ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិបានចាត់ទុកចម្លើយរបស់លោក សម រង្ស៊ី ប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា បានចុះចាញ់ការភ្នាល់អំពីការចោទប្រកាន់របស់លោកលើសញ្ញាបត្រយោធាដែលចេញដោយសាលា West Point នៃសហរដ្ឋអាមេរិកគឺក្លែងក្លាយ។
លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃអង្គារ ដោយអះអាងថា លោក សម រង្ស៊ី បានឆ្លើយថា មិនចាំបាច់ភ្នាល់ទេគឺមានន័យស្មើនឹងលោក សម រង្ស៊ី មិនហ៊ានភ្នាល់!!! ពោលគឺមិនហ៊ានចេញមុខការពារនូវអ្វីដែលខ្លួនលោកបាននិយាយនោះទេ។
ការនិយាយថា មិនចាំបាច់ភ្នាល់ ឬការព្យាយាមបង្វែរ ប្រធានបទពីការការពារអំណះអំណាងរបស់លោកចេញពីប្រធានបទសញ្ញាបត្រនៅសាលា West Point ទៅជាប្រធានបទផ្សេង អ្នកណាក៏អាចយល់បានថា ជាវិធីសាស្ត្រដកថយដែលសូម្បីតែក្មេងក៏អាចយល់បានដោយងាយដែរ។
លោក ហ៊ុន ម៉ាណែត បានឲ្យដឹងថា៖ «ពាក្យថាមិនចាំបាច់ភ្នាល់ គឺមានន័យស្មើនឹងមិនហ៊ានភ្នាល់។ ខ្ញុំសុំមិននិយាយទៀតទេ ដោយខ្ញុំមានកិច្ចការច្រើនទៀតដែលត្រូវធ្វើ ដូច្នេះមិនមានពេលកំដរលោក សម រង្ស៊ី ឆ្លើយឆ្លងរឿងអ្វីដែលលោកនិយាយហើយមិនហ៊ានការពារនោះទៀតទេ។ សូមទុកជូនមហាជនលោកវិនិច្ឆ័យចុះ!»។
លោកបានឲ្យដឹងទៀតថា៖ «កាលពីម្សិលមិញ (ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩) ខ្ញុំបានចោទសួរទៅលោក សម រង្ស៊ី ថាតើលោកហ៊ាន ឬមិនហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីការពារពាក្យសម្តីដែលលោកបាននិយាយជាសាធារណៈទាក់ទងរឿងសញ្ញាបត្រ West Point របស់ខ្ញុំ។ សូមអរគុណលោក សម រង្ស៊ី ដែលបានផ្តល់ចម្លើយដែលបញ្ជាក់ពីកម្រិតនៃភាពក្លាហានរបស់លោកក្នុងការការពារពាក្យសម្តីរបស់លោក»។
ទោះបីជាលោក សម រង្ស៊ី មិនទទួលការភ្នាល់ជាមួយលោក ហ៊ុន ម៉ាណែត តែលោក សម រង្ស៊ី នៅតែបន្តបន្តុះបង្អាប់ទៅលើសញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត និងក្រុមគ្រួសារលោក ហ៊ុន ម៉ាណែត និងប្រព័ន្ធអប់រំនៅកម្ពុជាដោយសំអាងតែលើសញ្ញាបត្រក្លែងក្លាយ ឬសញ្ញាបត្រប្រភេទទី ២ ដែលមានកម្រិតទាបជាងស្តង់ដានៅប្រទេសគេ។
លោក សម រង្ស៊ី បានឲ្យដឹងទៀតថា៖ «ក្នុងករណីលោក ហ៊ុន ម៉ាណែត ខ្ញុំចង់និយាយពីសញ្ញាបត្រប្រភេទទី ២ ដែលឆ្លុះបញ្ចាំងការទទួលបានចំណេះដឹងនិងជំនាញ កម្រិតទាបជាងស្តង់ដាសិក្សាធម្មតានៅសហរដ្ឋអាមេរិក»។
លោក រង្ស៊ី បានអះអាងថានៅសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុបសញ្ញាបត្រប្រភេទទី ២ បែបនេះគេចែកឲ្យនិស្សិតជាជនជាតិបរទេសដែលមានកម្រិតសិក្សាទាបជាងគេមែន តែអាចនាំមកនូវទំនាក់ទំនងផ្នែកនយោបាយដែលមានប្រយោជន៍សម្រាប់ប្រទេសដែលទទួលនិស្សិតជាជនជាតិបរទេសទាំងនោះ។ ចំណេះដឹង និងជំនាញពិតប្រាកដត្រូវបង្ហាញតាមរយៈស្នាដៃជាក់ស្តែង និងស្មារតីទទួលខុសត្រូវមិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេងទេ។
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយបានសរសេរនៅលើហ្វេសប៊ុករបស់លោកទៅលើការភ្នាល់រវាងលោក ហ៊ុន ម៉ាណែត និងលោក សម រង្ស៊ី ដោយបានឲ្យដឹងថា លទ្ធផលដែលទំនងជានឹងកើតឡើងគឺអ្នកដែលចោទគេខុសមិនហ៊ានភ្នាល់ទេ គាត់នឹងនៅជាអ្នកនយោបាយដដែល ម្ខាងទៀតនឹងនៅជាមេទ័ពដដែល។
លោក សុផល បានឲ្យដឹងថា៖ «ការដែលអ្នកចោទមិនហ៊ានភ្នាល់ វានឹងសឱ្យឃើញថា គាត់បាននិយាយតែផ្តាស គ្មានមូលដ្ឋានច្បាស់លាស់។ អ្នកងប់តាមគាត់នឹងនៅតែដង្ហែតាមគាត់ដដែល អ្នកស្អប់គាត់នឹងកាន់តែស្អប់គាត់ថែមទៀត រីឯអ្នកកណ្ដាលកាន់តែងាកចេញពីគាត់។ នេះជាការយល់ឃើញរបស់ខ្ញុំប៉ុណ្ណោះ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានឲ្យដឹងថា លោក សម រង្ស៊ី ជាមនុស្សតែងតែចូលចិត្តវាយប្រហារ ញុះញង់ បរិហារកេរ្តិ៍ដោយគ្មានហេតុផល និងមូលដ្ឋានច្បាស់លាស់ដែលធ្វើឲ្យប្រជាជនមានការយល់ច្រឡំ។
លោក ភា បានឲ្យដឹងថា៖ «លោក សម រង្ស៊ីជាមនុស្សមានបញ្ហាខាងស្មារតីពីព្រោះគាត់តែងតែដើរចោទប្រកាន់គេគ្រប់គ្នា ដោយមិនសមហេតុផល ហើយគាត់មិនហ៊ានភ្នាល់ទេដោយសារតែគាត់និយាយតាមការនឹកឃើញ ហើយនិយាយគ្មានមូលដ្ឋាន និងមិនអាចរកទឡ្ហីករណ៍មកការពារខ្លួន និងភាសារបស់លោកតែងតែញុះញង់ បរិហារអ្នកដទៃដែលធ្វើឲ្យសាធារណជនមានការយល់ច្រឡំ»។
កាលពីថ្ងៃចន្ទ ទី ៣០ ខែកញ្ញានេះ លោក ហ៊ុន ម៉ាណែត បានអះអាងដោយយកការភ្នាល់ពីភាពពិតថា លោកនឹងលាលែងពីមុខតំណែងទាំងអស់នៅក្នុងរាជរដ្ឋាភិបាល បើសិនជាលោក សម រង្ស៊ី រកឃើញភ័ស្តុតាងមកបញ្ជាក់ពីការចោទប្រកាន់ថា សញ្ញាបត្រដែលចេញដោយសាលា West Point គឺក្លែងក្លាយ ឬការទូត ប៉ុន្តែបើគ្មានភ័ស្តុតាងទេ លោក សម រង្ស៊ី ត្រូវលាឈប់ពីនយោបាយជារៀងរហូត៕
វីដេអូ៖