ភ្នំពេញៈ លោក ស ថាវី និង​មនុស្ស​មួយក្រុម​ទៀត​ត្រូវបាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ធ្វើការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការលួច​លក់​ដី​របស់​អ្នកដទៃ​នៅ​សង្កាត់​សំរោង ខណ្ឌ​ព្រែកព្នៅ​។

កាលពី​ថ្ងៃទី​ ២ ខែ​ មីនា ឆ្នាំ​ ២០២០ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ចោទប្រកាន់​លោក ស ថាវី អតីត​អភិបាលខេត្ត​ឧត្តរមានជ័យ​ពី​បទ «​ផ្តើមគំនិត​ក្នុង​​អំពើ​លួច​លក់​អចលនវត្ថុ​ដែល​មិនមែន​ជា​របស់ខ្លួន​» និង​មនុស្ស​មួយក្រុម​ទៀត​ត្រូវបាន​ចោទ​ពី​បទ​លួច​លក់​អចលនវត្ថុ​អ្នកដទៃ​។

កាលពី​ថ្ងៃទី​ ២៧ ខែ ​កុម្ភ: ឆ្នាំ​ ២០២០ ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន ៣ នាក់ និង​បាន​បញ្ចូន​ទៅ​តុលាការ​កាលពី​ថ្ងៃទី ២៩ ខែកុម្ភៈ បន្ទាប់ពី​មាន​ជាប់​ពាក់ព័ន្ធ​រឿង​លួច​លក់​ដី​អ្នកដទៃ​មាន​ទំហំ ២២ ៩០០ ​ម៉ែត្រការ៉េ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​សំរោងត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែកព្នៅ កាលពី​អំឡុង​ឆ្នាំ​ ២០១៨​។

បើ​តាម​កំណត់ហេតុ​របស់​សមត្ថកិច្ច​កាលពី​ឆ្នាំ​ ២០១៨ ឈ្មោះ ឡុង ដារ៉ា បាន​លក់​ដី​ទំហំ​ ២២ ៩០០ ​ម៉ែត្រការ៉េ​ ទៅឱ្យ​ឈ្មោះ ប៉ូច ថេន ​ក្នុងតម្លៃ​ទឹកប្រាក់ ១៥ ម៉ឺន​ដុល្លារ​អាមេរិក ហើយ​បាន​ចែក​លុយ​នោះ​ឲ្យ​ទៅ​មេធាវី​ចំនួន ៧ ​ម៉ឺន​ដុល្លារ​ចែក​ទៅ​ឲ្យ​លោក យិន អ៊ិម ចៅសង្កាត់​សំរោង ៤ ​ម៉ឺន​ដុល្លារ​ជា​ថ្លៃ​ធ្វើ​ឯកសារ​លក់​ដី​ខាងលើ និង​ចែក​មនុស្ស​មួយចំនួន​ទៀត​។

កំណត់ហេតុ​ដដែល​បាន​បន្តថា ក្រោយមក​ឈ្មោះ ឡុង ដារ៉ា បាន​សារភាពថា ខ្លួន​នៅ​សល់​ប្រាក់​ត្រឹម ៣០០០០ ​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដែល​ដី​នេះ​ឈ្មោះ ប៉ូច ថេន ​ជា​អ្នក​ឈរឈ្មោះ​ទិញ​ទៅ​ឲ្យ​លោក ស ថាវី​។

ទោះជា​យ៉ាងណា​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចោទប្រកាន់​ទាំងនោះ​មានតែ​ ៣ ​រូប​ប៉ុណ្ណោះ​​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​រួមមាន​លោក ឡុង ដារ៉ា អាយុ​ ៣៥ ​ឆ្នាំ​លោក ឡូញ រស់ អាយុ​ ៤០ ​ឆ្នាំ និង​លោក ប៉ូច ថេន អាយុ​ ៥២ ​ឆ្នាំ​។ ចំណែក​លោក ស ថាវី ​អាយុ​ ៥៣ ​ឆ្នាំ​ លោក អ៊ុក ភក្តី អាយុ ៥៤ ​ឆ្នាំ​ លោក យិន អ៊ិម លោក ម៉ាត់ ឌី អាយុ​ ៥០ ​ឆ្នាំ និង​អ្នកស្រី យស់ ម៉ាលីណា ​បច្ចុប្បន្ន​មិនត្រូវ​បាន​ឃាត់ខ្លួន​នោះទេ​។ នេះ​បើតាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ដែល​ត្រូវបាន​ដកស្រង់​ដោយសារ​ព័ត៌មាន Freshnews​។

លោក​ គុជ គឹមឡុង អ្នកនាំពាក្យ​ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​កាលពី​ម្សិលមិញ​។ ចំណែក​លោក អ៊ី រិន្ទ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឆ្លើយតប​យ៉ាងខ្លី​ថា​៖ «(​សំណុំ​រឿងនេះ​) ​ជាកិច្ច​នីតិវិធី​របស់​ចៅក្រម​ស៊ើបសួរ​ត្រូវ​រក្សា​ការសម្ងាត់​»​។

លោក យិន អ៊ិម ចៅសង្កាត់​សំរោង​បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ ដោយ​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​ដែលថា លោក​បានទទួល​ប្រាក់ ៤ ​ម៉ឺន​ដុល្លារ​ពី​ការលួច​លក់​ដីឯកជន​របស់​អ្នកដទៃ​។ លោក​អះអាង​ថា លោក​ក៏​ត្រូវបាន​បុគ្គល​ខាងលើ​ឆបោក​ថា ដី​នេះ​ជា​របស់​ពួកគេ​ផងដែរ​។ ប៉ុន្តែ​ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា ដី​នេះ​មាន​ម្ចាស់​កម្មសិទ្ធិ​ផ្សេង​ត្រឹមត្រូវ​ស្របច្បាប់ លោក​ក៏​បាន​ចេញ​លិខិត​បដិសេធ និង​ហាម​មិន​ឲ្យ​មាន​ការសាងសង់​សំណង់​នៅលើ​ដី​នេះ​នោះទេ​។

ទោះយ៉ាងណា​លោក​អះអាង​ថា លិខិត​បដិសេធ​របស់​លោក​មិន​ត្រូវ​បាន​គោរព​តាម​នោះទេ ហើយ​បុគ្គល​ទាំងនោះ​នៅតែ​បន្តកាន់កាប់​ដី​នេះ​រហូត​ដល់​មានការ​ប្តឹងផ្តល់​មក​តុលាការ​ដល់​សព្វថ្ងៃ​។ លោក ចៅសង្កាត់ បញ្ជាក់​ថា​៖ «​ម្ចាស់​ដី​ដើម​មាន​ឈ្មោះ ភឺន ផល្លា ដែល​មាន​ងារ​ជា​ឧកញ៉ា ហើយ​ដី​នោះ​ត្រូវ​បាន​ម្ចាស់​ដី​ប្រគល់​ឲ្យ​ឈ្មោះ​ ម៉ាត់ ឌី ជា​អ្នក​ចាំ​ដី​ឲ្យ ប៉ុន្តែ​ក្រោយមក​បែរ​ជា​បុគ្គល​ឈ្មោះ ម៉ាត់ ឌីនេះ បាន​សមគំនិត​ជាមួយ ឈ្មោះ ឡុង ដារ៉ា ដែល​តាំងខ្លួន​ជា​ម្ចាស់​ដី​លក់​ទៅ​ឲ្យ​ឈ្មោះ ប៉ូច ថេន ដែល​ជា​អ្នកទិញ​តំណាង​ឲ្យ​លោក ស ថាវី​»​។

លោក​និយាយ​ថា នៅ​ពាក់កណ្តាល​ខែមីនា​លោក​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ជាថ្មី​ទៀត​ជុំវិញ​ការបំពាន​លួច​លក់​ដី​របស់​អ្នកដទៃ​នេះ ដោយ​លោក​ក៏​បាន​ទទួលស្គាល់​នូវ​កំហុស​ខុសឆ្គង​មួយចំនួន​ផងដែរ​បន្ទាប់ពី​បាន​ប្រថាប់ត្រា​លើ​លិខិត​ទិញ-លក់​ដី​នេះ​ដោយ​មិនបាន​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ដោយសារ​តែ​លោក​ក៏​ត្រូវ​បាន​បុគ្គល​ទាំងនោះ​កុហក​ផងដែរ​។

ចំណែក​លោក ស ថាវី ក៏បាន​បដិសេធ​ការចោទប្រកាន់​នេះ​ផងដែរ​។ លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះ​ទេ ហើយ​ការដែល​លោក​ទិញ​ដី​នេះ​គឺ​ធ្វើឡើង​តាមរយៈ​ការទិញ​តៗ​គ្នា ដោយ​មិន​បាន​ដឹងថា ដី​នេះ​មាន​កម្មសិទ្ធិ​របស់​អ្នកដទៃ​នោះឡើយ​។ លោក​បញ្ជាក់ថា​៖ «​ករណីនេះ​វា​មិនបាន​ជាប់​ពាក់ព័ន្ធ​នឹង​ខ្ញុំ​ទេ ទាល់តែ​មើល​ឯកសារ ព្រោះ​ខ្ញុំ​មិនបាន​ទៅ​ប្រព្រឹត្ត​នូវ​ការ​លួចលក់​ដី​អីហ្នឹង​ទេ គឺ​យើង​ទិញ​ទៅ​តាម​គ្នា និង​បន្តៗ​គ្នា​អី​អ៊ីចឹង​ទៅ​។ ដូច្នេះ​សូម​ឲ្យ​មេធាវី​គេ​បញ្ជាក់​ទៅ ព្រោះ​មាន​ឯកសារ​នៅ​ហ្នឹង​ដៃ​»​។

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា លោក​មិន​បាន​ដឹង​ពី​ករណី​ដែលថា លោក ស ថាវី មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​លក់​ដី​អ្នកដទៃ​នេះ​ទេ​។ លោក​បញ្ជាក់ថា បើ​ទោះ​ជា​មាន​ករណី​បែប​នេះ​ក៏​មិនមាន​ជាប់​ពាក់ព័ន្ធ​អ្វី​ទៅ​នឹង​ក្រសួងការពារជាតិ​ដែរ ហើយ​ក្រសួង​ក៏​មិនចាំបាច់​អ្វី​ត្រូវធ្វើការ​ស៊ើបអង្កេត​នោះទេ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា​៖ «​បើ​ទោះ​គាត់​មាន​ងារ​ក្នុង​ក្រសួង​ការពារជាតិ​ក៏ដោយ ទុក​ឲ្យ​តុលាការ​គេ​ធ្វើការ​របស់​គេ​ទៅ​។ យើង​ក៏​មិន​ធ្វើការ​ស្រាវជ្រាវ​អ្វី​បន្ថែម ជុំវិញ​ករណី​នេះ​ដែរ យើង​មិនមាន​វិធានការ​អ្វី​ទៅ​គាត់​ទេ បើ​ខ្ញុំ​មិនទាន់​បាន​ដឹង​រឿង​ហ្នឹង​ផង ទុក​ឲ្យ​តុលាការ គេ​ធ្វើការ​របស់​គេ​ហើយ​»៕