កំពង់ចាម៖ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការ​កងទ័ព​ជើង​គោក និង​លោក ហ៊ុន ម៉ានិត អគ្គនាយក​នៃ​អគ្គនាយកដា្ឋន​ស្រាវជ្រាវ​ចារកិច្ច​នៃ​ក្រសួង​ការពារ​ជាតិ​បាន​ជួយ​ឧបត្ថម្ភ​គ្រែ​ចំនួន ២៥០ គ្រែ ដល់​រដ្ឋបាល​ខេត្ត​កំពង់ចាម​សម្រាប់​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម ដែល​ចាប់​ផ្ដើម​បើក​ដំណើរការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ ១៩ នា​ដើម​ខែ​ឧសភា​នេះ។

លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃ​ទី ៣ ខែ​ឧសភា​ថា ពេល​នេះ ជា​ពេល​ដែល​ត្រូវ​រៀបចំ​សម្ភារ​បរិក្ខារ​នានា​ដូច​ជា​គ្រែ សម្ភារពេទ្យ និង​គ្រែ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ទី​នោះ។

ជា​ទឹក​ចិត្ត និង​ការ​ចូលរួម​ក្នុង​ការ​ព្យាបាល​ដល់​អ្នក​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ ១៩ ក្នុង​ខេត្ត​កំពង់ចាម លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានិត បាន​បរិច្ចាគ​នូវ​ថវិកា​ផ្ទាល់​ខ្លួន ទិញ​គ្រែ​ផ្តល់​ជូន​ដល់​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម​នេះ។

លោក អ៊ុន ចាន់ដា ថ្លែង​ថា៖ «នេះ គឺ​ជា​ការ​ចូលរួម​ចំណែក​ក្នុង​នាម​មនុស្ស​ធម៌ ជា​ការ​គោរព ការ​ស្រឡាញ់ និង​ឱ្យ​តម្លៃ​មក​លើ​ខេត្ត ដើម្បី​ដោះស្រាយ​មួយ​ចំនួន ដើម្បី​ធ្វើ​យ៉ាង​ណា​ព្យាបាល​អ្នក​ជំងឺ​ឱ្យ​មាន​លក្ខណៈ​ស្តង់ដា​ប្រកប​ដោយ​គុណភាព​តាម​ក្បួន​វេជ្ជសាស្ត្រ​តាម​ក្បួន​ខ្នាត​របស់​ក្រសួង​សុខាភិបាល»។

ទោះ​ជា​យ៉ាងណា លោក អ៊ុន ចាន់ដា មិន​បាន​ដឹង​លម្អិត​ពី​ទំហំ​ទឹក​ប្រាក់​របស់​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានិត ដែល​បាន​ចំណាយ​ទិញ​គ្រែ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីដ ១៩​ នេះ​ទេ ដោយ​លោក​គ្រាន់​តែ​ដឹង​ពី​ការ​រៀបចំ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម​នេះ លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានិត ក៏​បាន​ទាក់ទង​មក ដើម្បី​សុំ​ការ​ជួយ​លើ​ការ​ទិញ​គ្រែ​នេះ។

បើ​តាម លោក អ៊ុន ចាន់ដា រដ្ឋបាល​ខេត្ត​បាន​ប្រើប្រាស់​ពេល ១ ខែ ក្នុង​ការ​ប្រែក្លាយ​សណ្ឋាគារ​មេគង្គ​ទៅ​ជា​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម សម្រាប់​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ ខណៈ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ពេញ​លែង​មាន​កន្លែង​ដាក់​ព្យាបាល​ទៀត​ហើយ​នោះ។

យោង​តាម​លិខិត​ថ្លែង​អំណរ​គុណ​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម លោក ហ៊ុន ម៉ាណែត និង​ភរិយា បាន​ជួយ​ឧបត្ថម្ភ​គ្រែ​ពេទ្យ​ចំនួន ១០០ គ្រែ និង​លោក ហ៊ុន ម៉ានិត និង​ភរិយា បាន​ជួយ​ឧបត្ថម្ភ​គ្រែ​ពេទ្យ​ចំនួន ១៥០ គ្រែ ដល់​រដ្ឋបាល​ខេត្ត​កំពង់ចាម​សម្រាប់​រៀបចំ​ក្នុង​មន្ទីរពេទ្យ​​មេគង្គ​កំពង់ចាម។

ខេត្ត​កំពង់ចាម​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ ចំនួន ១១៥ នាក់ និង​មាន​អ្នក​ស្លាប់ ១ នាក់។

រដ្ឋបាល​ខត្ត​នឹង​ផ្ទេរ​អ្នក​ជំងឺ​កូវីដ ១៩ ពី​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែល​ទើប​រៀបចំ​រួច​រាល់​នេះ។ បើ​សិន​ត្រូវ​រក​ឃើញ​អ្នក​ឆ្លង​កូវីដ ១៩ ថ្មី​នៅថ្ងៃ ទី ៣ ខែ​ឧសភា ក៏​នឹង​ត្រូវ​យក​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មេគង្គ​កំពង់ចាម​នេះ​ដែរ៕