ភ្នំពេញៈ លោក ស ថេត អគ្គស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានីភ្នំពេញ ប្រាប់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ឱ្យ​រាយការណ៍​ទៅ​ហ្វេសប៊ុក​ស្នងការ​នគរបាលរាជធានី​ភ្នំពេញ ឬ​ខល​ទៅ​ក្រុម​ការងារ​ប្រតិកម្ម​រហ័ស ប្រសិន​បើ​នៅមាន​សេសសល់​មន្ត្រី​តាម​បណ្តា​ការិយាល័យ​ជំនាញ ខណ្ឌ និង​ប៉ុស្តិ៍​ទាំង ១៤ ក្នុង​រាជធានី​ភ្នំពេញ​អនុវត្ដ​ការងារ​មិនបាន​ល្អ​ជូន​ដល់​ពលរដ្ឋ​។

លោក​ស្នងការ​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់លោក​ផ្ទាល់​ និង​ថ្លែង​ជាមួយ​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា បើ​នៅ​មាន​មន្ត្រី​តាម​បណ្តា​ខណ្ឌ និង​ប៉ុស្តិ៍​ណា​បម្រើ​ប្រជាពលរដ្ឋ និង​ផ្តល់​សេវាសាធារណ:​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​មិនបាន​ល្អ សូម​ខមម៉ិន​ (Comment) ចូលផេច «​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​» ឬ​ទំនាក់ទំនង​មក​លេខ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នគរបាល​រាជធានី​ភ្នំពេញ​តែម្ដង​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​នៅមាន​សេសសល់​មន្ត្រី​តាម​បណ្តា​ការិយាល័យ​ជំនាញ ខណ្ឌ និង​ប៉ុស្តិ៍​ណា​ដែល​អនុវត្ត​ការងារ និង​បម្រើ​ប្រជាពលរដ្ឋ​មិនបាន​ល្អ​។ ដូចជា​មិន​ទទួល​ពាក្យបណ្តឹង​ប្រើប្រាស់​សម្តី និង​កាយវិការ​មិន​សមរម្យ ទទួល​ឯកសារ​ពី​ប្រជាពលរដ្ឋ​ទុក​យូរ​ជ្រុល​មិន​ធ្វើ​ជូន​ប្រជាពលរដ្ឋ​។ សូមជួយ​រាយការណ៍​មកកាន់​ផេច​ «​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​» ឬក៏​ទំនាក់ទំនង​មក​លេខ​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​តាមរយៈ​លេខ​ទំនាក់ទំនង ០៦៩ ៥១៦ ៩៩៩»​។

លោក ស ថេត បាន​ឲ្យ​ដឹងថា មួយ​រយៈពេល​កន្លង​មក​នេះ​មន្ត្រី​តាម​បណ្តា​ការិយាល័យ​ជំនាញ អធិការនគរបាល​ខណ្ឌ​ទាំង ១៤ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការងារ​ប្រចាំការ ២៤ ម៉ោង​ក្នុង ២៤ ម៉ោង​ទទួល​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ប្រើប្រាស់​សម្តី និង​កាយវិការ​មិន​សមរម្យ ជាពិសេស​បាន​ផ្តល់​សេវាសាធារណៈ​បាន​លឿន និង​ឆាប់រហ័ស​ក្នុងការ​ធ្វើ​សៀវភៅ​ស្នាក់នៅ (​ក​ ២) សៀវភៅ​គ្រួសារ (​ក​ ៤) និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​មាន​លក្ខណៈ​ល្អប្រសើរ ទាន់​ពេលវេលា​ទទួល​បាន​ការសាទរ និង​កោតសរសើរ​ពី​សំណាក់​ប្រជាពលរដ្ឋ​ផងដែរ​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រីករាយ​នឹង​ទទួល​យក​រាល់​ខំមិន​របស់​​ប្រជាពលរដ្ឋ​។

លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក​បាន​ឲ្យ​ដឹងថា កន្លងមក​ក៏មាន​ពលរដ្ឋ​ធ្លាប់​ជូនដំណឹង និង​ផ្ដល់ព័ត៌មាន​ចំពោះ​មន្ដ្រី​អសកម្ម​បែប​នេះ​ដល់​ថ្នាក់ដឹកនាំ​ដែរ ប៉ុន្ដែ​នៅ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​​ចំពោះ​មន្ដ្រី​ទាំងនោះ​ឡើយ​។

លោក​ថ្លែងថា​៖ «​ទោះជា​យ៉ាងណា​យើង​នៅតែ​រង់ចាំ​មើល​ចំណាត់ការ​កំណែទម្រង់​នេះ​ទៀត ព្រោះ​យើង​មិនទាន់មាន​ភាពជឿជាក់​ទៅលើ​ការអនុវត្ដ​នេះ​បាន​ល្អ​ប្រសើរ​ទេ​។ កន្លងមក​យើង​ក៏​ឃើញថា ស្ថាប័ន​ផ្សេងៗ​មាន​ការប្រកាស​លើ​ការកែទម្រង់​បែប​នេះដែរ ប៉ុន្ដែ​ការកែទម្រង់​នោះ​នៅតែ​មិន ទាន់​ឃើញ​មាន​ភាពល្អប្រសើរ​»​។

រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង កាលពី​ដើម​ខែឧសភា​កន្លង​ទៅ​នេះ ក្នុង​ពេល​លោក​ធ្វើជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​ឆ្លង​សមិទ្ធផល​នានា​នៅ​វត្ត​ស្នាយសរ​ស្ថិត​នៅ​ភូមិ​ព្រៃខ្លា និង​ភូមិ​ពោធិ៍សាបាង ឃុំ​រាប ស្រុក​ពារាំង ខេត្ត​ព្រៃវែង​ក៏​បាន​ណែនាំ​ឲ្យ​មន្ដ្រី​ចៀសវាង​ដាច់ខាត​ចំពោះ​ការយក​ទោសពៃរ៍ ដោយ​កត់សម្គាល់​អ្នកណា​មាន​មតិ​មិន​ស្រប​ថា​គេ​ជា​ខ្មាំងសត្រូវ មិន​ត្រូវមាន​ទស្សនៈ​នេះ​ទេ​។

លោក ស ខេង ថ្លែងថា​៖ «​ប្រជាជន​ឲ្យ​យោបល់​មក​ថា លោក​ឯង​ធ្វើ​នេះ​ខុស ការងារ​នេះ​នៅ​មិន​ទាន់​ល្អ​ទេ​សុំ​ឲ្យ​ជួយ​កែលម្អ​ជាដើម យើង​ត្រូវ​ទទួល​ពាក្យ​ទាំងឡាយ​នោះ​យោបល់​ទាំងឡាយ​នោះ គំនិត​ទាំងឡាយ​នោះ​ពី​ពួកគាត់​។ ប្រជាជន​ចេះ​ជាង​យើង យើង​មិនចេះ​ដល់​ប្រជាជន​ទេ​ត្រូវ​តាំង​ខ្លួន​អ៊ីចឹង​។ តែ​កាលណា​យើង​តាំង​ខ្លួន​ជា​ចៅហ្វាយនាយ​ប្រជាជន​ហើយ អ្នកនោះ​ខុស​ហើយ ត្រូវ​តាំងខ្លួន​ជា​អ្នក​ដែល​រៀនសូត្រ​ពី​ប្រជាជន​ជា​កូនសិស្ស​ប្រជាជន​»៕