ភ្នំពេញៈ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក ស ថេត បាន​ព្រមាន​ចាត់វិធានការ​ជាថ្មី ចំពោះ​អ្នក​ដែល​នៅ​បន្ត​​ប្រើ​រថយន្ត​ពាក់​ស្លាក​លេខ ន.ប គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ ប៉ុន្តែ​លោក​បាន​រំឭក​ឲ្យ​អ្នកពាក់ព័ន្ធ​ករណី​នេះ​ភ្ញាក់រឭក​ដោយ​ខ្លួនឯង​ ដើម្បី​បញ្ចៀស​បញ្ហា​ប្រឈម​នឹង​ផ្លូវច្បាប់​។

ថ្លែង​ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​ការបិទ​ឡូហ្គោ​នគរបាលជាតិ​ (​សញ្ញា​រាជសីហ៍​) ​លើ​រថយន្ត​មួយចំនួន​របស់​អង្គភាព​នគរបាល​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២៣ ​ខែ​មិថុនា ​លោក ស ថេត បាន​ណែនាំ​ដល់​​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ប្រើ​យានយន្ត​អង្គភាព​ឲ្យ​បាន​ត្រឹមត្រូវ និង​ហាម​ដាច់ខាត​ការយក​យានយន្ត​របស់​អង្គភាព​ទៅប្រើ​ជា​លក្ខណៈ​ឯកជន ឬ​បម្រើ​ឲ្យ​ក្រុមគ្រួសារ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិច្ចការ​រួម​របស់​អង្គភាព និង​ស្ថាប័ន​។

ទន្ទឹម​នឹងនេះ​លោក ស ថេត បាន​ព្រមាន​ថា​៖ «​អ្នកប្រើប្រាស់​យានយន្ត​ដែល​ពាក់​ស្លាក​លេខ ន.ប មិនមាន​ការអនុញ្ញាត​ត្រូវតែ​ដោះចេញ​ជាបន្ទាន់ បើ​មិន​ដូច្នេះ​ទេ​សមត្ថកិច្ច​យើង​នឹង​ចាត់​វិធានការ​ទៅតាម​ច្បាប់​ដោយ​គ្មាន​ការលើកលែង​ឡើយ​»​។

លោក គង់ រតនៈ នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ចាត់ទុក​ការព្រមាន​នេះ​ថា ជាការ​ពញ្ញាក់​ស្មារតី​ដល់​អ្នក​ដែល​នៅតែ​បន្ត​ការប្រើប្រាស់​លេខ ន.ប គ្មាន​ការអនុញ្ញាត​ឲ្យ​ភ្ញាក់​​រឭក​ចៀសវាង​ប្រឈម​នឹង​ផ្លូវច្បាប់​។

លោក​ថា​៖ «​យើង​គាំទ្រ​ចំពោះ​សារ​ព្រមាន​នេះ ប៉ុន្តែ​យើង​ចង់ឃើញ​ការចាត់​វិធានការ​ជាក់ស្ដែង​តាមច្បាប់​ប្រសើរ​ជាង​ការបញ្ចេញ​សារ​ព្រមាន​នេះ​»​។

លោក​បាន​បន្តថា វិធានការ​សំខាន់​គឺ​ត្រូវ​ចាប់​យក​យានយន្ត​នោះ​ទុក​ជា​សម្បត្តិ​រដ្ឋ និង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ជន​ប្រព្រឹត្ត និង​វត្ថុតាង​ទៅ​តុលាការ​។

បើ​តាម​ការកត់សម្គាល់​របស់​លោក រតនៈ រថយន្ត​ដែល​ពាក់​ស្លាក​លេខ ន.ប និង ខ.ម គ្មាន​ការអនុញ្ញាត​នោះ ជាទូទៅ​គឺ​ត្រូវ​បាន​គេ​នាំចូល​គេចពន្ធ ហើយ​អ្នក​ដែល​ប្រើ​ស្លាក​លេខ ន.ប និង ខ.ម ភាគច្រើន​ជា​មន្ត្រី​ក្នុង​ក្របខ័ណ្ឌ​នគរបាល​ជាតិ និង​ក្នុង​កងយោធពល​ខេមរភូមិន្ទ​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ទី​ ២៣ មិថុនា​ ថា ពេល​នេះ​ក្រសួង​កំពុង​រឹតបន្តឹង​ការចេញ​ស្លាកលេខ ន.ប ដល់​មន្ត្រី​សម្រាប់​បំពាក់​លើ​យានយន្ត​ដែល​មិនមែន​ជា​របស់​អង្គភាព និង​កំពុង​បន្ត​ចាត់វិធានការ​លើ​បុគ្គល​​ដែល​នៅ​បន្ត​ប្រើ​ស្លាក​លេខ ន.ប លើ​យានយន្ត​ផ្ទាល់ខ្លួន​គ្មាន​ការអនុញ្ញាត​។

លោក គឹមខឿន បញ្ជាក់ថា​៖ «​តួលេខ​យានយន្ត​ដែល​ប្រើ​ស្លាក​លេខ ន.ប មានច្បាប់ និង​គ្មាន​ច្បាប់​នោះ ខ្ញុំ​មិនមាន​ទេ​។ ករណីនេះ​ក្រសួង​កំពុង​ណែនាំ​ដល់​គ្រប់​អង្គភាព និង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​រឹតបន្តឹង​ និង​ចាត់វិធានការ​តាមច្បាប់​ហើយ​»​។

ស្រដៀង​គ្នា​នេះ​លោក អ៊ុន សុវណ្ណ ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ក៏បាន​​ថ្លែង​ដែរ​ថា សមត្ថកិច្ច​ជំនាញ​នៃ​ក្រសួង​ការពារជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ប្រើប្រាស់​ស្លាក​លេខ ខ.ម នេះ​បាន​ជា​បន្តបន្ទាប់​។

លោក​បាន​បញ្ជាក់ថា​៖ «​បុគ្គល​ដែល​​បាន​ប្រព្រឹត្ត​បទល្មើស​នេះ គឺ​មិន​ត្រឹមតែ​ប្រឈម​ការចាប់​រឹបអូស​យានយន្ត​ជា​សម្បត្តិ​រដ្ឋ​ទេ ថែមទាំង​ត្រូវ​ចាប់បញ្ជូន​ទៅ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ផងដែរ​»​។

កាលពី​សប្ដាហ៍​មុន សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​រកឃើញ​ និង​ចាប់​រថយន្ត​ស៊េរី​ទំនើប​ចំនួន​ ៣ ​គ្រឿង​ដែល​ប្រើ​ស្លាក​លេខ ន.ប គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ ហើយ​មាន​ការសង្ស័យថា រថយន្ត​ស៊េរី​ទំនើប​ទាំង​ ៣ ​គ្រឿង​នោះ​ត្រូវ​បាន​គេ​នាំចូល​គេចពន្ធ​។ នេះ​បើ​យោងតាម​លោក ឈួន វ៉ុន អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កាលពី​ថ្ងៃ​ ២៣ មិថុនា​។

លោក​បាន​ថ្លែងថា ចំណាត់ការ​របស់​សមត្ថកិច្ច​ជំនាញ​នៅពេលនេះ​មិន​ផ្ដោត​សំខាន់​តែ​លើ​ស្លាក​លេខ ន.ប និង ខ.ម នោះទេ ប៉ុន្តែ​ស្លាក​លេខ​ធម្មតា​ដែល​ក្លែងបន្លំ​ក៏ត្រូវ​ចាប់​ផងដែរ​៕

វីដេអូ៖