ភ្នំពេញៈ លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​អធិការ​នគរបាល​ខណ្ឌ​ទាំង​ ១៤ ឲ្យ​បង្កើន​ការអនុវត្ដ​ច្បាប់ ចំពោះ​ពលរដ្ឋ​ដែល​ប្រកបរបរ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ ទីតាំង​លក់​ និង​បញ្ចូល​ហ្គាស ជាពិសេស​ទីតាំង​ដែល​ងាយ​រងគ្រោះ​ផ្សេងៗ​ទៀត​ បន្ទាប់ពី​មាន​ការផ្ទុះ​ឆេះ​ផ្ទះ​លក់​ហ្គាស​មួយ​បណ្តាល​ឲ្យ​ស្លាប់​ ៤ ​នាក់​របួស​ ៥ ​នាក់​។

លោក ស ថេត បាន​ណែនាំ​បែបនេះ​កាលពី​ថ្ងៃទី​ ២១ ​ខែ​កក្កដា​ ក្នុង​ពេល​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ដាក់​វិធានការ​ចុះ​អនុវត្ត​ត្រួតពិនិត្យ​តាម​បណ្តា​ក្លិប​កម្សាន្ត ខារ៉ាអូខេ ដើម្បី​ណែនាំ អប់រំ និង​ផ្សព្វផ្សាយ​វិធានការ​របស់​ក្រសួង​សុខាភិបាល និង​សេចក្តី​ជូនដំណឹង​របស់​សាលា​រាជធានី​ក្នុង​ការប្រែក្លាយ​ទីកន្លែង​ទាំងនោះ​ទៅ​ជា​ភោជនីយដ្ឋាន​។

លោក ស ថេត ថ្លែង​ថា​៖ «​ត្រូវ​បង្កើន​ការចុះ​ណែនាំ​អប់រំ​ជា​ប្រចាំ​ដល់​អ្នក​ប្រកបមុខរបរ ដែល​ងាយ​រងគ្រោះ​ដូចជា​ស្ថានីយ​លក់​ប្រេង ទីតាំង​លក់ និង​បញ្ចូល​ហ្គាស ជាពិសេស​ទីតាំង​ដែល​ងាយ​រងគ្រោះ​ផ្សេងៗ​ទៀត​ដែល​ទីតាំង​ទាំងនោះ គួរតែ​មាន​បំពង់​ពន្លត់​អគ្គិភ័យ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​បឋម​ក្នុង​ករណី​មាន​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ​»​។

លោក នេត វន្ថា ស្នងការរង រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ការណែនាំ​របស់លោក​ស្នងការ​នេះ គឺ​ដើម្បី​បង្កើន​ការអនុវត្ដ​ច្បាប់​តាម​អនុក្រឹត្យ​លេខ​ ១៣១ របស់​រាជរដ្ឋាភិបាល​ស្ដីអំពី​លក្ខខណ្ឌ​ និង​វិធានការ​នានា​ក្នុង​ការបង្ការ​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​។ «​ពលរដ្ឋ​គាត់​មិនទាន់​យល់ដឹង​និង​ចូលរួមបាន​ទូលំទូលាយ ហើយ​ការផ្សព្វផ្សាយ​របស់​សមត្ថកិច្ច​យើង​ក៏​មិនទាន់​បាន​ទូលំទូលាយ​ដែរ​។

និយាយ​រួម​ពលរដ្ឋ​ជា​អ្នក​ប្រកបរបរ​លក់ដូរ ប្រេងឥន្ធនៈ លក់ និង​បញ្ចូល​ហ្គាស​ជាដើម ពួកគាត់​នៅ​មិនទាន់​បាន​អនុវត្ដ​តាម​អនុក្រឹត្យ​លេខ​ ១៣១ ​ដែល​អនុក្រឹត្យ​នេះ មិន​អនុញ្ញាត​ឱ្យ​ពួកគាត់​លក់ដូរ​ទំនិញ​ងាយ​បង្ក​ហានិភ័យ​បែបនេះ​នៅ​ទីប្រជុំជន​ទេ​។ បើ​ពលរដ្ឋ​នៅតែ​បន្ត​លក់​នោះ​នឹង​ប្រឈម​នឹង​ការផាកពិន័យ​ជា​ប្រាក់​»​។

លោក វន្ថា ឱ្យដឹងថា វិធានការបន្ត​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​ដែល​មាន​សមត្ថកិច្ច គឺ​ត្រូវតែ​អនុវត្ដ​ច្បាប់​ព្រោះ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​បានចេញ​រួចហើយ​គឺ​មាន​សុពលភាព​ក្នុង​ការអនុវត្ដ ប្រសិន​បើ​ពលរដ្ឋ​បាន​ធ្វើ​ផ្ទុយ​ពី​ច្បាប់​។ ដូច្នេះ​តាម​ការណែនាំ​របស់លោក​ស្នងការ​គឺ​ត្រូវ​តែ​បន្ត​អនុវត្ដ​ច្បាប់​ឱ្យបាន​ទូលំទូលាយ​បន្ថែម​ទៀត​ចំពោះ​ការបើក​មុខរបរ​ងាយ​រងគ្រោះ​ដូចជា​ស្ថានីយ​លក់​ប្រេង ទីតាំង​លក់ និង​បញ្ចូល​ហ្គាស​។

បើ​តាម​លោក​ វន្ថា ការណែនាំ​របស់​លោក​ ស ថេត ធ្វើឡើង​ក្រោយពី​មាន​អគ្គិភ័យ​ឆេះ​ផ្ទះ​លក់​ហ្គាស​នៅ​សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ​កាលពី​ល្ងាច​ថ្ងៃ ១៨ ខែ​កក្កដា ដែល​បណ្ដាលឲ្យ​មនុស្ស​ចំនួន​ ៤ ​នាក់​ស្លាប់​ និង​ ៥ ​នាក់​ទៀត​របួស​៕

វីដេអូ៖