ភ្នំពេញៈ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ដីធ្លី​នៅ​តំបន់​មាន​គ្រាប់មីន ត្រូវ​បញ្ឈប់​សកម្មភាព​ដោះមីន​ដោយ​ខ្លួនឯង​ ឬ​ជួល​អ្នកដោះមីន​គ្មាន​វិជ្ជាជីវៈ​ដោះមីន ព្រោះ​អាច​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ និង​ឈានដល់​បាត់បង់​ជីវិត ប៉ុន្ដែ​ត្រូវ​បែរមក​សហការ​ជាមួយ​អាជ្ញាធរ​ដើម្បី​ស្នើសុំ​បោសសម្អាត​មីន​ដោយ​ឥតគិត​ថ្លៃ​វិញ​។

លោក ហេង រតនា បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ២ ខែមិថុនា​ ថា កម្លាំង​នគរបាល​មូលដ្ឋាន​តាម​បណ្ដា​ខេត្ដ​ដែលជា​តំបន់​ដី​មាន​មីន និង​កងកម្លាំង​ស៊ីម៉ាក់​កំពុង​បន្ដ​ចុះ​ណែនាំ និង​បញ្ឈប់​សកម្មភាព​អ្នកភូមិ​ដែល​បាន​ប្រកបរបរ​​ស៊ីឈ្នួល​ដោះមីន​ដោយ​ខ្លួនឯង ដោយ​មិន​ប្រាប់​អាជ្ញាធរ​ឲ្យ​បានដឹង​។

លោក រតនា ថ្លែង​ថា​សកម្មភាព​ពលរដ្ឋ ដោះមីន​ដោយ​ខ្លួនឯង​នៅ​ដីធ្លី​មាន​មីន​ភាគច្រើន​ស្ថិត​នៅ​ខេត្ដ​ឧត្ដរមានជ័យ ព្រះវិហារ និង​បន្ទាយមានជ័យ​។ ក្រោយពេល​ពួកគាត់​ធ្វើ​សកម្មភាព​ដោះមីន​ហើយ​ជួប​គ្រោះថ្នាក់​ទើប​ប្រាប់​មក​អាជ្ញាធរ និង​ស៊ីម៉ាក់​ឲ្យ​ចុះទៅ​ជួយសង្គ្រោះ​។

លោក រតនា ថ្លែងថា​៖ «​នៅពេល​ពួកគាត់​ជួប​គ្រោះថ្នាក់​រួចហើយ​ទើប​ក្រុមការងារ​ជំនាញ​យើង​ធ្វើការ​ស៊ើបអង្កេត​ទៅ​ដឹងថា ពួកគាត់​ប្រកបរបរ​ដើរ​ដោះមីន​បែបនេះ​។ ពួកគាត់​មិនអាច​ដោះមីន​អស់ពី​ដី​ដែល​មាន​មីន​ទេ ព្រោះ​គ្មាន​សម្ភារ​សម្រាប់​ដោះមីន​គ្រប់គ្រាន់​។ សំខាន់​ជាង​នេះ ការដោះមីន​បែប​នេះ គឺ​គ្រោះថ្នាក់​ដល់​អ្នក​ដោះ​ផង និង​អ្នកប្រើប្រាស់​ដី​ផង​ដែរ ព្រោះ​ថា​ក្រោយ​ជួល​អ្នក​ដោះមីន​បែបនេះ​រួច​ពលរដ្ឋ​យល់ថា​ដី​នោះ​មាន​សុវត្ថិភាព​ហើយ តែ​ការពិត​មិន​ដូច្នោះ​ទេ ព្រោះ​ខ្វះ​សម្ភារ និង​បច្ចេកទេស ហើយ​ដី​នោះ​អាច​មិនទាន់​អស់​គ្រាប់មីន​ទេ​»​។

លោក ហេង រតនា ថ្លែង​ថា​ពលរដ្ឋ​ដែល​ស៊ីឈ្នួល​ដោះមីន​នោះ​គ្មាន​បច្ចេកទេស​ច្បាស់លាស់​នោះទេ គ្រាន់តែ​ពួកគាត់​ជា​អតីត​កងទ័ព ហើយ​កន្លងមក​ក៏​ធ្លាប់មាន​អ្នកស្លាប់​ដោយសារ​ការដោះមីន​បែបនេះ​ជាច្រើន​ករណី​ដែរ​។ ពលរដ្ឋ​ខ្លះ​ជា​អតីត​ទាហាន ប៉ុន្ដែ​ក៏​មាន​ករណី​ខ្លះ​មាន​ពលរដ្ឋ​វ័យ​ក្មេងជំនាន់​ក្រោយ​សម័យ​សង្គ្រាម​ដែរ ដូចជា​ករណី​ស្លាប់​យុវជន​ម្នាក់​នៅ​ខេត្ដ​ឧត្ដរមានជ័យ​កាលពី​ឆ្នាំ​ ២០១៩ បុរស​ម្នាក់​នោះ​ទើបតែ​មាន​វ័យ​ជាង ២០ ឆ្នាំ ប៉ុន្ដែ​គាត់​ប្រកបរបរ​ដោះមីន​ជាមួយ​អតីត​ពលទាហាន​ចូលនិវត្ដន៍​ម្នាក់​។

លោក​បញ្ជាក់ថា ទង្វើ​នេះ​គ្រោះថ្នាក់​ណាស់​ទី​១ ដោយ​ខ្វះ​សម្ភារ​បច្ចេកទេស និង​ជំនាញ​បច្ចេកទេស​ត្រឹមត្រូវ ទី​២ ខ្វះ​នីតិវិធី​គ្រប់គ្រង​ត្រួតពិនិត្យ​ប្រកបដោយ​សុវត្ថិភាព ទី​៣ ខុសច្បាប់​តែម្តង​ដោយសារ​មិនដឹង​ត្រូវយក​គ្រាប់មីន​ និង​ជាតិ​ផ្ទុះ​ទៅ​រក្សាទុក​នៅ​​ឯណា​។

លោក រតនា ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ប្រជាពលរដ្ឋ​ដែល​មាន​ដីធ្លី​ក្នុង​តំបន់​មាន​គ្រាប់មីន សូម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ស្នើសុំ​បោសសម្អាត​មីន​ដោយ​ឥតគិតថ្លៃ ចៀសវាង​ដាច់​ខ្លួន​ក្នុង​ការប្រថុយប្រថាន​បោស​សម្អាត​គ្រាប់មីន​ដោយ​ខ្លួនឯង​ ឬ​ជួល​អ្នកដោះមីន​ដែល​គ្មាន​​វិជ្ជាជីវៈ​ដោះមីន​»​។

លោក ម៉ិញ ស្រ៊ន ប្រធាន​កងឯកភាព​កម្ចាត់​មីន​ ទី​៦ ប្រចាំ​ខេត្ដ​ព្រះវិហារ ឧត្តរមានជ័យ និង​ខេត្ដ​ស្ទឹងត្រែង​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​ ២ ខែ​មិថុនា​ ថា បច្ចុប្បន្ន​ស៊ីម៉ាក់​បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ក្នុង​ការចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ការដោះមីន​ដោយ​ខ្លួនឯង​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ណែនាំ​ពលរដ្ឋ​ឲ្យ​ស្នើ​មក​អាជ្ញាធរ​មូលដ្ឋាន​បើសិន​ជួបប្រទះ​អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជំនាញ​របស់​ស៊ីម៉ាក់​ចុះ​យក​។

លោក ស្រ៊ន បាន​ថ្លែងថា ទៀតថា​កាលពី​ឆ្នាំ​ ២០១៩ ​កន្លងទៅ​ក៏​ធ្លាប់មាន​ករណី​ពលរដ្ឋ​ទៅ​ស៊ីឈ្នួល​ដោះមីន បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត ១ ករណី​ស្ថិត​នៅ​ស្រុក​ត្រពាំងប្រាសាទ ខេត្ដ​ឧត្ដរមានជ័យ បណ្ដាល​ឲ្យ​មនុស្ស ២ ​នាក់​ស្លាប់​បាត់បង់​ជីវិត​។

លោក​ថា ពលរដ្ឋ​ដែល​ប្រកបរបរ​ស៊ីឈ្នួល​ដោះមីន​នេះ​ភាគច្រើន​ជា​អតីត​ទាហាន និង​មាន​អ្នកខ្លះ​ជា​សាច់ញាតិ​ទាហាន​នោះ​ហើយ ដែល​ទទួល​បាន​ការណែនាំ​បន្ត​ពីគ្នា​ពី​ជំនាញ​ដោះមីន​នោះ​ក៏​បង្កើត​របរ​ស៊ីឈ្នួល​ដោះមីន​ដើម្បី​បាន​កម្រៃ​បន្តិច​បន្ទួច​។

លោក ស្រ៊ន ថ្លែងថា​៖ «​ឥឡូវនេះ​កងកម្លាំង ស្នងការដ្ឋាន​នគរបាលជាតិ និង​ស៊ីម៉ាក់​ជា​ដៃគូ​ក្នុង​ការធ្វើ​ការងារ​ជាមួយគ្នា​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពី​ផលវិបាក​នៃ​ការរងគ្រោះ​ដោយ​អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​បន្សល់ទុក​ពី​សម័យ​សង្គ្រាម​នេះ​។ យើង​បាន​ចុះ​ណែនាំ​ពួកគាត់ បើ​ពួកគាត់​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ឬ​គ្រាប់មីន​នៅ​កន្លែង​ណា​ត្រូវ​រាយការណ៍​ទៅ​ប៉ុស្ដិ៍​នគរបាល​ ឬ​រាយការណ៍​ផ្ទាល់​មកកាន់​មន្ដ្រី​ស៊ីម៉ាក់​នៅក្នុង​តំបន់​នោះ​តែម្ដង​»៕