ភ្នំពេញៈ លោក ហ៊ុន ម៉ានិត ដែល​កំពុង​កាន់​តំណែង​ខ្ពស់​នៅក្នុង​ក្រសួង​ការពារជាតិ​ត្រូវ​បាន​ផ្ដល់​ឋានៈ​បន្ថែម​ទៀត​ស្មើ​រដ្ឋមន្ត្រី និង​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល និង​ទីប្រឹក្សា​អម​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល សកម្មភាព​កំចាត់មីន​កម្ពុជា​។ យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​កាលពី​ម្សិលមិញ​។

លោក​ ហ៊ុន ម៉ានិត ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាសភាព​ក្រុមប្រឹក្សាភិបាល និង​ទីប្រឹក្សា​អម​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ ១៤ ​រូប​ដែល​ត្រូវ​ត្រាស់បង្គាប់​តែងតាំង និង​ផ្ដល់​ឋានៈ​ដែល​ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡាយ​ព្រះហស្តលេខា​កាលពី​ទី​ ២ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨​។

លោក ហ៊ុន ម៉ានិត អាយុ ៣៧ ​ឆ្នាំ​កំពុង​កាន់​តួនាទី​ជា​អនុប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ក្រសួង​ការពារជាតិ​។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​លោក មាស នី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម បាន​អះអាង​កាលពី​ម្សិលមិញ​ដោយ​មិន​មាន​ការភ្ញាក់ផ្អើល​នៃ​ការតែងតាំង​នោះ​ទេ ព្រោះ​តែ​ប្រទេស​កម្ពុជា​មាន​វប្បធម៌​នៃ​ការតែងតាំង​គ្រួសារ​ និង​សែស្រឡាយ​ដែល​ជា​យុទ្ធសាស្ត្រ ដើម្បី​បន្ត​គ្រប់គ្រង​អំណាច​។

លោក នី បាន​ថ្លែង​ថា​៖ «​យើង​មើល​ឃើញ​វា​ជា​ទំនោរ​តាំងពី​ដើម​មក​ដែល​បាន​និង​កំពុង​តែ​ដើរ​ទៅ​កាន់​ប្រមូល​អំណាច​នៃ​គ្រួសារ​មួយ​ឈាន​ទៅ​កាន់កាប់​ប្រទេស​ទាំង​មូល ហើយ​ការរៀបចំ​តែងតាំង​នេះ​មិន​ខុស​ពី​ប្រទេស​ដទៃ​ដែល​ឈាន​ទៅ​រៀបចំ​ខ្លួន​ដើម្បី​កាន់កាប់​អំណាច​តកូន​តចៅ​»​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ការពារ​ការ​តែងតាំង​ដោយ​អះអាង​ថា វា​ជា​តម្រូវការ​របស់​ស្ថាប័ន​ហើយ​ការតែងតាំង​នេះ​ដើម្បី​ជួយ​ជំរុញ​ប្រសិទ្ធភាព​ក្នុង​ការងារ វា​មិន​ទាក់ទង​នឹង​បក្ខពួក និង​គ្រួសារនិយម​នោះ​ទេ​។

លោក​ថ្លែង​​ថា​៖ «​ការតែងតាំង​គឺ​ឆ្លើយតប​នឹង​សមត្ថភាព​របស់​ឯកឧត្តម និង​ទី​ ២ ​វា​ជា​តម្រូវការ​របស់​ក្រសួង និង​ស្ថាប័ន​នានា​សម្រាប់​ជួយ​ជំរុញ​ដំណើរការ​នៃ​ប្រសិទ្ធភាព​ការងារ​ខ្ញុំ​មើល​មិន​ឃើញ​រឿង​នេះ​ថា ជា​រឿង​បក្ខពួកនិយម ឬ​គ្រួសារនិយម​នោះ​ទេ​»៕