ភ្នំពេញៈលោក ហ៊ុន ជា ក្មួយ​ប្រុស​បង្កើតរបស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ដែល​ត្រូវ​ឃាត់​ខ្លួន​ ​ ទាក់​ទង​នឹង​ករណី​បាញ់​បោះ​ប្រមាណ​ ១០ គ្រាប់​ នៅក្នុង​សង្កាត់​ផ្សារ​ថ្មី​ ១ ខណ្ឌ​ដូន​ពេញ កាលពី​យប់​ថ្ងៃ​អង្គារ​ ត្រូវ​បាន​បញ្ជូនខ្លួន​​ទៅកាន់​តុលាការ​រាជ​ធានី​​ភ្នំពេញ​ហើយ នៅ​​រសៀលថ្ងៃទី ២ ខែ​ឧសភា​។ នេះ​បើតាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ​។

លោក សុខ ខេមរិន្ទ ប្រធាន​នាយក​ដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ ក្រសួង​មហាផ្ទៃ បាន​អះអាងប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ នៅ​មុន​នេះ​បន្តិចថា ៖ «ឥឡូវនេះ កម្លាំង​យើង​ បាន​កសាង​សំណុំ​រឿង បញ្ជូន​ទៅ​កាន់​តុលាការ​រួច​ហើយ»។ លោក​បញ្ជាក់​ថា ៖ «ក្នុង​អំឡុង​ពេល​នេះ អ្នក​ណាៗ ក៏​ដោយ ឲ្យ​តែ​​ផ្ទុះអាវុធ​ គឺ​ច្បាមហើយ»​។

លោក ជួន សុវណ្ណ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង ​ជា​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ​ ឲ្យ​ដឹង​ថា សមត្ថកិច្ច​នគរបាល​ក្រសួង​មហាផ្ទៃ បាន​ធ្វើ​ការ​ឃាត់​ខ្លួន លោក​ ហ៊ុន ជា​ កាលពី​ព្រឹក​ថ្ងៃ​ពុធ​ ​។​ លោក​ថ្លែង​ថា ៖ «នគរ​បាល​រាជ​ធានី មិន​បាន​ឃាត់​គាត់​ទេ តែ​វាជា​សមត្ថកិច្ច​របស់​...​ ក្រសួង​មហាផ្ទៃ​»។

ចំណែក​​ លោក​ ហួត ចាន់​យ៉ារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ដូន​ពេញ មាន​ប្រសាសន៍បញ្ជាក់​ថា ក្មួយប្រុស​​លោក​នាយក​រដ្ឋមន្ត្រី ត្រូវ​សមត្ថកិច្ច​ក្រសួង​ឃាត់​ខ្លួន​ពិត​មែន​​។ លោក​ថ្លែង​ថា ៖ «ហ៊ុន ជា ហ្នឹង​ណា។...ក្រោយ​ការ​ផ្ទុះ​អាវុធ​ យើង​ទៅដល់​...យើង​អត់​ធ្វើ​ផ្ទាល់​ទេ យើង​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ»។

លោក ហ៊ុន ជា សព្វថ្ងៃជា​ឧត្តម​សេនីយ៍​ផ្កាយ​បី​ ក្រប​ខណ្ឌ​នគរបាល​ជាតិ ជា​កូន​ប្រុស​លោក ហ៊ុន សាន​ បង​ប្រុស​លោក ហ៊ុន សែន​។ លោក ហ៊ុន ជា​ ក៏​ធ្លាប់​បង្ក​ការ​បាញ់​បោះ កាលពី​អតីតកាល​ផង​ដែរ​។

ក្នុង​ឆ្នាំ ២០១២ លោក​ហ៊ុន ជា និង​លោក​ ហ៊ុន តូ​ ដែល​ជា​​បង​ប្អូន​ជីដូន​មួយ​នឹង​គ្នា ត្រូវ​បាន​ជាប់ចោទពីករណី​បាញ់បោះ​ ដែលធ្វើ​ឲ្យ​របួស​មនុស្ស​ ២ នាក់​ តែ​ក្រោយ​មក​ករណី​នេះ ត្រូវ​បាន​ទម្លាក់ចោល ដោយសារ​មាន​ភស្តុតាង​មិន​គ្រប់​​គ្រាន់​។

លោក សេង វុត្ថា នាយ​ប៉ុស្តិ៍​សង្កាត់​ផ្សារ​ថ្មី​មួយ បាន​ឲ្យ​ដឹង​​ថា ករណី​ផ្ទុះ​អាវុធនោះ​ បាន​កើត​ឡើង​ នៅ​មុខ​ផ្ទះ​​វេលុយ ទ្រូម៉ានី ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ ១១ សង្កាត់​ផ្សារ​ថ្មី​មួយ ហើយ​អ្នក​ដែល​បង្ករ​ការ​ផ្ទុះ​អាវុធ​នេះ គឺ​ជា​ក្មួយប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​។

លោក​និយាយ​ថា​៖​«យើង​មិន​ដឹង​ថា គាត់​ផ្ទុះ​អាវុធ​ដោយ​សារ​រឿង​អ្វី​នោះ​ទេ ប៉ុន្តែ​ទំនង​ជា​ករណី​ជម្លោះ​ពាក្យ​សម្តី​នៅក្នុង​គ្រួសារ​ ឬ​ដោយ​សារ​គាត់​ស្រវឹង​ស្រា ព្រោះ​ក្រោយ​ការ​ផ្ទុះ​អាវុធ ​គាត់​ឡើង​​ជិះ​រថ​យន្ត​ចេញ​ទៅ​បាត់ ហើយ​កម្លាំង​សមត្ថ​កិច្ច​យើង ​បាន​ត្រឹម​តែ​រាយការណ៍​ពីករណី​នេះ​ទៅ​ថ្នាក់​លើ​តែ​ប៉ុណ្ណោះ»៕