ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​បាន​ផ្តល់​រថយន្ត​ចំនួន​ ៧៥ ​គ្រឿង​ ដែល​ជា​ជំនួយ​ឥតសំណង​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ទៅ​ឱ្យ​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​បែងចែក​ទៅ​បណ្តា​អង្គភាព​ចំណុះ​ចំនួន​ ៣២ អង្គភាព​។

ពិធី​ប្រគល់​ និង​ទទួល​ធ្វើឡើង​នៅ​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​នា​ព្រឹក​ម្សិលមិញ ដោយ​លោក ហ៊ុន ម៉ាណែត បាន​ប្រគល់​ជូន​លោក​ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​កងពលតូច​លេខ​ ៧០​។ ក្នុងនោះ​កងពលតូច​លេខ​ ៧០ ​បាន​ទទួល​រថយន្ត​បញ្ជាការ​ (​ហ្ស៊ីប​) ​ចំនួន ​២៥ ​គ្រឿង​។

លោក ឈុំ សុជាត រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​ឱ្យ​ដឹងថា រថយន្ត​ទាំង​ ៧៥ ​គ្រឿង​នោះ​ មាន​រថយន្ត​បញ្ជាការ​ចំនួន​ ៥៥ ​គ្រឿង និង​រថយន្ត​ប្រភេទ​ប្រតិបត្តិការ​ចំនួន​ ២០ ​គ្រឿង​។ ការប្រគល់​រថយន្ត​ចំនួន ៧៥ ​គ្រឿង ​ដល់​អង្គភាព​ចំណុះ​ចំនួន​ ៣២ ​អង្គភាព​នេះ ​គឺ​សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​ហ្វឹកហ្វឺន និង​ប្រតិបត្តិការ​របស់​អង្គភាព​រៀងៗ​ខ្លួន​។

លោក ហ៊ុន ម៉ាណែត នៅក្នុង​ពិធី​ប្រគល់​រថយន្ត​ពី​ម្សិលមិញ​។ រូបថត Hun Manet Page

លោក​ សុជាតិ បាន​បញ្ជាក់ថា រថយន្ត​ទាំងអស់​ខាងលើ​នេះ​គឺជា​ជំនួយ​ឥតសំណង​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​ការពារជាតិ​នៃ​ប្រទេស​ទាំង​ ២ ​កម្ពុជា-ចិន ជូន​ដល់​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព​ក្នុង​វិស័យ​ការពារជាតិ​កម្ពុជា​។

បើ​តាម​លោក សុជាតិ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី-ពហុភាគី​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​សកលលោក កម្ពុជា​តែងតែ​ទទួល​បាន​នូវ​ជំនួយ​ឧបត្ថម្ភ​ជាច្រើន​ទាំង​ស្មារតី សម្ភារ និង​ថវិកា​ពី​បណ្តា​ប្រទេស​ជា​ដៃគូ ហើយ​ក្នុងនោះ​ក៏​មាន​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផង​ដែរ ដែល​ជា​ប្រទេស​ផ្តល់ជំនួយ​ដ៏ធំ​មួយ​សម្រាប់​កម្ពុជា​។

លោក សុជាតិ បាន​ថ្លែងថា​៖ «​ជាក់ស្តែង​ជំនួយ​កិច្ចសហប្រតិបត្តិការ​យោធា​ចិន​ជូន​ដល់​កងទ័ព​ជើងគោក​នៃ​កង​យោធពល​ខេមរភូមិន្ទ​នាពេល​នេះ​គឺ​ពិតជា​បានបង្ហាញ​នូវ​ចំណងមិត្តភាព ទំនាក់ទំនង​ល្អ និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ ២ កម្ពុជា-ចិន​»​។

លោក​ ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការទទួល​អំណោយ​ពី​ប្រទេស​មហាអំណាច ជាពិសេស​អំណោយ​យោធា កម្ពុជា​ត្រូវតែ​មាន​ភាពវៃឆ្លាត​ក្នុង​ការទទួល​។ បើ​មាន​បច្ចេកទេស និង​សមត្ថភាព​ក្នុង​ការទទួល​បាន​ច្រើន​ពី​ប្រទេស​ធំៗ ប្រទេស​មហាអំណាច​នោះ​រឹតតែ​ជួយ​ឱ្យ​កម្ពុជា​អាច​ពង្រឹង​ខ្លួន​លើ​វិស័យ​យោធា​នេះ​បាន​កាន់តែ​ប្រសើរ​ថែម​ទៀត​។

ប៉ុន្តែ​លោក​ ចន្ទរឿន ​បញ្ជាក់​ថា​៖ «​ប្រសិនបើ​យើង​ទទួល​អំណោយ​តែ​ពី​ប្រទេស​មហាអំណាច​ណាមួយ ហើយ​ទាត់ចោល​អំណោយ ឬ​ក៏​ជំនួយ​ពី​ប្រទេស​មហាអំណាច​ផ្សេងទៀត នោះ​នឹង​បង្ក​ឱ្យ​មាន​ការអាក់អន់​ស្រពន់ចិត្ត ជាពិសេស​គឺ​គេ​អាច​មើលឃើញ​កម្ពុជា​យើង​ហ្នឹង​មាន​ទំនោរ​ ឬ​ក៏​លម្អៀង​ទៅកាន់​មហាអំណាច​ណាមួយ​ដែល​ប្រាសចាក​ពី​គោលការណ៍​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា ដែល​កាន់​គោលការណ៍​អព្យាក្រឹត​»៕