កំពង់ចាមៈ លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ថ្លែងថា​ «​មេដឹកនាំ​ដែល​ត្រឹមត្រូវ​ និង​មាន​ទឹកចិត្ត គឺជា​កត្តា​កំណត់​នាំឱ្យ​មាន​លំនឹង​ស្ថិរភាព​សង្គម​ និង​ការអភិវឌ្ឍ​»​។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់​បែបនេះ​ក្នុង​ពិធី​សម្ពោធ​ពុទ្ធរូប​ព្រះអង្គធំ និង​សមិទ្ធផល​នានា​ក្នុង​វត្ត​និគ្រោធារាម​នៅ​ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្ត​កំពង់ចាម​កាលពី​ថ្ងៃទី​ ៥ ខែ​មករា ឆ្នាំ​ ២០២០​។ លោក​ថ្លែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវ​ចូលរួម​សាមគ្គី​គ្នា​ក្រោម​ស្មារតី​តែមួយ​ក្នុង​ការថែរក្សា​សុខសន្តិភាព និង​ការរីកចម្រើន​របស់​ប្រទេសជាតិ​។

លោក​បន្តថា​៖ «​ពេលខ្លះ យើង​អាច​មើល​មិនឃើញ ឬ​ចាប់អារម្មណ៍ និង​ឱ្យ​តម្លៃ​តិច​បំផុត ចំពោះ​អ្វី​ដែល​មានតម្លៃ​បំផុត​នៅក្នុង​ជីវិត​យើង ដូចជា​សន្តិភាព​ជាដើម​។ សន្តិភាព​ជា​របស់​មនុស្ស​ជាតិ​ទាំងអស់​គ្នា យើង​អាច​រស់​បាន ដោយសារ​សន្តិភាព ហើយ​វា​មាន​តម្លៃ​ណាស់​...»​។ លោក​ថ្លែង​ទៀតថា ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​ឆ្លង​តាម​សភាពការណ៍​ជាក់ស្តែង​កន្លងមក​ក៏បាន​បង្ហាញ​ដែរ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​បាន​យល់ច្បាស់ និង​ឱ្យ​តម្លៃ​លើ​សេចក្តីសុខ និង​សន្តិភាព​របស់​ប្រទេសជាតិ​។

លោក​បញ្ជាក់​ថា​៖ «​សន្តិភាព​របស់​ប្រទេសជាតិ​គឺ​សន្តិភាព​ដែល​សម្រេច​បាន​ដោយ​នយោបាយ​ឈ្នះ ឈ្នះ​របស់​សម្តេចតេជោ និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។ សូម​អរគុណ​សន្តិភាព​ដែល​កំពុងមាន​នេះ​សូម​អរគុណ​ដល់​អ្នក​ជួយ​រក​សន្តិភាព និង​សូម​ចូលរួម​ទាំងអស់​គ្នា​ថែរក្សា​ការពារ​ឱ្យ​ខាង​តែ​បាន​»​។

លោក​បញ្ជាក់ថា ប្រទេស​ កម្ពុជា​ មាន​ឱកាស​កសាង​ និង​អភិវឌ្ឍ​ប្រទេសជាតិ​ជា​បន្តបន្ទាប់​ក៏ដោយ​សារ​មាន​សុខសន្តិភាព ហើយ​ប្រជាពលរដ្ឋ​ក៏​កំពុង​មាន​ជីវភាព​រស់នៅ​ល្អប្រសើរ​ដែល​ផ្តល់​លទ្ធភាព​ឱ្យ​ពួកគាត់​ចូលរួម​ចែករំលែក​កសាង​សមិទ្ធផល​នានា​ជាច្រើន​ហើយ​ថា បញ្ហា​ប្រឈម និង​ការខ្វះខាត​ក៏​នឹង​បន្ត​កើតមាន ក៏​ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​រាជរដ្ឋាភិបាល​មាន​ទឹកចិត្ត និង​យកចិត្ត​ទុកដាក់​ចូលរួម​ជួយ​ចែករំលែក និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ និង​បាន​ខិតខំ​កសាង និង​អភិវឌ្ឍ​ប្រទេស​ទៅមុខទៀត​។

លោក​បញ្ជាក់ថា​៖ «​នេះ​គឺជា​គោលដៅ​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ដែល​ចង់​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​សុខ​សុភមង្គល​សប្បាយរីករាយ និង​ទទួល​បាន​ការបម្រើ​សេវា​សាធារណៈ​ល្អប្រសើរ​លើ​គ្រប់​វិស័យ​»​។

ជាមួយ​គ្នា​នេះ​ដែរ​លោក​ ម៉ាណែត ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ក៏ក្រៀមក្រំ​ចំពោះ​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត និង​រងរបួស​នៅក្នុង​ហេតុការណ៍​បាក់រលំ​អគារ​នៅក្នុង​ខេត្ត​កែប​កាលពី​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ ​២០២០ កន្លងទៅ និង​អគុណ​ចំពោះ​អាជ្ញាធរ​ដែនដី​កងកម្លាំង​ប្រដាប់​អាវុធ​សហគ្រាស​ឯកជន សប្បុរសជន និង​បងប្អូន​ជនរួមជាតិ​ដែល​បាន​រួបរួមសាមគ្គី​ជា​ធ្លុង​មួយ​ខិតខំ​ជួយ​សង្គ្រោះ និង​ចូលរួម​ឧបត្ថម្ភ​ដើម្បី​ជួយ​សម្រួល​ដល់​ការលំបាក​ និង​ជីវភាព​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ​នៅក្នុង​ស្ថានភាព​ដ៏លំបាក​នេះ​។

លោក ​គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​គាំទ្រ​ការលើកឡើង​របស់​លោក ហ៊ុន ម៉ាណែត ដោយ​ថ្លែងថា​បើសិន​ជា​មេដឹកនាំ​មិនមាន​ភាព​វៃឆា្លត និង​ដឹកនាំ​មិន​ត្រឹមត្រូវ​នោះ​វា​នឹង​ធ្វើឲ្យ​សង្គមជាតិ​ជួប​បញ្ហា និង​បង្ក​ឲ្យ​មាន​អស្ថិរភាព​នយោបាយ​។

លោក​បញ្ជាក់ថា​៖ «​ស្ថិរភាព​ និង​សន្តិភាព​ពេញ​លេញ​ដែល​យើង​ទទួល​បាន​ចាប់ពី​ឆ្នាំ ១៩៩៨ រហូតមកដល់​សព្វថ្ងៃ បើ​គ្មាន​ការដឹកនាំ​ត្រឹមត្រូវ យើង​ក៏​នឹង​មិន​អាច​មាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ​បានដែរ​ហើយ​ក៏​គ្មាន​ការអភិវឌ្ឍ​នោះទេ ដូច្នេះហើយ​សន្តិភាព​ និង​ស្ថិរភាព និង​ការអភិវឌ្ឍ​គឺ​ពឹងផ្អែក​ទៅលើ​ភាពឆ្លាតវៃ​របស់​អ្នកដឹកនាំ​។ តែ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ត្រូវធ្វើ​កំណែទម្រង់​បន្ថែមទៀត​នៅ​ថ្នាក់មូលដ្ឋាន​»៕