ភ្នំពេញៈ ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​លោក ហង់​ជួន ណារ៉ុន បាន​បង្ហាញ​លទ្ធផល​ការ​អប់រំ​កម្រិត​មត្តេយ្យ​សិក្សា និង​អប់រំ​ចំណេះ​ទូទៅរបស់​កម្ពុជា​ ដល់រដ្ឋ​មន្រ្ដី​អប់រំ​ នៃ​បណ្ដា​ប្រទេស​អាស៊ាន​ចំនួន​១០ ​តាម​រយៈ​សន្និសីទ​ស្តីពីលទ្ធ​ផល​ការ​អប់រំ​រៀបចំ​ដោយ​អង្គ​ការ​រដ្ឋមន្ត្រី​អប់រំ​អាស៊ាន (SEAMEO) កាល​ពី​ថ្ងៃទី​ ១ ខែធ្នូ​​។

លោក ​ហង់ជួន ណារ៉ុន ​បង្ហាញ​លទ្ធផល​នៃ​ការ​អប់រំ​របស់​កម្ពុជា​នេះ តាម​រយៈ​វីដេអូ (Zoom) ក្នុង​កម្មវិធី​ផ្សព្វ​ផ្សាយ​ថ្នាក់​តំបន់​ពី​ចម្ងាយ ស្តី​ពីលទ្ធផល​ការ​អប់រំ​កម្រិត​មត្តេយ្យសិក្សា និង ​អប់រំ​ចំណេះ​ទូទៅ​ថ្នាក់​ជាតិ ថ្នាក់​តំបន់ ​និង ​អន្តរជាតិ ​The Southeast Asia Primary Learning Metrics (SEA-PLM)​ រៀបចំ​ដោយ​អង្គ​ការ​​រដ្ឋមន្ត្រី​អប់រំ​អាស៊ាន The Southeast Asian Ministers of Education Organization (SEAMEO) ​ដល់​រដ្ឋ​មន្រ្តីអប់រំនៃ​ប្រទេស ​ប្រ៊ុយណេ​ ឥណ្ឌូ​នេស៊ី ​ឡាវ ​ម៉ាឡេស៊ី ​ហ្វីលីពីន ​សឹង្ហបូរី ​ថៃ ​ទីម័រខាងកើត មីយ៉ាន់ម៉ា ​និង​វៀត​ណាម​។

លោក​រដ្ឋ​មន្រ្តីថ្លែង​ថា ក្រសួង​អប់រំកម្ពុជា​បាន​រៀបចំ​វិធាន​ការ​កម្រិត​គោល​នយោបាយ​ឆ្លើយ​តប​នឹង​លទ្ធផល SEA-PLM ទៅ​លើ «ការ​ពង្រឹង​​កម្មវិធី​បណ្ដុះបណ្ដាល និង​បំប៉ន​គ្រូបង្រៀន ដោយ​ផ្តោត​លើ​វិធីសាស្ត្រ​បង្រៀន​អំណាន និង​គណិត​វិទ្យា​​ថ្នាក់​ដំបូង និង​លើក​កម្ពស់​គុណ​វឌ្ឍិ និងគន្លងអាជីពគ្រូបង្រៀនគន្លងអាជីពនាយកសាលា ព្រម​ទាំង​ពង្រឹង​យន្ត​ការ​ការ​វាយ​​តម្លៃ​ដើម្បី​លើក​ទឹក​ចិត្តគ្រូបង្រៀនល្អ និង​នាយក​សាលាល្អ»។

បើតាម​លោក​រដ្ឋ​មន្រ្ដី​ ដើម្បី​​ឆ្លើយ​តប​នឹង​លទ្ធផលការ​អប់រំ​ SEA-PLM ក្រសួង​អប់រំ​ ក៏បាន​ពង្រីក​មត្តេយ្យ​សិក្សា​សហ​គមន៍​និង​បង្កើន​ចំនួន​​មតេ្តយ្យ​សិក្សាសហគមន៍ ដែល​មាន​ស្តង់​ដា​ ឱ្យ​ប្រែក្លាយ​ជាម​ត្តេយ្យ​សិក្សា​រដ្ឋ​ ព្រម​ទាំង​ត្រូវពង្រឹងគុណភាព​បណ្តុះ​បណ្តាល​គ្រូ​មត្តេយ្យ​សហ​គមន៍ ​និង​ការ​ផ្តល់​ជូន​សម្ភារឧប​ទេស​ផង​ដែរ​។ ​

ក្រសួង​អប់រំ​កម្ពុជា​ ក៏បាន​ពង្រឹង​គុណ​ភាព​អប់រំ​កុមារ​តូច​ ដើម្បី​កាត់​បន្ថយ​អត្រា​ត្រួត​ថ្នាក់ ​និង​អត្រា​បោះ​បង់​ការ​សិក្សា​នៅ​ថ្នាក់ទី១​ និង​ត្រូវ​ផ្តល់​អាហា​រូប​ត្ថម្ភ​ដើម្បី​បំប៉ន​បន្ថែម​ជូន​កុមារ​ នៅ​តំបន់​ក្រីក្រ​ជួប​ការ​លំបាក​ ព្រម​ទាំង​ដោះ​ស្រាយ​បញ្ហា​អនាម័យ និង​ទឹក​ស្អាត​នៅ​តាម​សាលា​​រៀន​ជន​បទ​ដាច់​ស្រយាល​។ ​បង្កើន​ម៉ោង​សរសេរ​តាម​អាន​សរសេរ​អត្ថ​បទ​ខ្លីៗ​ និង​តែង​សេចក្តី​ក្នុង​កម្ម​វិធី​សិក្សា​កម្រិត​បឋម​សិក្សា​ជា​ដើម​។

បើតាម The Southeast Asian Ministers of Education Organization (SEAMEO) លទ្ធផល​នៃ​សន្និសីទ​របស់​រដ្ឋ​មន្រ្ដី​អប់រំ​អាស៊ាន​នេះ គឺ​បាន​ផ្តល់​នូវ​ព័ត៌​មាន​ដែល​មាន​អត្ថ​ន័យ​ ដើម្បី​​ស្វែង​យល់​​ពីកម្រិត​​នៃ​ធន​ធាន​ក្នុង​ការ​អនុ​វត្ត​ និង​លទ្ធ​ផល​នៃ​ការ​សិក្សា​នៅក្នុ​ងមូ​ល​ដ្ឋាន​គ្រឹះ​ នៅ​ទូទាំង​ប្រទេស​អាស៊ី​អាគ្នេយ៍​។

SEAMEO បញ្ជាក់ថា​៖«​យើង​សង្ឃឹម​ថា ​របាយ​ការណ៍​និង​ការស្រាវជ្រាវ​ថ្នាក់​ជាតិ ​និង​ថ្នាក់​តំបន់​នេះ ​នឹង​ផ្តល់​នូវ​សន្ទុះ​គោល​នយោ​បាយ​ថ្មី​ ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន​និង​ដៃគូ​ផ្សេងៗ​ទៀត​»​។

បើតាម​​លោក ហង់ជួន ណារ៉ុន ដើម្បី​ឆ្លើយ​តប​ទៅនឹង​លទ្ធផលការ​អប់រំ​ SEA-PLM ​ក្រសួង​អប់រំ​ ក៏បាន​លើក​ទឹក​ចិ​ត្ត​ឱ្យ​មាតា​បិតា សហគមន៍ និងអាជ្ញាធរមូលដ្ឋាន ចូល​រួម​ក្នុង​សមាស​ភាព​គណៈ​កម្មការ​គ្រប់​គ្រង​សាលារៀន ដើម្បី​ពិភាក្សា​ពីការ​ជួយ​លើក​កម្ពស់​លទ្ធផលសិក្សារបស់សិស្ស​ប្រចាំ​ខែ​ ដោយ​មាន​ការ​ចូល​រួម​ ពីក្រុម​ប្រឹក្សា​កុមារផងដែរ។​ រៀប​ចំបណ្ណា​ល័យ​នៅ​​តាម​សាលា​រៀន​ ឱ្យ​ស្រប​តាម​ស្តង់​ដា​បណ្ណា​ល័យ​ដែល​បាន​កំណត់​ ព្រម​ទាំង​បណ្តុះ​បណ្តាល​បណ្ណា​រក្ស​ ពីការ​គ្រប់​គ្រង​និង​ប្រើ​ប្រាស់​សៀវភៅ វិធី​សាស្ត្រ​អំណាន​ក្នុង​បណ្ណាល័យ ដើម្បី​លើក​ម្ពស់​សកម្ម​ភាព​អំណាន​ក្រៅ​ថ្នាក់​រប​ស់​សិស្ស​ប្រកប​ដោយ​ប្រសិទ្ធ​ភាព៕