ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសេចក្ដីណែនាំទៅឲ្យស្ថាប័នពាក់ព័ន្ធក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ត្រូវប្រឹងប្រែងជួយសម្រួលដល់ប្រជាពលរដ្ឋឲ្យទទួលបានសេវាកែតម្រូវ និងធ្វើមោឃភាពនៃបញ្ជីអត្រានុកូលដ្ឋានឲ្យកាន់តែងាយស្រួល និងទូលំទូលាយដោយមិនគិតថ្លៃសេវាបង់ប្រាក់នៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស រួមទាំងនាយកដ្ឋានអត្រានុកូលដ្ឋាននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ។
យោងតាមសេចក្ដីណែនាំរបស់លោក ស ខេង ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៩ បានឲ្យដឹងថា ទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានដែលអាចកែតម្រូវបានគឺជាទិន្នន័យដែលបានសរសេរខុស ឬភាន់ ច្រឡំព័ត៌មានដោយមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ នៅទូទាំងប្រទេស ដូចជាការខុសឆ្គងអក្ខរាវិរុទ្ធលើនាមត្រកូល ឬនាមខ្លួនជាអក្សរខ្មែរ” និង “អក្សរឡាតាំង" របស់សាមីខ្លួន ឬរបស់ឪពុក ឬរបស់ម្តាយ ការសរសេរខុស “ភេទ” ការចុះបញ្ជីដោយភាន់ច្រឡំលើថ្ងៃខែឆ្នាំកំណើតរបស់សាមីខ្លួន និងឪពុក ឬម្តាយរបស់ពលរដ្ឋម្នាក់ៗ និងការភាន់ច្រឡំទីតាំងភូមិសាស្ត្ររដ្ឋបាលដូចជាស្រុក ខេត្ត។
សេចក្ដីណែនាំស្ដីពីការបន្តដំណើរការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន ព្រោះតែបច្ចុប្បន្នប្រជាពលរដ្ឋកាន់តែច្រើនបានទទួលព័ត៌មានអំពីដំណើរការ និងនីតិវិធីនៃការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាននៅក្រសួងមហាផ្ទៃ និងតាមរយៈរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
យោងតាមសេចក្ដីណែនាំដដែលនេះបានឲ្យដឹងថា៖ «(ការបន្តដំណើរការកែតម្រូវធ្វើឡើង) ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងបន្តជួយសម្រួលការផ្តល់សេវា»។
លោក សាយ ម៉េងឈាង អ្នកនាំពាក្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃបានថ្លែងឲ្យដឹងកាលពីថ្ងៃម្សិលមិញថា៖ «ហើយថាប្រសិនបើមាន មន្ត្រីណាមួយរំលោភបំពានទៅការណែនាំ ប្រជាពលរដ្ឋអាចដាក់ពាក្យបណ្តឹងទៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដែលនឹងធ្វើការដោះស្រាយជូនពួកគាត់»។
លោក សាយ ម៉េងឈាង បានឲ្យដឹងទៀតថា៖ «ការកែតម្រូវមិនមានការចំណាយអ្វីទាំងអស់និយាយរួមគឺយើងមិនគិតថ្លៃសេវាតែម្តងគឺយើងធ្វើជូនគាត់តាមរយៈគោលនយោបាយរបស់រដ្ឋាភិបាល។ ការងារនេះចាប់ផ្តើមរលូនទៅហើយមិនដូចពីមុនដែលយើងទទួលស្គាល់ថាមានការខ្វះខាតមួយចំនួនតែ បច្ចុប្បន្ននេះយើងបានធ្វើរលូនហើយ»។
លោក ម៉េងឈាង បានឲ្យដឹងដែរថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនឹងដាក់បញ្ចូលគ្រប់ទន្និន័យទាំងអស់ដែលកែរួចហើយទៅក្នុងប្រព័ន្ធដែលប្រព័ន្ធទិន្នន័យនេះនឹងធ្វើឲ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រង។
លោក ម៉េងឈាង ថ្លែងថា៖ «កន្លងមកមានការស្រង់ទិន្នន័យ (ខុស) ដោយមន្ត្រីមូលដ្ឋានមួយចំនួនគាត់អត់យល់ហើយនឹងការយល់ដឹងរបស់គាត់នៅមានកម្រិត»។
លោក ម៉េងឈាង បានឲ្យដឹងថាឯកសារអត្រានុកូលដ្ឋានរួមមានលិខិតបញ្ជាក់កំណើត លិខិតអាពាហ៍ពិពាហ៍ និងលិខិតមរណភាព។
លោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញបានឲ្យដឹងថា ចំណេះដឹងប្រជាពលរដ្ឋមួយចំនួននៅតិចតួចដែលធ្វើឲ្យមានកំហុសបន្តិចបន្តួចដូចជាសរសេរឈ្មោះ អាយុ ថ្ងៃខែកំណើត បញ្ហានេះអាចកែតម្រូវបាន ប៉ុន្តែបញ្ហាអត្រានុកូលដ្ឋានខ្លះគឺខុសឈ្មោះទាំងស្រុងដែលជាបញ្ហាលំបាកក្នុងការកែតម្រូវ។
លោក ណាវិន ថ្លែងថា៖ «ពលរដ្ឋគាត់ដឹងថា ឯកសារអត្រានុកូលដ្ឋានគាត់ខុសនៅពេលដែលគាត់ដាក់ពាក្យទៅធ្វើការដែលគេទាមទារឲ្យគាត់ធ្វើការកែតម្រូវឡើងវិញនៅមូលដ្ឋាន ហើយបើឯកសារនោះមិនធ្ងន់ធ្ងរទេយើងនឹងធ្វើការកែតម្រូវជូនគាត់ ដោយមិនតម្រូវឲ្យបង់លុយនោះទេ»។
លោក សន ជ័យ ជាប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានថ្លែងថាទោះបីជា ក្រសួងមហាផ្ទៃបានចាត់វិធានការដើម្បីធ្វើការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានក៏នៅតែមានប្រជាពលរដ្ឋបានត្អូញត្អែរពីការកែ ឈ្មោះ ឬព័ត៌មានដែលខុសនៅក្នុងបញ្ជីអត្រានុកុលដ្ឋាន ដូច្នេះក្រសួងត្រូវការពិនិត្យមើលទៅលើនីតិវិធីនៃការផ្តល់សេវានេះដើម្បីធានាថា សាវានេះមិនស្មុគស្មាញ តម្លាភាពហើយចំណាយពេលវេលាតិចតួច។
លោកបានបញ្ជាក់ថា៖ «ក្រសួងគួរតែបង្កើតយន្តការធ្វើការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកុលដ្ឋានតាមរយៈ online ដោយសារតែវាងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការកែ និងចំណេញពេលវេលា និងកាត់បន្ថយអំពើពុករលួយផងដែរ»។
លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃបានថ្លែងឲ្យដឹងកាលពីម្សិលមិញថា៖ «យើងកែទិន្នន័យដែលបានសរសេរខុសជូនគាត់ តែគាត់ត្រូវផ្តល់ឯកសារ និងភ័ស្ដុតាងដើម្បីធ្វើការកែតម្រូវឲ្យបានត្រឹមត្រូវ។ ការកែទិន្នន័យដែលខុសនេះ វាសំខាន់ដោយសារតែវាជាអត្តសញ្ញាណរបស់មនុស្សមួយ។ កាលណាទិន្នន័យខុស យើងយកទៅប្រើប្រាស់វាអត់មានតម្លៃ។ កាលណាគាត់ទៅសុំសេវាកម្មផ្សេងៗ ហើយឯកសារវាអត់ សុក្រឹតភាពគ្នា ឬឯកសារ ២ វាខុសគ្នា សមត្ថកិច្ចក៏អត់ទទួលស្គាល់ឬ អាជ្ញាធរមានសមត្ថកិច្ច គេមិនផ្តល់ជូនគាត់ទេ»៕