ភ្នំពេញៈ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជា​ការ​រង នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ និង​ដែល​ជា​ប្រធាន អនុ​គណៈ​កម្មការ​ប្រឡង​ជ្រើសរើស​នាយ​ទាហាន​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ឆ្នាំ ២០១៩ បាន​ប្រកាស​ថា ការ​ប្រឡង​ជ្រើសរើស​នាយ​ទាហាន​លើក​នេះ​ដែល​មាន​បេក្ខជន​ចូលរួម​ប្រឡង​ជាង ៨ ៣០០ នាក់​គឺ​ធ្វើ​ឡើង​ប្រកប​ដោយ​តម្លាភាព យុត្តិធម៌ និង ដោយ​ពឹង​ផ្អែក​ទៅ​លើ​សមត្ថភាព​ពិត​ប្រាកដ ដោយ​មិន​មាន​កា​អន្តរា​គមន៍​ពី​អ្នក​មាន​អំណាច​ណា​ឡើយ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងប្រាប់​បេក្ខជន​ប្រឡង និង​អ្នកសារ​ព័ត៌មាន មុន​ពេល​បើក​ដំណើរ​ការ​ប្រឡង ជ្រើសរើស ក្របខ័ណ្ឌ​មន្ដ្រី យោធា នៅ​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​យោធ​ភូមិ​ភាគ​នីមួយៗ ទូទាំង​ប្រទេស កាល​ពី​ម្សិលមិញ ដែល​មាន បេក្ខជន ចូលរួម​ប្រឡង សរុប​ចំនួន ៨ ៣៥២ នាក់ ក្នុង​នោះ​ស្រី ៣ ២៧០ នាក់ ដោយ​បែង​ចែក​ជា ៣៥៦ បន្ទប់។

ការប្រឡង ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី១៣ ដល់​ថ្ងៃទី១៧ ខែមករា ឆ្នាំ ២០១៩ នេះ​គឺធ្វើ​ឡើង នៅ​តាម​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ និង​តាម បណ្ដា​យោធ​ភូមិ​ភាគ រួម​មាន​យោធ​ភូមិ​ភាគ ទី ១ ទី២ ទី៣ ទី៤ និង​ទី ៥ ដែល​ផ្ដោត​ទៅ​លើ​វិញ្ញាសា​ចំណេះដឹង​ទូទៅ ភាសា​បរទេស និង​វិញ្ញាសា​កីឡា កាយ​សម្បទា ដើម្បី​ជ្រើសរើស​នាយ​ទាហាន នៃ​កង​យោពល​ខេមរ​ភូមិន្ទ វគ្គ​នាយ​ទាហាន​សកម្ម​ជំនាន់​ទី ២៣ វគ្គ នាយ​ទាហាន ទ័ព​ជើង​គោក​ជំនា​ន់ទី ១១ វគ្គ​នាយ​ទាហាន​បន្ត​វេន​ជំនាន់​ទី ១២ និង​វគ្គ​នាយ​ទាហាន​ជំនាញ​បច្ចេកទេស។

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការប្រឡង​ជ្រើសរើស​នាយ​ទាហាន​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ត្រឹមត្រូវ មាន​តម្លាភាព និង​យុត្តិធម៌​ហើយ​ថា អ្នក​ដែល​បាន​ជោគ​ជ័យ និង​ត្រូវបាន​ជ្រើស​រើស​យក​ធ្វើ​ជា​ទាហាន គឺ​ដោយ​សារ​តែ​សមត្ថភាព​ផ្ទាល់​ខ្លួន​របស់​ពួកគេ ដោយ​មិន​អាច​មាន​ការ​ជួយ​អន្តរា​គមន៍​ណាមួយ​ឡើយ។ លោក​បញ្ជាក់​ថា ៖«ការ​ប្រកួត​ប្រជែង និង​ការ​ខិតខំ​របស់​ប្អូនៗ សម្រាប់​ការ​ប្រឡង​លើក​នេះ​សូម​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែនទែន ហើយ​ភារកិច្ច​របស់​អនុ​គណៈ​កម្មការ​ប្រឡង ក៏​ដូចជា​គណៈ​កម្មការ​ជ្រើសរើស​របស់​យើង​គឺថា ធ្វើ​ម៉េច​ឲ្យ​ការ​ប្រឡង ការ​ជ្រើសរើស នាយ​ទាហាន​របស់​យើង ប្រព្រឹត្ត​ទៅ​ដោយ​រលូន ត្រឹម​ត្រូវ​មាន​តម្លាភាព​និង​យុត្តិធម៌»។

លោក​បន្ថែមថា បេក្ខជន​ទាំងអស់ ត្រូវ​ហ៊ាន​ទទួលខុសត្រូវ​និង​ត្រូវ​ហ៊ាន​ប្រកួត ដោយ​តម្លាភាព និង​យុត្តិធម៌ ហើយ​បាន​ព្រមាន​ថា ពួកគេ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណាមួយ​ដែល​រំលោភ​លើ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ដើម្បី​ទទួល​បាន​ជោគជ័យ ដោយ​មិន​ប្រឡង​ប្រកប​ដោយ តម្លាភាព នោះ​ទេ។ លោក​ក៏បាន​ណែនាំ​អនុ​គណៈ​កម្មការ​ប្រឡង​ជ្រើសរើស ក៏​ដូចជា​គណៈ​មេ​ប្រយោគ អគា​នុរក្ស និង​អនុរក្ស​ត្រូវ​អនុវត្ត​បទ​បញ្ជា​ឲ្យ​បាន​ម៉ឺងម៉ាត់​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ប្រឡង​នេះ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «សូមកុំ​ធ្វើ​សកម្មភាព​ណា ដែល​ប៉ះពាល់​ទៅដល់​ការ​ប្រឡង និង​ប្រកួត​ប្រជែង និង​ត្រូវ​ប្រឡង​ដោយ​តម្លាភាព និង​យុត្តិធម៌។ យើង​ចង់​ប្រឡង​ជា​នាយ​ទាហាន ក្នុង​នាម​យុវជន​ជំនាន់​ថ្មី ដូច្នេះ​យើង​គួរ​ប្រកួត​ដោយ​ស្មើ​ភាព​គ្នា កុំ​បាច់​ទៅ​រក​ឪ​ម៉ែ ពូ​មីង មក​ជួយ​អន្តរា​គមន៍»។

កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ លោក​ម៉ា​ណែ​ត ក៏បាន​ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់​ដោយ​ហាម​ដាច់​ខាត​មិន​ឲ្យ​អ្នក​គ្មាន​ភារកិច្ច​ចូល​មណ្ឌល ប្រឡង​នោះ​ឡើយ រួមទាំង​មន្ត្រី​យោធា ដែល​ពាក់​ផ្កាយ ២ ផ្កាយ ៣ ផង​ដែរ ដើម្បី​ធានា​ដល់​តម្លាភាព សុក្រឹត យុត្តិធម៌​ក្នុង​ការ​ប្រឡង។

លោក​ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា៖ «ការគ្រប់គ្រង​បទបញ្ជា​ត្រូវធ្វើ​ឲ្យ​បាន​ច្បាស់​លាស់ ហើយ​មិន​ឲ្យ​មាន​អ្នក​ផ្សេង​ចូល (មណ្ឌល​ប្រឡង)។ កន្លង​ទៅ​ពេល​ខ្លះ​នៅ​ភ្នំពេញ គាត់​ចូល​មក​ផ្កាយ ២ ផ្កាយ ៣ ជូន​ក្មួយ​មក គាត់​អត់​ត្រូវ​មាន​សិទ្ធិ​ចូល ទៅ​ក្នុង ហ្នឹង​ទេ អ៊ីចឹង​គឺ​សុំ​នៅ​ខាង​ក្រៅ អ្នក​ដែល​មាន​តួនាទី និង​ភារកិច្ច​បាន​ឲ្យ​ចូល សុំ​ឲ្យ​ច្បាស់»។

លោក​បាន​បញ្ជាក់បន្ថែម៖ «និយាយ​រួម គោលការណ៍​តែ ១ គត់​ឲ្យ​អ្នក​ជាប់ ជាប់​ដោយ​សប្បាយ​ចិត្ត និង​មោទនៈ អ្នក​ធ្លាក់ ធ្លាក់​ដោយ អស់​ចិត្ត។ ការងារ​ទាំង​អស់​នេះ ត្រូវការ​ចូលរួម​ទាំង​អស់​គ្នា.​តែ​ផល​ប្រយោជន៍​សម្រាប់​អនាគត​របស់​យើង យើង​ត្រូវ​លះបង់​ទាំង​អស់​គ្នា»។

ជាមួយនឹង​នេះដែរ លោក​ឧ​ត្ត​មសេនីយ៍ ប៊ុត សុភាព នាយក​សាលា​នាយ​ទាហាន​សកម្ម និង​ជា​អនុ​ប្រធាន​ប្រចាំការ​នៃ​អនុ​គណៈ​កម្មការ​ប្រឡង និង​ជា​ប្រធាន​មណ្ឌល​ប្រឡង​នៅ​ភ្នំពេញ បាន​ថ្លែង​ថា នៅ​ពេល​ការ​ប្រឡង​មាន​ភាព​សុក្រឹត និង​យុត្តិធម៌ ហើយ​បេក្ខជន និង​បេក្ខនារី បាន​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ការ​ប្រឡង វា​នឹង​បង្ក​ភាព​ងាយ​ស្រួល​ដល់​សាលា​ក្នុង​ការ​បង្រៀន​ពួកគេ។

លោក​បាន​បញ្ជាក់ថា៖ «អ្វីដែល​គណៈកម្មការ​បា​ន​ធ្វើ បាននិង​កំពុង​ធ្វើ​នេះ គឺមាន​ភាព​សុក្រឹត ច្បាស់​លាស់ ត្រឹម​ត្រូវ​បំផុត។ កន្លង​មក​មាន​ពាក្យ​ចចាម​អារ៉ាម​ថា ការ​ប្រឡង​ចូល​កង​យោពល​ខេមរ​ភូមិន្ទ នាយ​ទាហាន នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ មាន​ការ​សូក​ប៉ាន់​ថវិកា ខ្ញុំ​សូម​ប្រកាស​ថា គ្មាន​ទាល់​តែ​សោះ។ ខ្ញុំ​ធានា ១០០ ភាគរយ ហើយ​បេក្ខជន បេក្ខនារី ឲ្យ​លុយ ទៅ​បុគ្គល​ណា​ម្នាក់ គឺ​អ្នក​នោះ ចាញ់​បោក​គេ​ហើយ»។

បេ​ក្ខ​នារី​ម្នាក់ ឈ្មោះ រស់ សម្ផស្ស មកពី​ខេត្តកណ្តាល បាន​ថ្លែងថា ការប្រឡង​ជ្រើស​រើស​នាយ​ទាហាន​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​គឺមាន​លក្ខណៈ​ដូច​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ដែរ​ដែល​អនុរក្ស​មាន​ភាព​តឹង​តែង ដែល​មិន​អនុញ្ញាត​ឲ្យ​មាន ការ​លួច​ចម្លង​គ្នា​ឡើយ។

កញ្ញា​បាន​បញ្ជាក់ថា៖ «អត់​មានការ​មើលគ្នា​និង​បើក​មើល​សំណួរ​វិញ្ញាសា​អ្វី​ទេ ហើយ​សំខាន់ គឺ​វិញ្ញាសា​មិន​មាន​ការ​បែក​ធ្លាយ​នោះ​ទេ។ ប្រសិន​បើ​លទ្ធផល​ការ​ប្រឡង​របស់​ខ្ញុំ​ជាប់ វា​គឺជា​មោទនភាព​របស់​ខ្ញុំ ដោយសារ​ខ្ញុំ​ប្រឡង​ដោយ​ពឹង​លើ​សមត្ថភាព​មិន​មែន​ដោយ​ខ្ញុំ​មាន​ខ្សែ​ឬក៏​អ្វី​ទេ»។

បេក្ខជន ពីង ហៃ​ហុយ មកពី​ខេត្តក្រចេះ បាន​ថ្លែងថា ការ​ឡង​ដែល​ចាប់ផ្តើម​កាលពី​ម្សិលមិញ គឺ​បាន​ប្រព្រឹត្ត ទៅ ដោយ​សុក្រឹត និង​យុត្តិធម៌ ហើយ​បេក្ខជន​បាន​ខំ​ប្រឹង​ប្រែង​តាម​សមត្ថភាព​របស់​ពួកគេ។

លោក​បញ្ជាក់ថា៖ «ប្រសិនបើ​ខ្ញុំ​បាន​ប្រឡង​ជាប់​ជា​នាយទាហាន​ជើង​គោក​នេះ គឺ​ខ្ញុំ​នឹង​ប្តេជ្ញា​ចិត្ត បម្រើ​ប្រទេស​ជាតិ និង​សង្គម​របស់​យើង​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត»។

បើតាម លោក ហ៊ុន ម៉ា​ណែ​ត បេក្ខជន​ដែល​បានដាក់​ពាក្យ​ចូលរួម​ប្រឡង​ក្របខ័ណ្ឌ​កងទ័ព នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ គឺ​មាន​ការ​កើន​ឡើង​ខ្ពស់​ជាង​បណ្ដា​ឆ្នាំ​កន្លង​ទៅ ប្រមាណ​ជាង ១ ពាន់​នាក់ ដោយ​កាល​ពី​ឆ្នាំ ២០១៧ មាន​តែ ៤ ០០០ នាក់​ទេ ខណៈ​ដែល​ឆ្នាំ ២០១៨ កើន​ដល់ ៧ ០០០ នាក់ ហើយ​ឆ្នាំ ២០១៩ នេះ មាន​រហូត​ដល់​ទៅ​ជាង ៨ ៣០០ នាក់៕