ភ្នំពេញៈ អគ្គស្នងការរង​នគរបាល​ជាតិ លោក ស ថេត ជំរុញ​ឱ្យ កងកម្លាំង​ប្រដាប់អាវុធ និង​មន្ត្រីរាជការ​ត្រូវ​ធ្វើជា​គំរូ​ដ៏ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​នៅលើ​ដងផ្លូវ ដោយ​លោក​ប្រាប់​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​កុំ​ភ័យខ្លាច​ក្នុង​ការអនុវត្ត​ច្បាប់​លើ​មន្ត្រី​ជាន់ខ្ពស់​ណា​ដែល​ប្រព្រឹត្ត​ខុស ខណៈ​ការបើកបរ​ល្មើសច្បាប់​នៅតែ​ជា​បញ្ហា​សម្រាប់​កម្ពុជា​។

លោក ស ថេត ដែល​ក៏​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ផង​នោះបាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​កាលពី​ម្សិលមិញ​ថា​៖ «​ទាំង​កងកម្លាំង ទាំង​មន្ត្រីរាជការ​ស៊ីវិល​ទាំងអស់​ត្រូវ​តែ​ធ្វើជា​គំរូ​ដ៏ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​។ សូម​បើកបរ​ដោយ​ប្រុងប្រយ័ត្ន​ និង​គោរព​ច្បាប់ចរាចរណ៍​គ្រប់ពេល​បើកបរ​»​។

បន្ថែម​ពីនេះ​លោក ស ថេត ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​ដល់​មន្ត្រី​ចរាចរណ៍​ទាំងអស់​ត្រូវតែ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់​ដោយ​កុំ​មាន​ការភ័យខ្លាច​ការអន្តរាគមន៍​ណាមួយ ចំពោះ​អ្នក​ដែល​បើកបរ​ខុសច្បាប់​។ លោក​ក៏​ធ្លាប់​ព្រមាន​ឱ្យ​ចាត់វិធានការ​ឱ្យបាន​ស្មើភាព​គ្នា បើទោះ​ជា​ឋាន:​ណាក៏ដោយ​ឱ្យ​តែ​បើកបរ​មិន​គោរព​ច្បាប់​គឺ​ត្រូវតែ​ធ្វើការ​ផាកពិន័យ​។

តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ការរឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ក្នុង​រយៈពេល​ ២២ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ២២ វិច្ឆិកា មាន​មធ្យោបាយ​ល្មើស​សរុប​ចំនួន ១៦ ៣៩៨ ​គ្រឿង​ ត្រូវបាន​ផាកពិន័យ​នៅ​ទូទាំង​ប្រទេស ខណៈ​រយៈពេល​តែ​ ១ ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​ ២២ ខែវិច្ឆិកា មាន​មធ្យោបាយ​ល្មើស​សរុប​ជិត​ ១ ០០០ ​គ្រឿង ​នៅ​ទូទាំង​ប្រទេស​ត្រូវបាន​ផាកពិន័យ​។

លោក​ សាន សុខសីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា​ការដែល​ថ្នាក់​ដឹកនាំ​បន្ត​ជំរុញ​យ៉ាង​ដូច្នេះ ក៏​ព្រោះតែ​មើលឃើញ​ថា នៅតែមាន​មន្ត្រី​មួយចំនួន​តូច បន្ត​ប្រព្រឹត្ត​កំហុស ធ្វើឱ្យប៉ះពាល់​ដល់​មុខមាត់​មន្ត្រី​រាជការ​ដទៃទៀត ហើយ​វា​ក៏​ជា​គំរូ​អាក្រក់​សម្រាប់​ពលរដ្ឋ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ក្នុងនាម​ជា​កងកម្លាំង ជា​មន្ត្រីរាជការ​ទូទៅ​មាន​ន័យថា គឺ​គាត់​ជា​អ្នកតំណាង​ឱ្យ​ជាតិ ជា​អ្នក​តំណាង​ឱ្យ​ស្ថាប័ន ដូច្នេះ​ទាក់ទង​នឹង​បញ្ហា​ទាំងនេះ គាត់​គួរតែ​ធ្វើជា​គំរូ​។ នៅពេល​ដែល​ក្នុងនាម​ជា​កងកម្លាំង មន្ត្រី​រាជការ​ទូទៅ គាត់​ជា​អ្នក​អនុវត្ត​ច្បាប់ ហើយ​គាត់​គោរព​ច្បាប់​អាច​ធ្វើឱ្យ​ប្រជាពលរដ្ឋ​យក​គំរូ​តាម ព្រោះ​ប្រជាពលរដ្ឋ​ទូទៅ​គាត់​ច្រើនតែ​សម្លឹងមើល​មកលើ​អង្គភាព​ស្ថាប័នរដ្ឋ ឬ​អ្នកបើកបរ​ដែលមាន​ស្លាក​លេខ ន.ប. ខ.ម. ឬ​រាជការ​អី​ជាដើម​»​។

លោក​ សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​យល់​ថា ការជំរុញ​ដាស់តឿន​របស់​ថ្នាក់ដឹកនាំ​នេះ គឺជា​រឿង​ដដែលៗ ហើយ​នេះ​គ្រាន់​ជា​ការរំឭក​ជាថ្មី​ប៉ុណ្ណោះ ស្រប​ពេល​ដែល​ឥរិយាបថ​មន្ត្រីរាជការ ឬ​កងកម្លាំង​ប្រដាប់អាវុធ​មួយចំនួន​នៅតែ​ប្រព្រឹត្ត​ទង្វើ​មិនល្អ​ក្នុង​ការបង្ហាញ​ជា​គំរូ​អាក្រក់​ដល់​ពលរដ្ឋ​។ លោក​ថា ពេល​ខ្លះ​កងកម្លាំង​ប្រដាប់អាវុធ​មួយចំនួន​តូច ត្រូវ​បាន​គេ​ប្រទះ​ឃើញថា បំពាន​ច្បាប់​ចរាចរណ៍ ដូចជា ការបើកបរ​បំពាន​ភ្លើង​សញ្ញា បើកបរ​ក្នុង​ឥរិយបថ​មិន​ត្រឹមត្រូវ ព្រមទាំង​បង្ក​ហិង្សា​ជាដើម​។

លោក​ថ្លែងថា​៖ «​ការគ្រប់គ្រង​អាវុធ​របស់​កងកម្លាំង និង​ពិនិត្យមើល​សាវតារ​ និង​ឥរិយាបថ​ពួកគេ [​ត្រូវអនុវត្ត​] មុនពេល​ចូល​បម្រើ​ការងារ និង​ពេល​បាន​បំពេញ​ការងារ​រួចហើយ​។ វា​ជា​រឿង​អស់​សំណើច បើ​មាន​កងកម្លាំង​ប្រព្រឹត្តល្មើស ដូចជា​គំរាម និង​រំលោភ​ស្រី​ភេទ​ដោយ​ប្រើ​កាំភ្លើង ជា​មធ្យោបាយ​សម្លុត​។ ក្រៅពី​នោះ​កងកម្លាំង​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​ការកាង​ល្បែងស៊ីសង​ និង​បទល្មើស​គ្រឿងញៀន​ជាដើម​»​។

លោក​ គង់ សុវណ្ណ ទីប្រឹក្សា​ជំនាញ​ និង​ជា​អនុប្រធាន​ក្រុម​កម្មវិធី សុវត្ថិភាព​ចរាចរណ៍​សហគមន៍​នៃ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ជនបទ​ជំហាន​ទី​ ២ ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ចង់​ឱ្យ​មាន​ការដាស់តឿន​បែបនេះ​ជារឿយៗ ដើម្បី​ក្រើនរំឭក​ដល់​មន្ត្រីរាជការ និង​កម្លាំង​ប្រដាប់​អាវុធ​ជាប្រចាំ​។

ការធ្វើ​ដូច្នេះ​ គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពលរដ្ឋ និង​សង្គមជាតិ ព្រោះ​ថា​មន្ត្រី​អ្នកអនុវត្ត​ច្បាប់ គឺជា​តួអង្គ​គំរូ​ដល់​ប្រជាពលរដ្ឋ​។ លោក​ក៏​ចង់ឱ្យ​មន្ត្រី​មាន​សមត្ថកិច្ច​ទាំងអស់​ត្រូវអនុវត្ត​ច្បាប់​ឱ្យបាន​ស្មើភាព​គ្នា ចៀសវាង​មានការ​អនុវត្ត​ស្តង់ដា​ ២ ដែល​នាំឱ្យ​បាត់​ជំនឿ​ពី​ពលរដ្ឋ​។

លោក​ថា​៖ «​បើសិន​ជា​មន្ត្រី​គ្រប់រូប​កាន់តែ​ច្រើន​ធ្វើជា​គំរូ​បាន​គឺជា​ការផ្តើម និង​ជំរុញ​ចលករ​ត្រឹមត្រូវ​បំផុត​ដែល​ឱ្យ​ពលរដ្ឋ​ឈាន​ទៅ​រក ការគោរព​ច្បាប់​ទូទាំង​ប្រទេស​។ បើ​មិន​អ៊ីចឹង​ទេ នៅតែ​មាន​អ្នកយក​លេស​អ៊ីចឹង ថា​គោរព​យ៉ាងម៉េច បើ​ប៉ូលិស ទាហាន ដូចគ្នា មិន​គោរព​ផង​»៕

វីដេអូ៖