The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ហង់ជួន ណារ៉ុន ចេញ​វិធាន​ការបន្ថែម​លើ​សាលារៀន ​ដែល​ធ្វើ​មណ្ឌល​ចត្តាឡីស័កធានា​ការសិក្សា




លោក ហង់ជួន ណារ៉ុន ចេញ​វិធាន​ការបន្ថែម​លើ​សាលារៀន ​ដែល​ធ្វើ​មណ្ឌល​ចត្តាឡីស័កធានា​ការសិក្សា

Content image - Phnom Penh Post
លោកអភិបាលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យមង្គលបុរី ក្នុងស្រុកមង្គលបុរីកាលពីឆ្នាំមុន។ រូបថត រដ្ឋបាលខេត្តបន្ទាយមានជ័យ

លោក ហង់ជួន ណារ៉ុន ចេញ​វិធាន​ការបន្ថែម​លើ​សាលារៀន ​ដែល​ធ្វើ​មណ្ឌល​ចត្តាឡីស័កធានា​ការសិក្សា

ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន និង​កីឡា​បាន​ដឹកនាំ​កិច្ចប្រជុំ​ដាក់​ចេញ​វិធានការ​បន្ថែម​ដល់​សាលារៀន​ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​ជា​មណ្ឌល​ចត្ដាឡីស័ក ពិសេស​សាលារៀន​តាម​ខេត្ដ​ជាប់​ព្រំដែន​ប្រទេស​ថៃ និង​វៀតណាម​ដើម្បី​ធ្វើយ៉ាងណា​ធានា​ផ្ដល់​ការសិក្សា​ដល់​សិស្ស​គ្រប់គ្នា​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​។

ខេត្ដ​ចំនួន​ ៣ គឺ​បាត់ដំបង បន្ទាយមានជ័យ និង​ឧត្ដរមានជ័យ​មាន​សាលារៀន​ចំនួន​ ៤២ កំពុង​ត្រូវបាន​យក​ធ្វើជា​មណ្ឌល​ចត្ដាឡីស័ក​។ នេះ​បើតាម​អ្នក​នាំពាក្យ និង​ប្រធាន​មន្ទីរអប់រំ ខេតុ្ដ​ទាំងនេះ​ថ្លែងប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍​ កាលពី​ម្សិលមិញ​។

លោក ហង់ជួន ណារ៉ុន កាលពី​ថ្ងៃទី​ ១៤ ខែមករា​នេះ​ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​វិធានការ​សម្រាប់​គ្រឹះស្ថាន​សិក្សា​ដែល​ត្រូវបាន​ប្រើប្រាស់​ជា​មណ្ឌល​ចត្តាឡីស័ក​ជាពិសេស​នៅតាម​ខេត្ត​ជាប់​ព្រំដែន គឺ​ខេត្ដ​ឧត្តរមានជ័យ បន្ទាយមានជ័យ និង​បាត់ដំបង​។

តាមរយៈ​កិច្ចប្រជុំ​លោក​រដ្ឋមន្ដ្រី​បានលើកឡើង​អំពី​វិធានការ​មួយចំនួន​ដូចជា​ពិនិត្យ និង​ប្រមូលផ្តុំ គ្រឹះស្ថានសិក្សា ជា​មណ្ឌល​ចត្តាឡីស័ក ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​សិស្ស​បាន​ចូលរៀន​។ ខេត្ត​ដែល​រង​ផលប៉ះពាល់​ត្រូវ​សិក្សា និង​លើក​សំណើ​ជូន​ក្រសួង​អប់រំ ពិនិត្យ​ដោះស្រាយ​។

លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​គណៈ​អភិបាលខេត្ត ក្រុង ស្រុក ឃុំ ភូមិ ជួយ​ចាត់វិធានការ​បន្ថែម​ក្នុង​ការគ្រប់គ្រង និង​តាមដាន​ជន​ចំណូលស្រុក​ផងដែរ​។

លោក ឈូ ប៊ុនរឿង ប្រធាន​មន្ទីរអប់រំ ខេត្ដ​បន្ទាយមានជ័យ​បច្ចុប្បន្ន​មាន​សាលារៀន​ចំនួន ១៦ ​កំពុង​ត្រូវបាន​យក​ធ្វើជា​មណ្ឌល​ចត្ដាឡីស័ក​ក្នុង​នោះ​វិទ្យាល័យ​ចំនួន​ ៨ បឋមសិក្សា​ចំនួន​ ៤ និង​មត្តេយ្យ​សិក្សា​ចំនួន​ ៤ ដែល​ប៉ះពាល់​ដល់​ការសិក្សា​របស់​សិស្ស​ប្រមាណ ១៣ ០០០ ​នាក់​។

លោក​ថ្លែងថា​៖ «​យើង​មាន​ប៉ះពាល់​តិច​ដែរ​ទេ ព្រោះ​ទីតាំង​សាលារៀន​ណា​ដែល​យើង​យក​ធ្វើជា​មណ្ឌល​ចត្តាឡីស័ក គឺ​យើង​បាន​ផ្លាស់ប្ដូរ​ឱ្យ​សិស្ស​ទៅ​រៀន​នៅ​សាលារៀន​ណាមួយ​ដែល​នៅ​ជិត​ពួកគាត់​វិញ​»​។

បើតាម​លោក ប៊ុនរឿង សាលារៀន​ដែល​ត្រូវយក​ធ្វើជា​មណ្ឌល​ចត្តាឡីស័ក មិន​បាន​ឱ្យ​សិស្ស​ចូលរៀន​ទាន់ពេល​នៅ​ថ្ងៃទី​ ១១ ខែមករា ជា​ថ្ងៃ​បើក​បវេសនកាល​ទេ គឺ​ត្រូវ​ពន្យារពេល ១ ​សប្ដាហ៍ ​ដើម្បី​រៀបចំ ផ្លាស់ប្ដូរ​សិស្ស​ឱ្យទៅ​រៀន​សាលា​ផ្សេង​។

លោក ប៉ិច រតនា ប្រធាន​មន្ទីរអប់រំ​ខេត្ដ​ឧត្ដរមានជ័យ​បាន​ឱ្យដឹង​ដែរ​ថា សិស្ស​នៅ​សាលារៀន​ចំនួន​ ១៥ ដែល​ត្រូវយក​ធ្វើជា​មណ្ឌល​ចត្តាឡីស័ក​ក្នុង​ខេត្ដ​គឺ​ត្រូវ​ប្ដូរ​ទៅ​សិក្សា​នៅ​សាលារៀន​ផ្សេង ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​សិស្ស​បាន​សិក្សា​។

លោក​ថ្លែងថា​៖ «​សិស្ស​នៅតាម​សាលា​គោលដៅ​ដែល​ត្រូវយក​ធ្វើជា​មណ្ឌល​ចត្តាឡីស័ក គឺ​យើង​បាន​ផ្លាស់ប្ដូរ​ទៅ​សាលារៀន​ដែល​នៅ​ជិត​ពួកគាត់ និង​បែងចែក​ម៉ោង​សិក្សា​ដល់​ពួកគាត់​។ ក្រៅពីនេះ​យើង​ក៏​បែងចែក​ម៉ោង​សម្រាប់​សិស្ស​រៀន​ពី​ចម្ងាយ និង​ចែក​ឯកសារ​សិក្សា​ដល់​សិស្ស​បន្ថែម​ដែរ​»​។

លោក សឿម ប៊ុនរិទ្ធិ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ដ​បាត់ដំបង​បានឱ្យ​ដឹងថា បច្ចុប្បន្ន​ខេត្ដ​នេះ​មាន​សាលារៀន​ចំនួន ១១ ​កំពុង​ត្រូវបាន​យក​ធ្វើជា​មណ្ឌល​ចត្ដាឡីស័ក ខណៈ​ខេត្ដ​នេះ​ក៏បាន​ផ្លាស់ប្ដូរ​សិស្ស​ដែល​សាលារៀន​ត្រូវយក​ធ្វើជា​មណ្ឌល​ចត្តាឡីស័ក​ឱ្យទៅ​សិក្សា​នៅ​សាលារៀន​ផ្សេង​ដែរ​។

លោក​ថា​៖ «​យើង​បាន​ប្រជុំ​ជាមួយ​គណៈ​ឯកភាព​ខេត្ដ ស្រុក និង​មន្ទីរអប់រំ ដើម្បី​បែងចែក​សិស្ស​ដែល​ស្ថិតនៅ​សាលារៀន​ត្រូវយក​ធ្វើជា​មណ្ឌល​ចត្ដាឡីស័ក ដើម្បី​ផ្លាស់ប្ដូរ​ទៅ​រៀន​នៅ​សាលារៀន​ផ្សេង​ស្ថិត​នៅ​ក្នុង​ភូមិ ឃុំ ក្បែរ​គ្នា​នោះ​ហើយ​ចែកវេន​សិក្សា​គ្នា សិក្សា វេន​ព្រឹក ល្ងាច​ទៅ​»​។

លោក រស់ សុវាចា មន្ដ្រី​នាំពាក្យ​ក្រសួង​អប់រំ​ថ្លែង​ថា ក្នុង​ឆ្នាំ​សិក្សា​ ២០២០-២០២១ ក្រសួង​អប់រំ​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​គ្រប់គ្រង បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​កូវីដ​១៩ ដោយ​តម្រូវ​ឲ្យ​មាន​ការពង្រឹង​ប្រសិទ្ធភាព​រៀន និង​បង្រៀន​តាម​គន្លង​ជីវិត​ថ្មី​ក្នុង​វិស័យ​អប់រំ​។

លោក​ថ្លែងថា​៖ «​ជារួម​សិស្សានុសិស្ស​ត្រូវ​រៀន​តាម​កម្មវិធីសិក្សា​បង្រួញ​តាមរយ:​ការអប់រំ​បែប​ចម្រុះ​គឺ​សិស្ស​រៀន​ក្នុង​ថ្នាក់​ផង រៀន​ពី​ចម្ងាយ​ផង ធ្វើ​ស្វ័យ​សិក្សា​ផង អមដោយ​សន្លឹក​កិច្ចការ និង​មេរៀន​សង្ខេប​។ គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​បន្ត​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព​សុខភាព​ដែលមាន​ជា​ធរមាន​»​។

បើ​តាម​លោក សុវាចា គិត​ត្រឹម​ថ្ងៃទី​ ១៣ ខែ​មករា​សាលារៀន​ដែល​កំពុង​ប្រើប្រាស់​ជា​មណ្ឌល​ចត្ដាឡីស័ក​តាម​ខេត្ដ​ជាប់​ព្រំដែន​ប្រទេស​ថៃ និង​វៀតណាម ​រួមមាន​ខេត្ដ​បន្ទាយមានជ័យ បាត់ដំបង ឧត្ដរមានជ័យ ព្រះវិហារ ពោធិ៍សាត់ កំពត និង​ត្បូងឃ្មុំ​សរុប​មាន​ ៤១ សាលារៀន​ក្នុងនោះ​មាន​វិទ្យាល័យ​ចំនួន​ ២៤ អនុវិទ្យាល័យ​ ៥ និង​សាលា​បឋមសិក្សា​ចំនួន​ ១២៕

អត្ថបទគួរចាប់អារម្មណ៍