ភ្នំពេញៈ លោក Sylvain WASERMAN អនុប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​បារាំង​បាន​ជួប​ជាមួយ​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា​កម្ពុជា​កាលពី​ម្សិលមិញ​ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​កម្ពុជា​ ៦ ​ថ្ងៃ​បំណង​ដើម្បី​ពង្រឹង និង​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២​។

សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋសភា​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា​៖ «​ឯកឧត្តម ស៊ីលវ៉ាំង វ៉ាសឺម៉ង់ បាន​គូសបញ្ជាក់​ថា​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​នៅក្នុង​ឱកាស​នេះ​ក្នុង​គោលបំណង​ពង្រឹង​ពង្រីក​វិស័យ​ការទូត រដ្ឋសភា​ជាមួយ​កម្ពុជា​។ ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ចំណង​មិត្តភាព​រវាង​ប្រទេស​កម្ពុជា-បារាំង​។ ជា​ចំណង​មិត្តភាព​ជិតស្និទ្ធ ជឿជាក់ និង​បើកចំហ​។ តាមរយៈ​ចំណង​មិត្តភាព​ដ៏ល្អ​នេះ​បាន​ជំរុញ​ឲ្យ​មាន​គម្រោង និង​ជំនួយ​ជាច្រើន​របស់​បារាំង​មកកាន់​កម្ពុជា​»​។

លោក ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ថ្លែង​តាម​សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​ថា ប្រទេស​បារាំង​ ជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​សំខាន់​មួយ​ដល់​កម្ពុជា ពិសេស​បារាំង​បាន​ដើរ​​តួនាទី​យ៉ាង​សកម្ម​នៅក្នុង​ការ​ស្វែងរក​សន្តិភាព​ឲ្យ​កម្ពុជា​រហូត​បង្កើត​បាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ ហើយ​រហូត​មក​ដល់​ពេល​នេះ​ កម្ពុជា-បារាំង ​បាន​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​ ទាំង​ក្នុង​ក្របខ័ណ្ឌ​នីតិប្រតិបត្តិ និង​ នីតិប្បញ្ញតិ ហើយ​បាន​អះអាង​ផងដែរ​ថា ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​វិញ​មាន​ការរីកចម្រើន​ជា​លំដាប់ ពោល​គឺ​ទំហំ​ទឹកប្រាក់​វិនិយោគ​បាន​កើន​ដល់​ជាង​ ១ ​ពាន់​លាន​ដុល្លារ​។

សេចក្តី​ថ្លែងការណ៍​នោះ​បញ្ជាក់​ថា​៖ «​សម្តេច​ប្រធាន​រដ្ឋសភា​បាន​ផ្តាំផ្ញើ​ដល់​អនុប្រធានរដ្ឋសភា​ប្រទេស​បារាំង​ជួយ​គាំទ្រ និង​ជំរុញ​អ្នកវិនិយោគ អ្នក​ទេសចរ​បារាំង​មក​វិនិយោគ និង​ទស្សនា​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​បន្ថែម​ទៀត​»​។

លោក ស៊ីលវ៉ាំង វ៉ាសឺម៉ង់ បាន និង​កំពុង​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល​ ៦ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១៥ ដល់​ថ្ងៃទី​ ២០ ខែ​ធ្នូ ឆ្នាំ​ ២០១៨ ដើម្បី​ពង្រឹង និង​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២៕