ភ្នំពេញៈ បន្ទាប់ពី​បាន​សម្រេច​ឲ្យ​យក​ឆ្នាំ​ ២០២០ ជា​ឆ្នាំ​ដែល​ត្រូវ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានដាក់​ចេញ​នូវ​យន្តការ​ថ្មី​បន្ថែមទៀត​គឺ​ដូរ​​ចំណាត់ថ្នាក់​ពី​ការអប់រំ​ដែល​ជា​អាទិភាព​ចម្បង​ទៅជា​ការអនុវត្ត​ច្បាប់​ជា​ចម្បង «​ទោះបី​អ្នកឯង​ដឹង​ ឬ​មិនដឹង​ក៏ដោយ​» ជា​វិធានការ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។

ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែមករា ឆ្នាំ​ ២០២០ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​លោក ស ខេង មាន​ប្រសាសន៍​ថា ការប្រកាស​យក​ឆ្នាំ​ ២០២០ ជា​ឆ្នាំ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ មិនមែន​មានន័យថា ឆ្នាំ​កន្លងទៅ​មិនមាន​ការអនុវត្ត​ច្បាប់​ទេ​។ ប៉ុន្តែ​ឆ្នាំ​កន្លង​ទៅ​មាន​ការយោគយល់​ច្រើន ហើយ​បាន​យក​ការអប់រំ​ជាសំខាន់​។

លោក​ថ្លែងថា​៖ «​ឆ្នាំ​ ២០២០ ​នេះ​ខ្ញុំ​គិតថា គួរតែ​យើង​ដូរ​ចំណាត់ថ្នាក់ អាទិភាព​ពី​ការអប់រំ​ដែល​ជា​អាទិភាព​ចម្បង​ទៅ​ជា​ការអនុវត្ត​ច្បាប់​ជា​ចម្បង​។ មិន​បាន​សេចក្ដី​ថា យើង​បោះបង់​ការអប់រំ​ផ្សព្វផ្សាយ​ទេ នៅ​តែ​ធ្វើជា​ប្រចាំ ប៉ុន្តែ​យក​ការអនុវត្ត​ច្បាប់​ជា​ចម្បង ព្រោះ​ច្បាប់​គឺ​បាន​ចាប់បង្ខំ​ឲ្យ​មនុស្ស​ទាំងអស់​គ្នា​គោរព អនុវត្ត ទោះបី​អ្នក​នោះបាន​រៀនសូត្រ​បានដឹង ឬ​មិន​បាន​ដឹង​ក៏ដោយ​។ មិនអាច​យក​លេស​ថា ច្បាប់​នោះ​ខ្ញុំ​អត់​បាន​រៀន​ផង​ខ្ញុំ​អត់​ដឹងផង​អ៊ីចឹង​ខ្ញុំ​អត់​មានទោស​ទេ​ព្រោះ​ខ្ញុំ​អត់​បានដឹង​។ អាហ្នឹង​ច្បាប់​ដូចជា​មិន​និយាយ​អ៊ីចឹង​ទេ​។ ច្បាប់​គឺ​ច្បាប់​ហើយ​ត្រង់​អ្នកឯង​ដឹង​ឬ​មិនដឹង តែ​ខុសច្បាប់​គឺ​គេ​ធ្វើ​ហើយ​»​។

លោក ស ខេង ​បន្តថា​ចុងក្រោយ​នេះ​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក​បាន​ធ្វើ​កិច្ចការ​តាមច្បាប់​បានល្អ និង​ប្រកប​ដោយ​ក្រមសីលធម៌​រួមទាំង​ការប្រកាន់​នូវ​សីលធម៌​ និង​វិជ្ជាជីវៈ​។ លោក​ថា ការធ្វើ​តាមច្បាប់ និង​ដោយ​សីលធម៌​ល្អ វា​មាន​ឥទ្ធិពល​ខ្លាំង​ដែល​ធ្វើឲ្យ​អ្នកធ្វើ​ដំណើរ​ខ្លាច​។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​បើ​គាត់​យក​លេស​ថា​គាត់​មិន​យល់​ច្បាប់ ខ្ញុំ​ថា មិនដឹង​ឆ្នាំ​ណា​បាន​គាត់​យល់​ដើម្បី​ជីវិត​គាត់​សោះ​ហ្នឹង​ណា ហើយ​១​ឆ្នាំ​ខាត​អស់​ប៉ុន្មាន គឺ​ ២ ​ភាគរយ​នៃ GDP ស្មើនឹង​ ៤០០ ​លាន​ដុល្លារ​»​។

លោក​បញ្ជាក់ថា​៖ «​ប្រទេស​ប្រជាធិបតេយ្យ​ភាគច្រើន​គេ​យក​ការអនុវត្ត​ច្បាប់​ជាធំ​តែម្ដង​។ អប់រំ​គឺ​អប់រំ​ហើយ ផ្សព្វផ្សាយ​គឺ​ផ្សព្វផ្សាយ​ហើយ​មិនមែន​យើង​មិន​ធ្វើ​ទេ គឺ​ធ្វើ​។ ប៉ុន្តែ​គឺ​យក​ការអនុវត្ត​ច្បាប់ ច្បាប់​គឺ​ច្បាប់​ហើយ​សូម​ឲ្យ​យល់​ទាំងអស់​គ្នា​ថា តាម​គោលការណ៍​ច្បាប់​មនុស្ស​ទាំងអស់​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​។ ត្រង់​ហ្នឹង​មួយ​សូម​ឲ្យ​នគរបាល​ចរាចរណ៍​ក្ដាប់​ឲ្យ​ជាប់​។ ស្មើភាព​ចំពោះ​មុខ​ច្បាប់​»​។

លោក​ថា មន្ត្រី​នគរបាល​តាម​ដង​ផ្លូវ​មាន​ឋានៈ​ខុសៗ​គ្នា ប៉ុន្តែ​អ្នកធ្វើដំណើរ​នៅលើ​ដងផ្លូវ​មាន​ឥស្សរជន​ជាន់ខ្ពស់​មាន​រហូតដល់​ផ្កាយ​ ៤ ទាំង​ប៉ូលិស និង​យោធា​។ ប៉ុន្តែ​ទោះ​អ្នកណា​ក៏ដោយ ក៏​មន្ត្រី​នគរបាល​ដែល​អាច​ត្រឹមតែ​ជា​ព្រិន្ទបាលទោ​មាន​សិទ្ធិ​អនុវត្ត​ច្បាប់​ទៅ​លើ​មន្ត្រី​ទាំងនោះ​។ លោក​ថ្លែង​បន្ត​ថា សមត្ថកិច្ច​ចរាចរណ៍​អាច​អនុវត្ត​ច្បាប់​បាន​គ្រប់គ្នា​ចំពោះ​អ្នកប្រព្រឹត្ត មិន​ថា​ប៉ូលិស ឬ​យោធា និង​ពលរដ្ឋ​សាមញ្ញ​។ ទោះយ៉ាងណា​លោក​ប្រាប់​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ប្រកាន់ខ្ជាប់​នូវ​សីលធម៌​។

លោក ស ខេង ​មានប្រសាសន៍​ទៀតថា​៖ «​ប៉ុន្តែ​មុន​យើង​ធ្វើ​ទោះបី​ថា ប្រជាជន​សាមញ្ញ​ក្ដី យើង​ត្រូវ​គោរព​គួរសម​។ តិច​ថា​ពាក់​ស័ក្តិ​នៅតាម​ដងផ្លូវ ដល់​ប្រជាជន​សាមញ្ញ​យើង​ទៅ​ថា គាត់​ជា​ប្រជាជន ហើយ​ធ្វើ​អាកប្បកិរិយា​មិន​គោរព​គាត់ មិនមែន​តែ​យើង​ត្រូវ​លើកដៃ​គោរព​គាត់​ក្នុង​ឋានៈ​យើង​ជា​មន្ត្រី​អនុវត្ត​ច្បាប់​។ មិនមែន​ចាំបាច់​ថា​អ្នកនោះ​ស័ក្តិធំ​ជាង​បាន​គោរព​ហើយ​អនុវត្ត​ច្បាប់​ទេ​»​។

យោងតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា ក្នុង​ខែ​មករា ឆ្នាំ​ ២០២០ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ៣៥៨ ​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ២០៦ ​នាក់ និង​របួស​ចំនួន ៥៥៨ ​នាក់​។ ចំនួន​នេះ​ធ្លាក់ចុះ​ ១២ ​លើក ឬ ៣ ​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ខែ​ធ្នូ ឆ្នាំ​ ២០១៩​។ ប៉ុន្តែ​ចំនួន​អ្នកស្លាប់​កើន​ចំនួន ២០ ​នាក់​ហើយ​របួស​កើន​ ៥៨ ​នាក់​ស្មើនឹង​ ១២ ​ភាគរយ​។

លោក​ គង់ រតនៈ ប្រធាន​វិទ្យាស្ថាន​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​យល់ស្រប​ជាមួយ​អ្វី​ដែល​លោក ស ខេង លើក​ឡើង​ក្នុង​ការប្ដូរ​ទិសដៅ​ពី​ការអប់រំ​ទៅលើ​ការអនុវត្ត​ច្បាប់​ជា​ចម្បង​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា អ្វី​ដែល​សម្ដេច​ក្រឡាហោម​ធ្វើ​នេះ​ជា​ជំហាន​វិជ្ជមាន ហើយ​ខ្ញុំ​គាំទ្រ​សម្រាប់​ការប្ដូរ​ទិសដៅ ប៉ុន្តែ​យើង​អត់​បោះបង់ចោល​ទេ​ការអប់រំ​គឺ​យើង​ធ្វើ​ទាំង​ ៣ ​ជ្រុង​យើង​ធ្វើការ​បណ្ដុះបណ្ដាល​ប្រជាពលរដ្ឋ​ផង យើង​រឹតបន្តឹង​ច្បាប់​ផង ហើយ​យើង​ពិចារណា​ផ្នែក​វិស្វកម្ម​ផង​ថា ផ្លូវ​យើង​មាន​បញ្ហា​អី​ខ្លះ​»​។

លោក​បន្តថា កន្លងមក​ការអប់រំ​ត្រូវ​បាន​ធ្វើ​ច្រើន​ហើយ ហើយ​ការរឹតបន្តឹង​ច្បាប់​មិនទាន់​ត្រូវ​បាន​រឹតបន្តឹង​ទេ​។ ការមិន​បាន​រឹតបន្តឹង​ច្បាប់​នេះ​លោក​ថា ដោយសារ​តែ​សមត្ថកិច្ច​មួយ​ចំនួន​តូច​នៅ​តែ​ឆ្លៀត​កេង​ប្រយោជន៍ ហើយ​អ្នកប្រព្រឹត្ត​ខុស​មួយចំនួន​អាង​អ្នកធំ​ធ្វើឲ្យ​មន្ត្រី​ចរាចរណ៍​តូចតាច គ្នា​អត់​ហ៊ាន​អនុវត្ត​ច្បាប់​។

ពាក់ព័ន្ធ​នឹង​ក្រមសីលធម៌​របស់​សមត្ថកិច្ច​លោក​ គង់ រតនៈ បាន​លើកឡើង​ថា នៅមាន​សមត្ថកិច្ច​មួយ​ចំនួន​តូច​ដែល​មិនទាន់​បាន​ធ្វើ​ល្អ​ ប៉ុន្តែ​ក៏មាន​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​មិនទាន់​អនុវត្ត​បានល្អ​ដូចគ្នា​ដែរ​។ លោក​បន្តថា វប្បធម៌​នៃ​ការអាងខ្នង​ក៏​នៅ​មាន​ខ្លះ​ដែរ​។

លោក​ថ្លែងថា​៖ «​យើង​ចង់​ឲ្យ​អ្នក​ដែល​អនុវត្ត​ច្បាប់​បង្ហាញ​ការគោរព​ច្បាប់​ខ្លួនឯង​ដល់​ប្រជាពលរដ្ឋ​ទូទៅ ទៅ​ដល់​មន្ត្រីរាជការ ឬ​ស្ថាប័ន​ប្រដាប់​អាវុធ​ដូចគ្នា​។ វា​ជា​ច្បាប់ មិនមែន​ថា យើង​ស្លៀកពាក់​ឯកសណ្ឋាន​ហើយ​មិនចាំបាច់​គោរព​នោះទេ​»៕