ភ្នំពេញ៖ លោក​ ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ពី​ការ​ខិតខំ​ប្រឹងប្រែង​ទាំង​យប់​ទាំង​ថ្ងៃ​រយៈពេល ៨០ ម៉ោង របស់​ក្រុម​ការងារ​លោក ក្នុង​ការ​រៀបចំ​គ្រែ​ប្រមាណ​ជិត ១ ៨០០ គ្រឿង និង​អគារ នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កោះពេជ្រ ដើម្បី​ត្រៀម​ទុក​សម្រាប់​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩។

លោក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជាការ​រង​នៃ​កងយុទ្ធពល​ខេមរភូមិន្ទ បាន​សរសេរ​បង្ហោះ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ​មេសា​នេះ ដោយ​បាន​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​រយៈពេល ៨០ ម៉ោង របស់​ក្រុម​ការងារ​ដែល​បាន​រួម​គ្នា​សម្រេច​ភារកិច្ច​ដោយ​ធ្វើ​យ៉ាង​ណា រៀបចំ​អគារ​មួយ​ចំនួន​នៅ​កោះពេជ្រ​ជា​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ ១៩ អាច​ដំណើរការ​ត្រៀម​ទទួល​ព្យាបាល​អ្នក​ជំងឺ​បាន។

លោក ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា ការ​កើន​ឡើង​ជា​គំហុក​នៃ​អត្រា​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន ប្រមុខ​រាជរដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា​ឲ្យ​រៀបចំ​ទីកន្លែង​បន្ថែម សម្រាប់​ព្យាបាល​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​កូវី ១៩។ នេះ គឺ​ជា​ការ​ខិតខំ​ពង្រីក​ឱ្យ​អស់​លទ្ធភាព​ក្នុង​ការ​ជួយ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ និង​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ ១៩ មុន​នឹង​ឈាន​ទៅ​ដល់​ការ​ដាក់​ឱ្យ​មាន​ការ​ព្យាបាល​នៅ​តាម​ផ្ទះ​ជា​លក្ខណៈ​ទំលំ​ទូលាយ។

លោក ម៉ាណែត សរសេរ​ថា៖ «ក្រុម​ការងារ​បាន​រួមគ្នា​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​រៀបចំ​អគារ​មួយ​ចំនួន​នៅ​កោះពេជ្រ​ជា​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ ១៩ (ប្រមាណ​ជិត ១ ៨០០ គ្រែ) អាច​ដំណើរការ​ត្រៀម​ទទួល​ព្យាបាល​អ្នក​ជំងឺ​ក្នុង​រយៈពេល ៨០ ម៉ោង»។

ជាមួយ​គ្នា​នោះ លោក ហ៊ុន ម៉ាណែត ក៏​បាន​អរគុណ​ដល់​ក្រុម​ការងារ​ទាំង​អស់ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​រៀបចំ​នេះ ដោយ​លោក​លើក​ឡើង​ថា បើ​គ្មាន​ការ​ចូលរួម​យ៉ាង​សកម្ម​ទាំង​យប់​ទាំង​ថ្ងៃ របស់​បងប្អូន​ទាំង​អស់​គ្នា​ទេ ក៏​មិន​អាច​សម្រេច​កិច្ចការ​ដ៏​ធំ​នេះ​ក្នុង​រយៈពេល​ដ៏​ខ្លី​ដូច្នេះ​បាន​ដែរ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​សូម​ឆ្លៀត​ឱកាស​នេះ ធ្វើ​ការ​ថ្លែង​អរគុណ​ដល់​ថ្នាក់​ដឹកនាំ​របស់​ក្រុមហ៊ុន OCIC ដែល​បាន​អនុញ្ញាត​ឱ្យ​រាជរដ្ឋាភិបាល​ខ្ចី​ទីតាំង​មួយ​ចំនួន​នៅ​កោះពេជ្រ​សម្រាប់​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ ដើម្បី​រៀបចំ​ជា​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ ១៩ កម្រិត​ស្រាល​នេះ» ។

ជាមួយ​គ្នា​នេះ លោក ម៉ាណែត បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ដោយ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន នូវ​វិធាន​សុខាភិបាល (៣ កុំ ៣ ការពារ) និង​ការ​ទទួល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ ដែល​ជា​គន្លឹះ​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល និង​ឈាន​ដល់​ការ​បញ្ចប់​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា ឱ្យ​បាន​ឆាប់​រហ័ស។

«ហេតុ​ដូច្នេះ​សូម​បងប្អូន​ទាំង​អស់​រួបរួម​គ្នា តាម​ការ​អំពាវនាវ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ចូលរួម​កម្ចាត់​ជំងឺ​កូវីដ ១៩ ឲ្យ​អស់​ពី​ទឹក​ដី​ខ្មែរ​យើង»៕