ក្រចេះ: លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើ និងជាអ្នកដែលធ្វើដំណើរតាមម៉ូតូជាមួយលោក សែន សុទ្ធា ដើម្បីចុះទៅឃ្លាំមើលបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ ថ្លែងថា លោក សែន សុទ្ធា បានស្លាប់គឺបន្ទាប់ពីជិះម៉ូតូដួលដោយខ្លួនឯង។ ប៉ុន្តែភរិយាសពចង់ឱ្យមានការស៊ើបអង្កេតករណីនេះ។
លោក ស្រស់ ប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា កាលពីថ្ងៃទី ១៦ ខែកក្កដា ពួកលោកទាំង ២ នាក់បានចុះទៅក្នុងតំបន់ព្រៃឡង់ស្ថិតនៅភូមិកាភ្លុក ឃុំកំពង់ចាម ស្រុកសំបូរដោយស្នាក់នៅក្នុងផ្ទះរបស់ប្រជាសហគមន៍ដែលស្ថិតនៅក្បែរក្រុមហ៊ុនស៊ីងបាយអូថេក ដើម្បីតាមដានអំពីបទល្មើសព្រៃឈើ។
លោកថា៖ «ម្ចាស់ផ្ទះបានរៀបចំបាយហូបជុំគ្នា ហើយគឺយើងបានទិញស្រាមកហូបជុំគ្នាជាមួយសហគមន៍។ ប៉ុន្តែគាត់ (សុទ្ធា) មិនទាន់បានហូប (ផឹក) ទេ គឺហូបតែខ្ញុំដើម្បីជជែកគ្នាជាមួយសហគមន៍ ដើម្បីសួរថា តើឈើហ្នឹងដឹកចេញពីកន្លែងណាចូលទៅកន្លែងណា»។
បើតាមលោក ស្រស់ ក្រោយពីលោកបានជជែកគ្នាបានមួយសន្ទុះលោក សុទ្ធា ក៏បានចូលមកផឹកស្រាជុំគ្នា។ លោកថា ជាទូទៅនៅពេលចុះធ្វើការស៊ើបអង្កេតអំពីបទល្មើសព្រៃឈើ គឺតែងមានការទិញស្រាទៅផឹកជាមួយសហគមន៍ដើម្បីបង្កើតភាពស្និទ្ធស្នាល។
«នៅប្រហែលម៉ោង ៤ រសៀល ពួកយើងបានឃើញគោយន្តដឹកឈើចូលទៅក្នុងក្រុមហ៊ុន ហើយយើងបានថតទុកធ្វើជាភ័ស្ដុតាង ដើម្បីបង្ហាញថា ក្រុមហ៊ុនហ្នឹងពិតជាមានការដឹកជញ្ជូនឈើចូលទៅក្នុងក្រុមហ៊ុនមែន។ នៅប្រហែលកន្លះម៉ោង ស្រាប់តែមានប្រធានសន្ដិសុខ (ក្រុមហ៊ុន) ម្នាក់គាត់មកប្រាប់ថា ក្រុមហ៊ុនគេដឹងហើយថាអ្នកទាំង ២ បានមកទឹកដីហ្នឹង ហើយខ្ញុំក៏បញ្ជាក់ថា ពួកខ្ញុំមិនបានចូលទឹកដីរបស់ក្រុមហ៊ុនទេ»។
នៅប្រហែលម៉ោងជាង ៨ យប់លោក និងលោក សុទ្ធា បានជិះម៉ូតូចាកចេញពីទីនោះទៅកាន់ភូមិមួយផ្សេងទៀតហើយក៏បានជិះម៉ូតូដួលខ្លួនឯងនៅតាមផ្លូវហើយក្រោយមកក៏បានស្លាប់មុនពេលបញ្ជូនទៅមន្ទីរពេទ្យ។
ជុំវិញករណីគ្រោះថ្នាក់នេះស្នងការខេត្តក្រចេះក៏បានចេញសេចក្ដីបំភ្លឺថា តាមការសន្និដ្ឋាន គឺលោក សុទ្ធា បានស្លាប់ដោយសារតែគ្រោះថ្នាក់បង្កឡើងដោយខ្លួនឯងព្រោះការត្រួតពិនិត្យសពដោយគ្រូពេទ្យបង្ហាញថាជនរងគ្រោះមានរបួសនៅចង្កាមានឈាមហូរតាមមាត់ និងហើមពោះហើយពុំឃើញមានស្លាកស្នាមអ្វីផ្សេងឡើយ។
ប៉ុន្តែអ្នកស្រី អ៊ិន សុភឿន ភរិយាលោក សុទ្ធា អំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់ដោយអ្នកស្រីថ្លែងថា សាកសពពុំឃើញមានមុត ឬមានស្នាមរបួសអ្វីធ្ងន់ធ្ងររហូតធ្វើឲ្យស្លាប់បែបនេះនោះឡើយ៕