ភ្នំពេញៈ ខណៈ​ដែល​ពល​រដ្ឋ​ខ្មែរ​ ជាង​ ១ ​​​លាន​នាក់ បាន​ធ្វើ​ចំណាកស្រុក​​​ទៅ​ធ្វើការ​​នៅ​ក្រៅ​ប្រទេស​លោ​ក ហង់ ជួនណារ៉ុន រដ្ឋ​មន្រ្ដី​ក្រសួង​អប់រំ​យុវជន និង​កីឡា ​ថ្លែង​ថា ការ​ពង្រឹង​វិស័យ​អប់រំ គឺ​ជា​កត្ដា​ចម្បង​ដើម្បី​ឲ្យ​យុវជន​កម្ពុជា​អាច​បង្កើត​ការងារ​ក្នុង​ស្រុក​ដោ​យ​ខ្លួនឯង​បាន​និង​អាច​ដោះ​ស្រ​យ​បញ្ហា​ការ​ធ្វើ​​ចំណាក​ស្រុក។

លោករដ្ឋមន្រ្ដី​​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សា​​យ​ស្ដីពី​របាយ​ការ​ណ៍​ពិនិត្យ​តាមដា​ន​ការអប់រំ​សក​ល​​ឆ្នាំ ២០១​៩​ ដែល​ធ្វើ​ឡើង​កាល​ពី​ម្សិល​មិ​ញ ​នៅ​សណ្ឋាគារ​កាំបូឌី​យ៉ា​ណា។

ពាក់​ព័ន្ធ​នឹង​បញ្ហា​ចំណាក​ស្រុក​នេះ​តាមរយៈ​របាយ​ការណ៍​ស្ដី​ពី​លទ្ធផ​ល​​ការងារ​ឆ្នាំ ​២០១៨ និង​លើក​ទិស​ដៅ​ការងារ​​ឆ្នាំ ២០១៩ របស់​ក្រសួង​ មហា​ផ្ទៃ​ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិ​លមិញ បាន​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​បរទេស​ចំនួន ១៨ ​ប្រទេស​ចា​ប់​​បញ្ជូន​ត្រឡប់​មក​វិញ ដោយ​មូលហេតុ​ស្នាក់​នៅ​ ឬធ្វើ​ការខុស​ច្បាប់​​មាន​ចំនួន ៣១ ៦០៩ នាក់ស្រីចំនួន ១០ ៨២៨ នាក់ និង​កុមារចំនួន ២ ៩១៤ នាក់ (ច្រើន​ជាង​គេមក​ពី​ប្រទេស​ថៃ ៣០៦​៣​៦​ នាក់ កូរ៉េខាង​ត្បូង ២៧០ នាក់ ម៉ាឡេស៊ី ១៧២ នាក់ចិន ១៥៦ នា​ក់ជប៉ុ​ន ៩២ នាក់ វៀតណាម ៨៤ នាក់​...) និង​​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​ដោយ​ស្របច្បាប់​នៅ​ក្រៅ​ប្រទេស​តាម​រយៈ​ក្រុ​មហ៊ុន​មាន​ចំនួន ១០៤ ៤៣៤ នាក់ (ស្រី ៤២ ៥៣៧ នាក់)។

បើ​តាម​លោក​ ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ពេល​ថ្មីៗ​នេះ​ថា គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ ២០១៨ គ្រាន់​តែ​នៅ​ក្នុង​ប្រទេស​ថៃ​ ១ មាន​ពល​ករ​ខ្មែរ​ស្រប​ច្បាប់​ប្រមាណ​ជាង ១ លាន​នាក់។

លោក​ ជួន​ណារ៉ុន ​​​បាន​ថ្លែង​ថា ការ​ដោះស្រាយ​បញ្ហា​ចំណាក​ស្រុក​ គឺ​ត្រូវ​ដោះ​ស្រាយ​ពីដើម​ទីមាន​ន័យ​ថា ​គឺ​កា​រ​​ធានាឲ្យ​បាន​នូវ​សន្ដិ​សុខសន្ដិភា​ព នៅ​​ក្នុង​ប្រទេស ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​មាន​ការ​វិនិយោគ​ឲ្យ​កាន់​តែ​ច្រើន ​ការ​បណ្ដុះ​​បណ្ដាល​ធន​ធាន​មនុស្ស​ដែល​អាច​បង្កើត​សេដ្ឋ​កិច្ច​ថ្មីបាន ​ពង្រឹង​ការ​បណ្ដុះ​បណ្ដាល​នៅតាម​សាលា​រៀន​ជំនាន់​​ថ្មី សាលារៀន​គំរូដើម្បី​ឲ្យ​សិ​ស្ស​ចេះ​នូវ​បច្ចេក​វិទ្យា និង​អាច​បង្កើត​​នូវ​វិស័យ​បច្ចេក​វិទ្យា​ថ្មី​ នៅ​កម្ពុជាដែល​នេះជា​បញ្ហា​មួយ​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ចំណាក​ស្រុក។

លោក​​ប​ន្ដ​ថា​៖ «ដូច្នេះ​គឺ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ​ពីដើមទី ហើយ​ជា​តួនាទីរបស់​វិស័យ​អប់រំដើម្បី​ធ្វើ​ការឆ្លើយ​តប និង​ដោះ​ស្រាយ​បញ្ហា​ចំណា​ក​ស្រុក​នេះ ពីដើម​ទី​ទៅ​តែ​ម្ដង។ មាន​តែ​ការ​ពង្រឹង​វិស័យ​អប់រំទេ ដែល​អាច​ដោះ​ស្រាយ​នូវ​បញ្ហាផ្សេងៗជា​ពិសេ​ស​​បញ្ហា​ចំណាក​ស្រុក»។

លោក​បន្ថែម​​ថា ការគ្រប់​គ្រង​តាម​សាលា​រៀនដើ​ម្បី​ពង្រឹង​គុណភាព​អប់រំ ការ​ផ្ដោត​ទៅលើ​ការ​បណ្ដុះ​បណ្ដាល​គ្រូ ការ​ផ្ដោត​ទៅ​លើ​ការ​បណ្ដុះ​បណ្ដាល​ខាង​ផ្នែក​បច្ចេ​ក​​​វិទ្យា ការ​ពង្រឹង​ការ​បណ្ដុះ​បណ្ដាល​ក្នុង​វិស័យ​ STEM គឺ​ជាការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចំណាក​ស្រុក​ នឹង​ដើម្បី​ឲ្យ​យុវជន​នៅ​កម្ពុជា ​ចេះ​បង្កើត​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ជាជាង​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។

បើ​តាម​លោក​រដ្ឋ​មន្រ្ដី ខេត្ដ​ខ្លះ​មាន​អត្រា​បោះ​បង់​ការ​សិក្សា​ខ្ពស់​រហូត​​ដល់​ ២៣ ភាគរយ​ ខណៈ​​អត្រា​ថ្នាក់​ជាតិ​បាន​ធ្លាក់​ចុះ​មកនៅ​ត្រឹម​ ១៨ ភាគរយប៉ុណ្ណោះ​​។ លោក​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​​ចំណាក​ស្រុក​នេះ ភាគច្រើន​បាន​កើត​ឡើង​​នៅ​តាម​​ខេត្ដ​​នៅជាប់​ព្រំដែនថៃ​ ​មាន​ដូចជា​ខេត្ដ​បាត់ដំបង បន្ទាយ​មានជ័យ​ឧត្ដរ​មានជ័យ​ជាដើម។

លោកបានលើក​ឡើង​ថា គ្រូ​ប្រឹក្សា​អាជីព អាច​ផ្ដល់​​ការ​ប្រឹក្សា​ដល់​សិស្ស ទៅ​លើ​ការ​រៀន​តាម​មុខ​វិជ្ជាផ្សេងៗ ក៏​ដូច​​ជាជួយ​ដោះ​ស្រាយ​បញ្ហា​​របស់​សិ​ស្ស​ទាំងនោះ ពិសេស​ជួយ​កាត់​បន្ថយ​ ការ​បោះ​បង់​ចោល​ការ​សិក្សា​របស់​សិស្ស​​​ដែល​មាន​ឪពុកម្ដាយ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ស្រុក។

លោក​​ ណារ៉ុន បាន​ប្រាប់​ទៅ​​នាយក​ដ្ឋាន​បណ្ដុះ​បណ្ដាល​គ្រូឲ្យ​យក​បញ្ហា​នៃ​ការ​បណ្ដុះ​បណ្ដាល​គ្រូ​ប្រឹក្សា​អាជីព​នេះ ​ទៅ​ពិភាក្សា​ ហើយ​ចាប់​ផ្ដើម​បណ្ដុះ​បណ្ដាល​គ្រូ បន្ទាប់​មក​​ស្នើ​សុំ​ទៅ​វិទ្យា​ល័យ និង​អនុវិទ្យាល័យ នៅខេត្ដ​ដែ​ល​​មាន​​ការ​​ធ្វើ​ចំណាក​ស្រុក​ខ្ពស់​នោះ ដើ​ម្បី​បង្កើត​ឲ្យ​មាន​បន្ទប់​ពិគ្រោះ​យោបល់ និង​ដាក់​ឲ្យ​មាន​គ្រូ​ដែល​មាន​ការ​បណ្ដុះ​បណ្ដាល​សម្រាប់​ផ្ដល់​ប្រឹក្សា​ដល់​សិ​ស្ស​ ព្រោះ​គ្រូ​ប្រឹក្សា​អាជីព​នេះ​ បាន​ជួយ​ដ​ល់​សិស្ស​នារី​ផង​ដែរ ​ដើម្បី​កុំ​ឲ្យ​បោះ​បង់​ការ​សិក្សា។

លោក​រដ្ឋ​មន្រ្ដី​បញ្ជាក់​៖ «ដូច្នេះ​គោល​ដៅ​យើង​ គឺ​កាត់​បន្ថយ​ការ​បោះ​បង់​ចោល​ការ​សិក្សា និង​ផ្ដល់​ព័ត៌មាន​ឲ្យ​បាន​គ្រប់គ្រាន់​ដល់​សិស្ស​ក្នុង​ការ​ជ្រើ​ស​រើសវិថី​នៃ​ជីវិត​របស់​គាត់​​»។

លោក​បន្ដ​ថា៖ «សរុប​មកវិញ ការ​បណ្ដុះ​បណ្ដាល​គ្រូ​នេះ គឺ​ជាឆ្អឹង​ខ្នង​សម្រាប់​ប្រព័ន្ធ​អប់រំរបស់យើង សម្រាប់​ការ​ដោះ​ស្រាយបញ្ហា​ចំណាក​ស្រុក និង​ការ​ពង្រឹង​វិស័យ​អប់រំ»។

លោកស្រី Pauline Tamesis អ្នក​សម្រប​សម្រួល​អង្គការ​សហ​ប្រជា​​ជាតិ​ប្រ​ចាំ​កម្ពុជា ​បាន​​ថ្លែង​ថា ប្រជាជន​កម្ពុជា​ជាច្រើន បាន​ធ្វើ​ចំណាកស្រុក​​ពីទីជន​បទ មក​ទីក្រុង ឬ​ទីប្រជុំជននិង​ផ្លាស់​ទី​ទៅ​ប្រទេ​ស​ផ្សេង​ទៀត​ ​ដើម្បី​ស្វែង​​រក​ការងារ​ធ្វើ។

លោក​ស្រី​បន្ដ​ថា​ អក្ខរ​​កម្ម ​គឺ​ជាជំនាញ​មួយ ​ក្នុង​ចំណោម​ជំនាញ​ជាមូលដ្ឋាន ដែល​ជួយ​ឲ្យ​ជនចំណាក​ស្រុក មាន​ការ​រីក​ចម្រើន​ នៅ​ក្នុង​តំបន់​ប្រជុំ​ជន​ប៉ុន្ដែ​លោក​ស្រី​បញ្ជាក់ថា ជ​ន​​​ចំណាក​ស្រុក​ជាច្រើន​ដែល​មក​​ធ្វើ​ការ​នៅទី​ក្រុង ​នៅ​តែ​មិន​ទាន់​ទទួលបាន​ការ​សិក្សា​អប់រំ​ជំនាញ​អក្ខរក​ម្ម​បន្ថែម​នៅ​ឡើយ។

លោក​ស្រី​បញ្ជាក់ថា​៖ «ខ្ញុំ​សូម​បញ្ជាក់​ម្ដង​ទៀតថា ការ​អប់រំ គឺ​ជាកត្តា​គន្លឹះ​សម្រាប់​ ​ការ​ការ​ពារ​អ្នក​ទាំង​នេះ (ជន​​ចំណាក​ស្រុក)»។

លោក​ស្រី​បន្ថែមថា​៖ «ផល​ប៉ះពាល់​នៃ​កា​រ​​ធ្វើ​ចំណាកស្រុក​ ក៏កើត​ឡើ​ង​​​តជំនាន់​ផង​ដែរ។ កុមារ​ដែល​មាន​​ឪពុក​ម្ដាយ​ធ្វើ​ចំណាក​ស្រុ​ក ហើយ​ទុក​ពួកគេចោល អាច​ទទួល​បាននូវ​ស្ថិរភាព​នៃ​​ប្រាក់​ដែល​ឪពុក​ម្ដាយ​គេ​ផ្ដល់​មកវិញ ប៉ុន្ដែ​ការ​អប់រំ និង​សុខុមាលភាព​ពួកគេ​ តែ​ង​តែ​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដោយ​កុមារ​ត្រូវ​បាន​គេ​​ទុក​ចោល ជា​ពិសេស​​កុមារី​ច្រើ​ន​តែ​បោះ​បង់​ចោល​ការ​សិក្សា»។

របាយការ​ណ៍​ពិនិត្យ​តាម​ដាន​ការ​អប់រំ​សកល​ឆ្នាំ ២០១៩ របស់​យូ​ណេស្កូ ក្រោម​ប្រធាន​បទ «ការ​ធ្វើ​ចំណាក​ស្រុក ការ​ផ្លាស់​លំនៅ​ដោយ​បង្ខំ និង​ការ​អប់រំ​» បាន​បង្ហាញថា ចំនួន​កុមារ​ជាជន​ចំណាក​ស្រុក និង​ជន​ភៀស​ខ្លួន ដែល​ដល់​អាយុ​ចូលរៀន​ជុំ​វិញ​ពិភពលោក​ កើន​ឡើ​ង​ ២៦ ភាគរយ ចាប់​តាំង​ពីឆ្នាំ ២០០០ មក ដែល​ចំនួន​នេះ អាច​បំពេញ​​បន្ទប់​រៀន​ដល់​ទៅ​ជាង​កន្លះ​លាន​បន្ទប់៕