ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អំពាវនាវ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស នៅ​តាម​ខេត្ត​ដែល​មិន​ស្ថិត​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ ត្រូវ​ផ្លាស់ប្តូរ​របៀប​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ខ្លួន ដោយ​ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ ដើម្បី​ផ្ទេរ​សាច់​ប្រាក់​យក​ទៅ​បើក​ប្រាក់​ឈ្នួល​ជូន​បងប្អូន​កម្មករ​និយោជិត។

លោក ហេង សួរ បាន​ថ្លែង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃទី ២២ ខែ​មេសា​ថា៖ «នៅ​ក្នុង​ដំណាក់កាល​បិទ​ខ្ទប់​នេះ ម្ចាស់​រោងចក្រ សហគ្រាស​នៅ​តាម​បណ្តា​ខេត្ត ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ ដើម្បី​ផ្ទេរ​សាច់​ប្រាក់​ពី​គណនី​ធនាគារ​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ទៅ​សាខា​ធនាគារ​ណា​មួយ ដែល​មាន​ទីតាំង​នៅ​ក្បែរ​រោងចក្រ សហគ្រាស​របស់​ខ្លួន ឬ​នៅ​ទី​រួម​ខេត្ត ដែល​រោងចក្រ សហគ្រាស​របស់​ខ្លួន​មាន​អាសយដ្ឋាន​នៅ»។

ការ​អំពាវនាវ​យ៉ាង​ដូច្នេះ ដោយ​លោក​លើក​មូលហេតុ​ថា ការ​នាំ​គ្នា​សម្រុក​ស្នើ​សុំ​លិខិត​បេសកកម្ម​ពី​ច្រក​ចេញ​ចូល​តែ​មួយ​របស់​រដ្ឋបាល​ខេត្ត​នានា ដើម្បី​ឡើង​មក​ភ្នំពេញ​បើក​សាច់​ប្រាក់ និង​ដឹក​សាច់​ប្រាក់​ពី​ភ្នំពេញ​ទៅ​ខេត្ត​វិញ មិន​មែន​ជា​ជម្រើស​ដែល​ឆ្លាតវៃ និង​សុវត្ថិភាព​នោះ​ទេ​។

ទន្ទឹម​នឹង​នេះ លោក​ក៏​សូម​សំណូម​ពរ​ដល់​បងប្អូន​កម្មករ​និយោជិត ដែល​ត្រូវ​បើក​ប្រាក់​ឈ្នួល​នៅ​ចុង​សប្តាហ៍​នេះ សូម​មេត្តា​អត់​ធ្មត់​រង់ចាំ​ដល់​ដើម​សប្តាហ៍​ក្រោយ ដើម្បី​រោងចក្រ សហគ្រាស​នីមួយៗ ប្រើ​វិធីសាស្ត្រ​ថ្មី​ក្នុង​ការ​ផ្ទេរ​សាច់​ប្រាក់​របស់​ខ្លួន​ទៅ​បើក​ជូន​បងប្អូន ខណៈ​ក្រសួង​នឹង​ព្យាយាម​សម្របសម្រួល​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ជំរុញ​ឱ្យ​គ្រប់​រោងចក្រ សហគ្រាស ដែល​មិន​ស្ថិត​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ឲ្យ​ផ្លាស់ប្តូរ​របៀប​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ខ្លួន៕