ភ្នំពេញៈ ក្នុង​មហាសន្និបាត​នៃ​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើ​ភាសា​បារាំង​ (AIMF) ពី​ម្សិលមិញ ឧបនាយករដ្ឋមន្ត្រី​លោក ​ហោ ណាំហុង រំឭក​ថា​ថ្ងៃទី​ ២ ​ធ្នូ ឆ្នាំ​ ១៩៧៨ ជា​ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​ផ្តួលរំលំ​របប​ខ្មែរក្រហម និង​ថ្ងៃទី​ ២ ធ្នូ ឆ្នាំ​ ១៩៨៧ ជា​ថ្ងៃ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចាប់ផ្តើម​ចរចា​ជាមួយ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ នៅ​ប្រទេស​បារាំង​។

លោក​ ហោ ណាំហុង បាន​ថ្លែងថា​៖ «​ដូចនេះ ខ្ញុំ​សូម​រំឭក​ពី​កាលបរិច្ឆេទ​មួយ ពោលគឺ ថ្ងៃ ២ ​ធ្នូ ឆ្នាំ​ ១៩៧៨ ថ្ងៃនោះ​គឺជា​ថ្ងៃ​នៃ​ការបង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ ដើម្បី​ផ្តួលរំលំ​របប​ខ្មែរក្រហម និង​កាលបរិច្ឆេទ​មួយទៀត​គឺ​ថ្ងៃទី​ ២ ខែធ្នូ ឆ្នាំ​ ១៩៨៧ នៅពេល​ដែល​សម្ដេចនាយក​រដ្ឋមន្ត្រី​ (​ហ៊ុន សែន​) របស់​យើង​បាន​ចាប់ផ្តើម​ចរចា​ជាមួយ​សម្តេចឪ នរោត្តម សីហនុ នៅ Fère en Tardenois ប្រទេស​បារាំង​ដែល​នាំឱ្យ​មាន​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ក្នុង​ឆ្នាំ​ ១៩៩១»​។

សាលា​រាជធានី​ភ្នំពេញ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​មហាសន្និបាត AIMF លើក​ទី​ ៣៩ ឆ្នាំ​ ២០១៩ រយៈពេល​ ២ ​ថ្ងៃ​ ចាប់ពី​ថ្ងៃទី​ ៣-៤ ខែ​ធ្នូ នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ​ក្រោម​ប្រធានបទ «AIMF ភ្នំពេញ ៤០ ឆ្នាំ​ក្រោយមក​»​។ មហាសន្និបាត​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ ១ ​ថ្ងៃ​ក្រោយ​ពេលដែល​មេដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ខួប​លើក​ទី​ ៤១ ​ឆ្នាំ​នៃ​ការបង្កើត​រណសិរ្ស​ ២ ​ធ្នូ​នេះ​។

លោក​ ហោ ណាំហុង បញ្ជាក់​ថា​កាលបរិច្ឆេទ​ជា​ប្រវត្តិសាស្ត្រ​ថ្ងៃទី​ ២ ខែ​ធ្នូ​នេះ បាន​នាំឱ្យ​កម្ពុជា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅរក​ការបញ្ចប់​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​នៅ​ថ្ងៃទី​ ៧ ខែ​មករា ឆ្នាំ​ ១៩៧៩ និង​បានបញ្ចប់​សង្គ្រាម​ស៊ីវិល​ដែល​អនុញ្ញាត​ឱ្យ​មាន​ការរស់រាន​ឡើងវិញ​។ ជាមួយ​គ្នា​នេះ​ក៏​នាំ​ឲ្យ​មាន​ការធ្វើ​ទំនើបកម្ម​រាជធានី​ភ្នំពេញ​ក៏​ដូចជា​ការ​រស់​ឡើងវិញ និង​ទំនើបកម្ម​នៃ​ជាតិខ្មែរ​ជាទូទៅ​ផងដែរ​។

លោក​ថ្លែងថា​៖ «​កាលនោះ យើង​ត្រូវ​ចិញ្ចឹម និង​ផ្ដល់​ជម្រក​ជូន​ប្រជាជន​រង​ភាព​អត់ឃ្លាន​រាប់លាន​នាក់ ដែល​ទើប​ត្រឡប់​មកពី​ជំរំ​ធ្វើការ​ដោយ​បង្ខំ​។ យើង​ត្រូវ​កសាង​រាល់​ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង​ទាំងអស់​ឱ្យ​ស័ក្តិសម​នឹង​កេរ្តិ៍ឈ្មោះ​រាជធានី​មួយ​នេះ​ក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត​នៅ​ទូទាំង​ប្រទេស​ដែល​ត្រូវបាន​បំផ្លាញ​ទាំងស្រុង​ដោយ​របប​ប្រល័យ ពូជសាសន៍​ខ្មែរក្រហម​»​។

លោក​ថ្លែងថា​ចាប់ពី​ឆ្នាំ​ ២០០០ មក​ទីក្រុង​ភ្នំពេញ​បាន​ប្រឈម​នឹង​បញ្ហា​បន្ទាន់​ថ្មីៗ​ទៀត ព្រោះ​ប្រជាជន​បាន​ចាកចេញ​ពី​ជនបទ​ចូលមក​រស់នៅ​ដែល​ទាមទារ​ឱ្យមាន​ការសាងសង់​លំនៅឋាន​នៅ​តាម​សង្កាត់​បណ្ដោះអាសន្ន​មួយចំនួន​។ ចាប់ពី​ឆ្នាំ​ ២០០៤ ​មក​ទីក្រុង​បានចាប់ផ្តើម​ការពង្រីក​វិសាលភាព​របស់​ខ្លួន ដោយ​ចាប់ផ្ដើម​ឈានចូល​ដល់​ដំណាក់កាល​ធ្វើ​ឧស្សាហកម្ម​ភាវូបនីយកម្ម និង​បាន​បង្កើត​ការងារ​ជាច្រើន​នៅតាម​រោងចក្រ​វាយនភណ្ឌ​។

លោក យ៉ង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព​ថ្លែង​ថា​នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​ទីក្រុង​ភ្នំពេញ​ក្រោយពី​របប​ខ្មែរក្រហម ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវបាន​ស្តារឡើងវិញ​។ កាលពី​សម័យ​សង្គមរាស្ត្រនិយម ទីក្រុង​ភ្នំពេញ​គឺជា​ទីក្រុង​ដែល​ឆើតឆាយ និង​ស្អាត​ជាងគេ​នៅក្នុង​អាស៊ីអាគ្នេយ៍ ហើយ​សូម្បីតែ​ប្រទេស​សិង្ហបុរី​ក៏​កោតសរសើរ​ទីក្រុង​ភ្នំពេញ​ដែរ​៕