ភ្នំពេញៈ លោក ហេង សួរ អ្នកនាំពាក្យ​ និង​ជា​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ១៩ ប្រចាំ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​ឱ្យ​កម្មករ-កម្មការិនី និង​បុគ្គលិក​នៃ​រោងចក្រ​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី ១ រួចហើយ ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ទី ២ ចាប់ពី​ថ្ងៃទី ២៥ ខែមេសា ដល់​ថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២១។

លោក​ ហេង សួរ បានឱ្យដឹងថា កម្មករ និង​បុគ្គលិក​នៅ​ម្តុំ​ទួលពង្រ និង​ផ្លូវ​វេងស្រេង ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ដែល​ធ្លាប់​ចាក់​វ៉ាក់សាំង​ដូស​ទី១ នៅ​សួនឧស្សាហកម្ម​កាណាឌីយ៉ា និង​សួន​ឧស្សាហកម្ម ISI ត្រូវ​ទៅ​ចាក់​ដូស​ទី ២ ចាប់ពី​ព្រឹក​ថ្ងៃទី ២៥ ខែ​មេសា ដល់​ថ្ងៃទី ៦ ខែឧសភា។

លោក​ថា៖ «ក្រុមគ្រូពេទ្យ​ការងារ​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដូស​ទី ២ ជូន​បងប្អូន​ដែល​ធ្លាប់​ចាក់​នៅ​ទីតាំង​ទាំង ២ នោះ»។

លោក​ ហេង សួរ បាន​បន្ថែមថា ដោយឡែក​កម្មករ និង​បុគ្គលិក ដែល​ធ្លាប់បាន​ចាក់​វ៉ាក់សាំង ដោយ​ក្រុមគ្រូពេទ្យ​ការងារ​នៅ​ទីតាំង​ផ្សេង ហើយ​ពេលនេះ​កំពុង​ស្ថិត​ក្នុង​តំបន់​ទួលពង្រ និង​ផ្លូវ​វេងស្រេង​គឺអាច​ទៅ​ទទួល​វ៉ាក់សាំង​ដូស​ទី ២ នៅ​រៀង​រាល់ពេល​រសៀល​ចាប់ពី​ថ្ងៃទី ២៦ ខែ​មេសា​តទៅ។

លោក​បាន​បញ្ជាក់ថា៖ «ចំពោះមុខ អនុគណៈកម្មការ​ចំពោះ​កិច្ច​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កំពុង​សម្របសម្រួល​ឱ្យមាន​ទីតាំង​ចាក់​វ៉ាក់សាំង​ដូស​ទី ២ នៅ​ខណ្ឌ​ចំនួន ១០ នៃ​រាជធានី​ភ្នំពេញ ជាពិសេស​ខណ្ឌមានជ័យ ខណ្ឌ​កំបូល ខណ្ឌដង្កោ ខណ្ឌឫស្សីកែវ និង​ស្រុក​ចំនួន ២ នៃ​ខេត្តកណ្តាល​ផងដែរ»។

លោក​ថា អនុគណៈកម្មការ​ចំពោះ​កិច្ច​នឹង​ជូនដំណឹង​លម្អិត​ផ្លូវការ​ជា​បន្តទៀត ហើយ​អនុគណៈកម្មការ​ចំពោះ​កិច្ច​នឹង​​​ធ្វើការ​ជាមួយ​គណៈកម្មការ​ចំពោះ​កិច្ចថ្នាក់​ជាតិ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ក្នុង​ការរៀបចំ​ចាក់​ដូស​ទី ២ ជូន​កម្មករ​ និង​បុគ្គលិក ដោយ​ក្រុមគ្រូពេទ្យ​ការងារ​នៅតាម​មូលដ្ឋាន​ខណ្ឌនីមួយ។

អ្នកនាំពាក្យ​ក្រសួង​ការងារ​រូបនេះ​បាន​ស្នើ​ដល់​កម្មករ​ និង​បុគ្គលិក​នៃ​វិស័យ​ឯកជន​ទាំងអស់​ឱ្យ​រក្សា​ភាពនឹងនរ ក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ និង​សណ្តាប់ធ្នាប់​ក្នុង​ការ​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ទី ២ ដោយ​បន្ត​អត់ធ្មត់​ និង​គោរព​ឱ្យបាន​នូវ​រាល់​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ក្នុង​អំឡុងពេល​បិទ​ខ្ទប់​នេះ។

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដូស​ទី១​ដល់​កម្មករ​ និង​បុគ្គលិក​រោងចក្រ​កាលពី​ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២១ ដោយ​ផ្តោតលើ​តំបន់​អាទិភាព។

កាលពី​សប្តាហ៍​មុន​លោក​ ហេង សួរ ធ្លាប់បាន​បញ្ជាក់ថា នៅ​ថ្ងៃទី ២៩ ខែ​មេសា ក្រសួង​ក៏​នឹង​រៀបចំ​ចាក់​វ៉ាក់សាំង​ដូស​ទី ២ ទៅ​ដល់​កម្មករ​នៅ​តំបន់​សួនវឌ្ឍនៈ២ នៅ​ផ្លូវជាតិ​លេខ ៣ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​រោងចក្រ​ផ្សេងទៀត​ដែល​មិន​ស្ថិតក្នុង​តំបន់​ក្រហម។

ក្រៅពី​តំបន់​សំខាន់ៗ​ទាំងនេះ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏​កំពុង​ទាក់ទង​នៅតាម​រោងចក្រ​ក្នុងស្រុក​នានា​នៃ​ខេត្តកណ្តាល​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​ដែល​មិន​ស្ថិតក្នុង​តំបន់​បិទខ្ទប់​ ដើម្បី​ចាក់​វ៉ាក់សាំង​ដូស​ទី ១ ជូន​កម្មករ​ផងដែរ ដោយ​ក្រសួង​បាននិង​កំពុង​ផ្តោតលើ​ស្រុក​អង្គស្នួល កណ្តាលស្ទឹង ខ្សាច់កណ្តាល មុខកំពូល និង​ស្រុក​ពញាឮ ជា​ទិសដៅ​ដែល​ក្រសួង​នឹង​រៀបចំ​ចាក់​វ៉ាក់សាំង​ដល់​កម្មករ​នៅក្នុង​សប្តាហ៍​ក្រោយនេះ។

ជាមួយ​នេះដែរ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​ពង្រីក​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​នេះ​ទៅ​កាន់​ខេត្ត​ដទៃទៀត​ដូចជា ខេត្ត​ព្រះសីហនុ ខេត្តស្វាយរៀង និង​ខេត្តតាកែវ ដែលជា​ខេត្ត​គោលដៅ​កំណត់​អាទិភាព បន្ទាប់ពី​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល។

ចាប់ពី​ថ្ងៃទី ៧ ដល់ទី ១៦ ខែមេសា កម្មករ​ និង​បុគ្គលិក​ចំនួន ៨៨ ៨៩៩ នាក់ (បរទេស​ចំនួន ៣ ៧៦៩ នាក់) បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ១៩៕