The Phnom Penh Post Search

Search form

លោក​ ហ៊ុន ម៉ាណែត ​ថា​កងទ័ព​ប្តេជ្ញា​កម្ចាត់​បដិវត្តន៍​ពណ៌

Content image - Phnom Penh Post
លោក​ ហ៊ុន ម៉ាណែត ធ្វើ​សន្និសីទ​កាសែត​កាលពី​ម្សិលមិញ​។ ស្រេង ម៉េងស្រ៊ុន

លោក​ ហ៊ុន ម៉ាណែត ​ថា​កងទ័ព​ប្តេជ្ញា​កម្ចាត់​បដិវត្តន៍​ពណ៌

ភ្នំពេញៈ ​លោក​ ហ៊ុន ម៉ាណែត កូនប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​មន្ត្រី​យោធា​ជាន់​ខ្ពស់​កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា ​ប្តេជ្ញាចិត្ត​កម្ចាត់​ការ​ប៉ុនប៉ន​ផ្តួលរំលំ​រដ្ឋាភិបាល​តាមរយៈ​ «​បដិវត្តន៍​ពណ៌​» ​ខណៈ​លោក​កំពុង​បង្ហាញ​សម្ភារ​យោធា​នៅ​ពី​ក្រោយ​ការ​បង្ក្រាប​នាពេល​ថ្មីៗ​របស់​រដ្ឋាភិបាល​ទៅ​លើ​គណបក្ស​ប្រឆាំង​។

បន្ទាប់ពី​ការ​រំលាយ​គណបក្ស ​សង្គ្រោះជាតិ ​កាលពី​ខែ​វិច្ឆិកា ​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា​ រៀបចំ​ធ្វើ​បដិវត្តន៍​ពណ៌​ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាច្រើន​​រិះគន់ យោធា​បាន​ចេញ​មក​គាំទ្រ​ខ្លាំងក្លា​ចំពោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​។

ជាង​នេះ​ផង​ដែរ ​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​លោក ប៉ុល សារឿន កាលពី​ខែ​មុន​បាន​អះអាង​ដោយ​មិន​មាន​ភ័ស្តុតាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រៀបចំ​កងប្រដាប់​អាវុធ​ដើម្បី​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​រដ្ឋាភិបាល​។

លោក ម៉ាណែត បាន​ថ្លែង​នៅ​ពិធី​កីឡា​ដើម្បី​រំឭក​ខួប​ទិវា ​«​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍​» ​កាលពី​ថ្ងៃ​ ៧ មករា និង​ថ្លែង​មក​កាន់​អ្នក​កាសែត​ថា កងទ័ព​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ធាតុ​ណា​មួយ​ដែល​ប៉ះពាល់​ «​ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​» ​ដែល​មិន​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នោះ​ទេ​។

លោក​បន្ត​ថា​៖ «​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា​ប្តេជ្ញា​ការពារ​មិន​ឲ្យ​វា​កើត​មាន​នៅ​ក្នុង​ទឹកដី​របស់​យើង​ទេ​ដោយសារ​វា​អាច​នាំ​ឲ្យ​មាន​ខូចខាត​ស្ថិរភាព​ផ្ទៃក្នុង​ និង​ការ​អភិវឌ្ឍ​»​។

លោក​បន្ត​ថា​៖ «​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា​ប្តេជ្ញា​ការពារ​រដ្ឋាភិបាល​ដែល​ស្រប​ច្បាប់​ និង​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ជា​រៀងរាល់​ ៥ ​ឆ្នាំ​ម្តង​»​។

ជា​ការពិត​ក្រុម​អ្នក​ឃ្លាំ​មើល​អន្តរជាតិ​ជាច្រើន​រដ្ឋាភិបាល​បរទេស និង​អង្គការ​សិទ្ធិ​មនុស្ស​បាន​ហៅ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅ​លើ​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ថា​ជា​ការ​វាយប្រហារ​ធ្ងន់ធ្ងរ​ទៅ​លើ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​។

កម្មវិធី​នេះ​ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ឆ្នាំ​មុន​ផង​ដែរ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​រាប់ពាន់​នាក់​នៅ​កោះពេជ្រ​កាលពី​ថ្ងៃ​អាទិត្យ និង​បាន​ព្រមាន​ថា​បដិវត្ត​ពណ៌​ត្រូវ​បាន​បញ្ចប់ ប៉ុន្តែ​នៅ​មាន​ «​មជ្ឈដ្ឋាន​អគតិ​» ​ដែល​ចង់​ចាប់​ផ្តើម​បដិវត្តន៍​នេះ​ម្តង​ទៀត​។

កាលពី​ម្សិលមិញ​សម្ភារ​យោធា​​ធុន​ធ្ងន់​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​កោះពេជ្រ រួមមាន​រថពាសដែក ឧទ្ធម្ភាគចក្រ Z9 កាំភ្លើង​យន្ត រថគ្រោះ T-55 និង​ឧបករណ៍​ដទៃៗ​ទៀត​។

ដោយ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​នេះ​សាធារណជន​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទស្សនា​ការ​តាំង​បង្ហាញ​ទាំង​នេះ និង​ថតរូប និង​ចូលរួម​វគ្គ​ប្រកួត​ផ្សេងៗ​។

លោក​ ម៉ាណែត ក៏​បាន​ច្រានចោល​ការ​លើក​ឡើង​ដែល​ថា​ការ​ដាក់​បង្ហាញ​កងយោធា​នៅ​កណ្តាល​ទីក្រុង​បែប​នេះ​អាច​មាន​បំណង​បំភិត​បំភ័យ​ដល់​ប្រជាពលរដ្ឋ​ដោយ​លោក​បាន​ថ្លែង​ថា​នឹង​មិន​មាន​មនុស្ស​រាប់ពាន់​នាក់​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ទេ​កាលពី​ឆ្នាំ​មុន ប្រសិន​បើ​ជា​ករណី​​ដូច​លើក​ឡើង​នោះ​។

លោក​បាន​ថ្លែង​ទៀត​ថា​៖ «​ការ​តាំងពិព័រណ៍​ឧបករណ៍​កងទ័ព​របស់​យើង​នៅ​ទី​នេះ​គឺ​ដើម្បី​បង្ហាញ​ដល់​សាធារណជន​អំពី​សមត្ថភាព​របស់​កងកម្លាំង​ប្រដាប់​អាវុធ​របស់​យើង​ក្នុង​ការ​ការពារ​ទឹកដី​របស់​យើង​»​។

កាលពី​ដើម​សប្តាហ៍​នេះ​លោក​ អ៊ូ ចាន់រ័ត្ន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា​ការ​តាំង​ពិព័រណ៍​យោធា​នេះ​គឺ​មាន​បំណង​ដើម្បី​បំភិត​បំភ័យ​ប្រជាពលរដ្ឋ ខណៈ​ដែល​អតីត​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​គឺ​លោក​ ជាម ច័ន្ទនី ដែល​កាលពី​ម្សិលមិញ​លើក​ឡើង​ដូច​គ្នា បើ​ទោះបី​ជា​ទទួល​ស្គាល់​ថា​ព្រឹត្តិការណ៍​បែប​នេះ​មាន​ជាទូទៅ​នៅ​តាម​បណ្តា​ប្រទេស​ដទៃ​ទៀត​ក្តី​។ លោក​ ច័ន្ទនី ​បាន​ថ្លែង​ថា​៖ «​ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ចេតនា​បំភិត​បំភ័យ​ប្រជាពលរដ្ឋ​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​កំពុង​កាន់​អំណាច​នោះ​ខ្ញុំ​គិត​ថា​វា​មិន​ល្អ​ទេ​»​។

អ្នក​វិភាគ​នយោបាយ​លោក​ ឡៅ ម៉ុងហៃ បាន​ថ្លែង​ថា​សាធារណជន​បាន​ដឹង​យ៉ាង​ច្បាស់​ថា​កងកម្លាំង​ប្រដាប់អាវុធ​ហាក់​ដូចជា​ចង់​ការពារ​រដ្ឋាភិបាល ការពារ​នាយក​រដ្ឋមន្ត្រី និង​គ្រួសារ​របស់​គាត់​ជា​ជាង​ផ្តោត​ទៅ​លើ​តួនាទី​របស់​ខ្លួន​ដើម្បី​ការពារ​ពី​ការ​គំរាម​កំហែង​ពី​ខាង​ក្រៅ​។

លោក​បាន​បញ្ជាក់​ថា​៖ «​កងទ័ព​របស់​យើង​នៅ​ក្នុង​រយៈពេល​ពីរ​ ឬ​បី​ឆ្នាំ​ចុងក្រោយ​នេះ​ហាក់​បាន​យក​ចិត្ត​ទុកដាក់ តែ​ទៅ​លើ​កិច្ចការ​ខាង​ក្នុង​ប៉ុណ្ណោះ ដែល​វា​ផ្ទុយ​ពី​តួនាទី​ពិតប្រាកដ​របស់​ខ្លួន​។ កងទ័ព​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ការពារ​អំណាច​របស់​បុគ្គល ដែល​កំពុង​កាន់​អំណាច ឬ​រដ្ឋាភិបាល​និង​ដើម្បី​ពង្រឹង​អំណាច​របស់​គាត់​»​។

ផ្តោត​ទៅ​លើ​ការ​អត្ថាធិប្បាយ​របស់​លោក ហ៊ុន ម៉ាណែត លោក Phil Robertson មន្ត្រី​ឃ្លាំ​មើល​សិទ្ធិមនុស្ស​បាន​ថ្លែង​ថា​កូនប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី​គឺ​កំពុង​លើក​ឡើង​ម្តង​ទៀត​អំពី​វោហារសាស្ត្រ​នយោបាយ​របស់​ឪពុក​លោក ដោយ​បាន​បន្ត​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​អំពី​បដិវត្តន៍​ពណ៌​។

លោក​ថ្លែង​តាមរយៈ​អ៊ីមែល​ថា​៖ «​ការ​លើក​ឡើង​របស់​លោក​ ហ៊ុន ម៉ាណែត អំពី​បដិវត្តន៍​ពណ៌​ដែល​មិន​កើត​មាន​គឺ​បង្ហាញ​អំពី​ការ​ដើរ​តាម​ឪពុក​របស់​គាត់​ហើយ​ជាថ្មី​ម្តង​ទៀត​​វា​បាន​បង្ហាញ​ថា​គាត់​រៀន​បាន​តិច​ប៉ុន​ណា​ក្នុង​អំឡុង​ពេល​ដែល​គាត់​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​នោះ​»៕ PS/NS

រាយការណ៍​បន្ថែម​ដោយ Ananth Baliga

អត្ថបទគួរចាប់អារម្មណ៍