ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​​លើកឡើង​ថា រហូត​មក​ទល់​ពេលនេះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​ជាង​ ១៣០ បានដាក់​ពាក្យ​ស្នើសុំ​ព្យួរការងារ ដែល​ការសម្រេច​នេះ គឺជា​ការប្ដូរ​ជំហរ​ពី​ការចង់​បិទ​ទាំងស្រុង​មក​ត្រឹម​ព្យួរ​វិញ​បន្ទាប់ពី​មាន​ការសម្រួល​ពី​​រដ្ឋាភិបាល​។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​លោក ហេង សួរ បាន​បញ្ជាក់ថា តាមពិត​រោងចក្រ​ទាំងនោះ​មិន​ចង់​ព្យួរការងារ​ឡើយ​គឺ​ពួកគេ​ចង់​បិទ​រោងចក្រ​តែម្ដង ដោយសារ​រង​ផលប៉ះពាល់​ពី​ការរាលដាល​នៃ​ជំងឺ​កូវីដ​១៩​។ ប៉ុន្តែ​ដោយសារ​មាន​ការសម្រួល​ពី​រដ្ឋាភិបាល​តាមរយៈ​ការលើកលែង​បង់ពន្ធ ការផ្អាក​បង់​ភាគទាន​ដល់ ប.ស.ស និង​ការសម្រួល​ផ្សេងទៀត​ទើប​ពួកគេ​សម្រេចចិត្ត​ត្រឹម​ព្យួរការងារ​សិន​។

លោក​ថា​៖ «​រដ្ឋាភិបាល​បានចេញ​វិធានការ​ជា​បន្តបន្ទាប់​ដើម្បី​ធ្វើ​ម៉េច​រក្សា​នូវ​ការងារ និង​រក្សា​នូវ​ចំណូល​ខ្លះ ទៅ​ដល់​បងប្អូន​កម្មករ​នៅក្នុង​រោងចក្រ​ដែល​បាន​ព្យួរ​ទាំងនោះ​។ ​ធាតុពិត​រោងចក្រ​ដែល​បាន​ដាក់​ពាក្យសុំ​ព្យួរ​ទាំងអស់​នោះ​តាម​ស្ថានភាព​ជាក់ស្ដែង​គឺ​ចង់​បិទ​ច្រើន​ជាង​ចង់​ព្យួរ​។ ប៉ុន្តែ​តាមរយៈ​ការពិភាក្សា​គ្នា​ដើម្បី​រក​ផលចំណេញ​ខ្លះ សម្រាប់​បងប្អូន​និយោជិត​គឺ​រដ្ឋាភិបាល​​សុខចិត្ត​លើកទឹកចិត្ត​ឱ្យ​រោងចក្រ​ទាំងអស់​នោះ​មក​ត្រឹម​ជា​ការព្យួរ​វិញ​។ ដោយសារ​ក្នុង​ពេល​ព្យួរ​នេះ​មិនទាន់​ក្លាយ​ជា​អ្នក​ត្រូវ​បញ្ឈប់​ការងារ​នៅឡើយ​ទេ ហើយ​បើ​រោងចក្រ​ហ្នឹង​បិទ​គាត់​ត្រូវ​បាត់បង់​ការងារ​ហ្នឹង​រហូត​»​។

លោក​បន្តថា រដ្ឋាភិបាល​បាន​ឧបត្ថម្ភ​ប្រាក់​ ៤០ ​ដុល្លារ​បន្ថែម​ពី​លទ្ធភាព​ដែល​ខាង​រោងចក្រ​អាច​ផ្ដល់​ទៅ​ឲ្យ​ខាង​ក្រុមកម្មករ​។

លោក​បន្ថែមថា ក្នុង​ត្រីមាស​ទី​ ១ ​ឆ្នាំ​នេះ​ការនាំចេញ​ផលិតផល​វិស័យ​កាត់ដេរ​របស់​កម្ពុជា​បាន​ថយ​មក​នៅត្រឹម​ ៨០ ​ភាគរយ​នៃ​ការនាំចេញ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ប៉ុន្តែ​តួលេខ​ថយចុះ​នេះ​មិន​ទាន់​ជា​អាក្រក់​ពេក​ទេ​ដោយសារ​កាលពី​ខែ​កុម្ភៈ​ទីផ្សារ​នៅ​អឺរ៉ុប​ទើប​ចាប់ផ្ដើម​មាន​សញ្ញា​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩ និង​រហូត​ទល់​ខែមីនា​ទើប​បិទ​ការនាំចូល​។

យ៉ាងណាក្ដី​លោក​បាន​បញ្ជាក់ថា ថ្វី​ដ្បិត​មាន​ការបិទ​មិនឱ្យ​នាំចូល​ទៅ​អឺរ៉ុប និង​ត្រូវ​ស្ដុក​ទុក​ផលិតផល​កាត់ដេរ​ក្ដី ក៏​អ្នកបញ្ជា​ទិញ​បាន​គោរព​តាម​កិច្ចសន្យា​ដោយ​បង់ថ្លៃ​សម្រាប់​ផលិតផល​កាត់ដេរ​ដែល​បាន​ផលិត​រួចហើយ​ទាំងនោះ​។

ក៏ប៉ុន្តែ​លោក​ថា​នៅក្នុង​ខែ​ ៤ និង​ខែ​ ៥ និង​ខែ​ ៦ ក្រុម​អ្នកបញ្ជា​ទិញ​នៅ​មិនទាន់​បាន​កំណត់​ពី​ចំនួន​ត្រូវ​បញ្ជា​ទិញ​ទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការនាំចេញ​របស់​យើង​ពិតជា​មាន​ផលប៉ះពាល់ ជាពិសេស​នៅក្នុង​ត្រីមាស​ទី​ ២ ​នេះ​តែម្ដង គឺ​អាច​ថយចុះ​មក​នៅ​ត្រឹម​ ៥០ ​ភាគរយ​នៃ​តួលេខ​កាលពី​ឆ្នាំមុន​»​។

ទន្ទឹម​នឹង​នេះ​លោក​ ហេង សួរ ​ក៏​បាន​កោតសរសើរ​ដល់​ក្រុមកម្មករ​លើសពី​ ៩៥ ​ភាគរយ​ដែល​បន្ត​ធ្វើការ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ ខណៈ​កម្មករ​មួយចំនួន​បាន​ស្ដាប់​តាម​អ្នក​បំផុសបំផុល​ហើយ​​នៅ​ធ្វើដំណើរ​ទៅលេង​ស្រុក​កំណើត​។

លោក​បញ្ជាក់ថា តាម​ស្ថិតិ​គឺមាន​កម្មករ​ជាង​ ១ ​ម៉ឺន​នាក់​បាន​អវត្តមាន​ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ តែ​បាន​ត្រឡប់​មក​បំពេញ​ការងារ​វិញ ហើយ​ត្រូវបាន​ពិនិត្យ​សុខភាព និង​បញ្ជូន​ឱ្យ​ទៅ​ធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​មុន​អនុញ្ញាត​ឱ្យ​ចូលធ្វើ​ការងារ​វិញ​ជាង​ ៤ ​ពាន់​នាក់​។

រីឯ​ជាង​ ៦ ពាន់​នាក់​ផ្សេង​នៅ​មិនទាន់​បាន​វិល​មក​បំពេញ​ការងា​វិញ​ទេ ដោយសារ​ពួកគេ​បាន​ប្រកាស​បោះបង់​ការងារ​ខ្លួនឯង ហើយ​ខ្លះទៀត​ត្រូវ​បាន​គ្រួសារ​ណែនាំ​មិន​ឱ្យ​ត្រឡប់​មក​ធ្វើការងារ​វិញ ខណៈ​កម្មករ​ខ្លះ​បាន​ប្ដូរ​ទៅធ្វើ​កសិកម្ម ។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​តួលេខ​ដែល​លម្អៀង​គ្នា​នេះ​គឺ​ដោយសារ​វា​មាន​មូលហេតុ​​អ៊ីចឹង ហើយ​សួរថា​តើ​យើង​នឹង​បន្ត​ត្រួតពិនិត្យ​សុខភាព​ទៀត​អត់​?​ ប៉ុន្តែ​យើង​ក៏​មិន​ដឹងថា ​តើ​ពេលណា​ពួកគាត់​មក​ (​ធ្វើការ​) ​វិញ​ដែរ​ហើយ​យន្តការ​របស់​ក្រសួង​សុខាភិបាល​ក៏​គេ​មាន​ដែរ អ្នក​ដែលមាន​អាការ​គ្រុនក្ដៅ ក្អក ហៀរ​សំបោរ ពិបាក​ដកដង្ហើម គឺ​គាត់​អាច​ទៅពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក ឬ​មួយ​ខល​ទៅ​លេខ ១១៥»​។

លោក ហេង សួរ រំពឹងថា វិស័យ​ឧស្សាហកម្ម​កាត់ដេរ​​កម្ពុជា​នឹង​រស់​ឡើង​វិញ ប្រសិនបើ​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ ​នៅ​អឺរ៉ុប​ចាប់ផ្ដើម​ថមថយ​វិញ​នៅក្នុង​ខែ​មិថុនា​ខាងមុខ​នេះ​។

ក៏ប៉ុន្តែ​ប្រសិន​បើ​នៅ​បន្ត​អូសបន្លាយ​រដ្ឋាភិបាល​នឹង​រៀបចំ​ការបណ្ដុះបណ្ដាល​ដល់​កម្មករ​ដើម្បី​ងាក​ទៅ​រក​ឧស្សាហកម្ម​ផ្សេង​វិញ​៕

វីដេអូ៖