ភ្នំពេញៈ លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការនៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បានធ្វើ​លិខិត​បង្គាប់​ឲ្យ​រដ្ឋមន្ត្រី​ និង​គណៈអភិបាល​ខេត្ត​ចំនួន​ ៣ ចាត់វិធានការ​ពិនិត្យ​លើ​ភាពមិនប្រក្រតី​របស់​មន្ត្រី​ថ្នាក់ក្រោម​ដែល​បាន​រំលោភ​យក​ដី​​ប្រជាពលរដ្ឋ និង​ភាពមិនប្រក្រតី​នៃ​ការដោះស្រាយ​សំណង់​បណ្ដោះអាសន្ន ដើម្បី​រាយការណ៍​ជូន​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ភាពមិន​ប្រក្រតី​ទាំងនោះ​កើត​មាន​នៅក្នុង​ខេត្ត​បាត់ដំបង ប៉ៃលិន​ និង​​កំពង់ឆ្នាំង​ដែល​ត្រូវបាន​រកឃើញ​ដោយ​ប្រតិភូ​នៃ​គណបក្ស​នគរ​ប្រជាធិបតេយ្យ​ និង​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ដែល​ជា​សមាសភាព​ក្នុង​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​កាលពី​ខែកុម្ភៈ​ និង​ខែមីនា​ដែល​មាន​តួនាទី​ស៊ើបអង្កេត​ និង​រាយការណ៍​ភាពមិនប្រក្រតី​ដែល​កើតមាន​ និង​​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​។

យោងតាម​របាយការណ៍​របស់លោក ហ៊ីង ថូរ៉ាក់ស៊ី ដែល​បាន​ជម្រាបជូន​ដល់ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក​អភិបាលខេត្ត​បាត់ដំបង ប៉ៃលិន​ និង​កំពង់ឆ្នាំង​កាលពី​ថ្ងៃទី​ ៣០ ខែមីនា បាន​ឲ្យ​ដឹងថា គណបក្ស​នគរជាធិបតេយ្យ បាន​រកឃើញ​ពី​ការបំភ្លៃ​អង្គហេតុ ដើម្បី​យក​ដីចម្ការ​អាស្រ័យផល​របស់​ប្រជាពលរដ្ឋ​ទំហំ ៧ ហិកតា​ស្ថិត​ក្នុងភូមិ​ដីក្រហម សង្កាត់​អូរតាវ៉ៅ ខេត្ត​ប៉ៃលិន មក​ដាក់​ជា​កម្មសិទ្ធិ​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា ប្រតិភូ​គណបក្ស​ដដែល​នេះ​ក៏​បាន​រកឃើញ​ពី​ការកំហែង​យក​ដី​របស់​​ប្រជាពលរដ្ឋ​ ១២៦ គ្រួសារ​ស្ថិត​ក្នុង​ឃុំ​ទួលខ្ពស់ និង​ឃុំ​ក្បាលទឹក ស្ថិត​ក្នុង​ខេត្តកំពង់ឆ្នាំង​ពី​សំណាក់​អាជ្ញាធរ​ស្រុក​យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ឯកជន​។ លោក​ថា​​ ករណី​នេះ​តម្រូវ​ឲ្យ​អភិបាល​នៃ​គណៈអភិបាលខេត្ត​កំពង់ឆ្នាំង​ចុះ​ត្រួតពិនិត្យ និង​រាយការណ៍​ជូន​ប្រមុខ​រដ្ឋាភិបាល​។

លោក​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ប្រតិភូ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ក៏បាន​រកឃើញ​ពី​ភាពមិន​ប្រក្រតី​របស់​រដ្ឋបាល​ខេត្តបាត់ដំបង​ពាក់ព័ន្ធ​ទៅនឹង​ការដោះដូរ​សំណង់​បណ្តោះអាសន្ន​លើ​ដី​អតីត​គម្រោង​សួន​ព្រែកព្រះស្តេច​ស្ថិត​ក្នុង​សង្កាត់​ព្រែកព្រះស្តេច​។

លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​បាន​លើកឡើងថា លោក​នឹង​បើក​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ និង​ពិនិត្យ​លើ​ករណី​ដែល​បានលើកឡើង​ពី​ភាពមិនប្រក្រតី​ទាំងនោះ​។ ប៉ុន្តែ​លោក​មិន​អាច​បកស្រាយ​អ្វី​បាន​ក្នុង​ពេលនេះ​នោះទេ ព្រោះ​មិនទាន់​ច្បាស់​ថា ភាព​មិន​ប្រក្រតី​ដែល​ប្រធាន​គណបក្ស​ទាំងនោះ​បាន​រកឃើញ​ផ្តោត​ទៅ​លើ​ចំណុច​ត្រង់ណា ព្រោះ​តែ​ការអនុវត្ត​ច្បាប់​កន្លងមក​មាន​ភាពស្មុគស្មាញ ហើយ​បញ្ហា​ដីធ្លី​នេះ​ក៏​មាន​ច្រើន​។

លោក​ថ្លែងថា​៖ «​ទាល់តែ​ខ្ញុំ​ស្គាល់​ករណី​នេះ​សិន ពីព្រោះ​នៅក្នុង​តំបន់​នោះ វា​មាន​ករណី​ច្រើន មិនដឹងថា ឯកឧត្តម​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គាត់​លើក​ចំណុច​ណា ហើយ​គាត់​សំដៅ​មក​រដ្ឋបាល ឬ​ក៏​បុគ្គល​។ យើង​នឹង​មើល​ពី​ភាពមិនប្រក្រតី​ដែល​គាត់​បាន​លើកឡើង​ដែល​វា​ជា​ព័ត៌មាន​មួយ​សម្រាប់​យើង ព្រោះ​បញ្ហាដីធ្លី យ៉ាងម៉េច​ប្រាប់​មិនទាន់​បានទេ​»​។

លោក ម៉ម សុណង់ដូ ប្រភិភូឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​មកពី​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​បាន​ឲ្យ​ដឹងថា បញ្ហា​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​លាតត្រដាង​ហើយ​តាមរយៈ​ចំណាត់ការ​ឧត្តម​ក្រុមប្រឹក្សា ប៉ុន្តែ​អ្វី​ជា​បញ្ហា​ចោទ​គឺ​ត្រង់​ថា រដ្ឋាភិបាល​ក៏ដូចជា​ថ្នាក់ដឹកនាំ ដោះស្រាយ​យ៉ាងណា​នោះ​គឺជា​ការ​ទទួលខុស​ត្រូវ​របស់​ពួកគេ​ចំពោះមុខ​ប្រជាពលរដ្ឋ​។

លោក​ថា ​ដូច​ករណីនេះ​បើ​មាន​ចំណារ​ពី​នាយករដ្ឋមន្ត្រី​ហើយ​លោក​នឹង​រង់​ចាំមើល​ដំណោះស្រាយ និង​បន្ត​តាមដាន​បន្ថែមទៀត​។

លោក ម៉ម សូណង់ដូ បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា​៖ «​ការដោះស្រាយ​មិនបាន​គឺ​រឹតតែ​ធ្វើឲ្យ​ប្រពលរដ្ឋ​មាន​ការឈឺចាប់ ហើយ​ខ្ញុំ​សង្ឃឹមថា (​បញ្ហា​នេះ​) នឹង​ដោះស្រាយ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ប្រជាពលរដ្ឋ គាត់​សប្បាយចិត្ត​ទទួល​បាន​យុត្តិធម៌​ពី​សម្តេចតេជោ​»៕