ព្រៃវែងៈ លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ឲ្យ​មន្ដ្រី​ខិតខំ​ធ្វើការងារ​ឆ្ពោះទៅ​ថ្នាក់​មូលដ្ឋាន​ដើម្បី​ឲ្យ​មានការ​អភិវឌ្ឍ​ដល់​ពលរដ្ឋ ខណៈ​រដ្ឋាភិបាល​កំពុង​តម្រង់ទិស​អភិវឌ្ឍន៍​ទៅ​ទីនោះ​តាមរយៈ​ការផ្ដល់​ថវិកា​សម្រាប់​អភិវឌ្ឍ​ផ្ទាល់​ជិត​ ៨ ​ម៉ឺន​ដុល្លារ​ក្នុង​ ១ ​ឃុំ/សង្កាត់ ហើយ​អាច​នឹង​កើនឡើង​ជា​រៀងរាល់ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០២០ ​ដល់​ឆ្នាំ​ ២០២៣​។

លោក ស ខេង បាន​ថ្លែង​បែបនេះ ខណៈ​លោក​ធ្វើជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​ឆ្លង​សមិទ្ធផល​នានា​នៅ​វត្ត​ស្នាយសរ​ស្ថិត​នៅ​ភូមិ​ព្រៃខ្លា និង​ភូមិ​ពោធិ៍​សាបាង ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។

លោក​បាន​ថ្លែងថា​៖ «​យើង​កំពុងតែ​យក​ចិត្ដ​ទុកដាក់​ថ្នាក់ឃុំ និង​ស្រុក ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ​យើង​បាន​បែងចែក​កញ្ចប់​ថវិកា​មក​ឲ្យ​ឃុំ​ក្នុង​ ១ ​ឃុំ​ជា​មធ្យម​ ៧៥ ០០០ ដុល្លារ​ចាប់ពី​ឆ្នាំ​ ២០២០ ​នេះ​រហូត​ដល់​ឆ្នាំ​ ២០២៣​។ ចំណែកឯ​ឆ្នាំ​ ២០២៤ យើង​នឹង​គិត​ផ្សេង​ទៀតថា ដំឡើង​ប៉ុន្មាន​?​។ ឆ្នាំ​ ២០២០ ​នេះ​ក្នុង​ ១ ​ឃុំ​បាន​ថវិកា ៧៥ ០០០ ​ដុល្លារ​អាមេរិក ប៉ុន្ដែ​ដល់​ឆ្នាំ​ ២០២១ នឹង​ទៅ​ឆ្នាំ​ខាងមុខ​ទៀត​វា​មាន​ឡើង​បន្តទៀត​ប្រហែល​ឡើងដល់​ ១០ ​ម៉ឺន​ដុល្លារ​អាមេរិក ឬ​ក៏​ជាង​ ១០ ​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​ ១ ​ឆ្នាំ​នេះ​​និយាយ​ថវិកា​សម្រាប់​អភិវឌ្ឍ​លើ​ការធ្វើ​ផ្លូវ​ ឬ​លូ​ខ្នាតតូច​»​។

លោក​បាន​បន្តថា សព្វថ្ងៃនេះ​ការគ្រប់គ្រង​រដ្ឋបាល​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ដែល​បាន​បែង​ចែក​ចេញ​ជា​ ៤ ​ថ្នាក់​គឺ​ថ្នាក់ជាតិ ថ្នាក់​រាជធានី​/​ខេត្ដ ថ្នាក់ស្រុក​/​ខណ្ឌ និង​ឃុំ​/​សង្កាត់ គឺ​ក្នុង​នោះ​រាជរដ្ឋាភិបាល​កំពុង​យក​ចិត្ដ​ទុកដាក់​លើ​ថ្នាក់ឃុំ​/​សង្កាត់​ខ្លាំង​ជាង​គេ​ដើម្បី​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​។ រដ្ឋបាល​ទាំង​ ៤ ​ថ្នាក់​នេះ​គឺ​មាន​ច្បាប់​គ្រប់គ្រង​។

លោក ស ខេង ក៏បាន​ណែនាំ​ឲ្យ​មន្ដ្រី​ចៀសវាង​ដាច់ខាត​ចំពោះ​ការយក​ទោសពៃរ៍ ដោយ​កត់សម្គាល់​អ្នកណា​មានមតិ​មិន​ស្រប​ថា​គេ​ជា​ខ្មាំងសត្រូវ​ផងដែរ ដោយ​លោក​រំឭកថា​មិន​ត្រូវមាន​ទស្សនៈ​នេះ​ទេ​។

លោក​បញ្ជាក់ថា​៖ «​មន្ដ្រី​ពេល​មក​មូលដ្ឋាន​ដើម្បី​អី​? ​មិនមែន​មក​បង្ក​ការលំបាក​ដល់​ប្រជាជន​ទេ គឺ​មកជួយ​ដោះស្រាយ​ការលំបាក​ដល់​ប្រជាជន​កុំមក​បន្ថែម​បន្ទុក​លំបាក​ដល់​ប្រជាជន​ទៀត​។ ​នេះ​សូមបញ្ជាក់​ឲ្យ​ច្បាស់​ទាក់ទង​នឹង​បញ្ហា​នេះ​។ យើង​សំណូមពរ​ថា ធ្វើម៉េច​យើង​ទាំងអស់​គ្នា​ខិតខំ​ធ្វើ​ម្ចាស់ទឹក ម្ចាស់ដី ពង្រឹង​ភាពម្ចាស់ការ ព្រោះ​កំណែទម្រង់​យើង​គឺ​អ្វីៗ​ទាំងអស់​គឺ​ឆ្ពោះ​មក​មូលដ្ឋាន​ឆ្ពោះ​មក​ប្រជាពលរដ្ឋ​»​។

បើតាម​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង សម្រាប់​ថវិកា​អភិវឌ្ឍន៍​ក្នុង​ ១ ​ឃុំ​មាន​ចំនួន​ ៧៥ ០០០ ​ដុល្លារ បើ​យក​ទៅ​គុណ​ជាមួយ​នឹង​ ១៦៤៦ ឃុំ​/​សង្កាត់ ទូទាំងប្រទេស​រដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកា​អស់ ១២៣,៤៥ ​លាន​ដុល្លារ​អាមេរិក​ដែល​ថវិកា​ទាំងនេះ​គឺ​បញ្ជូនមក​ឃុំ/សង្កាត់​ដោយផ្ទាល់​តាមរយៈ​គណនេយ្យ​ធនាគារ​របស់​ឃុំ/សង្កាត់​។

លោក​បាន​បញ្ជាក់ថា​៖ «​កំណែទម្រង់​យើង​គឺ​ធ្វើបែបនេះ​ដើម្បី​ឲ្យ​ភ្ជាប់​ទៅ​ជាមួយ​ប្រជាពលរដ្ឋ ប៉ុន្ដែ​យើង​មិន​ទាន់​អាច​វាយតម្លៃ​បាន​ថា កន្លែង​ណា​ធ្វើ​បានល្អ មិន​ធ្វើ​បាន​ល្អ​ទេ ព្រោះ​យើង​ទើបតែ​ប្រកាស​ដាក់​ឲ្យ​អនុវត្ដ​នៅ​ដើមឆ្នាំ​ ២០២០ ​នេះ​។ យើង​នឹង​ពិនិត្យ​នៅ​ចុងឆ្នាំ​ ២០២០ ​នេះ​ថា តើ​កន្លែង​ណា​ដំណើរការ​បាន​ល្អ​មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់​ ឬ​មិន​គ្រប់គ្រាន់​យ៉ាងណា​?»​។

លោក​បាន​បន្ថែមថា ដូចជា​ពិធី​នេះ​គឺ​លោក​ចុះមក​គ្រាន់តែ​សំណេះ​សំណាល ប៉ុន្ដែ​លោក​បាន​ប្រគល់​ភារកិច្ច​ឲ្យ​មន្ដ្រី​ចុះ​តាម​ឃុំ​/​ស្រុក​ទាំងអស់​នៅ​ទូទាំងប្រទេស​ដោយ​ត្រូវ​រៀបចំ​ជួប​ជាមួយ​ប្រជាជន មិនមែន​ទៅ​អង្គុយ​ប្រដៅ​ប្រជាជន​ទេ​។ តែ​ត្រូវ​ទៅ​ស្ដាប់​ប្រជាជន​មាន​យោបល់​វិញ​។

លោក​ថ្លែងថា​៖ «​ប្រជាជន​ឲ្យ​យោបល់​មក​ថា លោក​ឯង​ធ្វើ​នេះ​ខុស ការងារ​នេះ​នៅ​មិនទាន់​ល្អ​ទេ​សុំ​ឲ្យ​ជួយ​កែលម្អ​ជាដើម យើង​ត្រូវ​ទទួល​ពាក្យ​ទាំងឡាយ​នោះ យោបល់​ទាំងឡាយ​នោះ ​គំនិត​ទាំងឡាយ​នោះ​ពី​ពួកគាត់​។ ប្រជាជន​ចេះ​ជាង​យើង យើង​មិន​ចេះ​ដល់​ប្រជាជន​ទេ​ត្រូវ​តាំងខ្លួន​អ៊ីចឹង​។ តែ​កាលណា​យើង​តាំងខ្លួន​ជា​ចៅហ្វាយនាយ​ប្រជាជន​ហើយ អ្នកនោះ​ខុស​ហើយ ត្រូវ​តាំង​ខ្លួន​ជា​អ្នក​ដែល​រៀនសូត្រ​ពី​ប្រជាជន​ជា​កូនសិស្ស​ប្រជាជន​»​។

លោក ថេង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) ​បាន​ស្នើថា តាមរយៈ​គោលនយោបាយ​ថ្មី​នៃ​ការតម្រង់ទិស​របស់​រដ្ឋ​ទៅ​ឲ្យ​ដល់​ថ្នាក់មូលដ្ឋាន​នេះ គួរ​មាន​ការកសាង​សមត្ថភាព​មន្ដ្រីឃុំ​/​សង្កាត់​បន្ថែម​ដើម្បី​ឲ្យ​មន្ដ្រី​អាច​ធ្វើការ​បាន​ល្អ​ដល់​ពលរដ្ឋ​ និង​ត្រូវ​ជួបពិភាក្សា​ជាមួយ​ប្រជាសហគមន៍​ដោយ​ទទួល​យក​នូវ​គម្រោង​នៃ​ការស្នើ​ឡើង​របស់​ប្រជាកសិករ​នៅតាម​មូលដ្ឋាន​។

លោក​ថា​៖ «​ទាក់ទង​នឹង​ការរៀបចំ​អភិបាលកិច្ច​មូលដ្ឋាន​នេះ គួរ​មាន​ការបើក​ឱកាស​ទូលាយ​ទៅដល់​សហគមន៍ និង​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ការលើក​ឡើង​ផែនការ​ដាក់បញ្ចូល​នៅក្នុង​ផែនការ​ឃុំ​/​សង្កាត់​ដើម្បី​ធ្វើ​យ៉ាងម៉េច​ទាញ​កញ្ចប់​ថវិកា​ដែល​បានដាក់​ចុះមក​នោះ​យក​មក​ប្រើប្រាស់​នៅក្នុង​សហគមន៍​»​។

លោក សាវឿន បាន​ថ្លែងថា តាម​ការសង្កេត​ឃើញ​ថា ក្រៅតែពី​ផ្នែក​លិខិតស្នាម​ផ្សេងៗ​ដែលជា​តម្រូវការ​ចម្បង​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​គឺ​ការលើកកម្ពស់​ជីវភាព​ពួកគាត់​តាមរយៈ​ការកសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្ដុះបណ្ដាល​វិជ្ជា​កសិកម្ម និង​ស្វែងរក​ទីផ្សារ​សម្រាប់​លក់​កសិផល​ឲ្យ​បាន​គ្រប់គ្រាន់​៕