ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​តែងតាំង​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ជា​ប្រធាន​គណៈកម្មាធិការ​អន្តរក្រសួង​ស្ដីពី​សុខភាព​សិក្សា​ដែលមាន​រដ្ឋលេខាធិការ​នៅ​តាម​ក្រសួង​ពាក់ព័ន្ធ​ជាង​ ២០ ​រូប​ទៀត​ជា​អនុប្រធាន និង​សមាជិក​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​។

យោងតាម​សេចក្ដី​សម្រេច​តែងតាំង​របស់​លោក​នាយករដ្ឋមន្ដ្រី​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ៤ ​ខែ​ ធ្នូ ឆ្នាំ​ ២០២០ ដែល ​ភ្នំពេញ ប៉ុស្ដិ៍​ ទើប​ទទួលបាន​កាលពី​ម្សិលមិញ គណៈម្មាធិការ​អន្តរក្រសួង​ស្ដីពី​សុខភាព​សិក្សា​នេះ​មាន​រដ្ឋលេខាធិការ​នៅ​តាម​បណ្តា​ក្រសួង​ពាក់ព័ន្ធ​ចំនួន​ ២៣ ​រូប​ទៀត​ជា​អនុប្រធាន​និង​សមាជិក​រួម​នឹង​អភិបាល​រាជធានី-ខេត្ត​ ក៏ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ផងដែរ​។

រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ដ្រី​នៅ​ថ្ងៃទី​ ៥ ខែ មេសា ឆ្នាំ​ ២០១៩ បាន​ឯកភាព​ដាក់ចេញ​គោលនយោបាយ​ជាតិ​ស្ដីពី​សុខភាព​សិក្សា​ក្នុង​គោលបំណង​រួមចំណែក​លើកកម្ពស់​គុណភាព​អប់រំ និង​ផ្ដល់ឱ្យ​អ្នកសិក្សា និង​បុគ្គលិក​អប់រំ​នូវ​លទ្ធភាព​ក្នុងការ​ទទួលបាន​នូវ​សុខភាព​ល្អ​ និង​សុខុមាលភាព​ដើម្បី​ក្លាយជា​ធនធាន​មនុស្ស​ប្រកបដោយ​សក្តានុពល​។

ទាក់ទង​នឹង​ការតែងតាំង​លោក​រដ្ឋមន្ដ្រីក្រសួង​អប់រំ​នេះ​លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​ថ្លែង​នៅ​ថ្ងៃទី​ ៦ ​ខែ​មករា​ ថា​៖ «​គោលបំណង​រួម​គឺ​លើកកម្ពស់​សុខភាព​សិក្សា​»​។

តាម​អត្ថបទ​អារម្ភកថា​របស់​លោក ហ៊ុន សែន នៅក្នុង​គោលនយោបាយ​ជាតិ​ស្ដីពី​សុខភាព​សិក្សា​នេះ រាជរដ្ឋាភិបាល​បាននិង​កំពុង​យក​ចិត្ដ​ទុកដាក់​យ៉ាងខ្លាំង​ក្នុង​ការលើក​កម្ពស់​សុខភាព​សិក្សា ដោយ​បាន​រៀបចំ​ជា​សំណុំ​យុទ្ធសាស្ដ្រ និង​សកម្មភាព​អន្តរកម្ម​រវាង​គ្រឹះស្ថានសិក្សា និង​សេវាកម្ម​សុខភាព​នានា ដើម្បី​លើក​កម្ពស់​សុខភាព សិក្សា​តាមរយៈ​ការអប់រំ​សុខភាព ការបង្ការ​ជំងឺ ការផ្ដល់សេវា សុខភាព​ចាំបាច់ ការលើកកម្ពស់​អនាម័យ បរិស្ថាន និង​ការផ្គត់ផ្គង់​ទឹកស្អាត​ដល់​បុគ្គលិក​អប់រំ និង​អ្នកសិក្សា​ជា​ដំណាក់កាលៗ​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា គោលនយោបាយ​នេះ​នឹង​ចូលរួម​លើកកម្ពស់​គុណភាព​អប់រំ ដើម្បី​ឱ្យ​កម្ពុជា​សម្រេចបាន​គោលដៅ​នៃ​ការអប់រំ តាមរយៈ​ការផ្ដល់​នូវ​ចំណេះដឹង សុខភាព ស្របតាម​ការលូតលាស់​រាងកាយ និង​ស្មារតី​ប្រកប​ដោយ​លក្ខណៈ​វិទ្យាសាស្ដ្រ​បំណិន​សម្រាប់​បង្ការ​ជំងឺឆ្លង ជំងឺមិនឆ្លង គ្រោះថ្នាក់​ផ្សេងៗ និង​វិធី​ជួយសង្គ្រោះ​បឋម គុណតម្លៃ និង​ឥរិយាបថ​ដែល​នាំឱ្យ​ពួកគេ​អភិវឌ្ឍ​ខ្លួន​ប្រកប​ដោយ​សុខភាព​ពេញលេញ​ទាំង​កាយ ទាំង​ប្រាជ្ញា ស្មារតី​និង​ចេះ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់ខ្លួន​។

លោក ប៉ិច បូឡែន ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា លើកឡើង​ថា តាមរយៈ​គោលនយោបាយ​សុខភាព​សិក្សា​នេះ​ក្រោយ​ការដាក់​ឱ្យ​អនុវត្ដ​គោលនយោបាយ​នៅតាម​សាលារៀន​ឯកជន​ក៏​បាន​រៀបចំ​បាន​ល្អ​ដើម្បី​លើកកម្ពស់​សុខភាព​សិក្សា​ដល់​បុគ្គលិក​សិក្សា និង​សិស្សានុសិស្ស​។

លោក​ថ្លែងថា​៖ «​សាលារៀន​ឯកជន​រៀបចំ​បានល្អ​ចំពោះ​ការលើកកម្ពស់​សុខភាព​សិក្សា​នេះ​មាន​ដូចជា ការរៀបចំ​ឱ្យ​មាន​ពេទ្យ​ប្រចាំការ​នៅតាម​សាលា ការបង្ហាត់​ការសង្គ្រោះ​បឋម​ដល់​បុគ្គលិក​សិក្សា និង​សិស្ស និង​ការត្រួតពិនិត្យ​លើ​សុវត្ថិភាព​ចំណី​អាហារ​នៅ​តាម​សាលារៀន​ជាប្រចាំ​ជាដើម​»​។

បើ​តាម​លោក បូឡែន កាលពី​មិនទាន់​មាន​គោលនយោបាយ​ជាតិ​ស្ដីពី​សុខភាព​សិក្សា កុមារ​ និង​យុវជន​របស់​កម្ពុជា​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ព្រោះ​មិនទាន់​មាន​ការថែទាំ គាំពារ លើ​សុវត្ថិភាព​ចំណីអាហារ​សារពាង្គកាយ​បានល្អ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការលូតលាស់​ប្រាជ្ញា ស្មារតី​របស់​ពួកគេ​ថែមទៀត​។ ប៉ុន្ដែ​តាមរយៈ​គោលនយោបាយ​ថ្មី​នេះ​បាន​គាំទ្រ​ចំពោះ​សុខភាព​របស់​សិស្ស លើ​ការផ្ដល់​អាហារូបត្ថម្ភ និង​សុខភាព​ផ្លូវ​ចិត្ដ​របស់​សិស្ស​ធ្វើ​ឱ្យ​កុមារ​ និង​យុវជន​កម្ពុជា​មាន​ប្រាជ្ញា​ស្មារតី​ល្អប្រសើរ​ឡើង​។

យោងតាម​សៀវភៅ​គោលនយោបាយ​ជាតិ​ស្ដីពី​សុខភាព​សិក្សា និង​អ្នកសិក្សា បញ្ជាក់ថា សុខភាព​សិក្សា និង​អ្នកសិក្សា គឺជា​កត្តា​សំខាន់​មួយ​ដែល​បានរួម​ចំណែក​ដល់​ការធានាបាន​នូវ​ការសិក្សា​ប្រកបដោយ​គុណភាព និង​បង្កើន​អត្រា​បញ្ចប់​ការសិក្សា​។

គោលដៅ​នៃ​គោលនយោបាយ​នេះ​ក៏​ដើម្បី​លើកកម្ពស់​ការផ្ដល់​សេវា​សុខភាព​ចាំបាច់​ដល់​អ្នក​សិក្សា និង​បុគ្គលិក​អប់រំ​ក្នុង​ការលើក​កម្ពស់​ការផ្ដល់​អាហារូបត្ថម្ភ​បរិស្ថាន​សិក្សា​ប្រកប​ដោយ​បរិយាបន្ន បណ្ដុះបណ្ដាល​វប្បធម៌ ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន​គ្រួសារ និង​សង្គម​ និង​ជំរុញ​ឲ្យ​មាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​ការលើក​កម្ពស់​សុខភាព​សិក្សា​៕