ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត បានធ្វើការបកស្រាយចំពោះការបញ្ជាទិញរថយន្តយោធាចំនួន ២៩០ គ្រឿង ពីប្រទេសចិន ដោយលោកបញ្ជាក់ថា ការបញ្ជាទិញរថយន្តដែលមិនបានប្រើប្រាស់ថវិកាជាតិសូម្បីតែមួយរៀលនេះ គឺបានធ្វើឡើងតាំងពីយូរមកហើយ មិនមែនទើបតែធ្វើក្នុងអំឡុងពេលដែលមានការផ្ទុះជំងឺកូវីដនេះទេ។
លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានថ្លែងយ៉ាងដូច្នេះនៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបែងចែករថយន្តយោធាទាំងនេះ ជូនដល់បណ្តាស្ថាប័នអង្គភាពនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីម្សិលមិញ។
លោក ហ៊ុន ម៉ាណែត លើកឡើងថា៖ «(ការទិញរថយន្ត) អត់បានប្រើប្រាស់ថវិការដ្ឋ ១ រៀលទេ! គឺកើតចេញពីការកៀរគរក្រុមហ៊ុន និងសប្បុរសជនទាំងអស់ហើយសូមបញ្ជាក់ រឿងសម្តេចតេជោអំពាវនាវឲ្យជួយកងទ័ព មិនមែនគាត់ទើបតែធ្វើទេ គឺគាត់ធ្វើរាប់ឆ្នាំមកហើយ។ រឿងដែលសប្បុរសជន ក្រុមហ៊ុនជួយតាមការអំពាវនាវរបស់សម្តេចក៏មិនមែនជារឿងថ្មីដែររឿងវាយូរមកហើយ ដែលគេធ្វើជាប់ជាប្រចាំ ដើម្បីជួយកាត់បន្ថយបន្ទុករដ្ឋាភិបាល»។
លោក ម៉ាណែតថ្លែងទៀតថា បើក្នុងករណីដែលកម្ពុជា បញ្ជាទិញរថយន្តទាំងនេះក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ ១៩ ក៏កម្ពុជាសម្រេចចិត្តមិនបញ្ជាទិញដែរ ព្រោះក្នុងពេលនេះ តម្រូវការក្នុងការទប់ស្កាត់បញ្ហាកូវីដ គឺចាំបាច់ជាង ប៉ុន្តែការបញ្ជាទិញនេះបានធ្វើឡើងតាំងពីយូរមកហើយ។ លោកថា អ្វីដែលតម្រូវឲ្យលោកចេញមុខបកស្រាយ ព្រោះតែមានការលើកឡើងផ្ទុយពីគោលបំណងរបស់រដ្ឋាភិបាលក្នុងការទិញរថយន្តទាំងនេះធ្វើឲ្យមានការយល់ច្រឡំពីសាធារណជន។
លោកបញ្ជាក់ថា៖ «កុំគិតថា កងទ័ព គ្មានការគិតពិចារណា យើងខ្ញុំបញ្ជាក់ ២ ចំណុចនេះ យើងបានធ្វើការជាមួយសប្បុរជន កុម្មង់មក តាំងពីពាក់កណ្តាលឆ្នាំ ២០១៩ គេកក់លុយអីហើយ បានក្រុមហ៊ុនគេចាប់ផ្តើមធ្វើឡានហើយករណីកូវីដផ្ទុះ គឺជារឿងដែលនឹកស្មានមិនដល់ និងមិនអាចដឹងមុននោះទេ...ដែលការរៀបចំពិធីប្រគល់រថយន្តទាំងនេះ គ្រោងនឹងធ្វើតាំងពីដើមឆ្នាំ ប៉ុន្តែដោយសារបញ្ហា (រថយន្ត) ជាប់គាំងនៅប្រទេសចិនទើបពន្យារពេលមកពេលនេះ»។
លោកបន្តថា រថយន្តទាំងនេះក៏ជាប្រយោជន៍សម្រាប់កងកម្លាំងប្រដាប់អាវុធប្រើប្រាស់ក្នុងឱកាសដែលកម្ពុជាអាចនឹងប្រឈមដោយគ្រោះធម្មជាតិ ឬឧបទ្ទវហេតុផ្សេងៗ ដូចជា ភ្លើងឆេះ ទឹកជំនន់ បាក់អគារ ការចល័តស្បៀង ជាពិសេសក្នុងបាតុភាពកូវីដ១៩រាតត្បាតនេះផងដែរ ដោយមិនមែនដូចពាក្យគេថា យករថយន្តទាំងនេះមកប្រើប្រាស់សម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួននោះទេ។
លោកបន្តថា៖ «មកដល់ម៉ោងនេះ យើងមានការអបអរសាទរដ៏ច្រើនលើសលប់ពីប្រជាពលរដ្ឋ ដោយអបអរសាទរដល់លទ្ធភាព និងឱកាសរបស់កងកម្លាំងរបស់យើងមានឱកាស មានរថយន្តទំនើបប្រើប្រាស់ ដើម្បីបំពេញបេសកកម្ម។ កងកម្លាំងប្រដាប់អាវុធផ្សេងៗ គេបំពាក់អាវុធទំនើប កប៉ាល់ទំនើប ចំណែកឯង គ្រាន់តែមានឡានថ្មីជិះ ចាប់ផ្តើមវាយប្រហារ។ អ៊ីចឹងឲ្យមានទស្សនជាតិនិយមខ្លះផង! នេះគឺជាមធ្យោបាយបង្កើនប្រសិទ្ធភាពរបស់កងកម្លាំងប្រដាប់អាវុធក្នុងសកម្មភាពបម្រើប្រជាជន បម្រើអស់លោក»។
បើតាមលោក ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោករថយន្តទាំង ២៩០ គ្រឿងនេះ គឺ ២៥០ គ្រឿង ត្រូវប្រគល់ជូនអង្គភាពនៃកងយោធពលខេមរភូមិន្ទ និងចំនួន ៤០ គ្រឿងទៀត ត្រូវប្រគល់ជូនស្នងការដ្ឋាននគរបាលជាតិ។ ប៉ុន្តែទោះយ៉ាងណាលោក ម៉ៅ ផល្លា មិនបានបញ្ជាក់ឲ្យដឹងពីចំនួនទឹកប្រាក់ប៉ុន្មាន ដែលត្រូវបានចំណាយសម្រាប់ទិញរថយន្តយោធាទាំង ២៩០ គ្រឿងនេះឡើយ។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានថ្លែងថា ក្នុងសង្គមប្រជាធិបតេយ្យពលរដ្ឋមានសិទ្ធិដឹង មានសិទ្ធិឮចំពោះកិច្ចការមួយចំនួនបើសិនកិច្ចការទាំងនោះមិនប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពរបស់ប្រទេស។ «បើសិនជាសកម្មភាពទាំងឡាយធ្វើឡើងដើម្បីសង្គមគឺត្រូវតែបង្ហាញព័ត៌មានដើម្បីធានាថាពលរដ្ឋទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយគ្មានមន្ទិលសង្ស័យព្រោះនេះគឺជាការទទួលខុសត្រូវ ជាគណនេយ្យភាពរបស់មន្ត្រីក្នុងការបង្ហាញបញ្ហាដល់ពលរដ្ឋ»៕