ភ្នំពេញ៖ លោក​ ហេង សំរិន ប្រធានរដ្ឋសភា​ផ្តល់​ថវិកា ២០ លាន​រៀល អង្ករ​ចំនួន ១១ ២៤០ គីឡូក្រាម រួម​ជាមួយ​នឹង​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​ទៀត​ជូន​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការខ្វះខាត​នៅក្នុងពេល​កំពុង​អនុវត្ត​វិធានការ​ការពារ​ទប់ស្កាត់​ជំងឺ​កូវីដ១៩។

លោក​ ហេង សំរិន ថ្លែង​នៅក្នុង​ពិធី​ប្រគល់-ទទួល​នា​ព្រឹក​ថ្ងៃទី ៨ ខែ​ឧសភា ឆ្នាំ ២០២១ ឱ្យ​ដឹងថា​ក្រៅ​ការផ្តល់​ជំនួយ​នេះ លោក​ក៏​បាន​សម្តែង​ការសោកស្តាយ​ និង​ចូលរួម​មរណៈទុក្ខ​ចំពោះ​ក្រុមគ្រួសារ​ដែល​មាន​សមាជិក​បាន​ស្លាប់​បាត់បង់​អាយុជីវិត​ ដោយសារ​ជំងឺ​កូវីដ១៩ និង​បាន​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​តាម​មន្ទីរពេទ្យ និង​មណ្ឌល​ព្យាបាល​ទាំងអស់​បាន​ឆាប់​ជាសះស្បើយ​ក្នុងពេល​ឆាប់ៗ​នេះ ហើយ​បាន​វិលត្រឡប់​ទៅ​ជួបជុំ​ក្រុមគ្រួសារ​វិញ។

លោក​ ហេង សំរិន ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អនុវត្ត​វិធានការ​រដ្ឋបាល​និង​សុខាភិបាល ឲ្យ​បាន​ខ្ជាប់ខ្ជួន​មិនគួរ​ធ្វេសប្រហែស​ឡើយ ព្រោះ​ថា​ជំងឺ​កូវីដ១៩ នៅតែ​បង្ក​ហានិភ័យ​ខ្ពស់​ដដែល​នៅ​កម្ពុជា​ក៏ដូចជា​ពិភពលោក​ទាំងមូល បើទោះបី​ពេល​នេះ​រាជរដ្ឋាភិបាល​បានបញ្ចប់​វិធានការ​បិទខ្ទប់​នៅ​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​យ៉ាងណាក្តី។

ជាមួយ​គ្នា​នេះ លោក ហេង សំរិន ក៏បាន​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ឲ្យ​ទៅ​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ដែល​រាជរដ្ឋាភិបាល​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ​ ដើម្បី​ការពារ​ខ្លួន​ និង​បង្កើត​ភាពស៊ាំ​ក្នុង​សហគមន៍ ជា​ការការពារ​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​ដ៏កាច​សាហាវ​នេះ យាយី​សង្គមជាតិ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។

លោក ហេង សំរិន​ថ្លែងថា៖ «ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​បាន​កំពុង​ជំរុញ​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​រៀងៗ​ខ្លួន ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ១៩ និង​ដើម្បី​ឆាប់​បាន​ស្តារ​សង្គម​ និង​សេដ្ឋកិច្ច​ប្រទេសជាតិ​ពី​វិបត្តិ​ជំងឺ​រាតត្បាត​នេះ​ឡើងវិញ»។

លោក ហេង សំរិន ក៏បាន​សម្តែង​ការកោតសរសើរ​ដល់​សកម្មភាព​មនុស្សធម៌​នានា ដែល​បាន​កើតឡើង​យ៉ាង​ផុលផុស​នៅ​គ្រប់កន្លែង គ្រប់​តំបន់ ដើម្បី​ជួយ​គ្នា​ទៅវិញ​ទៅមក​នៅ​គ្រា​លំបាក​នេះ ដែល​ជា​វប្បធម៌​ និង​ប្រពៃណី​ដ៏ថ្លៃថ្លា ក្នុង​សង្គម​កម្ពុជា​តាំងពី​ដើម​មក។

លោក ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ថ្លែង​ថា អំណោយ​ទាំងអស់​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព​ខ្វះខាត​នៅក្នុង​អំឡុងពេល​នៃ​ការផ្ទុះ​រាលដាល​ជំងឺ​កូវីដ១៩ ក្នុង​ព្រឹត្តិការណ៍ "សហគមន៍ ២០កុម្ភៈ" នៅ​រាជធានី​ភ្នំពេញ។

លោក​ ឃួង ស្រេង ​បន្តថា​ក្រោម​ការយកចិត្ត​ទុកដាក់​ និង​ចង្អុលបង្ហាញ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អនុវត្ត​រាល់​វិធានការ​រដ្ឋបាល​ និង​សុខាភិបាល​យ៉ាង​ម៉ឺងម៉ាត់​បំផុត ប្រកប​ដោយ​ប្រសិទ្ធភាព បាន​ទាន់​ពេលវេលា ក្នុង​ការទប់ស្កាត់ ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ រក្សា​សណ្តាប់ធ្នាប់ សុខសន្តិភាព​សង្គម ពិសេស​ការចុះ​ចែក​អំណោយ​សង្គ្រោះបន្ទាន់​ដល់​ពលរដ្ឋ​នៅក្នុង​តំបន់​ដែល​ត្រូវ​បិទខ្ទប់៕