ភ្នំពេញៈ លោក ហេង សួរ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អំពាវនាវ​ដល់​ក្រុម​អ្នកបញ្ជា​ទិញ​អន្តរជាតិ​ឱ្យ​បន្ត​ទិញ​ផលិតផល​ពី​កម្ពុជា ដើម្បី​ជួយ​លើកតម្កើង​ជីវភាព និង​លក្ខខណ្ឌ​ការងារ​របស់​កម្មករ​និយោជិត​។

ការអំពាវនាវ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ចំណោម​មន្ត្រី​ជំនាញ​ជាច្រើនរូប​មកពី​ក្រសួង​ស្ថាប័ន អង្គការ​ជាតិ-អន្តរជាតិ តំណាង​សហជីព តំណាង​រោងចក្រ សហគ្រាស​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប និង​ក្រុម​អ្នកបញ្ជា​ទិញ​អន្តរជាតិ​ដែល​បាន​ចូលរួម​សិក្ខាសាលា​ស្ដីពី «​ការអភិវឌ្ឍ​ផែនការ​រួម​សម្រាប់​និរន្តរភាព​​នៃ​ការអនុលោម​តាមច្បាប់​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង ផលិតផល​ធ្វើដំណើរ និង​កាបូប​» ​របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) ​កាលពី​ថ្ងៃទី​ ៤ ខែ​វិច្ឆិកា​ក្នុង​រាជធានី​ភ្នំពេញ​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​នេះ​ថា សិក្ខា​សាលា​នេះ​បាន​ពិភាក្សា​គ្នា​ទៅលើ​ផែន​ការរួម​ក្នុង​ការលើកកម្ពស់​អនុលោមភាព​ផ្នែក​ច្បាប់​ការងារ និង​បទដ្ឋាន​ការងារ​អន្តរជាតិ​ប្រកបដោយ​ចីរភាព​។

ទាំង​ក្រសួង​ការងារ ទាំង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​យល់​ដូចគ្នា​ថា ការធានា​ឱ្យ​មាន​និរន្តរភាព​នៃ​អនុលោមភាព​ផ្នែក​ច្បាប់​ការងារ​ និង​បទដ្ឋាន​ការងារ​អន្តរជាតិ គឺជា​អ្វី​ដែល​ភាគី​ពាក់ព័ន្ធ​ត្រូវតែ​ធ្វើការ​លើក​កម្ពស់ ក៏ប៉ុន្តែ​វា​ក៏មាន​បុរេលក្ខខណ្ឌ​ផងដែរ​ថា មុន​នឹង​មាន​ចីរភាព​ផ្នែក​អនុលោមភាព​ក៏ត្រូវ​តែ​មាន​នូវ​ចីរភាព​នៃ​ឧស្សាហកម្ម​ដែរ បាន​ន័យ​ថា វិស័យ​ឧស្សាហកម្ម​កម្ពុជា​ត្រូវតែ​រក្សាបាន​នូវ​ការរស់រាន​មាន​ជីវិត​ប្រកប​ដោយ​ភាពប្រកួតប្រជែង​ផងដែរ​។

លោក កាំង ម៉ូនីកា បាន​ថ្លែង​បញ្ជាក់ថា​៖ «​នៅក្នុង​ន័យ​នេះ​ហើយ​ដែល​យើង​បាន​ជម្រាប​ទៅ​អ្នកបញ្ជា​ទិញ​ផងដែរ​ថា ត្រូវ​បន្ត​ការគាំទ្រ​ដល់​ប្រទេស​កម្ពុជា អ៊ីចឹង​! នៅពេល​ដែល​យើង​ទទួល​បាន​ការគាំទ្រ​ពេញលេញ​ពី​អ្នកបញ្ជា​ទិញ យើង​មាន​ឧស្សាហកម្ម​មួយ​ដ៏ល្អ​ដែល​វា​ស្ថិរភាព វា​ក៏​ជា​កត្តា​ជួយ​បង្កើតឡើង​នូវ​និរន្តរភាព​នៃ​អនុលោមភាព​ផ្នែក​ច្បាប់​ការងារ និង​បទដ្ឋាន​ការងារ​អន្តរជាតិ​ដែរ​»​។

លោក កាំង ម៉ូនីកា បាន​បន្ត​ទៀត​ថា ការពិភាក្សា​នេះ​ជា​ការពិភាក្សា​ពី​ផែនការ​រួម​ដែល​មាន​ការពាក់ព័ន្ធ​នឹង​ដៃគូ​ពាក់ព័ន្ធ​ច្រើន​នៅក្នុង​នោះ​គឺ​រាប់ទាំង​អ្នកបញ្ជា​ទិញ​ផង​ដែរ​។ ដូចនេះ​អ្វី​ដែល​ចូលរួម​ចំណែក​របស់​អ្នកបញ្ជា​ទិញ​គឺ​ការជួយ​គាំទ្រ​ដល់​កម្ពុជា​ក្នុង​ការបន្ត​ដាក់​នូវ​ការបញ្ជាទិញ​ឱ្យបាន​គ្រប់គ្រាន់​ដល់​រោងចក្រ​។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ (CLC) ក៏បាន​ឱ្យដឹង​ផងដែរ​ថា ការស្នើ​សុំឱ្យ​អ្នកបញ្ជា​ទិញ​បន្ត​ទិញ​ទំនិញ​ពី​កម្ពុជា​ពី​សំណាក់​មន្ត្រី​ក្រសួង​ការងារ​នេះ​ជា​រឿង​ធម្មតា​នៅពេល​ដែល​គេ​និយាយ​ពី​យុទ្ធសាស្ត្រ​នៅក្នុង​ការអនុវត្ត​ច្បាប់​ការងារ​ប្រកប​ដោយ​និរន្តរភាព រួមមាន​អ្នកបញ្ជា​ទិញ អង្គការ​ ILO ភាគី​ពាក់ព័ន្ធ​ព្រមទាំង​រាជរដ្ឋាភិបាល កម្មករ សហជីព​ជាដើម​។

លោក​បាន​ថ្លែងថា​៖ «​តើ​គេ​ចង់ឱ្យ​មាន​ដើម្បី​អី​? គឺ​ដើម្បី​ឱ្យមាន​សុខសុវត្ថិភាព និង​ការការពារ​សិទ្ធិ​កម្មករ​នេះឯង​។ ដើម្បី​គាំទ្រ​នូវ​ដំណើរការ​នេះ រាជរដ្ឋាភិបាល​បាន​ស្នើឱ្យ​អ្នកបញ្ជា​ទិញ​បន្ត​ទិញ និង​បន្ត​គាំទ្រ​កម្ពុជា​បន្តទៀត ហើយ​កម្ពុជា​ប្តេជ្ញាចិត្ត​ក្នុង​ការធ្វើ​យុទ្ធសាស្ត្រ​នេះ​»​។

លោក​ អាត់ ធន់ បាន​បញ្ជាក់ថា បើតាម​ការជជែក​គ្នា​ក្នុង​សិក្ខាសាលា​អ្វី​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​វាយនភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង គឺ​បញ្ហា​កូវីដ ចំពោះ​រឿង​ការកាត់​ផ្នែក​ខ្លះ​នៃ​ EBA ចំនួន​ ២០% ​នោះ​គឺ​មិនមាន​ការប៉ះពាល់​ធ្ងន់ធ្ងរ​ទេ​»​។

យោង​តាម​ស្ថិតិ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឱ្យ​ដឹងថា ចាប់តាំងពី​មាន​ករណី​រីករាលដាល​នូវ​ជំងឺ​កូវីដ​ ១៩​ រហូត​មក​ដល់​ពេលបច្ចុប្បន្ន​នេះ​នៅ​មាន​ក្រុមហ៊ុន​ប្រមាណ​ជា​ ៦៩ ​ក្រុមហ៊ុន​នៅ​តែ​បន្ត​ព្យួរ​រោងចក្រ និង​ក្រុមហ៊ុន​ដែល​បាន​បិទទ្វារ​មាន​ប្រមាណ​ជា​ ១៣០ ​ក្រុមហ៊ុន ​ដែល​មាន​កម្មករ​សរុប​ប្រមាណ​ ៧ ​ម៉ឺន​នាក់​បាត់បង់​ការងារ​។

យោង​តាម​ស្ថិតិ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ឱ្យ​ដឹងថា នៅក្នុង​ឆ្នាំ​ ២០១៩ នៅ​ប្រទេស​កម្ពុជា​មាន​រោងចក្រ​សរុប​ចំនួន ១ ៧៣០ ​រោងចក្រ​ ក្នុង​នោះ​រោងចក្រ កាត់ដេរ វាយនភណ្ឌ ស្បែកជើង និង​សម្ភារ​ធ្វើដំណើរ​មាន​ចំនួន​ ១ ០៦៩ ​រោងចក្រ​៕

វីដេអូ៖