ភ្នំពេញៈ ចំនួន​អ្នកប្រើប្រាស់​គ្រឿងញៀន​នៅ​កម្ពុជា​មិន​បាន​ថមថយ​ទេ​ បើ​ទោះបី​ជា​រដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ទាំង​ការជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន​យ៉ាងណា​ក្តី​។ បើ​ប្រៀបធៀប​ចំនួន​អ្នកប្រើប្រាស់ និង​អ្នកញៀន​គ្រឿងញៀន​នៅ​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ ​នេះ និង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ តួលេខ​មាន​ប្រហាក់ប្រហែល​គ្នា គឺ​ជិត ១២ ៥០០ ​នាក់​។

ក្រៅពី​កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការព្យាបាល និង​ស្ដារនីតិសម្បទា មណ្ឌល​ឯកជន​ដែល​ព្យាបាល និង​ស្ដារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​ក៏​ចូលរួម​ក្នុង​កិច្ចការ​នេះដែរ​។ មណ្ឌល​ស្ដារ​នីតិសម្បទា​មួយ​ឈ្មោះ «​មណ្ឌល​ស្ដារ​នីតិសម្បទា​ព្យាបាល​អ្នកញៀន​គ្រឿងញៀន ឌីធីអេ​» មាន​ទីតាំង​ក្បែរ​ផ្សារ​ដីហុយ​ក្នុង​ខណ្ឌ​សែនសុខ​ដែល​បាន​បើក​ដំណើរការ​តាំងពី​ឆ្នាំ ២០០៨ បាន​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​ជាង ៦ ​ពាន់​នាក់​។ មណ្ឌល​នេះ​គ្រប់គ្រង​ដោយ​គ្រួសារ​ ១ ​ដែល​មាន​លោក ហង្ស ជឿន ជា​ឪពុក និង​ជា​ប្រធាន​មណ្ឌល កូនប្រុស​ ២ ​នាក់​ឈ្មោះ ហង្ស ប្រសើរ ជា​អនុប្រធាន និង​ ហង្ស ពិទូរ ជា​ប្រធាន​រដ្ឋបាល​។

លោក ហង្ស ប្រសើរ បាន​រៀបរាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មណ្ឌល​នេះ​កើតចេញ​ពី​បទពិសោធ​របស់​លោក​ដែល​ធ្លាប់​ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន​កាលពី​លោក​នៅ​រៀន​វិទ្យាល័យ​។ លោក​បាន​ធ្លាក់ខ្លួន​ទៅប្រើ​ប្រាស់​គ្រឿងញៀន​តាម​ការអូសទាញ​របស់​មិត្តភក្តិ បើទោះ​ជា​ឪពុកម្ដាយ​របស់​លោក​បាន​ព្យាយាម​ពន្យល់​ពី​ផលអាក្រក់​នៃ​គ្រឿងញៀន​នេះ​យ៉ាងណាក្ដី​។ បន្ទាប់ពី​លោក​បាន​ប្រើប្រាស់​គ្រឿងញៀន​ប្រមាណ ៣ ​ឆ្នាំ​ឪពុកម្ដាយ​លោក​បាន​យក​លោក​ទៅ​ដាក់​មណ្ឌល​ផ្ដាច់​គ្រឿងញៀន​ ១ នៅក្នុង​ខណ្ឌ​សែនសុខ​។

បន្ទាប់មក​ឪពុក​របស់​លោក​បាន​ទៅ​ធ្វើការ​ជាមួយ​មជ្ឈមណ្ឌល​នោះ ហើយ​ក្រោយ​មក​ក៏​សម្រេចចិត្ត​បង្កើត​មជ្ឈមណ្ឌល​នេះ​ឡើង ដោយ​មាន​ការជួយ​ជ្រោមជ្រែង​ផ្ដល់យោបល់​ពី​មិត្តភក្តិ​ជា​វេជ្ជបណ្ឌិត និង​បាន​សុំច្បាប់​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​សុខាភិបាល​។

លោក​ ប្រសើរ និយាយ​ថា មណ្ឌល​ទទួល​អ្នក​ដែល​មាន​អាការ​ញៀន​ថ្នាំ​ទាំង​កម្រិត​ស្រាល និង​ធ្ងន់​ដោយ​លោក​និយាយ​ថា​៖ «​អ្នក​ដែលមាន​អាការ​រវើរវាយ​បែក​ថ្នាំ​ខ្លាំង​ដែល​កន្លែង​ផ្សេង​ភាគតិច​ណាស់​ដែល​ទទួល​យក​នោះ ខាង ឌីធីអេ យើង​ទទួល​។ អ្នកខ្លះ​សឹង​ថា ឡានពេទ្យ​ដឹក​មកពី​ភូមិ​ស្រុក​ផ្សេងៗ​ខ្លះ​អត់​ដឹងខ្លួន យើង​ទទួល​ព្យាបាល​គាត់​រហូត​ដល់​ជាសះស្បើយ​ឡើងវិញ​អាច​ធ្វើ​ការងារ​បាន​ជា​ធម្មតា​»​។

លោក​រៀបរាប់​ថា អ្នក​ដែល​មក​ទទួល​សេវា​នៅទីនេះ​ដំបូង​ត្រូវ​បាន​គ្រូពេទ្យ​ប្រចាំ​មណ្ឌល​ពិនិត្យ​សុខភាព​រកមើល​កម្រិត​ញៀន និង​ជំងឺ​ផ្សេងទៀត​ដែល​នឹង​ត្រូវ​ព្យាបាល ដើម្បី​កុំ​ឲ្យ​ជំងឺ​នោះ​ឆ្លង​ទៅ​អ្នកដទៃ​។ បន្ទាប់មក​ពួកគេ​ត្រូវ​បាន​ធ្វើ​ចត្តាឡីស័ក​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​រយៈពេល​ ២ ​សប្ដាហ៍ ដើម្បី​ព្យាបាល និង​ទទួល​ការពិគ្រោះ​យោបល់​។ បន្ទាប់មក​ទើប​ត្រូវ​បញ្ចូល​ទៅក្នុង​ក្រុម​ដែល​មក​មុន​។

ក្នុង​ ១ ​បន្ទប់​មាន​មនុស្ស​ស្នាក់នៅ​ ៣០ ​នាក់​ ដោយ​មាន​គ្រែ​ ២ ​ជាន់ ប៉ុន្តែ​អ្នក​ដែល​មាន​លទ្ធភាព​អាច​ស្នាក់​នៅក្នុង​បន្ទប់​ដែល​មាន​តម្លៃ​ខ្ពស់ ដែល​អាចដាក់​មនុស្ស​បាន ៥ ​នាក់​។ មជ្ឈមណ្ឌល​នេះ​មាន​បន្ទប់​ធំ​ចំនួន ៩ ​និង​មាន​បន្ទប់​ពិសេស​ ៤ ​សម្រាប់​អ្នកមាន​ជីវភាព​ធូរធារ​។ ក្រៅពីនេះ​មាន​បន្ទប់​អ្នកជំងឺ​សម្រាប់​ស្នាក់នៅ​ដាច់​ដោយឡែក​ ១ បន្ទប់​។ ដើម្បី​សុវត្ថិភាព​នៅទីនេះ​មាន​បំពាក់​កាមេរ៉ា​ប្រមាណ​ ១០០ ​គ្រឿង និង​មាន​សន្តិសុខ​ត្រូវ​ធ្វើការ ២៤ ​ម៉ោង ដូរ​វេន​គ្នា​។

អ្នក​មក​ព្យាបាល​នៅទីនេះ​មាន​អាយុ​ចាប់ពី​ប្រមាណ​ ១៦ ​ឆ្នាំ​រហូត​ដល់​ជាង ៣០ ឆ្នាំ​និង​លើសពីនេះ​។ ក្នុង​ ១ ​ខែៗ​អ្នក​មក​ព្យាបាល​គ្រឿងញៀន​អាច​មាន​រហូតដល់​ ៣០ ឬ ៤០ ​នាក់​។ ប៉ុន្តែ​ខែ​ខ្លះ​ក៏​មាន​តិចតួច និង​មាន​អ្នក​ចាកចេញ​ទៅវិញ​បន្ទាប់ពី​ព្យាបាល​រួច​។

បច្ចុប្បន្ននេះ​អ្នក​កំពុង​សម្រាក​ព្យាបាល​ផ្ដាច់​គ្រឿងញៀន​មាន​ចំនួន​ ៣៤៦ ​នាក់​ (​ស្ត្រី ៣៦)​។ ប៉ុន្តែ​បើ​គិត​ជា​ចំនួន​សរុប​ចាប់ពី​មណ្ឌល​នេះ​ត្រូវបាន​បើក​នៅ​ឆ្នាំ ២០០៨ ​មក​អ្នក​ដែល​មក​ទទួល​ព្យាបាល​នៅទីនេះ​មាន​ចំនួន​ ៥ ៩០៧ ​នាក់ (​ស្ត្រី ៤៦៩)​។ លោក​ប្រសើរ​បន្តថា ចំនួន​ជនរងគ្រោះ​គ្រឿងញៀន មាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយ​អ្នក​ដែល​មក​ព្យាបាល​នៅទីនេះ មកពី​ខេត្ត​នានា​ទូទាំង​ប្រទេស​រួមមាន​ទាំង​ជនបរទេស និង​អាណិកជន​ខ្មែរ​មួយ​ចំនួន​ផង​។

លោក​អះអាង​ដូច្នេះ​ថា​៖ «​ដោយសារ​គាត់​មាន​ភាពកក់ក្ដៅ​នៅ ឌីធីអេ យើង​មិន​ប្រើ​ហិង្សា​ធ្វើបាប​គាត់​មាន​ដុកទ័រ វេជ្ជបណ្ឌិត​ព្យាបាល​ត្រឹមត្រូវ​មាន​បទពិសោធ​យូរ​ឆ្នាំ និង​មាន​ការអប់រំ​។ សំខាន់បំផុត គឺ​ការអប់រំ​ផ្លូវចិត្ត ព្រោះ​អ្នកញៀន​គ្រឿងញៀន គាត់​មាន​ជំងឺ​ខួរក្បាល​រ៉ាំរ៉ៃ​»​។

តម្លៃ​សេវា​ស្នាក់នៅ​ព្យាបាល​នៅ​ទីនេះ អាស្រ័យ​ទៅ​លើ​រយៈពេល​គឺ ៥៧០ ​ដុល្លារ​សម្រាប់​រយៈពេល​ ៣ ​ខែ​,៩៦០ ​ដុល្លារ​សម្រាប់​រយៈពេល ៦ ​ខែ​ និង​ ១៦២០ ​ដុល្លារ សម្រាប់​រយៈពេល ១ ​ឆ្នាំ​។ អនុប្រធាន​មណ្ឌល​រូបនេះ​និយាយថា តម្លៃ​នេះ​មិន​ថ្លៃ​ទេ បើ​គិតពី​ការចំណាយ​របស់​មណ្ឌល​សម្រាប់​អ្នក​មក​ស្នាក់នៅ​។

លោក​ប្រសើរ​និយាយ​ថា​៖ «​ប៉ុន្តែ​បូក​ដៃជើង​ទៅ​សេវា​ ១ ​ថ្ងៃ​ ៤ ឬ​ ៥ ​ដុល្លារ​សម្រាប់​ជនរងគ្រោះ​ម្នាក់​សម្រាប់​បាយទឹក​ ៣ ​ពេល​កម្មវិធី​រៀនសូត្រ លើកលែងតែ​គាត់​បង់​យក​ម៉ោង​ថែម​។ សូម្បី​សាប៊ូ​បោកគក់ មុងភួយ ខោអាវ ខ្នើយ​កន្ទេល និង​ការព្យាបាល ការបន្សាប​គ្រឿងញៀន គឺ​ឱសថ គឺជា​បន្ទុក​ខាង​ខ្ញុំ​។ លើកលែង​តែ​គាត់​ឈឺ​មិន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ដូចជា​ឈឺធ្មេញ ពោះវៀន​ដុះ​ខ្នែង​ដែល​ត្រូវ​ព្យាបាល​ខាងក្រៅ​»​។

លោក​ពន្យល់​ថា ការព្យាបាល បន្សាប​ស្ដារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​ទាមទារ​ការអប់រំ​ការព្យាបាល​ដោយ​ឱសថ​ការហាត់ប្រាណ ការថែទាំ​បំប៉ន និង​ការបង្រៀន​ចំណេះដឹង បទពិសោធ របៀបរបប​រស់នៅ​សម្រប​ខ្លួន​ជាមួយ​គ្រួសារ និង​សង្គម​មិត្តភក្តិ ដើម្បី​ចៀសវាង​ការថ្លោះធ្លោយ​ទៅ​ថ្ងៃក្រោយ​ទៀត​។ «​នៅពេល​ដែល​ប្រើ​គ្រឿងញៀន បើ​ធ្លាប់មាន​ការងារ​ធំ​ប៉ុនណា​ក៏ដោយ គឺ​ចាប់ផ្ដើម​លែង​ទទួល​ខុសត្រូវ​។ មានកូន​មាន​ចៅ​អី លែង​ដឹងអី​ហើយ ដឹង​តែ​ជក់ ដឹង​តែ​ហូប ដឹង​តែ​ចាយ តែ​អត់​ដឹង​រក​ទេ ហើយ​គ្រួសារ ដែល​មាន​សមាជិក​ម្នាក់​ប្រើ​គ្រឿងញៀន មិនមាន​សុភមង្គល​ដូច​មុន​ទេ គឺ​អស់ហើយ​»​។

ក្រៅពី​ការបន្សាប​សារធាតុ​ញៀន និង​អប់រំ​ផ្លូវចិត្ត​អ្នក​មក​ទទួល​សេវា​ទទួល​បាន​ការបណ្ដុះ​បណ្ដាល​បំណិន​ជីវិត ដូចជា​ជំនាញ​កាត់សក់ ជាងដែក ជាងឈើ ជាងភ្លើង កាត់ដេរ ចុងភៅ កសិកម្ម ចិញ្ចឹមសត្វ សំណង់ ជួសជុល​ម៉ូតូ និង​រដ្ឋបាល​។ តាម​កាលវិភាគ​ប្រចាំថ្ងៃ​ចាប់ពី​ម៉ោង ៦ ​ព្រឹក​រហូត​ដល់​ម៉ោង ៦ កន្លះ​ល្ងាច មជ្ឈមណ្ឌល​រៀបចំ​កម្មវិធី​សកម្មភាព​ប្រចាំថ្ងៃ មាន​ដូចជា ការហាត់​ប្រាណ កីឡា រៀន​ភាសា​អង់គ្លេស និង​ចិន អនាម័យ ការអប់រំ​ផ្លូវចិត្ត កម្សាន្ត​រៀន​ច្បាប់ និង​សុជីវធម៌ ស្វ័យ​សិក្សា និង​កម្មវិធី​មួយចំនួន​ទៀត​។

លោក​ ប្រសើរ និយាយ​ថា​មណ្ឌល​បន្សាប និង​ព្យាបាល​គ្រឿងញៀន​គឺជា​កន្លែង​ដ៏ល្អ​មួយ សម្រាប់​ការកែប្រែ ព្រោះ​អ្នក​ដែល​មក​មណ្ឌល​នេះ​មិន​អាច​ចេញចូល​សេរី ជួប​មិត្តភ័ក្តិ​តាមចិត្ត ដែល​អាច​ឲ្យ​គេ​ត្រឡប់​ទៅ​រក​ការប្រើប្រាស់​គ្រឿងញៀន​វិញ​ទេ​។ ប៉ុន្តែ​ពួកគេ​មាន​កាលវិភាគ​ច្បាស់លាស់​សម្រាប់​សកម្មភាព​នានា​។

លោក​បន្តថា​៖ «​បន្ទប់​យើង​ត្រូវ​ឃ្លាំមើល​មាន​កាមេរ៉ា គឺ​យើង​មិនអាច​ទុក​គាត់​ចោល​បានទេ​។ រាល់​ជនរងគ្រោះ​ទាំងអស់​ដែល​មក​កន្លែង​នេះ យើង​ថែទាំ តាមដាន និង​គ្រប់គ្រង​ពី​សំណាក់​អ្នកគ្រប់គ្រង​។ ពេលខ្លះ​យើង​មិន​ទៅ​ស្និទ្ធស្នាល​ជាមួយ​គាត់​ទេ តែ​យើង​មាន​បុគ្គលិក​យើង​ដែល​ជួយ​គាត់​។ អ្នកខ្លះ​ដែល​មកដល់​មិនអាច​ងូតទឹក​បាន​យើង​ជួយ​ងូតទឹក​ឲ្យ ចង​មុង​ឲ្យ ដួស​បាយ​ឲ្យ​ហូប​»​។

លោក​បញ្ជាក់​ថា កត្តារួម​ផ្សំ​ដែល​ធ្វើឲ្យ​អ្នកញៀន​ថ្នាំ​អាច​ត្រូវបាន​ព្យាបាល​ជាសះស្បើយ គឺ​អាស្រ័យ​លើ​បុគ្គល​ខ្លួនឯង ការព្យាបាល​អប់រំ​នៅ​មណ្ឌល និង​ការជួយជ្រោមជ្រែង​ពី​អាណាព្យាបាល​។

លោក​អំពាវនាវ​ដល់​អាណាព្យាបាល​ដែល​មាន​កូន​ញៀន​គ្រឿងញៀន​ត្រូវ​ជួយ​ជ្រោមជ្រែង​លើក​ទឹកចិត្ត ហើយ​កុំ​ទុក​កូន​ចោល​នៅ​មណ្ឌល​ព្រោះ​ការធ្វើ​បែប​នេះ​មិន​មាន​លទ្ធផល​ល្អ​ទេ​។ លោក​បន្តថា​៖ «​សម្រាប់​ខ្ញុំ មណ្ឌល​ឯកជន​នេះ មែនទែន​ទៅ​បូក​ដក​គុណ​ចែក​ទៅ វា​មិន​សល់​ណាស់ណា​ទេ ប៉ុន្តែ​យើង​បាន​ធ្វើ​ការងារ​នេះហើយ ទោះ​ខាត​ទោះ​ចំណេញ​ក៏​យើង​ត្រូវ​ប្រឹងប្រែង​ត​ទៅមុខទៀត​»​។

អ្នកប្រើប្រាស់​គ្រឿងញៀន​ម្នាក់​ឈ្មោះ ហាក់ អាយុ ២៨ ​ឆ្នាំ​បាន​ព្យាបាល​នៅ​​ទីនេះ​ជាង​ ១ ​ឆ្នាំ​ហើយ​។ គេ​បាន​ធ្លាក់ខ្លួន​ប្រើប្រាស់​គ្រឿងញៀន​កាលពី​រៀន​នៅ​វិទ្យាល័យ​តាំងពី​ឆ្នាំ​ ២០០៨ ដោយសារ​ការសេព​គប់​មិត្តភក្តិ​មិន​ល្អ​។ ក្រោយពេល​ធ្លាក់​ចូលក្នុង​គ្រឿងញៀន និង​បាន​បោះបង់​ចោល​ការសិក្សា​នៅ​ថ្នាក់​ទី​ ១១ ឪពុកម្ដាយ​បាន​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​ជាច្រើន​តែ​មិន​មាន​ប្រសិទ្ធភាព​។

ហាក់​ និយាយ​ថា គេ​មាន​ភាពប្រសើរ​ឡើង​ទាំង​ផ្លូវកាយ និង​ស្មារតី ប៉ុន្តែ​មិនទាន់​មាន​ទំនុកចិត្ត​ ១០០ ​ភាគរយ​ទេ​។ ហាក់​និយាយ​ថា​៖ «​ខ្ញុំ​សូម​ផ្ដាំផ្ញើ​ដល់​យុវជន​ធ្វើ​យ៉ាងណា​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​គឺ​ត្រូវ​គិតពី​អនាគត​ទៅ​ខាង​មុខ និង​មិនត្រូវ​សេពគប់​មិត្តភក្ដិ​មិនល្អ និង​ត្រូវ​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​»​។

យោងតាម​របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បញ្ជាក់ថា ការព្យាបាល​អ្នកញៀន​គ្រឿងញៀន​មាន​ ២ ​របៀប​គឺ​ការព្យាបាល​នៅតាម​មណ្ឌល​បណ្ដោះអាសន្ន និង​ការព្យាបាល​តាម​សហគមន៍​។ បច្ចុប្បន្ន​នេះ មណ្ឌល​ព្យាបាល​បណ្ដោះអាសន្ន​មាន​ចំនួន​ ១៨ ​កន្លែង​ ដែល​មាន​មនុស្ស​ទទួល​សេវា​ព្យាបាល ៣ ៧៦៩ ​នាក់​។

ក្នុងនោះ​មាន​មណ្ឌល​ឯកជន ៣ ​កន្លែង មណ្ឌល​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ៤ ​កន្លែង និង​មណ្ឌល​គ្រប់គ្រង​ដោយ​រដ្ឋ​ ១១ ​កន្លែង​។ ចំណែក​ការព្យាបាល​តាម​សហគមន៍​ធ្វើឡើង​នៅតាម​មន្ទីរពេទ្យ​ជាតិ​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​ដែល​បច្ចុប្បន្ននេះ​មាន​ចំនួន ៤៥០ ​កន្លែង ​មាន​ចំនួន​មនុស្ស ៣ ៣៨២ ​នាក់​។

លោក មាស វិរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ថ្លែង​ថា ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​ ២០១២ លើកទឹកចិត្ត​ដល់​មជ្ឈមណ្ឌល​ឯកជន និង​សហគមន៍​ក្នុង​ការចូលរួម​ផ្ដល់​សេវា​ព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ និង​ស្ដារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​។ មណ្ឌល​ទាំងនេះ​ត្រូវ​មាន​ជំនាញ​ទទួលស្គាល់​ពី​ក្រសួង​ពាក់ព័ន្ធ និង​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​ជាតិ​ប្រឆាំង​នឹង​គ្រឿងញៀន​៕