កំពង់ស្ពឺៈ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងគោក​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​បាន​ថ្លែង​ដោយ​ជំរុញ​ដាស់តឿន​ដល់​សិក្ខាកាម​យោធា​ចារ្យ​ប្រមាណ​ជាង​ ១០០ ​នាក់​ ឲ្យ​មាន​ស្មារតី​ជាតិនិយម​ខ្ពស់​ក្នុង​ការបង្កើន​នូវ​វិស័យ​ការពារជាតិ​ខ្លាំង ដើម្បី​ធានា​ភាពរឹងមាំ​នៃ​ប្រទេស​ជាតិ​។

ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សិក្ខាកាម​វគ្គប​ណ្តុះបណ្តាល​យោធា​ចារ្យ​ជំនាន់​ទី​ ២ បំពេញ​ក្របខ័ណ្ឌ​ឱ្យ​សាលា​ពលទាហាន​ចំណុះ​យោធភូមិភាគ​ឆ្នាំ​ ២០២០ នៅ​មូលដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​តេជោសែន ភ្នំ​ធំ​ម្រះព្រៅ​នៅ​ខេត្ដ​កំពង់ស្ពឺ​កាលពី​ថ្ងៃទី​ ១១ ខែកក្កដា​។

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា​៖ «​ប្រទេស​ជាតិ​រឹងមាំ​គឺ​ផ្អែក​ទៅ​លើ​វិស័យ​ការពារជាតិ​ខ្លាំង ហើយ​វិស័យ​ការពារជាតិ​ខ្លាំង​គឺ​ដោយសារ​កងទ័ព​ខ្លាំង​។ នាយទាហាន​ជំនាន់​មុន​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ការពារជាតិ ដើម្បី​បុព្វហេតុ​ជាតិ​មក​ដល់​យើង​សព្វថ្ងៃនេះ ដូច្នេះ​យើង​ត្រូវ​បន្ត​ថែរក្សា​នូវ​កេរមរតក​នេះ​ទៅមុខ​ទៀត ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ស្មារតី ឆន្ទៈ បទពិសោធ ហើយ​បូកផ្សំ​ជាមួយ​នឹង​សមត្ថភាព​ជាក់ស្ដែង​»​។

លោក ម៉ាណែត ថ្លែង​ថា​ការហ្វឹកហ្វឺន​ពលទាហាន​ឱ្យ​មាន​មូលដ្ឋានគ្រឹះ​ច្បាស់លាស់​គឺជា​កត្តា​សំខាន់បំផុត​ដែល​ធ្វើឱ្យ​កងទ័ព​ខ្លាំង​ហើយ​អាច​ការពារ​ជាតិ​មាតុភូមិ​បានយូរ​អង្វែង​ទៅមុខទៀត​។ ការហ្វឹកហ្វឺន​ត្រូវ​ផ្អែកលើ​កត្តា​ ២ ទី​ ១ ​គឺ​ស្មារតី​ស្នេហា​ជាតិ សាសនា ព្រះមហាក្សត្រ និង​ទី​ ២ គឺ​កត្តា​សមត្ថភាព​ដោយមាន​ភាពម្ចាស់ការ​លើ​ខ្លួនឯង ហើយ​ស្មារតី​ជាតិនិយម បង្កើន​នូវ​ភាពជឿ​ទុកចិត្ត​លើ​ខ្លួនឯង​នៅក្នុង​ការធានា​ម្ចាស់ការ​លើ​អនាគត​របស់​ជាតិ​។

លោក ម៉ាណែត បាន​ថ្លែងថា​៖ «​យោធាចារ្យ​មាន​តួនាទី​សំខាន់​ណាស់​។ អាជីព​ជា​យោធាចារ្យ​មាន​លក្ខណពិសេស​ ២ ទី​១ ​គឺ​យើង​បាន​ចូលរួម​ដោយផ្ទាល់​ក្នុង​ការបម្រើ​ជាតិ តាមរយៈ​ការបង្រៀន​ពលទាហាន​របស់​យើង​ឱ្យមាន​មូលដ្ឋាន​ក្នុង​ការការពារ​ខ្លួន​ក៏ដូចជា​ការពារ​អង្គភាព​ធានា​បាន​នូវ​ជោគជ័យ​ក្នុង​ការបំពេញ​ភារកិច្ច​ដែល​ជា​មោទនភាព​ក្នុង​ការចូលរួម​ចំណែក​ការពារជាតិ​តាមរយៈ​ការបណ្តុះបណ្តាល​នូវ​វីរជន​ឆ្នើមៗ​។ ទី​២ ​គឺ​យោធាចារ្យ​ទទួល​បាន​នូវ​កិត្តិយស​មហាសាល​ដែល​ដក់​ជាប់​ក្នុង​ក្រអៅ​បេះដូង​របស់​សិស្ស​គ្រប់រូប​ក្នុង​នាម​ជា​អ្នកមានគុណ​ដែល​បានផ្តល់​នូវ​ចំណេះដឹង​ដល់​ពួកគេ​»​។

លោក​បានបង្ហាញ​ដល់​សិក្ខាកាម និង​យោធាចារ្យ​ឱ្យ​យល់​អំពី​តម្លៃ​នៃ​អាជីព​មួយ​នេះ ហើយ​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការហ្វឹកហ្វឺន និង​ចេញទៅ​បំពេញ​ភារកិច្ច​បង្រៀន​នៅតាម​បណ្តា​សាលា ប្រកប​ដោយ​ឆន្ទៈ និង​មនសិការ​ខ្ពស់​ចេញពី​បេះដូង​។

លោក ម៉ាណែត បាន​ថ្លែងថា​៖ «​បន្ទាប់ពី​ការចូលនិវត្តន៍​ទៅ គឺ​យោធាចារ្យ​ម្នាក់​អាច​បន្សល់​ទុក​នូវ​យោធិន​រាប់ពាន់នាក់​ដែល​យើង​បាន​ចូលរួម​បណ្តុះបណ្តាល រួមទាំង​ការបន្សល់ទុក​នូវ​ប្រព័ន្ធ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​អប់រំ​កងទ័ព​បន្ត​ទុកឱ្យ​កូនចៅ​យើង​ជំនាន់​ក្រោយៗ​ទៀត​។ ដូច្នេះ​ហើយ​ឱកាស​ជា​យោធាចារ្យ​នេះ គឺជា​ឱកាស​ពិសេស​មួយ​ដែល​សិក្ខាកាម​អាច​ចូលរួម​ក្នុង​ការកសាង​សមិទ្ធផល​សម្រាប់​កងទ័ព​តាមរយៈ​ការកសាង​បណ្តុះបណ្តាល​ធនធានមនុស្ស​»​។

លោក ម៉ៅ ផល្លា អ្នកនាំពាក្យ​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បច្ចុប្បន្ន​យោធាចារ្យ​ដែល​កំពុង​ទទួល​បាន​ការបណ្ដុះបណ្ដាល​បន្ថែម​ដើម្បី​ឱ្យ​ក្លាយ​ទៅ​ជា​គ្រូ​យោធា​សម្រាប់​បណ្ដុះបណ្ដាល​ដល់​ពលទាហាន​ជំនាន់​ក្រោយ​មាន​ចំនួន​ជាង ១០០ ​នាក់​។

លោក ផល្លា ថ្លែង​ថា​៖ «​បច្ចុប្បន្ន​យើង​កំពុង​តែ​ធ្វើការ​បណ្ដុះបណ្ដាល​យោធាចារ្យ​ទូទាំង​ប្រទេស​។ ក្នុង​វគ្គ​នេះ​មាន​យោធាចារ្យ​ជាង ១០០ ​នាក់ ​ត្រូវបាន​បណ្ដុះបណ្ដាល​សមត្ថភាព​បន្ថែម ដើម្បី​ធ្វើ​ជា​គ្រូ​ផ្នែក​យោធា​។ ពួកគាត់​នឹង​ទទួល​បាន​ការបណ្ដុះបណ្ដាល​រយៈពេល ៤ ​ខែ​គិត​ចាប់​តាំង​ថ្ងៃ​បើក​វគ្គ​បណ្ដុះបណ្ដាល​កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ​ ២០២០ មក​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​បាន​ឲ្យ​ដឹងថា ក្នុង​វិស័យ​កងទ័ព​ជើងគោក​កម្ពុជា​ត្រូវ​បាន​មើលឃើញ​ថា​មាន​ការយកចិត្ដ​ទុកដាក់​ខ្លាំង​លើ​កិច្ចសហប្រតិបត្ដិការ​ជាមួយ​នឹង​ប្រទេស​ជា​មិត្ត ទាំង​ការផ្លាស់ប្ដូរ​បទពិសោធ និង​ពង្រឹង​សមត្ថភាព​។

លោក ភា បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា​៖ «​បច្ចុប្បន្ន​វិស័យ​យោធា​កម្ពុជា​ទទួល​បាន​ការគាំទ្រ​ច្រើន​ជាងគេ​ពី​ប្រទេស​ចិន ប៉ុន្ដែ​ការបណ្ដុះបណ្ដាល​ជំនាញ និង​កងកម្លាំង​មួយ​ចំនួន​ក៏​ទទួល​បាន​​ជំនួយ​ពី​ប្រទេស​ជិតខាង ដូចជា​ប្រទេស​វៀតណាម​ជាដើម​»៕