កំពង់​ចាមៈ លោក​ឧបនាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង បាន​ចាត់ទុក​សកម្មភាព​របស់​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ក្នុង​ការ​យុទ្ធនា​របស់លោក​ ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​ធ្វើពហិកា​ ក្នុងការ​បោះឆ្នោតជាតិ​ នា​ខែកក្កដា​ខាងមុខ​ថា ​ជា«ការ​ក្បត់​ព្រះមហា​​ក្សត្រ ជាការ​ក្បត់​ជាតិ ជាការ​ក្បត់​ប្រជាជន» និង​ជា​ការ«ល្ងង់​ខ្លៅ»ក្នុងការ​ប្រៀប​ធៀប​ខ្លួន​លោក​ ទៅនឹង​សម្ដេចឪ នរោត្តម សីហនុ ដែល​បាន​និរទ្ទេស​ខ្លួន​ ក្រោយ​រដ្ឋប្រហារ​យោធា​ ក្នុង​ទសវត្ស​ទី ៧០ មុនពេល​ព្រះអង្គ​យាង​ចូល​ស្រុក​វិញ​ជាង ២ ទស្សវត្ស​ ក្រោយ​មកប៉ុន្តែ​អ្នក​ឃ្លាំ​មើល​យល់​ឃើញ​ផ្ទុយ​ពី​នេះ។

កាលពី​ម្សិលមិញ ​សាស្ត្រាចារ្យ​ល្បីឈ្មោះ​មួយរូប ដែល​ជំនាញ​អំពី​អាស៊ាន ​បាន​ប្រៀបធៀប​កា​និរទស​​ខ្លួន​ដោយ​ខ្លួន​ឯង​របស់​លោក​​ សម រង្ស៊ី ក្នុងការ​ចូលរួម​​ក្នុង​ការបោះឆ្នោត​ក្នុង​ឆ្នាំ ២០១៧ និង ២០១៨ ទៅនឹង​ការបោះឆ្នោត​ក្នុង​ទស្សវត្ស​ឆ្នាំ ១៩៧២ ក្រោយរ​បប​សាធា​រណរដ្ឋ​ខ្មែរ ដែល​​ធ្វើ​រដ្ឋ​ប្រហារ​ ទម្លាក់​​សម្ដេច​សីហនុ ពី​ប្រមុខ​រដ្ឋ។

ក្នុង​បទ​សម្ភាសន៍​មួយ ​ជាមួយ​សារព័ត៌​មាន ​Fresh News ដែល​ផ្សព្វផ្សាយ​​នៅ​ថ្ងៃ​ទី ១៣ ខែ​មិថុនា ឆ្នាំ ២០១៨ លោក ហោ ណាំហុង ដែលជា​អតីត​រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក​ក៏​មិន​ខុសពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែរ​ ដែល​ហៅ​ទង្វើ​របស់លោក សម រង្ស៊ី ថា​ ជាការ«ប្រមាថ»ព្រះ​មហាក្សត្រ នរោត្តម សីហមុនី ដែល​ទ្រង់​បាន​ចេញ​ព្រះរាជ​សារ​​បើកចំហ​មួយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់ ​អ​ញ្ជើញ​ទៅ​បោះឆ្នោត​ ជ្រើសតាំង​តំណាង​រាស្ត្រ​ អាណត្តិ​ទី ៦ នៅ​ថ្ងៃទី ២៩ ខែ​កក្កដា ឆ្នាំ ២០១៨។

លោក​បាន​បញ្ជាក់​​ថា៖«ខ្ញុំ​យល់​ថា មិន​មែន​ជា​ការប្រមាថ​ព្រះរាជសារ​នោះ​ទេ គឺជា​ការប្រមាថ​ព្រះករុណា ជា​អង្គ​ម្ចាស់ជីវិត​ត​ម្ក​ល់​លើ​ត្បូង ដែល​ប្រជាជន​កម្ពុជា​គោរព​ទូ​ទាំ​ប្រទេស។ នេះ​ក៏​ជាការ​ក្បត់ជាតិ​របស់​មេដឹក​នាំ ​អតីត​គណ​បក្សប្រឆាំង​ ហើយ​នេះ​ក៏​ជាការ​ក្បត់​ប្រជាជន​កម្ពុជា ដែល​មាន​សិទ្ធិ​ពេញទី​ ពុំ​អាច​មាន​នរណា​ហាមឃាត់ បាន​ឲ្យ​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាង​របស់​ខ្លួន​​ដើម្បី​ដឹកនាំ​ប្រទេស។ ដូច្នេះ​នេះ​ជាការ​ក្បត់​ព្រះ​មហា​ក្សត្រ ជាការ​ក្បត់​ជាតិ ជាការ​ក្បត់​ប្រជា​ជន»។

លោក​ក៏​ឆ្លៀត​វាយប្រហារ​លោក សម រង្ស៊ី ​ថា«ល្ងង់​ខ្លៅ»ផង​ដែរ​ ដែល​​ប្រៀប​ធៀប​ខ្លួន ​នឹង​អតីត​ព្រះមហាក្សត្រ​នរោត្តម សីហនុ ដែល​ភៀស​ព្រះកាយ​ ទៅ​បរទេស​ បន្ទាប់​ពី​រដ្ឋ​ប្រ​ហារ​យោធាទម្លាក់​ព្រះអង្គ​ ពី​ប្រមុខរដ្ឋ​ក្នុង​ទសវត្សរ៍​ទី ៧០ មុន​ព្រះអង្គ​វិល​ចូល​ស្រុក​ក្នុង​ទសវត្សរ៍​ទី ៩០។

លោក​ ណាំហុង ​បន្តថា៖«ខ្ញុំ​យល់ថា ​ទណ្ឌិត ​សម រង្ស៊ី ​ដែល​បាន​ប្រៀប​ធៀប​ខ្លួន​ ជាមួយ​ព្រះ​រាជបិតា​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ដែល​ត្រូវគេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់ ​ហើយ​ត្រូវ​និរទេស​រាប់​ទសវត្សរ៍ ហើយ​បាន​ត្រឡប់​មក​ឡើង​គ្រង​រាជ្យ​វិញ ដូច្នេះ​គេច​ង់​ប្រៀប​ធៀប​ខ្លូន​គេ​ថា កំពុងតែ​និរទេស​ ទៅ​បរទេស ហើយ​ថ្ងៃ​ណាមួយ​ អាច​វិល​មកកាន់​អំណាច​វិញ។ ខ្ញុំ​យល់ថា​ ការប្រៀបធៀប​នេះ ជាការ​ល្ងង់​ខ្លៅ​បំផុត»។

ថ្មី​ៗនេះ​លោក សម រង្ស៊ី ​បាន​ចាត់​ទុក ព្រះរាជ​សារព្រះ​មហាក្ស​ត្រ​ នរោត្តម សីហមុនី ដែលអំពាវនាវ​ឲ្យពលរដ្ឋ​ទៅបោះ​ឆ្នោត​ថា​«ក្លែង​ក្លាយ​»និង​ត្រូវ​បាន​ធ្វើឡើង​ក្រោម​ការ​គំរាម​កំហែង ដែល​ឈាន​ដល់​ការ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​រូបលោក​ចំពោះ​បទ «ប្រមាថ​»អង្គ​ព្រះ​មហា​ក្សត្រ។

លោក​សម រង្ស៊ី ​មិនបាន​ឆ្លើយ​តប ​នឹង​សំណើ​សុំ​អត្ថា​ធិ​ប្បាយទេ​ គិតមក​ដល់​ត្រឹម​យប់​ថ្ងៃ​ទី ១៣ ខែ​មិថុនា​។

លោក Paul Chambers សា​ស្ត្រាចារ្យ​នៅ​សកលវិទ្យា​ល័យ Naresuan ក្នុង​ទីក្រុង​បាងកក បាន​ថ្លែងថា​ លោក សម រង្សី មិន​ស្ថិត​ក្នុង​គ្រួសារ​រាជវង្ស​ដូច សម្ដេច​ឪ នរោត្តម សីហនុ នោះទេ ហើយ​នៅ​ពេល​ដែល​និរទេស​ព្រះកាយ​​នោះ​ ព្រះ​អង្គ​បាន​ដាក់​រាជ្យ មុន​ក្លាយ​ជា​អ្នក​នយោ​បាយ​ធម្មតា​ដូច លោក​ សម រង្សី​ សព្វ​ថ្ងៃ​នេះ។ 

លោក​បន្តថា៖«ប្រសិន​បើ គេច​ង់​ប្រៀប​ធៀប​រដ្ឋប្រហារ​យោធា​ ជំនាន់​លោក​ លន់ នល់ ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ ដែល បង្ខំ​សម្ដេច ​នរោត្តម​ សីហនុ ឲ្យ​យាង​​ទៅ​ក្រៅ​ប្រទេស​​ និងរបប​លោក​ ហ៊ុន សែន ក្តោប​ក្តាប់​អំណាច​ផ្ទាល់ខ្លួន​ ក្នុង​ឆ្នាំ ២០១៧- ២០១៨ នេះ លោក​សម រង្សី...ហាក់​ស្រដៀង​ទៅ​និង​សម្តេច នរោត្តម សីហនុ កាល​បោះឆ្នោត​នៅ​ឆ្នាំ ១៩៧២ ដែរ។

លោក​បន្តថា៖«ចំណុច​សំខាន់​គឺថា​ លោក សម រង្ស៊ី ចង់​បញ្ជាក់​ថា​ លោក ហ៊ុន សែន គឺ​ស្រដៀង​លោក ​សេនាប្រមុខ​លន់ នល់ ហើយ​ការបោះ​ឆ្នោត​ជាតិ​ឆ្នាំ ២០១៨ គឺជា​ការ​បោះឆ្នោះ ​ដែល​បានរៀបចំ​រួចរាល់​ហើយ ដូចជា​ការ បោះឆ្នោត​ឆ្នាំ ១៩៧២ ដែរ»៕