ភ្នំពេញៈ សមាជិកសភា លោក ហ៊ុន ម៉ានី ដែលជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាដឹកនាំគណៈប្រតិភូសមាជិករដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំទេ្វភាគីជាមួយសមាជិកសភាតំណាងប្រជាជនចិនទូទាំងប្រទេស ពាក់ព័ន្ធនឹងប្រធានបទ ៣ សំខាន់ៗ តាមរយៈប្រព័ន្ធប្រជុំ Zoom នៅថ្ងៃទី ២៤ ឧសភា។
ការដឹកនាំគណៈប្រតិភូសមាជិករដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំនេះ បន្ទាប់ពីទទួលបានចំណារអនុញ្ញាតពីលោក ហេង សំរិន ប្រធានរដ្ឋសភា។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់គណៈកម្មការទី ៧ ដែលបានផ្សព្វផ្សាយកាលពីថ្មីៗនេះអំពីដំណើរការរៀបចំត្រៀមឈានឆ្ពោះទៅកាន់កិច្ចប្រជុំ។
បើតាមទំព័រហ្វេសប៊ុកគណៈកម្មការទី៧ កិច្ចប្រជុំនេះ ពិភាក្សាអំពីប្រធានបទចំនួន ៣ សំខាន់ៗ ដោយប្រធានបទទី១ ស្តីពីការលើកកម្ពស់សន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច ការរក្សាពហុភាគីនិយម និងការកសាងវិបុលភាពសម្រាប់មនុស្សជាតិ តាមរយៈការបន្តគាំទ្រគ្នា និងសហការគ្នាលើគ្រប់ទិដ្ឋភាព ក្នុងដំណាក់កាល និងក្រោយពីការរីករាលដាលនៃជំងឺកូវីដ ១៩។
ចំណែកប្រធានបទទី២ គណៈកម្មការនេះបានបញ្ជាក់ថា៖ «នឹងជជែកពីការកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ចសង្គមដោយជំងឺកូវីដ ១៩ និងការលើកកម្ពស់នូវភាពធន់ ក្រោយការរាតត្បាតជាសកលនៃជំងឺនេះ បទពិសោធ និងទស្សនាទាន។ ប្រធានបទទី ៣ ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភាចិន-កម្ពុជា ជាពិសេសទំនាក់ទំនងនៃសមាជិកសភាវ័យក្មេងនៃប្រទេសទាំង ២ ឆ្ពោះទៅកាន់ការពង្រឹងនីតិរដ្ឋ»។
ទំព័រហ្វេសប៊ុករបស់រដ្ឋសភាកម្ពុជាឱ្យដឹងថា កិច្ចប្រជុំទ្វេភាគីរវាងសមាជិកសភាវ័យក្មេងកម្ពុជា-ចិនតាមប្រព័ន្ធវីដេអូនេះ ប្រព្រឹត្តទៅក្នុងគោលដៅបន្តស្មារតីនៃលទ្ធផលកិច្ចប្រជុំទ្វេភាគីរវាងលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោក លី ចាន់ស៊ូ ប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេសកាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃចន្ទថា តាមរយៈកិច្ចប្រជុំទ្វេភាគីរវាងថ្នាក់ដឹកនាំសភានៃប្រទេសទាំង ២ ក៏ដូចជាកិច្ចប្រជុំទ្វេភាគីរវាងសមាជិកសភាវ័យក្មេងកម្ពុជា-ចិននេះ គឺជាការសបញ្ជាក់ពីការបន្តរក្សាចំណងមិត្តភាពដ៏រឹងមាំកម្ពុជា-ចិន ទាំងផ្នែកនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ជាពិសេសក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង ២។
ជាមួយគ្នានេះ លោកបន្តថា កិច្ចប្រជុំនេះក៏បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់របស់សមាជិកនៃរដ្ឋសភាកម្ពុជា។ បើទោះស្ថិតក្នុងស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ ១៩ ក៏នៅតែបន្តបំពេញការងារយ៉ាងសស្រាក់សស្រាំដើម្បី សម្រេចលើកិច្ចការចាំបាច់នានា ដែលបម្រើប្រយោជន៍រួមសម្រាប់ប្រទេសជាតិ និងប្រជាជន។
លោកបញ្ជាក់ថា៖ «កិច្ចប្រជុំនេះ គឺក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។ អ៊ីចឹងកាលពីមុន យើងមានប្រជុំគណៈកម្មការមួយចំនួន ហើយឥឡូវនេះ គឺមានគណៈកម្មការសភាវ័យក្មេងនេះ។ យើងរំពឹងថា កិច្ចប្រជុំទាំងនេះនឹងឈានឱ្យប្រទេសទាំង ២ មានការជិតស្និទ្ធ»។
លោកបន្ថែមថា៖ «កិច្ចប្រជុំពេលនេះ គឺយើងផ្លាស់ប្តូរយោបល់គ្នា ហើយក៏មានកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដែលអាចនឹងប្រព្រឹត្តបន្តពេលខាងមុខ ព្រោះក្នុងពេលនេះដោយសារតែកូវីដ គឺយើងបានត្រឹមប្រជុំផ្លាស់ប្តូរទស្សនៈគ្នាទេ និងរៀបចំផែនការទៅអនាគត។ ពេលចប់កូវីដ ភាគីទាំង ២ អាចនឹងមានការផ្លាស់ប្តូរទស្សនកិច្ច និងអាចផ្លាស់ប្តូរការដកពិសោធជាច្រើនទៀត»៕