
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាក្នុងកម្មវិធីកាលពីថ្ងៃអាទិត្យ។ សហការី
សៀមរាបៈ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន លើកឡើងថា កាយរឹទ្ធិជាតិកម្ពុជា គឺជាចលនាអប់រំក្រៅប្រព័ន្ធយ៉ាងសកម្មមួយដែលបានចូលរួមគាំទ្រដល់ប្រព័ន្ធអប់រំនៅកម្ពុជា និងបានចូលរួមយ៉ាងជោគជ័យក្នុងសកម្មភាពស្ម័គ្រចិត្តក៏ដូចអនុវត្តគម្រោងសហគមន៍ផ្សេងៗ តាមរយៈការផ្សារភ្ជាប់កុមារ និងយុវជនទៅក្នុងសហគមន៍នានា។
ការថ្លែងដូចនេះបានធ្វើឡើងនៅក្នុងវគ្គបណ្តុះបណ្តាលសម្រាប់មេដឹកនាំកាយរឹទិ្ធកាលពីថ្ងៃអាទិត្យនៅខេត្តសៀមរាបដើម្បីឲ្យកាយរឹទិ្ធជាតិកម្ពុជាមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលមេដឹកនាំរបស់ខ្លួនដោយប្រើប្រាស់ធនធានមនុស្សផ្ទាល់ និងត្រូវបានទទួលស្គាល់ និងស្របតាមបទដ្ឋានបណ្តុះបណ្តាលរបស់អង្គការពិភពលោកនៃចលនាកាយរឹទិ្ធបន្ទាប់ពីកម្ពុជាបានធ្វើជាម្ចាស់ផ្ទះជាលើកដំបូងលើកិច្ចប្រជុំមេដឹកនាំកាយរឹទ្ធិអាស៊ានលើកទី ១១ កាលពីថ្ងៃសៅរ៍។
កម្ពុជាបានបង្កើតក្រុមកាយរឹទ្ធកាលពីឆ្នាំ ១៩៤៣ តែមិនទាន់ចូលជាកាយរឹទ្ធពិភពលោកនោះទេ។ ដោយសារសង្គ្រាម ក្រុមកាយរឹទ្ធនេះក៏ត្រូវបានរំសាយ ហើយក្រោយចប់សង្គ្រាមគឺនៅឆ្នាំ ១៩៩៩ ទើបកម្ពុជា បានបង្កើតក្រុមនេះជាថ្មី និងនៅក្នុងឆ្នាំ ២០០៦ ក៏មានការប្រជុំធំមួយរហូតដល់ឆ្នាំ ២០០៨ កម្ពុជាក៏បានចូលរួមសកម្មភាពកាយរឹទ្ធពិភពលោក។ នេះបើតាមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
លោក ហង់ ជួនណារ៉ុន បានថ្លែងថា កាយរឹទ្ធិជាតិកម្ពុជា គឺជាធនធានដ៏មានសារៈសំខាន់ដែលត្រូវតែអភិវឌ្ឍធនធានទាំងនេះឱ្យមានសក្តានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត ដើម្បីឱ្យពួកគេក្លាយទៅជាពលរដ្ឋមានការទទួលខុសត្រូវក្នុងសង្គម និងជាសមាជិកសកម្មក្នុងសហគមន៍នៅតាមមូលដ្ឋានរស់នៅដោយផ្អែកលើមូលដ្ឋានរៀនដោយអនុវត្តជាក់ស្តែង និងវិធីកាយរឹទិ្ធកម្ម។
លោកបញ្ជាក់ថា៖ «ត្រូវដាក់ចេញនូវការពង្រីកសមាជិកភាពនៃក្រុមកាយរឹទ្ធនៅតាមសាលាហើយត្រូវមានសាលាគោលដៅក្នុងការដាក់ចេញនូវវគ្គបណ្តុះបណ្តាលដល់ក្រុមកាយរឹទ្ធឲ្យពួកគេមានសមត្ថភាពដោយខ្លួនឯងហើយអាចអប់រំណែនាំ តាមរយៈមិត្តអប់រំមិត្តទាំងសិស្សនៅក្នុងសាលា និងក្រៅសាលា»។
លោក ឯម ពិសិដ្ឋ ស្នងការជាតិកិច្ចការអន្តរជាតិ និងជាប្រធានគ្រប់គ្រងវគ្គបណ្តុះបណ្តាលមេដឹកនាំកាយរឹទ្ធិជាន់ខ្ពស់ជំនាន់ទី២ នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្នយុវជនកាយរឹទ្ធកម្ពុជាមានប្រមាណជាង ១៥ ម៉ឺននាក់ទូទាំងប្រទេស ដែលចែកចេញជា ៣ ក្រុម គឺអាយុចាប់ពី ៩ ឆ្នាំដល់ ១១ ឆ្នាំ និងអាយុចាប់ពី ១២ ឆ្នាំដល់ អាយុ ១៧ ឆ្នាំ ព្រមទាំងអាយុចាប់ពី ១៨ ឆ្នាំដល់ ២៥ ឆ្នាំ។
លោកបន្តថា ចំពោះវគ្គបណ្តុះបណ្តាលមេដឹកនាំកាយរឹទ្ធិនេះធ្វើឡើងដល់ក្រុមមេដឹកនាំដែលមានវ័យចាប់ ២៦ ឆ្នាំឡើងទៅដើម្បីឲ្យពួកគេមានជំនាញគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាលបន្តទៅកាន់កាយរឹទ្ធដែលជាសិស្សប្អូន។
លោកបន្តថា៖ «យើងមានកម្មវិធីគោលនយោបាយយុវជនមួយ ការផលិត និងផ្តល់សេវាកម្មទៅដល់យុវជនទាំងអស់ នៅក្នុងផ្នែកខុសៗគ្នាទាំង ៣ ហ្នឹង។ អ៊ីចឹងការរៀនការអភិវឌ្ឍរបស់គាត់គឺយើងបន្តជាប្រចាំ ដើម្បីគាត់អនុវត្តនៅតាមសាលារៀន»។
បើតាមក្រសួងអប់រំ ក្នុងឆ្នាំ ២០១៨ កាយរឹទ្ធិពិភពលោកជាកុមារ និងយុវជន បូករួមទាំងក្រុមកាយរឹទ្ធិកម្ពុជាផងនោះ គឺមានប្រមាណ ៥១ លាននាក់ទូទាំងពិភពលោក ដែលមកពី ១៦៩ ប្រទេសឬ ១៧០ អង្គការសមាគម៕