ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងកាលពីដើមសប្ដាហ៍ថា ក្រសួងបានប្រគល់សិទ្ធិដល់ប្រធានមន្ទីរអប់រំរាជធានី-ខេត្ដ ដើម្បីអាចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងចេញលិខិតអនុញ្ញាតបើកដំណើរការឡើងវិញក្នុងដំណាក់កាលទី ២ ចំពោះគ្រឹះស្ថានសិក្សាដែលចេញអាជ្ញាប័ណ្ណអនុញ្ញាតដោយការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ។
ការសម្រេចប្រគល់សិទ្ធិដល់ប្រធានមន្ទីរអប់រំនៅតាមបណ្ដារាជធានី ខេត្ដនេះក្រសួងអប់រំបានយោងទៅលើសេចក្តីណែនាំលេខ ៤៣ អយក.សណន ចុះថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២០ ស្តីពីការបើកដំណើរការឡើងវិញចំពោះគ្រឹះស្ថានសិក្សាចំណេះទូទៅ និងមត្តេយ្យសិក្សាឯកជនក្នុងដំណាក់កាលទី ២ និងគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិបទនៃជំងឺកូវីដ ១៩ របស់ក្រសួងអប់រំ យុវជន និងកីឡាចុះនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២០។
លោក ហង់ជួន ណារ៉ុន បានឱ្យដឹងថា ក្រសួងប្រគល់សិទ្ធិជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងលិខិតអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ក្នុងដំណាក់កាលទី ២ ចំពោះគ្រឹះស្ថានសិក្សាដែលចេញអាជ្ញាប័ណ្ណអនុញ្ញាត ដោយការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ក្រោយពីបានចុះត្រួតពិនិត្យវាយតម្លៃទីតាំងគ្រឹះស្ថានសិក្សាស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) រួចផ្ញើរបាយការណ៍ស្តីពីការចុះត្រួតពិនិត្យគ្រឹះស្ថានសិក្សា និងលិខិតអនុញ្ញាតឱ្យបើកគ្រឹះស្ថានសិក្សាឡើងវិញមកក្រសួង (នាយកដ្ឋានរដ្ឋបាល) យ៉ាងយូរ ៣ ថ្ងៃក្រោយពេលចេញលិខិតអនុញ្ញាត។
លោក ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធសេវាអប់រំនៅកម្ពុជា (President of Federation of Education Services in Cambodia) បានថ្លែងកាលពីថ្ងៃទី ២១ ខែកញ្ញា បានឱ្យដឹងថា ការប្រគល់សិទ្ធិដល់ប្រធានមន្ទីរអប់រំ រាជធានី-ខេត្ដ ក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងចេញលិខិតអនុញ្ញាតបើកដំណើរការឡើងវិញក្នុងដំណាក់កាលទី ២ ដល់គ្រឹះស្ថានសិក្សានេះគឺបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ និងការប្រឹងប្រែងផ្ដល់ការអប់រំដល់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «គ្រឹះស្ថានសិក្សាដែលមានអាជ្ញាប័ណ្ណនៅថ្នាក់ ក្រុង ស្រុក ខណ្ឌ ក៏អាចធ្វើបានដែរ ព្រោះគ្រឹះស្ថានទាំងនោះស្ថិតនៅជនបទមានភាពអំណោយផលល្អទាំងបរិវេណសាលា និងបរិស្ថាន។ ដូច្នេះគ្រឹះស្ថានសិក្សា នៅថ្នាក់ ក្រុង ស្រុក ខណ្ឌ មានបណ្ដារាជធានី ខេត្ដ ពួកគាត់អាចធ្វើបានតាមការណែនាំរបស់ក្រសួងអប់រំ និងរដ្ឋាភិបាលលើការការពារ និងរក្សាអនាម័យ»។
លោកបានបញ្ជាក់ថា ក្រោយពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី ២ ក្នុងរយៈពេលជាង ១ សប្ដាហ៍កន្លងមកនេះ ទាំងក្រសួងអប់រំ និងគ្រឹះស្ថានសិក្សាអប់រំនានាបានរកវិធីនៃគន្លងថ្មីបានត្រឹមត្រូវ ទាំងការសម្របខ្លួនរបស់សិស្ស និងអាណាព្យាបាលសិស្ស គ្រូបង្រៀន គឺបានយល់ដឹងគ្រប់ៗគ្នា។
លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ការប្រគល់សិទ្ធិដល់ប្រធានមន្ទីរអប់រំ រាជធានី-ខេត្ដនេះ បន្ទាប់ពីក្រសួងអប់រំមានកិច្ចប្រជុំបច្ចេកទេស ពិភាក្សាលម្អិត គ្រប់ជ្រុងជ្រោយ ជាមួយនឹងមន្ទីរអប់រំរាជធានី-ខេត្ដទាំង ២៥ ដើម្បីពិគ្រោះយោបល់ក៏ដូចជាណែនាំនៅក្នុងការគ្រប់គ្រង ទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ ១៩ ដូចមានចែងនៅក្នុងគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ចុះកាលពីថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២០ របស់ក្រសួងអប់រំ។
លោកថ្លែងថា៖ «ជាទូទៅមន្ទីរអប់រំនៅទូទាំង ២៥ រាជធានី-ខេត្ដមានតួនាទីជាសេនាធិការរបស់ក្រសួងអប់រំ»៕