កំពតៈ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោកបានថ្លែងនៅក្នុងពិធីបើកសមយុទ្ធហនុមានមាស ២០១៩ កាលពីថ្ងៃសៅរ៍កន្លងមកនេះគឺជាសារនយោបាយមួយបង្ហាញដល់ក្រុមអមិត្តថា កងយោធពលខេមរភូមិន្ទស្មោះស្ម័គ្រជាមួយរាជរដ្ឋាភិបាលស្របច្បាប់ និងការពាររដ្ឋធម្មនុញ្ញ។ ខណៈអតីតមេបក្សប្រឆាំងលោក សម រង្ស៊ី នៅតែបន្ទរឲ្យកងកម្លាំងប្រដាប់អាវុធឈប់ស្ដាប់បង្គាប់និងឈប់ការពាររដ្ឋាភិបាលបច្ចុប្បន្ន។
សារនយោបាយរបស់លោក ហ៊ុន ម៉ាណែត បានថ្លែងក្រោយពេលសាលាដំបូងរាជធានីភ្នំពេញប្រកាសសម្រេចផ្ដន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគារកំណត់ ៤ ឆ្នាំពីបទញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព។
កងទ័ពជើងគោកជាង ១ ពាន់នាក់បានចូលរួមលំហាត់សមយុទ្ធហនុមានមាស ២០១៩ ដោយបានបាញ់គ្រាប់ពិត ដើម្បីលើកកម្ពស់សមត្ថភាពរបស់កងទ័ព រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ៤ ដល់ទី ៨ ខែ ឧសភា នៅស្រុកជុំគិរី ខេត្តកំពត។
យោងតាមគេហទំព័រក្រសួងការពារជាតិ ចេញផ្សាយកាលពីម្សិលមិញ បានដកស្រង់សម្តី លោក ហ៊ុន ម៉ាណែត ដែលបានថ្លែងទៅកាន់កងទ័ពថា៖ «ព្រឹត្ដិការណ៍នេះក៏បានបង្ហាញពីការរួមសាមគ្គីរបស់កងយោធពលខេរភូមិន្ទ ដែលជាសសរទ្រូងធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយក៏ជាការបញ្ជាក់ និងបង្ហាញឱ្យកម្លាំងអមិត្តដឹងថា កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ក៏នៅតែស្មោះត្រង់ការពារ គោរពដាច់ខាតបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានជានិច្ចដោយឥតងាករេនោះឡើយ»។
ទោះយ៉ាងណាក៏ដោយលោក សម រង្ស៊ី សរសេរនៅលើហ្វេសប៊ុករបស់លោកដោយអះអាងថា ការកាត់ទោសលោកលើសំណុំរឿងញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់និងធ្វើឲ្យខូចទឹកចិត្តកងទ័ពបានបង្ហាញថា ជាការធ្វើសកម្មភាពនយោបាយដោយសន្តិវិធី ហើយលោកកំពុងតែធ្វើត្រូវ ដោយខិតខំទាមទារសេរីភាពជូនប្រជារាស្ត្រខ្មែរទាំងមូល។
លោក រង្ស៊ី សរសេរថា៖ «លើការចោទប្រកាន់ទី១ ដែលថាខ្ញុំ "ញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព" ខ្ញុំនឹងរឹតតែលើកទឹកចិត្តកងកម្លាំងប្រដាប់អាវុធថែមទៀត សូមឲ្យឈប់ស្តាប់ និងឈប់ការពារជនផ្តាច់ការ ហ៊ុន សែន តែត្រូវបែរទាំងទឹកចិត្ត ទាំងចុងកាំភ្លើង មកការពារប្រជារាស្ត្រវិញ ហើយចូលរួមចលនាស្រោចស្រង់ជាតិ»។
ទោះយ៉ាងណាក៏ដោយ លោក ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា សមយុទ្ធនេះគឺដើម្បីលើកកម្ពស់សមត្ថភាពរបស់កងទ័ពដែលបានហ្វឹកហ្វឺនកន្លងមក និងវាស់ស្ទង់សមត្ថភាពរបស់ពួកគេដើម្បីវាយតម្លៃនៃការហ្វឹកហ្វឺន និងចង់ឱ្យកម្មសិក្សាការីផ្នែកសេនាធិការបានយល់ដឹងបន្ថែមពីការអនុវត្តជាក់ស្តែងនូវឆាកប្រយុទ្ធមួយលើសមរភូមិ។
លោក ម៉ៅ ផល្លា បញ្ជាក់ថា៖ «សមយុទ្ធគឺធ្វើឡើងដើម្បីបង្ហាញអំពីឆាកប្រយុទ្ធមួយដែលមានភាពសហការរវាងកងទ័ពថ្មើរជើង និងកងទ័ពជំនាញដែលចំណុះកងទ័ពជើងគោក សហការជាមួយកងទ័ពជើងអាកាសក្នុងការវាយប្រយុទ្ធ ឆាកប្រយុទ្ធ ថ្នាក់វរសេនាតូច វាយបក។ ទោះបីជាពេលនេះសមយុទ្ធជាសិប្បនិម្មិតមែន ប៉ុន្តែវាដូចជាសមរភូមិមួយដើម្បីឱ្យអ្នកទាំងនោះបានយល់ដឹងពីការសិក្សា និងការអនុវត្តជាក់ស្តែងវាមានភាពខុសគ្នាយ៉ាងម៉េច ?» ។
យោងតាមគេហទំព័ររបស់ក្រសួងការពារជាតិកាលពីថ្ងៃទី ៥ ខែ ឧសភា បានឱ្យដឹងថា អាវុធដែលប្រើក្នុងសមយុទ្ធនេះរួមមាន កាំភ្លើងធំ ១៥២ មម និង ១២២ មម កាំភ្លើង ២៣ មម កាំភ្លើង ៣៧ មម រថក្រោះ រថពាសដែក រថយន្តពេទ្យ រថយន្តពន្លត់អគ្គិភ័យ រថយន្តដឹកជញ្ជូន។
គេហទំព័រដដែលនេះក៏បានស្រង់សម្តីលោក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ ៧០ បានឱ្យដឹងថា ការហ្វឹកហាត់រយៈពេល ៥ ថ្ងៃនេះ កងទ័ពនឹងធ្វើការបាញ់គ្រាប់ពិតចំនួនជាង ១ ម៉ឺន ៣ ពាន់គ្រាប់ ដោយប្រើប្រាស់យុទ្ធោបករណ៍ជាង ២០០ គ្រឿង រួមទាំងកងកម្លាំងជាងមួយពាន់នាក់។
លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ក្រុមពួកអមិត្ត ដែលលោក ហ៊ុន ម៉ាណែត បានថ្លែងនោះ គឺជាការនិយាយបញ្ឆិតបញ្ឈៀងទៅនរណាម្នាក់ ដែលមិនគួរយកមកប្រើប្រាស់ដែលនាំឱ្យមានការយល់ច្រឡំនោះទេ។
លោក ជ័យ ថ្លែងថា៖ «យើងចង់ឃើញកងទ័ព មានភាពប្រសើរឡើងខាងជំនាញ ចំណេះ ដឹង និងការងារពាក់ព័ន្ធនឹងការការពារបូរណភាពទឹកដី។ យើងចង់បានកងកម្លាំងប្រដាប់អាវុធជាបុគ្គលដែលមានការគោរពស្រលាញ់ច្រើនពីប្រជាពលរដ្ឋ។ កន្លងមកនេះ វត្តមានរបស់កងទ័ពខ្លះនៅតំបន់ដែលមានជម្លោះដីធ្លីជាដើមនេះ វាចាំបាច់គួរតែជារឿងមួយ ដែលត្រូវកាត់បន្ថយឱ្យបានច្រើន»៕