ភ្នំពេញ: អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីម្សិលមិញបានប្រាប់ឲ្យស្នងការនគរបាលរាជធានីភ្នំពេញដែលទើបតែទទួលតំណែងជំនួសលោក ជួន សុវណ្ណ បន្តកិច្ចការងារបង្ក្រាបបាតុកម្មគ្រប់រូបភាពបង្ក្រាបគ្រឿងញៀន និងបទល្មើសផ្សេងៗជាច្រើនទៀតនៅក្នុងរាជធានីភ្នំពេញ។
ការថ្លែងនេះក្នុងពិធីប្រកាសចូលកាន់តំណែងរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិត្រូវចូលកាន់តំណែងជំនួសលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អតីតស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានការចូលរួមប្រកាសពីលោក ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតប្រមាណជិត ៣០០ នាក់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្លែងក្នុងពិធីនោះថា ស្ថានភាពនយោបាយ និងការទូតរបស់កម្ពុជាបច្ចុប្បន្នកំពុងស្ថិតនៅក្នុងក្រសែភ្នែករបស់អង្គការជាតិ និងអន្តរជាតិ និងបណ្ដាប្រទេសលោកខាងលិចមួយចំនួនដែលមាននិន្នាការគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ដោយពួកគេគ្មានអ្វីក្រៅពីការខិតខំផ្អាកដំណើរការខិតខំអភិវឌ្ឍប្រទេសរបស់រដ្ឋាភិបាលសព្វថ្ងៃនេះទេ។
លោកបន្តថានាពេលថ្មីៗនេះសកម្មភាពបទល្មើសព្រហ្មទណ្ឌកំពុងកម្រើកឡើងវិញដូចជា ឃាតកម្ម ប្លន់ប្រដាប់អាវុធ គ្រឿងញៀន បនល្បែង និងករណីផ្សេងៗទៀតជាច្រើនដែលកើតមានឡើងនៅក្នុងទីក្រុងភ្នំពេញដែលជំរុញឲ្យថ្នាក់ដឹកនាំស្ថាប័ននេះត្រូវតែយកចិត្តទុកដាក់ឲ្យខ្លាំងបំផុត។ ទោះបីយ៉ាងណា ករណីទាំងនេះបានជះឥទ្ធិពលដល់សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់ការដឹកនាំរបស់រដ្ឋាភិបាលផងដែរ។
លោក ឃួង ស្រេង បញ្ជាក់ថា៖ «ត្រូវយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រឿងញៀន តាមរយៈការលើកកម្ពស់គុណភាព និងប្រសិទ្ធភាព ការអនុវត្តប្រឆាំងគ្រឿងញៀន និងបង្ក្រាបរាល់មុខសញ្ញាជនល្មើសដែលពួកគេកំពុងចរាចរ កែច្នៃ និងជួញដូរគ្រឿងញៀនទាំងទ្រង់ទ្រាយធំ និងតូច និងនៅតាមទីកន្លែងកម្សាន្ដនានានៅក្នុងទីក្រុងភ្នំពេញ»។
លោក ជួន សុវណ្ណ អតីតស្នងការនគរបាលរាជធានីភ្នំពេញ និងទើបតែងតាំងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានឋានៈស្មើរដ្ឋមន្ត្រីជំនួសលោក កៅ ខុនដារ៉ា ដែលត្រូវទទួលភារកិច្ចថ្មីវិញជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ក្នុងកម្មវិធីនោះលោកបានថ្លែងថាក្នុងអំឡុងអាណត្តិដែលលោកកំពុងគ្រប់គ្រងនេះមានបញ្ហាជាច្រើនដូចជា ការធ្វើបាតុកម្មគ្រប់រូបភាពរួមមាន តវ៉ាដីធ្លី កម្មករតវ៉ាសុំឡើងប្រាក់ឈ្នួល ការតវ៉ាបញ្ហាព្រំដែន ការតវ៉ាបញ្ហាបរិស្ថាន និងការតវ៉ាសុំឲ្យដោះលែងទណ្ឌិតផ្សេងៗជាច្រើនដោយធ្វើជាលេសពាក់ព័ន្ធនឹងបញ្ហានយោបាយក្នុងន័យបង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាល ប៉ុន្ដែករណីទាំងនេះត្រូវបានបង្ក្រាបតាមរយៈកម្លាំងនគរបាលរបស់លោក និងបានសហការជាមួយស្ថាប័នពាក់ព័ន្ធធ្វើការទប់ស្កាត់ទាន់ពេលវេលា។
លោក សុវណ្ណ បន្តថាក្នុងអាណត្តិលោកគ្រប់គ្រងនេះបានបង្ក្រាបបទល្មើសល្បែងស៊ីសងចំនួន ៦២២ ករណី ឃាត់ខ្លួនមនុស្សបានចំនួន ២០៦១ នាក់ និងត្រូវបានបញ្ជូនទៅតុលាការចំនួន ១១៤១ នាក់ក្រៅពីនេះបានធ្វើកិច្ចសន្យាអប់រំ និងបង្ក្រាបបទល្មើសគ្រឿងញៀនជាច្រើនករណីទៀត។
លោកថ្លែងថា៖ «ខ្ញុំសូមជំរុញឯកឧត្តមស្នងការថ្មីនេះ បន្តខិតខំបំពេញតួនាទីភារកិច្ចឲ្យបានខ្លាំងក្លាថែមទៀតដោយយកចិត្តទុកដាក់ជំរុញឱ្យមន្ត្រីនគរបាលក្រោមឱវាទទាំងអស់បន្តរឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទបន្ថែមទៀត»។
លោក ស ថេត ដែលត្រូវជំនួសតំណែងជាស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងប្តេជ្ញាថា លោកគោរព និងអនុវត្តយ៉ាងស្មោះត្រង់បំផុតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ចំពោះរដ្ឋធម្មនុញ្ញកម្មវិធីនយោបាយចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល។
លោក ថេត បានសន្យាថានឹងប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ និងដោយសច្ចធម៌ចំពោះមុខច្បាប់ និងបទប្បញ្ញត្តិផ្សេងៗរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។
លោក ថេត ថ្លែងថា៖ «ក្រៅពីនេះខ្ញុំសូមប្ដេជ្ញាដែរថា នឹងប្រើកម្លាំងកាយចិត្ត និងគំនិតប្រាជ្ញា ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក៏ដូចជារក្សាសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀតឲ្យបានល្អប្រសើរ»។
លោក ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងថាបើទោះបីជា លោក ស ថេត ធ្លាប់ជាអតីតស្នងការនគរបាលខេត្តបាត់ដំបងក្ដី ប៉ុន្ដែការទទួលតំណែងជាស្នងការនៅក្រុងភ្នំពេញនាពេលនេះវាអាចនឹងមានលក្ខណៈខុសគ្នាឆ្ងាយ ព្រោះនៅខេត្តបាត់ដំបងមានប្រជាជនជាង ១ លាននាក់ប៉ុណ្ណោះ ចំណែកនៅទីក្រុងភ្នំពេញមានប្រជាជនមកប្រមូលផ្ដុំគ្នាពីគ្រប់ទិសទីរហូតដល់ជិត ៣ លាននាក់។ ដូច្នេះការគ្រប់គ្រងនឹងមានលក្ខណៈខុសគ្នាដោយត្រូវតែប្រើប្រាស់ឲ្យអស់ពីសមត្ថភាព និងកម្លាំងកាយបន្ថែមទៀត ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។
លោកផ្ដល់អនុសាសន៍ថា៖ «ត្រូវយកចិត្តទុកដាក់ជំរុញឱ្យមន្ត្រីនគរបាលក្រោមឱវាទទាំងអស់ បន្តរឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់ បង្ការទប់ស្កាត់ និង បង្ក្រាបបទល្មើសគ្រប់ប្រភេទបន្ថែមទៀតឲ្យមានប្រសិទ្ធភាពខ្ពស់»។
លោក ស ថេត ត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិនៃក្រសួងមហាផ្ទៃកាលពីខែកញ្ញាឆ្នាំមុន បន្ទាប់ពីលោកត្រូវបានផ្ទេរភារកិច្ចពីស្នងការនគរបាលខេត្តបាត់ដំបង។ សូមបញ្ជាក់ថា លោក ស ថេត មិនមែនជាប្អូនប្រុសបង្កើតរបស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង ទេ៕