ភ្នំពេញៈ លោក ​ស​ ខេង​ រដ្ឋ​​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​បាន​ចេញ​សេច​ក្តី​ណែ​នាំ​មួយ​ ប្រាប់​ឲ្យ​​ម្ចាស់​ ឬ​អ្នក​កាន់កាប់​លំនៅឋាន​ទាំង​អស់​ទូទាំង​ប្រទេស​ត្រូវ​រាយ​ការណ៍​ពី​វត្ត​មាន​ជន​បរ​ទេស​ដែល​បាន​ចូល​មក​ស្នាក់​​នៅ​ទីតាំង​របស់​ខ្លួន​ ក្រោយ​ក្រសួង​មហា​ផ្ទៃ​សង្កេត​ឃើញ​ថា​ មាន​ពល​រដ្ឋ​មួយ​ចំនួន​ពុំ​​ទាន់​អនុវត្ដ​បាន​ត្រឹមត្រូវ។

បើ​យោង​តាម​លិខិត​របស់​ លោក​ ស ​ខេង ​កាល​ពី​ថ្ងៃ​សុក្រ​ ទី​ ១៩​ ខែ​កក្កដា​កន្លង​ទៅ​នេះ ​បាន​លើក​ឡើង​ថា​ កន្លង​មក​ក្រសួង​មហាផ្ទៃ​បាន​ពិនិត្យ​ឃើញ​ថា ​អ្នក​កាន់​កាប់​លំ​នៅ​​ឋាន​គ្រប់​ប្រភេទ​ជា​ច្រើន​បាន​អនុវ​ត្ត​តាម​សេច​ក្តី​ណែ​នាំ​ដោយ​ស្មារតី​​ភ្ញាក់​រឭក​រួស​រាន់ ​និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​។​ អ្នក​កាន់​​កាប់​លំនៅ​ឋាន​មួយ​ចំនួន​ ពុំទាន់​យល់​អំពី​កាតព្វ​កិច្ច​ និង​អនុវត្ត​ន៍ត្រឹម​ត្រូវ​តាម​ការ​កំណត់​នៃ​ច្បាប់​ និង​លិខិត​បទ​ដ្ឋាន​គតិ​​​យុត្ត​នៅ​ឡើយ។​

បើ​តាម​លោក ​ស​ ខេង​ ការ​​ណែ​នាំ​នេះ ​គឺ​ដើម្បី​ពង្រឹង​ការ​អនុ​វត្ត​ច្បាប់​ស្តីពីអន្តោ​ប្រ​​វេសន៍​ សំដៅ​បង្កើន​ការ​គ្រប់​​គ្រង​វត្ត​មាននៃ​ការ​ស្នាក់​នៅ​របស់​ជន​បរទេស​ដើម្បី​ឲ្យ​មាន​​ប្រសិទ្ធ​ភាព​ខ្ពស់​ ធានា​ការពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សាធា​​រ​ណៈ ​និង​សុវត្ថិ​ភាព​សង្គម​ក៏​ដូច​ជា​សុវត្ថិភាព​ផ្ទាល់របស់​ជន​បរទេស​គ្រប់​រូប ដែល​ស្នាក់​នៅ​កម្ពុជា។ ​

លោក​បានឲ្យ​ដឹង​ថា​ អ្នក​កាន់​កាប់​លំ​នៅ​ឋាន​គ្រប់​ប្រភេទ​ត្រូវ​រាយ​ការណ៍​អំពី​វត្ត​មាន​ជន​បរទេស​ដែល​បាន​ចូល​មក​​ស្នាក់​នៅ​ក្នុង​ទី​​តាំង​របស់​ខ្លួន​ដល់​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ឃុំ​សង្កាត់ ​នៅ​ក្នុង​មូល​ដ្ឋាន​នោះ ​តាម​រយៈ​គំរូ​របាយ​ការណ៍ ​ឬ​ប្រព័ន្ធ​បច្ចេក​​វិទ្យា​ព័ត៌​មាន​សម្រាប់​ការ​គ្រប់​​គ្រង​វត្ត​មាន​ជន​បរទេស​ ដែល​រៀបចំ​ដោយ​អគ្គ​នា​យក​ដ្ឋាន​អន្តោ​ប្រ​វេសន៍​ មិន​ឲ្យ​លើស​ពី​រយៈ​ពេល​ ២៤​ ម៉ោង។​

ក្នុង​ករណី​​ម្ចាស់​ឬ​អ្នក​កាន់​កាប់​លំ​​​នៅ​ឋាន​​គ្រប់​ប្រភេទ​ជា​ជន​បរទេស​ ត្រូវ​រាយ​ការណ៍​បន្ថែម​អំពី​វត្ត​មាន​របស់​ខ្លួន​ឯង​ និង​​សមា​ជិក​ដែល​ជា​ជន​បរទេស​ក្នុង​បន្ទុក​ ក្នុង​រយៈ​ពេល​មិន​លើស​ពី ២៤ ម៉ោង។​

​តាម​សេច​ក្ដី​ណែ​នាំ​នេះ​បាន​បញ្ជាក់​ថា​ ខ្លឹម​សារ​នៃ​សេចក្តី​​រាយ​ការណ៍​ ត្រូវ​បញ្ជាក់​ច្បាស់​អំពី​រយៈ​ពេល​ស្នាក់​នៅ ​រយៈ​ពេល​បន្ត​ការ​ស្នាក់​នៅ ​និង​ឧបទ្ទវ​​ហេតុ​នានា​ លើ​ជន​បរទេស​ ដើម្បី​កម្លាំង​សមត្ថ​កិច្ច​មាន​វិធាន​ការ​សម​ស្រប​ទាន់​ពេល​វេលា។​ ចំពោះ​ម្ចាស់​ ឬ​អ្នក​កាន់​​កាប់​លំ​នៅ​ឋាន​ណា​ ដែល​មិន​បាន​រាយ​ការណ៍​ពី​វត្ត​មាន​នៃ​ការ​ស្នាក់នៅ​របស់​​ជន​បរទេស​តាម​ការកំណត់​នៃ​ច្បាប់​ និង​បទ​ដ្ឋាន​គតិ​យុត្ត​នានា ​នឹង​ត្រូវ​ផ្តន្ទា​ទោស​ទៅតាម​បទ​ប្ប​ញ្ញ​តិ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តីពី​អន្តោ​ប្រ​វេសន៍​ និង​ច្បាប់​ផ្សេងៗ​ទៀត​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

លោក ​ស ​ខេង​ ក៏​បាន​ណែនាំ​ដល់​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ខេត្ត​ទាំង​អស់​ត្រូវ​ផ្តល់​គំរូ​របាយ​ការណ៍ ​និង​ពាក្យ​​ស្នើ​សុំ​បង្កើត​គណនី​​ប្រើ​​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌​​មាន​សម្រាប់​ការគ្រប់​គ្រង​វត្ត​​មាន​ជន​បរទេស​ ដែល​រៀប​ចំ​ដោយ​​អគ្គ​នា​យក​ដ្ឋាន​អន្តោ​​ប្រវេសន៍​ដល់​ម្ចាស់​ឬ​អ្នក​កាន់​​កាប់​លំនៅ​ឋាន​គ្រប់​ប្រភេទ​ ដើម្បី​ធ្វើ​សេច​ក្តី​រាយ​ការណ៍​ប្រចាំ​ថ្ងៃ ​និង​ត្រូវ​បូក​សរុប​របាយ​ការណ៍​ផ្ញើ​មក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។​

ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ខេត្ត ​ត្រូវ​រាយ​ការណ៍​មក​ក្រសួង​មហា​ផ្ទៃ ​តាម​រយៈ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ អំពី​មរណ​ភាព​ ការ​បាត់​ខ្លួន​ និង​ឧបទ្ទវ​ហេតុ​នានា​របស់​ជន​បរទេស​ និង​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ត្រួត​ពិនិត្យ​ជន​បរ​ទេស​អន្តោ​​ប្រវេ​សន្ត​ដែល​បាន​មក​តាំងទី​​លំនៅ ​ឬ​ទើប​មក​តាំង​ទី​លំ​នៅ ​ក្នុង​ដែន​ដី​ក្រោម​សមត្ថកិច្ច​របស់​ខ្លួន។ ​

ដោយ​ឡែក​អគ្គ​​នាយក​ដ្ឋាន​អន្តោ​ប្រ​វេសន៍​ ត្រូវ​រៀបចំ​ផែន​ការ​អនុវត្តន៍ និង​ផ្សព្វ​​ផ្សាយ​ណែនាំដល់​ម្ចាស់ ឬ​អ្នក​កាន់កាប់​លំនៅ​ឋាន​គ្រប់​ប្រភេទ​ ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​​ខេត្ត​ សមត្ថ​កិច្ច​ពាក់​ព័ន្ធ ​និង​សាធារ​ណ​ជន​ និង​ចាត់​តាំង​មន្ត្រី​ជំនាញ​ចុះ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​សេច​ក្តី​ណែ​នាំ​នេះ ​ព្រម​ទាំង​​ធ្វើការ​បូក​សរុប ​វាយ​តម្លៃ​រាយ​ការណ៍​ជូន​ក្រសួង​មហា​ផ្ទៃ ​ដើម្បី​មាន​គោលការណ៍​ដឹកនាំ។​

លោក​ស្រី​ អាន​ សុធី​តា​ ​នា​យិ​​​​កា​ក្រុម​ហ៊ុន​ CBRE CAMBODIA Real Estate​ បាន​ឲ្យដឹង​ថា​ ក្រុម​ហ៊ុន​អចល​ន​ទ្រព្យ​ ដែល​ធ្វើ​ការ​ងារ​ខាង​​ផ្ដល់​សេវា​កម្ម​ផ្នែក​ជួល​សណ្ឋា​គារ ​ខុនដូ​​ និង​ការិយា​ល័យ​ផ្សេងៗ​ផង​នោះ​ គឺ​តែង​តែ​ជូន​ដំណឹង​ទៅ​ដល់​ម្ចាស់​អចល​ន​ទ្រព្យ​ពី​ការ​ជួល​របស់​ជន​បរ​ទេស​ទៅ​សមត្ថ​កិច្ច​ដើម្បី​ចៀសវាង​ហានិ​​​ភ័យ​កើត​ឡើង​ដោយ​ប្រការ​ណា​មួយ​ ហើយ​ការជូន​ដំណឹង​ទៅ​សមត្ថកិច្ច​ពី​អត្ដ​សញ្ញាណ​របស់​អ្នក​ស្នាក់​នៅ​បែប​នេះ​ក៏​ផ្ដល់ភាព​ងាយស្រួល​ដល់​ភ្ញៀវ​​ក្នុង​ការ​បំពេញ​បែបបទ៕