ភ្នំពេញៈ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​បង្ហាញ​ពី​បទពិសោធ​នៃ​វប្បធម៌​ចែករំលែក​នៅ​កម្ពុជា និង​ការប្ដូរ​ទិសដៅ​របស់​កម្ពុជា​ទៅ​លើ​វិស័យ​កសិកម្ម​ក្នុង​ពេល​ប្រឈម​នឹង​វិបត្តិ​បង្ក​ដោយ​កូវីដ​ ១៩ នៅក្នុង​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​។

អន្តរសភា​អាស៊ាន​ហៅ​កាត់​ថា អាយប៉ា កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​ធ្វើ​មហាសន្និបាត​លើក​ទី​ ៤១ របស់​ខ្លួន​ដែល​មាន​សភា​ប្រទេស​វៀតណាម​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​នាម​ប្រធាន​ប្ដូរវេន​។ លោក ហេង សំរិន បាន​ជំរុញ​ដល់​ប្រទេស​អាស៊ាន​ឲ្យ​ធ្វើ​សមាហរណកម្ម​តំបន់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ដើម្បី​សម្រួល​ដល់​លំហូរ​ទំនិញ សេវាកម្ម និង​ប្រជាជន​នៅក្នុង​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ ដោយសារ​ជំងឺ​កូវីដ ​១៩​។

លោក​មាន​ប្រសាសន៍​ថា អាស៊ាន​ត្រូវ​ធ្វើការ​រួមគ្នា បង្កើន​កិច្ចសហប្រតិបត្តិការ និង​សាមគ្គីភាព​អន្តរជាតិ ដើម្បី​ផលប្រយោជន៍​រួម​។ នៅក្នុង​តំបន់​អាស៊ាន​ជំងឺ​រាតត្បាត​នេះ​ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​សកម្ម និង​ទាន់​ពេលវេលា ដោយ​បាន​ចែករំលែក​បទពិសោធ ចំណេះដឹង និង​ព័ត៌មាន​យ៉ាង​ទូលំទូលាយ​។ លើស​ពី​នេះ​អាស៊ាន​បាន​បង្កើត​មូលនិធិ​អាស៊ាន សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូវីដ​១៩ ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការចាំបាច់​នានា ដោយ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​នេះ​ត្រូវការ​ថវិកា សម្ភារ បរិក្ខារ ក៏ដូចជា​កម្លាំង​មនុស្ស​ច្រើន​។

លោក​បន្តថា​៖ «​អ្វី​ដែល​កម្ពុជា​អាច​ផ្ដល់​ជា​បទពិសោធ​គឺ​ការជំរុញ និង​បំផុស​នូវ​វប្បធម៌​ចែករំលែក​នោះ​គឺ​ការចែករំលែក​ពី​ស្ថាប័នរដ្ឋ ឯកជន​ទៅ​ប្រជាជន ការចែករំលែក​ពី​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទៅ​ប្រជាជន និង​ការចែករំលែក​រវាង​ប្រជាជន​នៅក្នុង​មូលដ្ឋាន​។ វប្បធម៌​នេះ​បង្ហាញ​យ៉ាងច្បាស់​អំពី​ស្មារតី​ចែករំលែក សាមគ្គីភាព និង​រួបរួម​ជាតិ​តែមួយ​»​។

នៅក្នុង​ការពុះពារ​ងើប​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច​ដ៏អាក្រក់​នេះ​លោក ហេង សំរិន ជំរុញ​ឲ្យ​អាស៊ាន ធ្វើ​សមាហរណកម្ម​តំបន់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ដើម្បី​សម្រួល​ដល់​លំហូរ​ទំនិញ​សេវាកម្ម និង​ប្រជាជន​។ កន្លងមក​អាស៊ាន​រក្សា​បាន​ស្ថិរភាព​នៃ​ខ្សែចង្វាក់​ផ្គត់ផ្គង់​ទំនិញ​សំខាន់ៗ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការចាំបាច់​ក្នុង​ពេល​មាន​វិបត្តិ​​ដ៏ធ្ងន់ធ្ងរ​នេះ​។

ដោយឡែក​នៅ​កម្ពុជា​វិញ​លោក​ថា រដ្ឋាភិបាល​បាន​ប្ដូរ​ទិសដៅ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​ខ្លួន​ដោយ​ផ្អែកលើ​អត្ថប្រយោជន៍​ប្រៀបធៀប និង​ឧត្តមភាព​ប្រកួតប្រជែង​។ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ផ្ដោត​សំខាន់​លើ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម ការ​ប្រែក្លាយ​ផ្នែក​ឌីជីថល និង​ទេសចរណ៍​ក្នុង​ស្រុក​ដែល​ជា​វិស័យ​អាទិភាព​។

លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​សភា​កម្ពុជា​គាំទ្រ​ការខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​នៅក្នុង​ការថែរក្សា និង​លើក​កម្ពស់​សន្តិភាព សន្តិសុខ ស្ថិរភាព​ក្នុង​តំបន់ ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ឈរលើ​គោលការណ៍​ច្បាប់​អន្តរជាតិ និង​យន្តការ​ការទូត ចៀសវាង​ការប្រើប្រាស់​កម្លាំង​អាវុធ​»​។

មហាសន្និបាត​អន្តរសភា​អាស៊ាន​ដែល​ចាប់ផ្តើម​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ម្សិលមិញ នឹង​បន្ត​រហូត​ដល់​ថ្ងៃទី​ ១០ ​ខែ​កញ្ញា​ ក្រោម​ប្រធានបទ «​ការទូត​សភា ដើម្បី​សម្រេច​បាន​សហគមន៍​អាស៊ាន​ប្រកប​ដោយ​ភាពស្អិតល្មួត និង​ឆ្លើយតប​»៕