ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត ដែលជា​កូនប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បបួល​លោក សម រង្ស៊ី ភ្នាល់​ដោយ​ដាក់​លក្ខខណ្ឌ​ថា បើ​លោក​ចាញ់​លោក​នឹង​លាលែង​តួនាទី​ទាំងអស់​នៅក្នុង​កងកម្លាំង​ប្រដាប់អាវុធ ហើយ​ធ្វើ​ជា​ប្រជាជន​ស៊ីវិល​ជា​រៀងរហូត ចំណែក​លោក សម រង្ស៊ី ត្រូវ​លាឈប់​ពី​នយោបាយ​ជា​រៀងរហូត​។

ការប្រកាស​ភ្នាល់​ជា​សាធារណ:​របស់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​អគ្គមេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ ជាមួយ​នឹង​លោក​ សម រង្ស៊ី ​ធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៊ី បាន​និយាយ​ជា​សាធារណៈ​ទៅកាន់​អ្នកគាំទ្រ​របស់​គាត់​នៅ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​ ២៨ ខែ​កញ្ញា ឆ្នាំ​ ២០១៩ ​ថា សញ្ញាបត្រ​របស់​លោក ហ៊ុន ម៉ាណែត ​ដែល​ទទួលបាន​ពី​សាលា​បណ្ឌិត្យសភា​យោធា​សហរដ្ឋអាមេរិក West Point ជា​សញ្ញាបត្រ​ក្លែងក្លាយ​ជា​សញ្ញាបត្រ​ការទូត​សម្រាប់​ផ្តល់​ឲ្យ​និស្សិត​យោធា​បរទេស​ដើម្បី​ជា​ការលើក​ទឹកចិត្ត​តែប៉ុណ្ណោះ​។

លោក​ សម រង្ស៊ី បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​របស់​ខ្លួន​ដូច្នេះ​ថា​៖ «​សញ្ញាបត្រ​ទី​ ២ ​គឺ​គេ​ធ្វើ​សម្រាប់​ជនជាតិ​បរទេស គេ​ឲ្យ​តែ​ជនជាតិ​បរទេស​ទេ ពេល​ចូលរៀន​ធូរ​មិនបាច់​រៀន​អី​ក៏​បានដែរ (​ពេល​) ចេញ​ប្រឡង​លេងៗ ហើយ​គេ​ឲ្យ​សញ្ញាបត្រ​ដូច​គ្នា​អ៊ីចឹង​គឺ​ឈ្មោះ West Point ​ដូចគ្នា​អ៊ីចឹង ប៉ុន្តែ​គេ​អត់​ទទួលស្គាល់​នៅ​ស្រុក​គេ​ទេ​»​។

លោក​បាន​បន្ថែម​ថា​៖ «​ចង់​ធ្វើ​មេទ័ព​នៅ​អាមេរិក​ស្អី​ឲ្យ​មក​បំពេញ​តួនាទី​ដូច​ជនជាតិ​ស្បែក​ស​ដែល​គេ​ទទួល​បាន​សញ្ញាបត្រ​ដែរ​គឺ​គេ​មិន​ឲ្យ​ទេ​។ គេ​ថា​អ្នកឯង​យក​ទៅ​ស្រុក​អ្នកឯង​យក​ទៅ​បង្អួត​ទៅ សញ្ញាបត្រ​ប្រភេទ​ទី​ ២ អាហ្នឹង​គឺជា​កិច្ចការទូត កិច្ចទំនាក់ទំនង​នយោបាយ គេ​ចង់​មាន​ទំនាក់ទំនង​ល្អ គេ​ឲ្យ​ទៅ​កូន​នាយករដ្ឋមន្ត្រី​ទៅ​កូន​ប្រធានាធិបតី​ឲ្យ​យក​សញ្ញាបត្រ​ក្លែងក្លាយ​ប្រភេទ​ទី​ ២ ទៅ​បង្អួត​នៅ​ស្រុក​ខ្លួន​ទៅ​»​។

ជា​ការឆ្លើយតប​លោក ហ៊ុន ម៉ាណែត ​បាន​ចោទសួរ​ទៅកាន់​លោក សម រង្ស៊ី ថា តើ​លោក សម រង្ស៊ី ហ៊ាន​ភ្នាល់​គ្នា​ជាមួយ​រូបលោក​ទេ​ថា សញ្ញាបត្រ​ពី​សាលា West Point របស់​លោក​ក្លែងក្លាយ ហើយ​ថា​បើ​លោក​ចាញ់​លោក សម រង្ស៊ី ​ក្នុង​ការភ្នាល់​នេះ លោក​នឹង​លាលែង​ពី​តំណែង​ទាំងអស់​ធ្វើ​ជា​ជនស៊ីវិល​ជា​រៀងរហូត តែ​បើ​លោក សម រង្ស៊ី ចាញ់​វិញ​លោក សម រង្ស៊ី ​ត្រូវ​លាចាក​ពី​ពិភព​នយោបាយ​។

លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​តាមរយ:​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ចន្ទ​នេះ​ថា​៖ «​តើ​លោក សម រង្ស៊ី ហ៊ាន​ភ្នាល់​គ្នា​ជាមួយ​ខ្ញុំ ដើម្បី​ការពារ​សម្តី​របស់​លោក​ទេ​? ការភ្នាល់​គ្នា​ជា​សាធារណៈ​ជា​រឿង​មួយ​ដែល​ខ្ញុំ​មិនសូវ​ដែល​ចង់​ធ្វើ​ទេ ប៉ុន្តែ​ពេល​ខ្លះ​គ្មាន​ជម្រើស​ផ្សេង​ក្នុង​ការការពារ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់ខ្ញុំ ដើម្បី​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ដោយ​គ្មាន​ហេតុផល​ពី​សំណាក់​បុគ្គល​មួយចំនួន​»​។

លោក​បាន​ថ្លែងថា បើ​សិន​ជា​សាលា​បណ្ឌិត្យសភា​យោធា​សហរដ្ឋអាមេរិក West Point មាន​ការផ្ដល់​សញ្ញាបត្រ​ ២ ​ប្រភេទ​ដូច​លោក​ សម រង្ស៊ី ​បាន​លើក​នោះ​ជាពិសេស​គឺ​សញ្ញាបត្រ​ប្រភេទ​ ២ ដែលជា​សញ្ញាបត្រ​ក្លែងក្លាយ​ ឬ​ការទូត​ដែល​សាលា West Point ផ្តល់​ឲ្យ​និស្សិត​យោធា​បរទេស​នោះ ហើយ​បើ​ការបណ្ដុះបណ្ដាល​នៅ​សាលា West Point ពិត​ជា​មាន​ការបែងចែក​ស្តង់ដា​ខុស​គ្នា​រវាង​និស្សិត​យោធា​បរទេស និង អាមេរិក​មែន​នោ​៖ «​ខ្ញុំ​នឹង​លាលែង​តួនាទី​ទាំងអស់​របស់​ខ្ញុំ​ក្នុង​កងកម្លាំង​ប្រដាប់អាវុធ​ហើយ​ធ្វើ​ជា​ប្រជាជន​ស៊ីវិល​ជា​រៀងរហូត​»​។

លោក​បាន​បន្ថែមថា ប៉ុន្តែ​បើ​លោក​ សម រង្ស៊ី ​មិន​អាច​បង្ហាញថា​សាលា West Point មាន​សញ្ញាបត្រ ២ ​ប្រភេទ​ដែល​មាន​តម្លៃ​ខុសគ្នា ដោយ​មួយ​ប្រភេទ​មាន​តម្លៃ​ពិតប្រាកដ​សម្រាប់​ផ្ដល់​ដល់​និស្សិត​យោធា​អាមេរិក និង​មួយ​ប្រភេទ​ទៀត​ដែល​ជា​សញ្ញាបត្រ​ក្លែងក្លាយ​ ឬ​សញ្ញាបត្រ​ការទូត​សម្រាប់​ផ្តល់​ដល់​និស្សិត​នាយទាហាន​បរទេស ហើយ​ការអប់រំ​បណ្ដុះបណ្ដាល​និស្សិត​យោធា​បរទេស និង​និស្សិត​យោធា​អាមេរិក​មាន​ស្តង់ដា​ខុសគ្នា​នៅ West Point នោះ​ «​ខ្ញុំ​សូម​ឲ្យ​លោក​ សម រង្ស៊ី លាឈប់​ពី​នយោបាយ​ជា​រៀងរហូត​»​។

លោក​បាន​បន្ថែម​ថា​លោក​ សម រង្ស៊ី ដែល​បាន​តាំងខ្លួន​ជា​អ្នកនយោបាយ​ជើងចាស់ និង​ជា​អ្នកចេះដឹង​ខ្ពស់​មាន​សញ្ញាបត្រ​ពី​ប្រទេស​បារាំង ប្រាកដ​ជា​មិន​ខ្លាច​នឹង​ការ​ភ្នាល់​គ្នា​ទេ​ដើម្បី​ការពារ​នូវ​អ្វីដែល​គាត់​ហ៊ាន​និយាយ​ជា​សាធារណៈ ព្រោះ​លោក សម រង្ស៊ី ពិតជា​ចង់​រក្សា​តម្លៃ​របស់​គាត់​ដើម្បី​ជា​គំរូ​ដល់​អ្នកគាំទ្រ​គាត់ ជាពិសេស​យុវជន​ជំនាន់​ក្រោយ​។

លោក​បាន​ថ្លែង​ថា​៖ «​ប៉ុន្តែ​បើសិន​ជា​លោក​ សម រង្ស៊ី​មិន​ហ៊ាន​ភ្នាល់​ ឬ​មិនអាច​បង្ហាញ​នូវ​ភ័ស្តុតាង​ដើម្បី​ការពារ​នូវ​អ្វី​ដែល​គាត់​បាន​និយាយ​នោះ​ទេ គាត់​នឹង​បង្ហាញថា​គាត់​ជា​អ្នក​នយោបាយ​ម្នាក់​ដែល​ចាស់​តែ​អាយុ​ចំណេះដឹង​ខ្ពស់​តែ​នៅលើ​ក្រដាស​សញ្ញាបត្រ និង​គ្មាន​ការទទួល​ខុសត្រូវ និង​គ្មាន​ភាព​ជា​គំរូ​ដល់​យុវជន​ជំនាន់ ក្រោយ​ឡើយ​។ ខ្ញុំ​ហ៊ាន​និយាយ ខ្ញុំ​ហ៊ាន​ធ្វើ និង​ហ៊ាន​ទទួល​ខុសត្រូវ​ជាមួយ​នឹង​សម្តី​របស់​ខ្ញុំ​ដែល​បាន​និយាយ​»​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់ទុក​ថា​ការចោទប្រកាន់​របស់​លោក សម រង្ស៊ី ​ទៅ​លើ​លោក ហ៊ុន ម៉ាណែត ​ថា ការវាយប្រហារ​ដែល​ធ្វើឲ្យ​ខាតបង់​ផលប្រយោជន៍​ប្រជាជន និង​អ្នកគាំទ្រ ហើយ​លោក សម រង្ស៊ី គួរ​ឈប់​យក​រឿង​បុគ្គល​យក​មក​វាយប្រហារ​បែបនេះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មើល​ទៅ​មិនគួរ​យក​រឿង​បុគ្គល រឿង​ផ្ទាល់ខ្លួន​មក​វាយប្រហារ​គ្នា វា​មិន​មាន​ប្រយោជន៍​»​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែងថា លោក ហ៊ុន ម៉ាណែត មិន​គួរ​ធ្វើការ​ឆ្លើយតប និង​ភ្នាល់​ជាមួយ​លោក​ សម រង្ស៊ី ​នោះ​ទេ​ដោយសារ​តែ​លោក សម រង្ស៊ី ​ជា​មនុស្ស​តែងតែ​ចូលចិត្ត​វាយប្រហារ​ដោយ​គ្មាន​ហេតុផល​ដើម្បី​ទទួល​បាន​ការឆ្លើយឆ្លង​។

លោក​បាន​បញ្ជាក់ថា​៖ «​មិនគួរ​ឆ្លើយតប​ជាមួយ​នឹង​ សម រង្ស៊ី​ ទេ ពីព្រោះ​គាត់​មិនមាន​អ្វី​និយាយ​គាត់​ចេះ​តែ​ថា​ទៅ ដើម្បី​ឲ្យ​យើង​ច្រឡោត​ដើម្បី​ប្រតិកម្ម​ត​វិញ​ដើម្បី​ជា​អាយ៉ៃ​ឆ្លើយឆ្លង បើ​យើង​មិន​ឆ្លើយតប វា​អត់​ទៅ​ហើយ​។ សម័យ​ទំនើប​សញ្ញាបត្រ​ពិតប្រាកដ​ ឬ​មិន​ពិតប្រាកដ​យក​តែ​អាយឌី​ចុច​ទៅ​ឃើញ​ភ្លាម​។ (​សម រង្ស៊ី​) គឺ​មនុស្ស​ឯកការ​ចេះ​តែ​ច្រៀង​ទៅ​»​។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ​នយោបាយ​បាន​ថ្លែងថា សញ្ញាបត្រ​របស់​សហរដ្ឋអាមេរិក​គឺមាន​ស្តង់ដា​អប់រំ​ខ្ពស់​ហើយ​ប្រសិន​បើ​សញ្ញាបត្រ នោះ​ជា​សញ្ញាបត្រ​កិត្តិយស​នោះ គេ​នឹង​បញ្ជាក់​នៅ​លើ​សញ្ញាបត្រ​នោះ​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​ការផ្តល់​សញ្ញបត្រ​ក្លែងក្លាយ​ ឬ​កិត្តិយស​គេ​នឹង​មាន​ការបញ្ជាក់​ច្បាស់លាស់​»​។

លោក ហ៊ុន សែន ​បាន​សរសេរ​បង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់​លោក​ថា​៖ «​សូម​ស្តាប់​កូនប្រុស​ខ្ញុំ​និយាយ​ទាក់ទង​ជាមួយ​ការមួលបង្កាច់​របស់​ជន​ក្បត់ជាតិ​។ ​ដល់​វេន​កូន​ចេញ​វាយ​បង្ក្រាប ចោរ​ក្បត់ជាតិ​នេះ​ហើយ​ព្រោះ គេ​ជា​អ្នកចេញ​វាយ​កូន​មុន​»​។

លោក សម រង្ស៊ី ​មិន​អាច​ទាក់ទង​បានទេ​។ លោក ចាន់ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​ និងលោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​៕

វីដេអូ៖