ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​មេបញ្ជាការ​កងទ័ពជើងគោក​បាន​អំពាវនាវ​ដល់​និស្សិត​ខ្មែរ​សិក្សា​នៅ​អូស្ត្រាលី និង​នូវែលសេឡង់​ជួយ​លើកស្ទួយ អត្តសញ្ញាណ​ជាតិ​ទៅកាន់​ពិភពលោក​ដោយ​អះអាងថា និស្សិត​ខ្មែរ​ភាគច្រើន​ដែល​រៀន​នៅ​បរទេស​ទទួល​បាន​ការកោតសរសើរ​ពី​គ្រូ​បរទេស​ថា មាន​សមត្ថភាព និង​សីលធម៌​ខ្ពស់​។

នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និស្សិត​ខ្មែរ​ដែល​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី និង​នូវែលសេឡង់​នា​ថ្ងៃទី​ ១៣ ខែ​ធ្នូ ឆ្នាំ​ ២០១៩ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ ២ លោក ហ៊ុន ម៉ាណែត បាន​ផ្តាំផ្ញើ​ដល់​ពួកគេ​ត្រូវ​បង្ហាញ​អត្តសញ្ញាណ​ជាតិ​ទៅកាន់​ពិភពលោក ដើម្បី​ឲ្យ​ស្គាល់​ពី​កម្ពុជា​កាន់តែ​ច្បាស់​ឡើង​បន្ថែម​ទៀត​។

លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា​៖ «​នៅលើ​ទឹកដី​បរទេស បងប្អូន គឺជា​តំណាង​ប្រទេស​យើង តំណាង​ជាតិ​យើង ដូច្នេះ​វា​ជាការ​ចាំបាច់​ផង​ដែរ ដែល​យើង​ត្រូវ​ខិតខំ​ធ្វើ​សកម្មភាព​វប្បធម៌​ផ្សេងៗ ដើម្បី​បង្ហាញ​អត្តសញ្ញាណ​ជាតិ​របស់​យើង​ទៅកាន់​ឲ្យ​ពិភពលោក​បាន​ស្គាល់ ហើយ​ត្រូវ​បន្ត​ខិតខំ​រៀនសូត្រ​ឲ្យ​ក្លាយខ្លួន​ជា​ធនធាន​មនុស្ស និង រួបរួម​សាមគ្គី​ជួយ​គ្នា​កសាង​ប្រទេសជាតិ​យើង សម្រាប់​កូនចៅ​យើង​ត​ទៅមុខទៀត​»​។

លោក​បាន​ឲ្យ​ដឹងថា​៖ «​ឆ្លងតាម​ការបំពេញ​ទស្សន​កិច្ចការងារ​នៅក្នុង​ប្រទេស​ជាច្រើន លោក​ពិតជា​មាន​មោទនភាព​ជាមួយ​និស្សិត​ខ្មែរ​របស់​យើង ទាំង​និស្សិត​យោធា និង​ស៊ីវិល​ដែល​ភាគច្រើន​ទទួល​បាន​ការកោតសរសើរ​ពី​គ្រូៗ​បរទេស​។ នេះ​ គឺជា​មោទនភាព​របស់​បុគ្គល​និស្សិត​ផ្ទាល់​ក៏ដូចជា​មោទនភាព​របស់​ជាតិ​ទាំងមូល​។ ការ​ទៅ​សិក្សា​នៅ​បរទេស​ឆ្ងាយ​ពី​ផ្ទះ ពី​គ្រួសារ រមែង​មាន​បញ្ហា​ប្រឈម​ច្រើន ប៉ុន្តែ​សំខាន់​ត្រូវ​តស៊ូ​ជម្នះ​ឱ្យ​ដល់​គោលដៅ​របស់ខ្លួន គឺ​ការ​ស្រូបយក​ចំណេះដឹង ដើម្បី​បង្កើន​សមត្ថភាព បង្កើន​សក្តានុពល និង​បង្កើន​ភាព​ជោគជ័យ​របស់ខ្លួន គ្រួសារ​ និង​របស់​ប្រទេស​ជាតិ​»​។

លោក​បាន​ថ្លែងថា​៖ «​សូម​រក្សា​គោលដៅ​នេះ​ឱ្យ​ជាប់​កុំ​បោះបង់ ព្រោះ​ការមាន​ចំណេះដឹង និង​ជំនាញ​ច្បាស់លាស់​គឺជា​មូលដ្ឋាន​ធ្វើឱ្យ​យើង​ទទួល​បាន​ជោគជ័យ ជាពិសេស​នៅក្នុង​បរិបទ​សេដ្ឋកិច្ច​ទីផ្សារសេរី​ដែល​ពោរពេញ​ដោយ​ការប្រកួត​ប្រជែង​។ នេះ​គឺជា​មោទនភាព​របស់​បុគ្គល​និស្សិត​យើង​ផ្ទាល់ ក៏ដូចជា​មោទនភាព​របស់​ជាតិ​ទាំងមូល​ដោយ​បងប្អូន គឺជា​គ្រាប់ពេជ្រ​របស់​កម្ពុជា​ធ្វើឱ្យ​គេ​ចាប់ផ្តើម​ស្គាល់​កម្ពុជា​ក្នុង​ទស្សនៈ​ថ្មី ដែល​មាន​ធនធាន​មនុស្ស​ប្រកប​ដោយ​សមត្ថភាព សីលធម៌​ និង​គុណធម៌​ខ្ពស់​»​។

លោក​ក៏បាន​ជំរុញ​ដល់​និស្សិត​ខ្មែរ​សិក្សា​នៅ​អូស្ត្រាលី និង​នូវែលសេឡង់ ត្រូវយក​ចិត្តទុកដាក់​ផងដែរ​លើ​ការប្រុងប្រយ័ត្ន ល្អិតល្អន់​លើ​ការបំពេញ​ការងារ​តូចៗ​ឱ្យ​ល្អ​មុន​នឹង​អាចឈាន​ទៅ​សម្រេច​កិច្ចការ​ធំៗ ហើយ​ក៏​ត្រូវ​រៀនសូត្រ​ជាប់​ជានិច្ច​ពី​មជ្ឈដ្ឋាន​ក្រៅ​សាលា ដើម្បី​ស្វែងយល់​អំពី​របៀបរបប​រស់នៅ របៀប​គ្រប់គ្រង របៀប​ធ្វើការ និង​ផ្នត់គំនិត​របស់​មិត្តភក្តិ​បរទេស ដែលជា​ការបំពេញ​បន្ថែម​នូវ​អ្វីដែល​រៀន​នៅក្នុង​សាលា ហើយ​ដែល​នឹង​នាំមក​នូវ​គំនិត​ច្នៃប្រឌិត និង​វិធីសាស្ត្រ​ថ្មីៗ ដើម្បីឱ្យ​ជីវិត​កាន់តែ​ទទួលបាន​ជោគជ័យ​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ចាត់ទុកថា និស្សិត​ដែល​កំពុង​សិក្សា​នៅក្រៅ​ប្រទេស​គឺជា​ធនធាន​ដ៏សំខាន់​ក្នុង​ការចូលរួម​ក្នុង​ការកសាង​ និង​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​រីកចម្រើន ហើយ​ថា​ពួកគេ​ក៏បាន​ដើរតួ​សំខាន់​ក្នុង​ការលើកស្ទួយ អត្តសញ្ញាណ​ជាតិ​ទៅ​កាន់​ពិភពលោក​ផងដែរ​។

អ្នកនាំពាក្យ​រូបនេះ​បាន​បញ្ជាក់ថា​៖ «​ធនធានមនុស្ស​កម្ពុជា​ដែល​មាន​តួនាទី​ផ្សេងៗ​គ្នា​ក្នុង​ការចូលរួម​លើកកម្ពស់​ការអភិវឌ្ឍ​សង្គម វប្បធម៌ សេដ្ឋកិច្ច កម្ពុជា​។ តួនាទី​និស្សិត​ទាំងអស់​ឆ្លុះបញ្ចាំង​ពី​បំណង​ជីវិត​បុគ្គល និង​ការតាំង​ចិត្ត​ចូលរួម បន្ត​កសាង​ប្រទេស​កម្ពុជា​តាម​រូបភាព​ផ្សេង​»៕