ​បុក​គេ​រញ៉េ​រញ៉ៃ​ពី​ព្រោះ​ប្រើ​គ្រឿង​ញៀន»។

លោក​​ថ្លែង​បន្ត​ថា៖ «ឬ​វិធាន​ការ​ណា​ដែល​ស័ក្តិ​សិ្ធ និង​សម​ស្រប​ជាង​ សុំ​ឱ្យ​ពិចារ​ណា​អា​ហ្នឹ​ង ​(​ការ​ធ្វើ​តេស្ដ​)​ មិន​មែន​សម្រាប់​តែ​រាជធានី​ទេ ​មែន​ទែន​នៅ​ទូ​ទាំង​ប្រ​ទេ​ស​ ក្រុម​ហ៊ុន​មាន​អ្នក​បើក​បរ​ ​ដឹក​ជញ្ជូន​ដី ​ដឹក​ជញ្ជូន​ខ្សាច់​ ​ដឹក​ជញ្ជូន​សំណង់​ ​និង​សម្ភារ​ផ្សេង​ទៀត»។​​

អ្នក​បើកបរ​ ​ដែល​មាន​សារធាតុ​ញៀន​ ​ឬ​ ​គ្រឿង​ស្រវឹង​ ​ក្នុង​ខ្លួន​ ​ភាគ​ច្រើន​មិន​គោរព​ច្បាប់​និង​ស្លាក​សញ្ញា​ចរាចរណ៍​នោះ​ទេ ហើយ​ភាគ​ច្រើន​ ​ជា​អ្នក​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​ឡើង។

ជាក់​ស្ដែង ​កាល​ពីថ្ងៃ​ទី ១៩​ ខែ​ មីនា​ ឆ្នាំ ​២០១៩​ កន្លង​មក​នេះ ករណី​គ្រោះ​ថ្នា​ក់​ចរាចរណ៍ ​នៅ​ទូ​ទាំង​ប្រទេស​បាន​កើត​ឡើង​ចំនួន ​១៩ ​លើក​ ​បង្ក​ឲ្យ​មនុស្ស​ ១៥ នាក់​ស្លាប់​ ​និង ២៥ ​នាក់​ទៀត​ ​រង​របួស​ធ្ងន់​ និង​ស្រាល ​ព្រម​ទាំង​បង្កការ​ខូចខាត​ម៉ូតូ​ចំនួន​ ១៧ ​គ្រឿង,​ រថយន្ត​តូច ​១១ ​គ្រឿង,​ រថយន្ដ​ធុន​ធំ ​៥​ គ្រឿង​ ​និង​យាន​ផ្សេងៗ ១ គ្រឿង។

នេះ​បើ​យោង​របាយ​ការណ៍​ព័ត៌មាន​ របស់​នាយក​ដ្ឋាន​នគរបាល​ចរា​ចរណ៍ ​និង​សណ្ដាប់​ធ្នាប់​សា​ធារណៈនៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ។

​របាយ​ការណ៍​នោះ​បាន​បង្ហាញ​ថា​ ​រាជ​ធានី​-​ខេត្ត​ដែល​មាន​អ្នក​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង​គេ​នា​ថ្ងៃ​ទី​ ១៩​ ខែ មីនា ឆ្នាំ ​២០១៩ ​នោះ​ រួម​មាន​ ​ខេត្ត​កំពង់​​ឆ្នាំង​ ១ ​លើក​ស្លាប់ ​៣ នាក់​,​ ខេត្ត​ត្បូង​ឃ្មុំ​ ១ ​លើក​ស្លាប់​​ ៣ ​នាក់​,​ ខេត្ត​ព្រៃវែង​ ២ ​​លើក​ស្លាប់​ ២ នាក់​,​ ​ខេត្ត​បាត់​ដំបង​ ២​ លើ​ក​ ​ស្លាប់​ម្នាក់​​របួស ​១៣ នាក់​,​ រាជ​ធានី​ភ្នំពេញ ​៣ លើក​ស្លាប់​ម្នាក់​របួស ​៥ នាក់,​ ខេត្ត​ព្រះ​សីហ​នុ​ ៣ ​លើក​ស្លាប់​ម្នាក់​ របួស​ ២​ ​នាក់​,​ ខេត្ត​ព្រះវិហារ​ ១ ​លើក​ស្លាប់​ម្នាក់​ខេត្ត​កំព​ង់​ធំ​ ១​ លើក​ស្លាប់​ម្នាក់​​របួស​ម្នាក់​,ខេត្ត​កណ្តាល​ ១ ​លើក​ស្លាប់​ម្នាក់​របួស​ម្នាក់​ និង​ខេត្ត​កោះ​កុង​ ១ លើក ​ស្លាប់​ម្នាក់​របួស​ម្នាក់។

មូល​ហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​ ១៩ ​លើក​នេះ​ គឺ​ ភាគ​ច្រើន​​បណ្ដាល​មក​ពី​ការ​បើក​បរ​លើស​ល្បឿន​កំណត់​,​ មិន​គោរព​សិទ្ធិ​ជា​អាទិភាព​,​ បត់​ឆ្វេង​ស្ដាំ​ដោ​យ​ មិន​គោរព​តាម​ភ្លើង​ និង​ស្លាកសញ្ញា​ចរា​ចរណ៍,​ ​បើក​ប្រជែង​ក្នុង​ស្ថាន​ភាព​ផ្លូវ​មាន​គ្រោះ​ថ្នា​ក់​ ​បើក​បរ​ក្នុង​សភាព​ងងុយ​ដេក​ ​និង​ដោយ​សារ​កត្តា​យានយន្ដ។

របាយ​ការណ៍​បាន​បញ្ជាក់​ទៀត​ថា​៖​ «​ក្នុង​រយៈ​ពេល​ ១៩​ ​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​ ១ ​ដល់​ថ្ងៃទី​ ១៩​ ខែ​ មីនា ​ឆ្នាំ​ ២០១៩ ​នេះ​ មាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​ឡើង ​២៣០ ​លើក​ ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១៣៤ ​នាក់​,​ របួស​ធ្ងន់ ​១៧៣​ នាក់​ ​និង​របួស​ស្រាល ១៣១ នាក់»។​

ជុំវិញ​ករណី​ខាង​លើ​នេះ ​លោក​ ​ខូវ​ លី ​ស្នង​ការ​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ​កន្លង​មកកម្លាំង​សមត្ថកិច្ច​នគរ​បាល​ថ្នាក់​ខេត្ត​ បាន​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ កម្លាំង​សមត្ថ​កិច្ច​នគរបាល​តាម​មូលដ្ឋាន​ ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​ ​ចុះ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ ​និង​ស្លាក​សញ្ញា​ចរាចរណ៍ ​ជា​បន្តប​ន្ទាប់​ ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ទី​ប្រជុំ​ជន​សាធា​រណៈ ​និង​សាលា​រៀន។

​លោក​បាន​បញ្ជាក់​ថា​៖ «​បច្ចុប្បន្ន​ ​កម្លាំង​សមត្ថ​កិច្ច​នគរ​បាល​ជំនាញ​របស់​យើង​កំពុង​បន្ត​ចុះ ​ផ្សព្វផ្សាយ​អប់​រំអំពី​សុវត្ថិ​ភាព​ចរាចរ​ណ៍​នៅ​តាម​មូលដ្ឋាន​ តាម​រយៈការ​បិទ​ផ្សាយផ្ទាំង​រូបភាព​ ណែ​នាំ​សុវត្ថិ​ភាព​ចរាចរណ៍ ​និង​ចែក​មួក​សុវត្ថិភា​ព​ ​ព្រម​ទាំង​​កូន​សៀវ​ភៅ​ផ្សព្វផ្សាយ​អប់រំ​ ​ដែល​មាន​រូប​សញ្ញា​ចរាចរណ៍ ​នៅ​តាម​សាលា​រៀន ​និង​ដល់​សាធារ​ណ​ជន​មួយ​ចំនួន»។

​ចំណែក​ លោក ​អ៊ុយ ​ម៉ាប់​ មន្ត្រី​ផ្នែក​គម្រោង​អប់រំ​ផ្សព្វផ្សាយ​សុវត្ថិ​ភាព​ចរាចរណ៍​នៃ​ក្រសួង​អភិ​វឌ្ឍ​ន៍​ជន​បទ​ បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា ​ការ​ចុះ​អប់រំ​​ផ្សព្វ​ផ្សាយ​ច្បាប់​ស្ដី​ពី​សុវត្ថិ​ភាព​ចរាចរណ៍ ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តា​ម​តំបន់​ទី​ជន​បទ​ ស្រែ​ចម្ការ គឺ ​សំខាន់​ណាស់ ​ព្រោះ​ប្រជា​ពល​​រដ្ឋ​ដែល​រស់​នៅ​តាម​តំបន់​ទី​ជនបទ​ដាច់​ស្រយាល​ ភាគ​ច្រើន​នៅ​ពុំមាន​ការ​យល់​ដឹង​ជ្រួត​ជ្រាប​​អំពី​ច្បាប់​​និ​ង​ស្លាក​សញ្ញា​ចរាចរណ៍ ​ព្រម​ទាំង​ការប្រើ​ប្រាស់​​ផ្លូវ ​និង​ ប្រើប្រាស់​មធ្យោបាយ​នៅ​លើ​ដង​ផ្លូវ​នៅ​ឡើយ។​

ទោះ​ជា​បែប​ណាក្ដី​ លោក​ អ៊ុយ​ ម៉ាប់​ ដែល​ជា​មន្ត្រី​គណៈ​កម្មាធិ​ការ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផង​ដែរ​នោះ ​បាន​គូស​បញ្ជាក់​ថា៖​ ​«​ជាទូទៅ​ផ្លូវ​ក្នុង​តំបន់​ដែល​មាន​ចរាចរណ៍​មមាញឹក​ខ្លាំង​ផ្លូវ​ក្នុង​តំបន់​នោះ​នឹង​មាន​បញ្ហា​ប្រឈម​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន ដូច្នេះ​ អ្នក​ប្រើ​ប្រាស់​ផ្លូវ​ទាំង​អស់​ ទាំង​អ្នក​ថ្មើរជើង ​និង​ យាន​ជំនិះ​គ្រប់​ប្រភេទ ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ​និង​កុំបំ​ពាន​ច្បាប់​និង​ស្លាក​សញ្ញា​ចរាចរណ៍»។

ដោយ​ឡែក​ ​ក្នុង​រយៈ​ពេល​ ២ ខែ​ដើម​ឆ្នាំ​ ២​០១៩ ​កន្លង​ទៅ​នេះ ​គ្រោះ​ថ្នាក់​ចរា​ច​រណ៍​បាន​កើត​ឡើង​ចំនួន ​៦៩៣ ​លើក​ បណ្ដាល​ឲ្យ​​ស្លាប់​មនុស្ស​​ចំនួន​ ៣១០ ​នាក់​ ​និង​របួស​ចំនួន​ ១ ០៧៧​ នាក់​ ​ភាគ​ច្រើន​នៅ​រាជ​ធានី​ភ្នំពេញ ​ចំនួន​ ៥២​ នាក់​ ខេត្ត​កណ្តាល ២៧ ​នាក់​ ​និង​ខេត្ត​កំពង់​ស្ពឺ​មាន​អ្នក​ស្លាប់ ​២១ នាក់។​​ នេះ​បើ​យោង​តាម​របាយ​ការណ៍ ​របស់​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​ ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។​

​របាយ​ការណ៍​បន្ថែម​ថា​ ក្នុង​ចំណោម​ជន​រងគ្រោះ ​ដែល​ស្លាប់​ចំនួន​ ៣១០​ នាក់​នោះ​ ​ភាគ​ច្រើន​ជា​អ្នក​ជិះ​ម៉ូតូ ​មាន​ចំនួន​ ២៤១​ នាក់​ស្មើ ៧៨ ​ភាគរយ​ ​(​ប្រភេទ​ ១២៥​ សេសេ​ចុះ​ក្រោម​)​ ក្នុង​នោះ​មិនពាក់​មួក​សុវត្ថិភាព​មាន​ចំនួន ១៨៨ នាក់​ ​ស្មើ ៧៨ ភាគរយ។​ ​

ករណី​គ្រោះថ្នាក់​ត្រូវ​បាន​ដោះ​ស្រាយ​ចប់​មាន​ចំនួន​ ១០៨ ​ករណី​ ​បញ្ជូន​ទៅ​តុលាការ​ ​១៩២​ ករណី មាន​ជន​ល្មើស​ចំនួន​ ៥៦​ នាក់​ ​និង​កំពុ​ង​អង្កេត​ចំនួន ១២៨ ករណី។​

​របាយ​ការណ៍​បាន​បញ្ជាក់​ទៀត​ថា​​ ក្នុង​រយៈ​ពេល​ ២ ខែ (​មករា​-​កុម្ភៈ)​ ដើម​ឆ្នាំ​ឆ្នាំ​ ២០​១​៩​ នេះ​កង​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ទូទាំង​ប្រទេស​ ​បាន​ត្រួត​ពិនិត្យ ​យាន​យន្ត​សរុប​ចំនួន​ ២៦៤ ៨៥៤ ​គ្រឿង ​ក្នុង​នោះ​ម៉ូតូ​ចំនួន​ ៥៩​ ភាគ​រយ​ ដោយ​រក​ឃើញ​យាន​យន្ត​ល្មើស​ចំនួ​ន ​៤៤ ៩៣៩​ គ្រឿង​ ​ស្មើ​ ១៧​ ភាគ​រយ ​បាន​ធ្វើ​ការ​អប់​រំ​ចំនួន​ ១៥ ៤៧១ ​គ្រឿង​ស្មើ ៣៤​ ភាគរយ ធ្វើ​ការ​ពិន័យ​ចំនួន ២៩ ៤៦៨ គ្រឿង​ស្មើ ៦៦ ភាគរយ។

អនុ​វត្ត​ការ​បង់​ប្រាក់​ពិន័យ​ ​តាម​ស្នាក់​ការ​នគរបាល​ចរាចរណ៍​ ផ្លូវ​គោក ដែល​បាន​កំណត់​ទទួល​បាន​ប្រាក់​ពិន័យ​ចំនួន​ ​៦៩៨ ០៨៥ ០០០ ​រៀល​៕​