ភ្នំពេញៈ អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​កងទ័ពជើងគោក​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កាលពី​ម្សិលមិញ​​បាន​អំពាវនាវ​ដល់​បេក្ខជន​ដែល​ចូលរួម​ប្រឡង​ជ្រើសរើស​នាយទាហាន​កុំ​ឲ្យ​ចាញ់បោក​អ្នករត់​ការ​ឲ្យ​ជាប់ និង​កុំ​ឲ្យ​មាន​សុំ​ការអន្តរាគមន៍​ស្រប​ពេលដែល​ការប្រឡង​កំពុង​ដំណើរការ​ជាមួយ​​បេក្ខជន​ចំនួន ៨ ០០០ ​នាក់​។

បើតាម​សេចក្ដី​ជូនដំណឹង​របស់​គណៈកម្មការ​រៀបចំ​ការប្រឡង​គឺ​ពិធី​នេះ​ត្រូវ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ២២ ​ដល់​ថ្ងៃទី​ ២៦ ខែ ធ្នូ ឆ្នាំ​ ២០១៩ ដោយ​ធ្វើ​នៅ​តាម​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​យោធភូមិភាគ រួមមាន​យោធភូមិភាគ​ទី​ ១ ទី ​២ ទី​ ៣ ទី​ ៤ និង​ទី​ ៥​។ វិញ្ញាសា​ប្រឡង​ផ្ដោតលើ​ចំណេះដឹង​ទូទៅ ភាសាបរទេស និង​វិញ្ញាសា​កីឡា កាយសម្បទា ដើម្បី​ជ្រើសរើស​វគ្គ​នាយទាហាន​សកម្ម វគ្គ​នាយទាហាន​ជើងគោក វគ្គ​នាយទាហាន​បន្តវេន និង​វគ្គ​នាយទាហាន​ជំនាញ​បច្ចេកទេស​ជាដើម​។

ខណៈ​ដែល​លោក​ក៏​ជា​ប្រធាន​អនុគណៈកម្មការ​ប្រឡង​ផង​នោះ​លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​នៅ​ចំពោះមុខ​បេក្ខជន​ដែល​បាន​ចូលរួម​ប្រឡង​ប្រមាណ​ជិត​ ៤០០ ​នាក់​ថា ការប្រឡង​ជ្រើសរើស​នាយទាហាន​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ត្រឹមត្រូវ មាន​តម្លាភាព និង​យុត្តិធម៌​ហើយ​ថា អ្នក​ដែល​បាន​ជោគជ័យ​​នឹងត្រូវ​បាន​ជ្រើសរើស​យក​ធ្វើ​ជា​ទាហាន គឺ​ដោយសារ​តែ​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ​។

លោក​បញ្ជាក់ថា​៖ «​ការប្រឡង​ត្រូវ​ប្រឹង​គ្រប់​មុខជំនាញ​ទាំងអស់​ដែល​យើង​មាន​ ៣ ​វិញ្ញាសា ដូច្នេះ​មិនត្រូវ​អវត្តមាន​វិញ្ញាសា​ណាមួយ​នោះទេ​។ បើ​ប្អូន​អវត្តមាន​ ១ ​វិញ្ញាសា ប្អូន​នឹង​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ដូច្នេះ​ប្អូន​ត្រូវខិតខំ​ប្រឡង​។

បើ​បារម្ភ​ថា ធ្វើ​មិន​បាន​ល្អ​ចំណេះដឹង​ទូទៅ​ត្រូវ​ប្រឹង​ភាសា​អង់គ្លេស និង​កីឡា​ពីព្រោះ​ពិន្ទុ​យើង​បូក​បញ្ចូល​គ្នា​។ ​យើង​ត្រូវ​ប្រឹង​គ្រប់មុខ​។ ៨ ០០០ ​នាក់ ​យើង​យក​ ៦​២០ កុំអាល​ទន់ជើង​ប្អូន ដាក់ចិត្ត​ថា​ខ្លួនឯង​អាច​ធ្វើ​បាន​»​។

លោក​បានបញ្ជាក់​បន្ថែម​ថា​៖ «​គណៈកម្ម​ការប្រឡង​គឺ​ធ្វើ​ម៉េច​ប្រឡង​នេះ​ត្រឹមត្រូវ និង​តម្លាភាព និង​យុត្តិធម៌​។ ប្អូន​ចេះ​ប្អូន​ជាប់ អ្នក​ជាប់​ដោយ​សមត្ថភាព​ខ្លួនឯង បើ​អត់​ទាន់​ជាប់​ក៏​អស់​ចិត្ត​ដែរ​ពី​​ព្រោះ​ធ្វើ​ត្រឹមត្រូវ​។ ទី​២ កុំ​បាច់​ទៅ​រក​ពីណា​អន្តរាគមន៍​ស្អី​ទេ ពឹង​ឪពុកម្តាយ អ៊ំ​ដែល​នៅ​ទាហាន​ជួយ​អន្តរាគមន៍​ឲ្យ​ជាប់ អត់​ទេ ហើយ​កុំ​ពឹង​អ្នក​ស៊ី​ឡាក​ដោយសារ​អាច​មាន​ដែល​ថា​នឹង​ជួយ​ឲ្យ​ជាប់​ដោយសារ​តែ​ថ្ងៃមុន អាប្អូន​នៅ​តាកែវ​មក​រអ៊ូ​ប្រាប់​បង មាន​គេ​សន្យា តែ​ខ្ញុំ​អត់​ជាប់​។ កុំ​ធ្វើ​បែប​ហ្នឹង​...»​។

ជាមួយ​គ្នា​នេះ​ដែរ​លោក​ឧត្តមសេនីយ៍ ប៊ុត សុភាព នាយក​សាលា​នាយទាហាន​សកម្ម និង​ជា​អនុប្រធាន​ប្រចាំការ​នៃ​អនុគណៈកម្មការ​ប្រឡង និង​ជា​ប្រធាន​មណ្ឌល​ប្រឡង​នៅ​ភ្នំពេញ​បាន​ថ្លែងថា ប្រាប់​អ្នកសារព័ត៌មាន​ថា​អ្វីដែល​គណៈកម្មការ​បាន​និង​កំពុង​ធ្វើ​នេះ​គឺ​មាន​ភាព​សុក្រឹត ច្បាស់លាស់ ត្រឹមត្រូវ​បំផុត​។ កន្លងមក​មាន​ពាក្យ​ចចាមអារ៉ាម​ថា ការប្រឡង​ចូល​កង​យោពល​ខេមរភូមិន្ទ នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​មាន​ការសូកប៉ាន់​ថវិកា តែ​ពេល​គណៈកម្មការ​ធ្វើការ​ស៊ើបអង្កេត​គឺ​ពុំមាន​ការកើតឡើង​គ្មាន​ទាល់តែសោះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​អ្នក​ថា គឺ​ចេះតែ​ថា​ទេ តែ​យើង​អនុវត្ត​ប្រកាន់ខ្ជាប់​គោលការណ៍ និង​ការរៀបចំ​ឯកសារ ​ការចាត់តាំង និង​ការទទួល​ខុសត្រូវ​តាម​ជំនាញ​។ ​មណ្ឌល​ប្រឡង​នីមួយៗ​ត្រូវ​បាន​រឹតបន្តឹង​ដោយ​មាន​កម្លាំង​កងរាជអាវុធហត្ថ ប៉ូលិស​ក្រុងភ្នំពេញ​ត្រួតពិនិត្យ និង​ឆែកឆេរ​ត្រួតពិនិត្យ​ជុំវិញ​មណ្ឌល​ប្រឡង និង​ជុំវិញ​អគារ​ប្រឡង​»​។

លោក​បាន​បន្ថែមថា​៖ «​យើង​មាន​គោលបំណង​ឲ្យ​បេក្ខជន​របស់​យើង​​គឺ​អ្នកចេះ​គឺជាប់​។ ​បេក្ខជន​ទាំងអស់​ត្រូវខិតខំ​ប្រឹង​ប្រែង​ធ្វើ​វិញ្ញាសា​ទៅតាម​សមត្ថភាព​របស់​ខ្លួន​...​។ យើង​នឹង​ប្រឹងប្រែង​ធ្វើឲ្យ​អស់​លទ្ធភាព​របស់​យើង​ហើយ​ការអនុវត្ត​របស់​យើង​នាពេល​កន្លងមក​ទទួល​បាន​លទ្ធផល​ល្អ​ណាស់​»​។

បើតាម​លោក​ឧត្តមសេនីយ៍ ប៊ុត ​សុភាព ចំនួន​បេក្ខជន​ប្រឡង​ទាំងនោះ​រួមមាន​មណ្ឌល​ភ្នំពេញ​ចំនួន​ ៣៤៦ ​នាក់ មណ្ឌល​ភូមិភាគ​ទី​ ១ ​ខេត្តស្ទឹងត្រែង​ចំនួន​ ៥៥ ​នាក់ មណ្ឌល​ភូមិភាគ​ទី​ ២ ខេត្ត​កំពង់ចាម​ចំនួន ​៨៤ ​នាក់ មណ្ឌល​ភូមិភាគ​ទី​ ៣ ខេត្តតាកែវ​ចំនួន ៨១ ​នាក់ មណ្ឌល​ភូមិភាគ​ទី​ ៤ ខេត្ត​សៀមរាប​ចំនួន​ ១៦៥ ​នាក់ និង​មណ្ឌល​ភូមិភាគ​ទី​ ៥ ខេត្តបាត់ដំបង​ចំនួន ​១២៧ ​នាក់​។ រីឯ​គណៈកម្មការ​រៀបចំ​ការប្រឡង​មាន​ចំនួន ១០៨ ​នាក់​៕

វីដេអូ៖