កំពង់ឆ្នាំងៈ មេបញ្ជាការ​កងទ័ពជើងគោក​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រាប់​កងទ័ព​ឱ្យ​ប្រឆាំង​ដាច់ខាត​ចំពោះ​អ្នកនយោបាយ​ខ្មែរ​ណា ដែល​ញុះញង់​ធ្វើឱ្យ​ខ្មែរ​វាយ​ខ្មែរ និង​បំផ្លាញ​សុខសន្តិភាព ហើយ​ត្រូវ​ទប់ស្កាត់​បុគ្គល​ដែល​កៀរគរ​មនុស្ស ដើម្បី​បង្កឱ្យ​មាន​ចលាចល បាត់បង់​ស្ថិរភាព និង​វឹកវរ​ក្នុងសង្គម​។

ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ថ្នាក់​បញ្ជាការ សេនាធិការ​កាំភ្លើង​ធំ​ជំនាន់​ទី​ ១ និង​ថ្នាក់​មេបញ្ជាការ​កង​អនុសេនា​តូច​ និង​សេនា​ធំ កាំភ្លើង​ធំ​កងទ័ព​ជើងគោក​នៅ​ខេត្ត​កំពង់ឆ្នាំង​កាលពី​​ថ្ងៃទី​ ២៧ ខែ​តុលា​លោក​ ហ៊ុន ម៉ាណែត ដែល​ក៏​ជា​អគ្គមេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ​ផង​នោះ​បញ្ជាក់​ថា ភារកិច្ច​ស្នូល​របស់​កងទ័ព​គឺ​ការពារជាតិ ប្រជាជន ការពារ​សន្តិសុខ និង​ការរីកចម្រើន​។ កងទ័ព​ចូលរួម​ទប់ស្កាត់​បុគ្គល​ណា​ដែល​កៀរគរ​មនុស្ស​ក្នុង​គោលបំណង​ធ្វើឱ្យ​បាត់បង់​ស្ថិរភាព​ និង​សេចក្តីសុខ​របស់​ប្រជាជន​ជាង​ ១៦ ​លាន​នាក់ និង​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​។

លោក​ថ្លែងថា​៖ «​ត្រូវឱ្យ​ប្រជាជន​សប្បាយរីករាយ​នៅក្នុង​ថ្ងៃ​បុណ្យទាន​។ ដូច្នេះ​យើង​គ្មាន​ជម្រើស​ទេ រាជរដ្ឋាភិបាល​ត្រូវតែ​អនុវត្ត​ច្បាប់ ចំពោះ​អ្នកណា​ដែល​កៀរគរ​មនុស្ស ដើម្បី​ធ្វើឲ្យ​បាត់បង់​ស្ថិរភាព បំផ្លាញ​សន្តិសុខ​សង្គម និង​ដើម្បី​ប្លន់​អំណាច​ផ្តួលរំលំ​រដ្ឋាភិបាល​ដើម្បី​មហិច្ឆតា​នយោបាយ​ផ្ទាល់ខ្លួន​។ ដូច្នេះ​យើង​ត្រូវ​ថែរក្សា​សុខសន្តិភាព​ស្ថិរភាព ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​។ ត្រូវ​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ​។ នេះ​គឺជា​កិច្ចការ​ធំ យើង​ត្រូវធ្វើ និង​ជា​គោលដៅ​ធំ​របស់​កងកម្លាំង​ប្រដាប់អាវុធ​»​។

លោក​បន្តថា​កងកម្លាំង​ប្រដាប់អាវុធ​គឺជា​កងកម្លាំង​ថែរក្សា​សុខសន្តិភាព ហើយ​សុខសន្តិភាព​ដែល​កម្ពុជា​រកបាន​នៅ​ឆ្នាំ​ ១៩៩៨ ដោយ​នយោបាយ​ឈ្នះ ឈ្នះ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ បើ​គ្មាន​ការចូលរួម​ពី​កងកម្លាំង​ប្រដាប់អាវុធ​ខ្មែរក្រហម បើ​គាត់​មិន​ទម្លាក់​អាវុធ​ឈប់​ច្បាំង​នោះទេ​ប្រទេស​កម្ពុជា​ប្រហែល​នៅ​ច្បាំង​ដល់​សព្វថ្ងៃនេះ​។

លោក​ថ្លែងថា​៖ «​សូមឱ្យ​បងប្អូន​យល់ថា រឿង​សតិអារម្មណ៍​បន្តិចបន្តួច​មិន​ស្មើនឹង​ការបាត់បង់​ផលប្រយោជន៍​ធំ​របស់​ជាតិ​នោះទេ​។ ធម្មតា​បញ្ហា​ជីវភាព​រស់នៅ បញ្ហា​ការងារ​នៅ​កន្លែង​ការងារ​តែងតែ​មាន ប៉ុន្តែ​កុំឱ្យ​បាត់បង់​នូវ​ម្ចាស់ការ​។ ត្រូវ​យល់ដឹង​ថា​គោលការណ៍​របស់​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ណាស់ ចំពោះ​កងកម្លាំង​ប្រដាប់អាវុធ ការកសាង​កងទ័ព​ក៏ដូចជា​យកចិត្ត​ទុកដាក់​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​»​។

លោក​បន្ថែម​ថា​៖ «​ប្រជាពលរដ្ឋ​ចង់បាន​សេចក្តីសុខ​ចង់​បាន​សុខ​សប្បាយ​។ លុយ​ ១ ​លាន​ដុល្លារ ក៏​មិន​ស្មើនឹង​ការបាត់បង់ តម្លៃ​នៃ​សេចក្តីសុខ​ដែរ​។ យកលុយ​មក​មានន័យ​អ្វី បើ​ប្រទេស​យើង​ច្បាំង​គ្នា ភូមិ​ឃុំ​យើង​ច្បាំង​គ្នា កូនចៅ​ស្លាប់​ដោយសារ​គ្រាប់ផ្លោង​យក​មក​មានន័យ​អ្វី​ទៅ​។ កាលពី​ជំនាន់​ប៉ុលពត​នៅ​ពេល​ប្រទេស​មាន​សង្គ្រាម​យើង​ចាយ​លុយ​មិន​បានទេ​»​។

លោក​បន្តទៀត​ថា​៖ «​ដូច្នេះ​តើ​មាន​អ្វីដែល​បាត់​ស្មើនឹង​តម្លៃ​នៃ​ការបាត់បង់​ក្តី​សុខ​សម្រាប់ កូនចៅ​ប្រជាពលរដ្ឋ​។ ដូច្នេះ​ភារកិច្ច​កងទ័ព​ត្រូវ​ការពារជាតិ​ការពារ ទឹកដី​កុំ​ឲ្យ​ខ្មែរ​វាយ​ខ្មែរ​គ្នាឯង​។ ប្រមាណ​ជាង​ ៥០០ ​ឆ្នាំ​ហើយ ដែល​ខ្មែរ​វាយ​ខ្មែរ យើង​ត្រូវ​ថែរក្សា​ការពារ​ទឹកដី​របស់​យើង​ឱ្យបាន​គង់វង្ស​។ យើង​ត្រូវ​ប្រឆាំង​ដាច់ខាត​ចំពោះ​អ្នកនយោបាយ​ខ្មែរ​ណា​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​វាយ​ខ្មែរ​ដើម្បី​ធ្វើបាប​ខ្មែរ និង​បំផ្លាញ​សុខសន្តិភាព​»​។

លោក​ គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ចាត់ទុក​ប្រសាសន៍ និង​បទបញ្ជា​របស់​លោក​ ហ៊ុន ម៉ាណែត ថា​ជា​រឿង​ត្រឹមត្រូវ​។ លោក​ថ្លែងថា​៖ «​កងកម្លាំង​ប្រដាប់អាវុធ​គឺជា​ឧបករណ៍​របស់​រាជរដ្ឋាភិបាល​ក្នុង​ការការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​។ ជាពិសេស​គឺ​សុខសន្តិភាព​សម្រាប់​ជាតិ​ទាំងមូល​។ ដូច្នេះ​កម្លាំង​ប្រដាប់អាវុធ​មាន​កាតព្វកិច្ច​ក្នុងការ​ទប់ស្កាត់ ហើយ​បង្ក្រាប​អ្នកនយោបាយ​ណាមួយ​ដែល​បង្ក​អសន្តិសុខ និង​អស្ថិរភាព​នយោបាយ ឬ​ក៏​នាំ​ហានិភ័យ​ដល់​ប្រទេស​»​។

លោក​ អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ ស្វាគមន៍​ការលើកឡើង​របស់​លោក​ ហ៊ុន ម៉ាណែត ប៉ុន្តែ​លោក​ស្នើសុំ​រដ្ឋាភិបាល​មិន​ត្រូវ​ប្រើ​កងទ័ព​ក្នុង​ការទប់ស្កាត់​ចលនា​របស់​លោក​ សម រង្ស៊ី នោះទេ​ដោយសារ​តែ​ប្រទេស​កម្ពុជា​មិនទាន់​ធ្លាក់​ក្នុង​ស្ថានការណ៍​ប្រកាសអាសន្ន​នោះទេ​។

លោក​ថ្លែងថា​៖ «​តែ​យើង​មិនគួរ​ប្រើប្រាស់​កងទ័ព​នោះ​ទេ ប្រសិន​ស្ថានការណ៍​មិន​តម្រូវ​ឲ្យ​នោះ លុះត្រា​ណា​តែ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​»​។

លោក​ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​បាន​ណែនាំ​ដល់​កងកម្លាំង​នគរបាល​ខេត្ត​ប្រមាណ​ជាង​ ៧០០ ​នាក់​ក្នុង​ពិធី​ផ្សព្វផ្សាយ​សភាពការណ៍​ថ្មីៗ កាលពី​ថ្ងៃទី​ ២៧ ខែ​តុលា​ស្តីពី​ផែនការ​ការពារ​បុណ្យ​ឯករាជ្យ​ជាតិ បុណ្យអុំទូក​និង​ផែនការ ការពារ​ការវិលត្រឡប់​របស់​ក្រុម​លោក​ សម រង្ស៊ី ឱ្យ​ត្រៀមកម្លាំង​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។

លោក​បញ្ជាក់ថា​៖ «​អ្នកចូលរួម​គាំទ្រ និង​អ្នក​រង់ចាំ​ទទួល​ទណ្ឌិត សម រង្ស៊ី ត្រូវបាន​ច្បាប់​ចាត់ទុក​ជា​អំពើ​ខុសច្បាប់​។ ក្នុង​នាម​ជា​កងកម្លាំង​ប្រដាប់​អាវុធ ត្រូវ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​អ្នកចូលរួម អ្នកគាំទ្រ​ទាំងនោះ​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ធ្វើ​អី្វ​ខុស​ច្បាប់​នោះឡើយ​»​។

អ្នកវិភាគ​នយោបាយ​លោក ​ឡៅ ម៉ុងហៃ បាន​ថ្លែង​ថា​៖ «​សេចក្តី​ថ្លែងការណ៍​នៃ​មេបញ្ជាការ​កងទ័ព​របស់​យើង​នឹង​មាន​ទម្ងន់​ពេញលេញ ប្រសិន​បើ​ទង្វើ​ដែល​គាត់​ប្រឆាំង​ជា​បទឧក្រិដ្ឋ​នៅក្នុង​ច្បាប់​របស់​យើង​។ បើ​មិន​ដូច្នោះ​ទេ សេចក្តី​ថ្លែងការណ៍​គ្រាន់តែ​ជា​នយោបាយ​ចេញ​ដោយ​អ្នកដឹកនាំ​ម្នាក់​ក្នុង​ចំណោម​អ្នកដឹកនាំ​ផ្សេងៗ​នៃ​គណបក្ស​កាន់​អំណាច​»៕