កំពតៈ លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកនិងជាកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងមិនចំឈ្មោះតែត្រូវបានគេដឹងថា អាចសំដៅទៅលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សប្រឆាំងនោះ លោកប្រាប់ទៅកងទ័ពថា លោក រង្ស៊ី គឺជាមនុស្សដែលមិនជួយអ្វីសោះដល់ខ្មែរក្រៅតែពីបំផ្លិចបំផ្លាញ និងញុះញង់បង្កឱ្យមានចលនា ដើម្បីតែអំណាចផ្ទាល់ខ្លួន ហើយទុកប្រទេសឱ្យនៅរងទុក្ខ។
ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញព្រំដែនគោកប្រចាំឆ្នាំ ២០១៩ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានាក្នុងតំបន់ប្រតិបត្តិការសឹករងកំពតនៅខេត្តកំពត នាថ្ងៃទី ២ កុម្ភៈ លោកហ៊ុន ម៉ាណែត ដែលក៏ជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បានប្រាប់កងទ័ពកុំឱ្យជឿតាមការញុះញង់រហូតបំផ្លាញប្រទេសខ្លួន ក្រោយពីលោកលើកឡើងថា មានអ្នកនយោបាយខ្លះដែលប្រៀបធៀបកម្ពុជាទៅនឹងប្រទេស វ៉េណេស៊ុយអេឡា កំពុងដើរបំផុសចលនាដល់ប្រជាជននិងកងទ័ព។
លោកហ៊ុន ម៉ាណែត ថ្លែងថា៖ «ប៉ុន្តែសូមកុំភ្លេចថា តួអង្គនេះ មិនដែលជួយអ្វីដល់ស្រុកខ្មែរនោះទេ ក្រៅពីបំផ្លិចបំផ្លាញក្រៅពីញុះញង់ដើម្បីអំណាចផ្ទាល់ខ្លួន។ ប្រជាពលរដ្ឋកំពុងតែមានសេចក្ដីសុខ (សម រង្ស៊ី) ដឹកនាំបាតុកម្មតាមរោងចក្រ តាមបន្ទាត់ព្រំដែន ដើរបំផុសចលនាឱ្យបរទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្វើបាបប្រជាជនខ្លួនឯង ហើយលើកនេះដើរបំផុសចលនាដល់កងកម្លាំង។ បើចង់ឈ្នះខំប្រឹងទៅ ខិតខំបម្រើប្រជាពលរដ្ឋ កុំដើរអុជអាលប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ បំផ្លាញប្រទេសខ្លួនឯងដើម្បីមហិច្ឆតានយោបាយខ្លួនឯង ហើយអាងតែខ្លួនមានលិខិតឆ្លងដែនបរទេសងាយស្រួលទៅនៅបរទេសទុកឱ្យប្រទេសវេទនា ប្រជាជនវេទនា»។
លោកបន្តថា ទន្ទឹមនឹងសេចក្ដីសុខ ស្មារតីឯកភាពជាតិ ការធានាសន្តិភាព និងស្ថិរភាពនយោបាយសង្គម កងទ័ពត្រូវតែយកចិត្តទុកដាក់ជាពិសេសឥទ្ធិពលនៃការវិវត្តសភាពការណ៍សន្ដិសុខពិភពលោក និងតំបន់ ដូចជាការចិញ្ចឹមចិត្តផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់តាមគ្រប់រូបភាព ជាពិសេសចលនាបដិវត្តន៍ពណ៌និងការប៉ុនប៉ងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីសំណាក់បរទេសតាមគ្រប់រូបភាព។
លោកថា៖ «ខ្ញុំជឿថា ពូមីងដែលជាអតីតយុទ្ធជនមិនចង់ឱ្យប្រទេស និងកូនចៅរបស់ខ្លួនវេទនាដោយសារសង្គ្រាមដូចអតីតកាលនោះទេ គឺចង់ឱ្យកូនចៅជំនាន់ក្រោយមានសេចក្ដីសុខ។ កម្លាំងប្រដាប់អាវុធក៏ដូចគ្នា យើងត្រៀមការពារជាតិគឺមិនឱ្យប្រទេសធ្លាក់ទៅក្នុងសង្គ្រាមខ្មែរ និងខ្មែរឡើយ»។
ក្រសួងការពារជាតិ ថ្មីៗនេះប្រកាសថ្កោលទោសលោកសម រង្សី ដែលបានអំពាវនាវកងទ័ពកុំឱ្យស្ដាប់តាមបញ្ជារដ្ឋាភិបាលក្រោយពីលោកសម រង្ស៊ី អំពាវនាវសហគមន៍អន្តរជាតិប្រឆាំងរដ្ឋាភិបាលលោកហ៊ុន សែន ឱ្យដូចគ្នាដែលសហគមន៍អន្តរជាតិកំពុងប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំក្នុងប្រទេស វ៉េណេស៊ុយអេឡា។
លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថាបើកងទ័ពមិនស្ថិតក្រោមរដ្ឋាភិបាលទេ វាអាចធ្វើឱ្យប្រទេសមានអស្ថិរភាពនយោបាយ។
លោកថា៖ «ឧទាហរណ៍ដូចជាករណីនៅថៃដែលមានរដ្ឋប្រហារញឹកញាប់ដូររបបដឹកនាំញឹកញាប់នោះ គឺដោយសារកងទ័ពលែងដើរតួនាទីជាឧបករណ៍របស់រដ្ឋាភិបាល»។
អ្នកវិភាគនយោបាយលោក មាស នីមិនអាចទាក់ទងបាន៕